ថៃ​ដោះលែង​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ម្នាក់​វិញ​ក្រោយ​អង្គការ​សិទ្ធិមនុស្ស​ជួយ​អន្តរាគមន៍

ដោយ ច័ន្ទ ដារ៉ូ
2024.06.07
ថៃ​ដោះលែង​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ម្នាក់​វិញ​ក្រោយ​អង្គការ​សិទ្ធិមនុស្ស​ជួយ​អន្តរាគមន៍ សកម្មជន​សង្គម​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ឆេង ប៊ុនហាក់។
រូប៖ ហ្វេសប៊ុកលោក ឆេង ប៊ុនហាក់

អាជ្ញាធរ​ថៃ​ដោះលែង​ជនភៀសខ្លួន​ខ្មែរ​ដែល​ជា​សកម្មជន​សង្គម​ម្នាក់​ត្រឡប់​មក​វិញ​នៅ​ថ្ងៃទី៧ ខែមិថុនា ក្រោយ​អង្គការ​សិទ្ធិមនុស្ស​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា​ក្រោយ​ចាប់​ខ្លួន។ មន្ត្រី​សិទ្ធិមនុស្ស​មើលឃើញ​ថា ជនភៀស​ខ្លួន​ខ្មែរ​រស់​នៅ​ប្រទេស​ថៃ​នៅតែ​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ប្រឈម​ពី​បញ្ហា​សុវត្ថិភាព

ប៉ូលិស​ថៃ បាន​ដោះលែង​សកម្មជន​សង្គម​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ឆេង ប៊ុនហាក់ ក្រោយ​ចាប់ខ្លួន​បាន​ប៉ុន្មាន​ម៉ោង។

ប៉ូលិស​ថៃ​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់​បាន​ឃាត់ខ្លួន​លោក ឆេង ប៊ុនហាក់ កាល​ពី​ម៉ោង​៦ព្រឹក​ថ្ងៃ​ទី០៧ ខែ​មិថុនា គឺ​អំឡុង​ពេល​ដែល​លោក​ដើរ​ចេញ​ពី​បន្ទប់​ជួល​តម្រង់​ទៅ​ទិញ​ម្ហូប​អាហារ​នៅ​ជាយ​ទីក្រុង​បាងកក។ បន្ទាប់មក​សមត្ថកិច្ច​ទាំង​នោះ​បាន​បញ្ជូន​លោក​ទៅ​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​ដើម្បី​សួរនាំ និង​ពិនិត្យ​ឯកសារ​ស្នាក់នៅ​ជាច្រើន​ម៉ោង​ដោយ​គំរាម​បញ្ជូន​លោក​ទៅ​ឃុំ​នៅ​ពន្ធនាគារ ហើយ​បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​កម្ពុជា​វិញ។ ប៉ុន្តែ​​ប៉ូលិស​​បាន​​សម្រេច​ដោះលែង​លោក​នៅ​ម៉ោង​១២ថ្ងៃ​ត្រង់​ដោយ​ពុំ​មាន​លក្ខខណ្ឌ​អ្វី​នោះ​ទេ បន្ទាប់​ពី​អង្គការ​សិទ្ធិមនុស្ស​រួម​ជាមួយ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​នៅ​កម្ពុជា​និង​ថៃ​សហការ​គ្នា​ជួយ​អន្តរាគមន៍​ទាន់​ពេល។

លោក ឆេង ប៊ុនហាក់ ប្រាប់​ថា បើទោះបី​នៅពេល​នេះ​លោក​រួចផុត​ពី​ការ​ឃុំខ្លួន​ក្តី ក៏​លោក​រួម​ជាមួយ​​ជនភៀសខ្លួន​ដទៃទៀត​នៅតែ​រស់នៅ​លាក់​ខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​សម្ងំ​រស់​នៅ​ក្នុង​បន្ទប់​ជួល​ដើម្បី​គេចខ្លួន​ពី​ការធ្វើបាប ឬ​បារម្ភ​ខ្លាច​សមត្ថកិច្ច​ថៃ​ចាប់​ដាក់​គុក និង​បញ្ជូន​ទៅ​កម្ពុជា​វិញ។

