តុលាការ​កំពូល​តម្កល់​ការ​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ណាហ្គាវើលដ៍

ដោយ សេក បណ្ឌិត
2024.05.03
តុលាការ​កំពូល​តម្កល់​ការ​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពនៅក្រុមហ៊ុន ណាហ្គាវើលន៍ (NagaWorld) ដែល​កំពុង​ជាប់​ឃុំនៅ​ពន្ធនាគារ​ព្រៃស។
រូប៖ ហ្វេសប៊ុកលោក ឃុន ថារ៉ូ 2022-01-31

តុលាការ​កំពូល​នៅ​ថ្ងៃទី០៣ ខែឧសភា សម្រេច​តម្កល់​ការ​ផ្ដន្ទាទោស លើ ថ្នាក់​ដឹក​នាំ និង​សមាជិក​សហជីព​ណាហ្គាវើលដ៍(Naga world) ចំនួន​៩នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១ឆ្នាំ​ដល់ ២ឆ្នាំ តាម​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាប​ដដែល។ ក្រុម​កូដករ និង​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ជាន់ខ្ពស់​នេះ​គឺជា​រឿង​អយុត្តិធម៌ និង​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។

ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​ដែល​មាន​សមាសភាព​ចៅក្រម​ចំនួន ៤រូប នៅ​តែ​សម្រេច​ផ្ដន្ទាទោស​កញ្ញា ឈឹម ស៊ីថរ ឱ្យ​ជាប់​ពន្ធគារ ២ឆ្នាំ​ដដែល។ ក្រៅ​ពី​នេះ ​សមាជិក​សហជីព​ចំនួន៥​នាក់​ទៀត​ដែល​កំពុង​នៅ​ឃុំ​បណ្ដោះ​អាសន្ន​រួមមាន កញ្ញា ឈឹម សុខន លោកស្រី ហៃ សុភាព លោកស្រី ឃ្លាំង សុបិន្ត កញ្ញា សុន ស្រី​ពេជ្រ និង​លោកស្រី ទូច សិរីមាស ត្រូវ​បាន​តុលាការ​កាត់ទោស ឱ្យ​ពន្ធនាគារ​ចន្លោះ​ពី​ចាប់ពី ១ឆ្នាំ​ទៅ ដល់២​ឆ្នាំ​ហើយ​អាច​ប្រឈម​នឹង​ចាប់​ដាក់​ពន្ធនាគារ​ឡើង​វិញ។ ចំណែក​សមាជិក​សហជីព​ចំនួន ៣រូប​ទៀត គឺ​លោកស្រី រី សុវណ្ណឌី លោក សុខ ណារិទ្ធិ និង​លោក សុខ គង្គា ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១ឆ្នាំ​ដែរ ប៉ុន្តែ​ព្យួរ​ទោស។

អនុ​ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម សុខន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៣ ខែ​ឧសភា ថា គឺជា​រឿង​អយុត្តិធម៌​ដែល​តុលាការ​កំពូល​សម្រេច​ផ្ដន្ទាទោស​ឱ្យ​កញ្ញា និង​សមាជិក​ផ្សេង​ទៀត ជាប់​ទោស​ដោយសារ​ការ​អនុវត្ត​សិទ្ធិ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ។

កញ្ញា ឈឹម សុខន៖ «សម្រាប់​ខ្ញុំ​ការ​យល់​ឃើញ​របស់​ខ្ញុំ​នេះ​គឺ​ខ្ញុំ​រង​ភាព​អយុត្តិធម៌ ចង់​និយាយ​ថា​អយុត្តិធម៌​ៗ​ខ្លាំង​ហ្មង ។ ពួក​ខ្ញុំ​អត់​បាន​ធ្វើ​អ្វី​ខុស​ទេ​ពួក​ខ្ញុំ​ដើរ​តាម​នីតិវិធី​ច្បាប់​តាំង​ពី​សាលា​ដំបូង សាលា​ឧទ្ធរណ៍ មក​ដល់​សាលា​កំពូល​ខ្ញុំ​សង្ឃឹម​ថា​វា​មាន​យុត្តិធម៌​គេ​យក​ផ្លូវ​ច្បាប់​មក​កាត់​ឱ្យ​ពួក​ខ្ញុំ​ទទួល​បាន​យុត្តិធម៌ ប៉ុន្តែ ជាក់ស្ដែង​អ្វី​ដែល​ពួក​ខ្ញុំ​ទទួល​បាន​គឺ​ភាព​អយុត្តិធម៌​វិញ​ដដែល»

