ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ពន្យល់​ពី​មូលដ្ឋាន​ច្បាប់​នៃ​ការ​ចាប់ និង​ឃុំ​ខ្លួន​លោក រ៉ុង ឈុន

ដោយ ជាតិ ចំណាន
2020-10-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​លោក រ៉ុង ឈុន អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ។
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​លោក រ៉ុង ឈុន អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ។
រូប៖ UN និង ពលរដ្ឋ

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ផ្ញើ​លិខិត​ទៅ​ក្រសួង​ការ​បរទេស​កម្ពុជា​ស្នើ​ឱ្យ​មាន​ការ​ពន្យល់​ពី​មូលដ្ឋាន​ច្បាប់​នៃ​ការ​ចាប់​ ​និង​ឃុំ​ខ្លួន​លោក រ៉ុង ឈុន។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​អះអាង​ថា​ ​សមត្ថកិច្ច​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្ហាញ​មូលដ្ឋាន​ច្បាប់​លើ​ការ​ចាប់ខ្លួន និង​ឃុំ​ខ្លួន​លោក រ៉ុង ឈុន និង​របៀប​ដែល​ការ​ចាប់ខ្លួន និង​ឃុំ​ខ្លួននេះ​ស្របតាម​និយាម និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​ចូល​រួម​ក្នុង​កិច្ចការ​សាធារណៈ។ ក្រុម​អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​ដែល​ចូលរួម​ក្នុង​ការ​ទាមទារ​នោះ​ ​រួម​មាន​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក្រុម​ការងារ​ស្ដីពី​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​ ​អ្នករាយការណ៍​ពិសេស​ផ្នែក​លើក​កម្ពស់​និង​ការពារ​សិទ្ធិ​បញ្ចេញ​មតិ អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​ជួបជុំ​ដោយ​សន្តិវិធី និង​ការ​ចងក្រង​ជា​សមាគម​ព្រម​ទាំង​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ផ្នែក​ស្ថានភាព​អ្នក​ការពារ​សិទ្ធិមនុស្ស។

ក្រុម​អ្នក​ជំនាញ អ..ប ទាំង​នេះ ក៏​បាន​ស្នើសុំ​នូវ​ព័ត៌មាន​បន្ថែម​អំពី​ភាព​ត្រូវគ្នា​នៃ​ការ​ចាប់​ខ្លួន​ជាមួយ​នឹង​សិទ្ធិ​សេរីភាព និង​សន្តិសុខ​បុគ្គល​រាប់​ទាំង​ការ​ទទួល​បាន​ការ​ជូន​ដំណឹង​នៅ​ពេល​ចាប់​ខ្លួន​អំពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន ផង​ដែរ។ ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​លិខិត​នេះ​តាំង​ពី​ថ្ងៃ​ទី១៨ សីហា ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​ការ​បរទេស​កម្ពុជា​វិញ​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី១៧ តុលា។

អាស៊ី​ស​រី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ករណី​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​លោក កុយ គួង សមាជិក​និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​ទី១៧ ខែ​តុលា ប៉ុន្តែ​ពេល​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល។

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ទង្វើ​របស់​លោក រ៉ុង ឈុន មិន​មែន​ជា​ការ​បញ្ចេញ​មតិ​នោះ​ទេ ប៉ុន្តែ​ជា​អំពើ​ញុះញង់​ពលរដ្ឋ​នៅ​តំបន់​ព្រំដែន។ លោក​បន្ត​ទៀត​ថា រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​លិខិត​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ៖ «តុលាការ​លោក​ចោទ​ប្រកាន់​រួច​ហើយ​ថា ទៅ​បង្ក​ភាព​វឹកវរ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ​រឿង​តែ​ប៉ុណ្ណឹង​បើ​មិន​ប៉ះពាល់​សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ​គ្មាន​អ្នក​ចាប់​គាត់ (លោក រ៉ុង ឈុន) ទេ»

អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​សិទ្ធិមនុស្ស​សិទ្ធិ​ការងារ​លោក រ៉ុង ឈុន ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី៣១ កក្កដា​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ការ​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​លោក​បាន​និយាយ​ថា អាជ្ញាធរ​វៀតណាម​រំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូង​ឃ្មុំ និង​លោក​បាន​ចូលរួម​ទាមទារ​ជាមួយ​កម្មករ​រោងចក្រ​ឱ្យ​ថៅកែ​គោរព​សិទ្ធិ​កម្មករ​និង​ច្បាប់​ការងារ។ ក្រោយ​ការ​មាន​ការ​ចាប់​ខ្លួន​នេះ សកម្មជន និង​យុវជន​មួយ​ចំនួន​បាន​នាំ​គ្នា​ចេញ​ធ្វើ​បាតុកម្ម ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​លោក រ៉ុង ឈុន វិញ។ អាជ្ញាធរ​មិន​ត្រឹម​តែ​មិន​ដោះ​លែង​លោក រ៉ុង ឈុន ប៉ុន្តែ​ថែម​ទាំង​ចាប់​ខ្លួន​អ្នក​តវ៉ា​ទាំង​ជា​ច្រើន​នាក់​ដាក់​ពន្ធនាគារ ចំណែក​អ្នក​នយោបាយ​សកម្មជន​បរិស្ថាន​និង​អ្នក​ច្រៀង​រែប​រិះគន់​សង្គម​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ដែរ។ គិត​ជា​សរុប​ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​ក្រោយ​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់ ២០នាក់​ដាក់​ពន្ធនាគារ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។

ប្រធាន​ផ្នែក​កម្មវិធី​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ស ម៉ូរី យល់​ថា ករណី​ចាប់​ខ្លួន​លោក រ៉ុង ឈុន សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​ផ្សេង​ទៀត គឺ​មាន​លក្ខណៈ​នយោបាយ និង​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​អ្នក​ទាំង​នោះ។ លោក ស ម៉ូរី បន្ត​ទៀត​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​បញ្ចេញ​មតិ និង​សេរីភាព​នៃ​ការ​ជួបជុំ​ដោយ​សន្តិវិធី៖ «ខ្ញុំ​យល់​ឃើញ​ការ​ករណី​ចាប់​ខ្លួន​លោក រ៉ុង ឈុន ហើយ​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​កន្លង​មក​ហាក់​មិន​បាន​អនុវត្ត​តាម​គោល​ការណ៍​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន»

កាលពី​ខែកញ្ញា ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​ទាំង​អស់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ និង​ឃុំ​ខ្លួន​ដោយសារ​តែ​អនុវត្ត​សិទ្ធិ​របស់​ពួក​គេ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​វាយ​តម្លៃ​ថា ស្ថានភាព​កម្ពុជា​នា​ពេល​ប​បច្ចុប្បន្ន​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អត់ឱន​ចំពោះ​គំនិត​ផ្ទុយពី​ខ្លួន​ឡើយ ហើយ​នេះ​ក៏​ស្ដែង​ឱ្យ​ឃើញ​ពី​ការ​គាប​សង្កត់​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ការ​ជួបជុំ​ដោយ​សន្តិវិធី និង​ការ​ចងក្រង​ជា​សមាគម​ផង​ដែរ

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល