ទំព័រហ្វេសប៊ុកឈ្មោះព្រះបរមរាជវាំង (Royal Palace of Cambodia) បានរំឭក បន្ទូលរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលពីឆ្នាំ២០០៦ ថា ខ្មែរកម្ពុជាក្រោមនៅតែជាជនជាតិខ្មែរ ដូចពលរដ្ឋខ្មែរកណ្ដាល នៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាបារាំងបានកាត់ទឹកដីកូសាំងស៊ីន ឬកម្ពុជា ក្រោមទៅឱ្យអាណ្ណាម ឬបច្ចុប្បន្នវៀតណាមគ្រប់គ្រងក៏ដោយ។
ទំព័រហ្វេសប៊ុកឈ្មោះព្រះបរមរាជវាំង (Royal Palace of Cambodia) ដែលតែងបង្ហោះផ្សព្វផ្សាយព័ត៌មានពីព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រខ្មែរនិងព្រះរាជវង្សានុវង្សនៅថ្ងៃទី១៤ ខែកក្កដា បានបង្ហាញសេចក្ដីថ្លែងការណ៍ ស្ដីពីកម្ពុជាក្រោម គឺជាខ្មែរតែមួយ ដែលឡាយព្រះហស្ថលេខាដោយព្រះករុណា នរោត្តម សីហនុ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា នៅក្នុងសម័យសង្គមរាស្ត្រនិយម និងរាជរដ្ឋាភិបាល នាសម័យនោះ បានផ្តល់ជូនជនរួមជាតិខ្មែរ ដែលមានដើមកំណើតនៅកម្ពុជាក្រោម ឱ្យទទួលបានយ៉ាងពេញចិត្តពេញថ្លើមនូវរាល់សិទ្ធិ ដែលជនរួមជាតិនៅព្រះរាជាណាចក្រកម្ពុជា (កម្ពុជាលើ) ទទួលបានពីរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម។
អាស្រ័យហេតុនេះ ព្រះអង្គគាំទ្រសំណើសុំទាមទារសិទ្ធិមួយចំនួនរបស់ជនរួមជាតិខ្មែរ ដែលមានដើមកំណើតនៅកម្ពុជាក្រោម ដែលពុំទាន់បានទទួលបាន មានជាអាទិសិទ្ធិទទួលអត្តសញ្ញាណបណ្ណ បណ្ណគ្រួសារ ការចុះបញ្ជីសៀវភៅអាត្រានុកូលដ្ឋាន និងលិខិតឆ្លងដែន។ល។
ទំព័រហ្វេសប៊ុកឈ្មោះព្រះបរមរាជវាំង (Royal Palace of Cambodia) បង្ហាញសេចក្ដីថ្លែងការណ៍នេះ ក្រោយពីប្រជាពលរដ្ឋខ្មែរក្រោម និងប្រជាពលរដ្ឋខ្មែរ បានប្រតិកម្មទៅនឹងសម្ដីរបស់អ្នកពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដែលចាត់ទុកខ្មែរក្រោមទាំងអស់ថា ជាជនជាតិវៀតណាម។
ប៉ុន្តែព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរនៅតាមបណ្ដាប្រទេសផ្សេងៗ បង្ហោះសារ លើបណ្ដាញសង្គមថា អ្វីដែលលោក សុខ ឥសាន លើកឡើងនោះ គឺជាការបំបាត់ពូជសាសន៍ខ្មែរ ហើយពួកគាត់មិនអាចទទួលយកបានឡើយ។
ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម អះអាងថា ពួកគាត់មានសញ្ជាតិវៀតណាម ដោយសារតែខ្មែរក្រោមស្ថិតនៅក្រោមគ្រប់គ្រងរបស់វៀតណាម ប៉ុន្តែ ចំពោះជនជាតិវិញ គឺនៅតែជាជនជាតិខ្មែរដដែល។ ពួកគេចាត់ទុកការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា គឺជាការប្រមាថ និងមើលងាយ ហើយហាក់បង្ហាញពីចេតនាចង់រំលាយពូជសាសន៍ខ្មែរ ឱ្យក្លាយជាជនជាតិយួន។
ទាំងពលរដ្ឋខ្មែរក្រោម និងពលរដ្ឋខ្មែរកណ្ដាល ទាមទារឱ្យអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ចេញមុខសុំទោសខ្មែរក្រោមជាសាធារណៈ និងបកស្រាយឱ្យប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកបានដឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។