លោក ឆេង ប៊ុនហាក់៖ «ខ្ញុំ​រង​គ្រោះ​ដោយសារ​របប​​(ក្រុងភ្នំពេញ)ហ្នឹង ខ្ញុំ​ត្រូវ​តែ​និយាយ​ត្រូវ​តែ​ថា ខ្ញុំ​រត់​ភៀសខ្លួន​ដើម្បី​ចង់​បាន​សិទ្ធិ​សេរីភាព ការ​និយាយ​ការពិត។ ខ្ញុំ​ជា​មុខ​សញ្ញា​ដែល​គេ​ត្រូវ​តាម​ពីរ​នាក់​លោក សាត អូន គឺ​គេ​កំពុង​តាម​រក​ដោយសារ​ខ្ញុំ​ឡាយ​វីដេអូ បង្ហោះ(Live Facebook) រិះគន់​រដ្ឋាភិបាល ហើយ​ខ្ញុំ​អត់​បាន​កាត់​(UNHCR)ជាប់​ខ្លួន​ផង ខ្ញុំ​រក​តែ​កន្លែង​រត់​ពូន​អាត្មា​ម្តង​ទៅ​រស់​នៅ​នោះ​ម្តង​ទៅ​រស់នៅ​នោះ​គ្រប់​បែប​យ៉ាង ខ្ញុំ​នៅតែ​ភិតភ័យ​នៅតែ​បារម្ភ»

លោក ឆេង ប៊ុនហាក់ គឺ​ជា​ប្រជាពលរដ្ឋ​ដែល​ឈឺឆ្អាល​បញ្ហា​សង្គម និង​ជា​តំណាង​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ លោក​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ កាល​ពី​ខែធ្នូ ឆ្នាំ២០២៣ ដោយសារ​ប៉ូលិស​នៅ​​ស្រុក​ម៉ាឡៃ​តាម​ចាប់​លោក។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ​នៃ​សមាគម​អាដហុក លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា សកម្មជន​សង្គម និង​នយោបាយ​បាន​បង្ខំ​ចិត្ត​រត់​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​ថៃ​ដើម្បី​គេច​ពី​ការ​តាម​យាយី​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់។ ប៉ុន្តែ​ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២៤មក អាជ្ញាធរ​ថៃ​បាន​បង្កើន​ការ​ចាប់ខ្លួន​សកម្មជន​​ធ្វើ​ឱ្យ​ជនភៀសខ្លួន​ផ្សេងទៀត​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​ថៃ​​នាំ​ឱ្យ​ពួកគេ​ភ័យខ្លាច​និង​ព្រួយបារម្ភ​ពី​សន្តិសុខ សុវត្ថិភាព និង​ការអនុវត្ត​សិទ្ធិ​សេរីភាព​ពួកគេ​នៅ​ទី​នោះ។

លោក យិន ម៉េងលី៖ «ទោះបី​មាន​ការ​ដោះលែង​ខ្លះ​ក៏​ដោយ ​ក៏​​​ជនភៀសខ្លួន​អត់​មាន​សុវត្ថិភាព​ស្ថិត​ក្រោម​ការ​គ្រប់គ្រង UNHCR ហ្នឹង វា​ទល់​តែ​មាន​ការយោគយល់​គ្នា​មួយ​ឱ្យ​បាន​ច្បាស់លាស់​ថែមទៀត បាន​ជា​សញ្ញា​ល្អ​សម្រាប់​ជនភៀសខ្លួន។ ថៃ​ជា​ប្រជា​សេរី​មួយ​ដែរ​តែ​ជនភៀសខ្លួន​នៅតែ​បារម្ភ​អំពី​ការ​ចាប់​ឃុំ​ ដូចជា​ការ​ចាប់ខ្លួន ដោះលែង ចាប់ខ្លួន​ហើយ​ឃុំ​ដោះលែង​វិញ នេះ​ហើយ​វា​ជា​សញ្ញា​មិន​ល្អ​សម្រាប់​ជនភៀសខ្លួន​ហ្នឹង​បាទ»

កាល​ពី​ពេល​ថ្មីៗ​នេះ​អាជ្ញាធរ​ថៃ​បាន​ដោះលែង​ជនភៀសខ្លួន​ដែល​ជា​សកម្មជន​សង្គម និង​នយោបាយ​ចំនួន​៩នាក់ ក្នុង​នោះ​មាន​ប្រពន្ធ​កូន​របស់​លោក ផន ផាន់ណា និង​លោក គង់ រ៉ៃយ៉ា ឱ្យ​នៅ​ក្រៅ​ឃុំ​ផង​ដែរ ចំណែក​ជនភៀសខ្លួន​ចំនួន ៨នាក់​ទៀត​បន្ត​ជាប់ឃុំ​នៅ​ពន្ធនាគារ​ក្នុង​ប្រទេស​ថៃ​មក​ដល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។