សវនាការ​ព្រឹក​នេះ​ក៏​មាន​មន្ត្រី​ស្ថានទូត​មក​ពី​ស្ថានទូត អឺរ៉ុប (EU) អូស្ត្រាលី (Australia) មន្ត្រី​សង្កេតការណ៍​អង្គការ​សហប្រជាជាតិ (UN) និង​អង្គការ​សង្គម​មួយ​ចំនួន​ទៀត​បាន​ចូលរួម​ស្ដាប់ និង​ឃ្លាំ​មើល​ផង​ដែរ។

ចំណែក​នៅ​ខាងមុខ​តុលាការ​កំពូល​វិញ​មាន​ក្រុម​កូដករ​ប្រមាណ ៥០នាក់​ចូលរួម​លើក​ទឹកចិត្ត​ប្រធាន​សហជីព និង​សមាជិក​របស់​ពួកគេ ដោយ​អ្នក​ខ្លះ​កាន់​បដា មាន​ខ្លឹមសារ​ថា « ការ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​សហជីព​មិន​មែន​ជា​បទ​ឧក្រិដ្ឋ» និង​អ្នក​ខ្លះ​ទៀត​កាន់​បដា​ថា «បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​គំរាមកំហែង​ចាប់​ថ្នាក់​ដឹកនាំ​សហជីព​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត»

កូដករ​ណាហ្គាវើលដ៍​ដែល​បាន​មក​លើក​ទឹកចិត្ត​កញ្ញា ឈឹម ស៊ីថរ គឺ​កញ្ញា ជឹម រដ្ធា ថ្លែង​ទាំង​ក្ដុកក្ដួល​ថា កញ្ញា​សោកស្ដាយ​ដែល​កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​មួយ​ចំនួន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ការពារ​កម្មករ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​បែរ​ជា​ជាប់​ពន្ធនាគារ។

កញ្ញា ជឹម រដ្ធា៖ «យើង​ឃើញ​ថា​ពេល​ដែល​យើង​អនុវត្ត​សិទ្ធិ​ខ្លួន​ឯង​ពេល​ដែល​ធ្វើ​កូដកម្ម​ត្រូវ​មាន​ការ​ចោទ​ប្រកាន់​ហើយ​ឥឡូវ​ហ្នឹង​ពេល​ដែល​យើង​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​រហូត​ដល់​សាលា​កំពូល​ហើយ​បែរជា​មាន​ការ​រក្សា​តម្កល់​សាលក្រម​តាម​សាលា​ដំបូង​ទៀត​យើង​ឃើញ​ថា វា​ជា​រឿង​អយុត្តិធម៌​។ ប៉ុន្តែ​ពួក​ខ្ញុំ​នៅ​តែ​អត់​ចុះ​ចាញ់​ទេ​នៅ​តែ​ព្យាយាម​រក​យុត្តិធម៌​ហើយ​ការ​ធ្វើ​កូដកម្ម​នៅ​តែ​បន្ត​មិន​ថា​មាន​រឿង​អី​កើត​ទេ​ពួក​ខ្ញុំ​ជា​កម្មករ​រងគ្រោះ​នៅ​តែ​ទាមទារ​រក​យុត្តិធម៌»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​តុលាការ​កំពូល​អ្នកស្រី ម៉ៅ ធីតា ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី​៣ ខែ​ឧសភា។

ទាក់ទិន​បញ្ហា​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយ​ចំពោះ​ការ​សម្រេច​តុលាការ​កំពូល​ដែល​ផ្ដន្ទាទោស​ឱ្យ​មេ​ដឹកនាំ​សហជីព និង​សមាជិក​សហជីព​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌។ លោក​បន្ត​ថា ការ​កាត់​ទោស​ឱ្យ​កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ជាប់​ពន្ធនាគារ​នេះ​គឺ មិន​បាន​ផ្ដល់​ចំណេញ​ដល់​កម្ពុជា​ឡើយ។

លោក អំ សំអាត៖ «ហើយ​បើ​យើង​មើល​ទៅ​ការ​បន្ត​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ដូចជា​ការ​កាត់​ទោស​លើ​ថ្នាក់ដឹកនាំ និង​ជា​អតីត​សមាជិក​សហជីព​ណាហ្គាវើលដ៍​នេះ​វា​មិន​មាន​ផល​ចំណេញ​អី​ដល់​កម្ពុជា។ ផ្ទុយ​ទៅ​វិញ​មាន​ការរិះគន់​តែ​គេ​លើកឡើង​ពី​ការរំលោភបំពានទៅ​លើ​សិទ្ធិ​សហជីព ទៅ​លើ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​មេដឹកនាំ​សហជីព ទៅ​លើ​សមាជិក​សហជីព​ទៅ​វិញ»

គិត​មក​ទល់​ពេល​នេះ កញ្ញា ឈឹម ស៊ីថរ ជាប់​ពន្ធនាគារ​រយៈ​ពេល ១ឆ្នាំ ៥ខែ ហើយ​ការ​អនុវត្ត​ទោស​របស់​កញ្ញា​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២៤នេះ។ បើ​ទោះ​បី​ជា​តុលាការ​កម្ពុជា​សម្រេច​ឱ្យ​កញ្ញា ឈឹម ស៊ីថរ មាន​ទោស​ក្ដី ប៉ុន្តែ សហគមន៍​ជាតិ និង​អន្តរ​ជាតិ​រិះគន់​ចំពោះ​ការ​ចាប់ខ្លួន និង​កាត់​ទោស​មេ​ដឹក​នាំ​សហជីព និង​សមាជិក​សហជីព ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សិទ្ធិ​សេរីភាព​សហជីព និង​ការ​រើសអើង​សហជីព ។ លើស​ពី​នេះ កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា រដ្ឋាភិបាល​ស៊ុយអែត  បាន​ប្រកាស​ប្រគល់​ពាន​រង្វាន់​អន្តរជាតិ ឌឹ ភើ អេងងើ (The Per Anger Prize) ឆ្នាំ២០២៤ ដល់​កញ្ញា ឈឹម ស៊ីថរ ចំពោះ​វីរភាព​កញ្ញា​ដែល​បាន​ការពារ​សិទ្ធិ​ការងារ និង​ការ​រង​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​បទ​ល្បែង​ណាហ្គាវើលដ៍។ គណៈវិនិច្ឆ័យ នៃ​ពាន​រង្វាន់​អន្តរជាតិ​នេះ លើក​ឡើង​ថា កញ្ញា ឈឹម ស៊ីថរ គឺជា​បុគ្គល​ដ៏​សំខាន់​ដែល​បាន​គាំទ្រ​ដល់​ស្ត្រី​ខ្មែរ​ផ្សេង​ទៀត​ដែល​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ការ​ក្នុង​លក្ខខណ្ឌ​មិន​ត្រឹមត្រូវ ហើយ​ពួកគេ​កំពុង​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​ការងារ។ បន្ថែម​ពី​នេះ កញ្ញា ឈឹម ស៊ីថរ បាន​ស៊ូទ្រាំ​នឹង​ការ​យាយី ការ​គំរាមកំហែង និង​រង​អំពើ​ហិង្សា ជា​ច្រើន​ឆ្នាំ​ក្ដី ក៏​កញ្ញា​តស៊ូ​ដើម្បី​យុត្តិធម៌​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ ចំណុច​ពិសេស​មួយ​ទៀត កញ្ញា ឈឹម ស៊ីថរ មិន​ព្រម​ចុះចាញ់​ដោយសារ​ការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​នោះ​ទេ ហើយ​កញ្ញា​នៅ​តែ​លើក​ទឹកចិត្ត និង​គាំទ្រ​ដល់​កូដករ​ផ្សេង​ទៀត​ដែល​កំពុង​ធ្វើ​កូដកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។