អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា ស្នើដល់រដ្ឋាភិបាលកម្ពុជាបំភ្លឺ និងផ្តល់ព័ត៌មានបន្ថែមជុំវិញករណីឃាតកម្មដ៏ព្រៃផ្សៃលើសកម្មជនបក្សប្រឆាំងលោក ស៊ិន ខុន។ ការលើកឡើងនេះ គឺបន្ទាប់ពីពួកគេបារម្ភពីភាពមិនស៊ីសង្វាក់គ្នារវាងហេតុផលរបស់ជនសង្ស័យអះអាងប្រាប់សមត្ថកិច្ច និងសកម្មភាពនយោបាយរបស់ជនរងគ្រោះ។
ករណីឃាតកម្មដ៏ព្រៃផ្សៃលើសកម្មជនបក្សប្រឆាំងលោក ស៊ិន ខុន ត្រូវបានអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា សង្ស័យថាពាក់ព័ន្ធនឹងរឿងនយោបាយ និងបន្តទាមទារឲ្យរដ្ឋាភិបាល ស៊ើបអង្កេតដោយឯករាជ្យ និងឥតលម្អៀង។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជាលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) កាលពីថ្ងៃទី១០ ខែកុម្ភៈ លើកឡើងថា សកម្មជននយោបាយលោក ស៊ិន ខុន ត្រូវបានគេកាប់សម្លាប់នឹងកាំបិត នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២១ ខណៈជនដៃដល់បានលោតទៅលើម៉ូតូអ្នកសមគំនិតរួចជិះគេចខ្លួនបាត់។ លោកបន្តថា មុនឃាតកម្មនេះ កើតឡើងប្រហែលពីរសប្តាហ៍សកម្មជនរូបនេះបានទទួលសារព្រមានថា៖ «អ្នកនៅតែមិនទាន់ឈប់ធ្វើសកម្មភាពនយោបាយទៀតបន្ទាប់ពីបាក់ដៃហើយ តើអ្នកឯងចង់បាក់ដៃម្តងទៀតឬ ?»។
លោក វិទិត មុនតាប៊ន ឲ្យដឹងថា រឿងរ៉ាវដ៏រន្ធត់នេះ រូបលោក និងអ្នករាយការណ៍ពិសេសស្ដីពីការសម្លាប់ភ្លាមៗ ឬតាមអំពើចិត្ត ក្រៅប្រព័ន្ធតុលាការ និងអ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់បេសកកម្មអចិន្ត្រៃយ៍របស់រដ្ឋាភិបាលកម្ពុជា កាលពី៦០ថ្ងៃកន្លងទៅ ដោយសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពជុំវិញ ការស្លាប់ របស់សកម្មជនរូបនេះ ជាពិសេសចំពោះប្រវត្តិនៃការវាយប្រហារ និងការបំភិតបំភ័យប្រឆាំងនឹងរូបគាត់ ដែលហាក់ដូចជាមានទំនាក់ទំនងនឹងសកម្មភាពនយោបាយរបស់គាត់។
អ្នករាយការណ៍ពិសេសរូបនេះ ថា ហេតុផលរបស់ជនសង្ស័យម្នាក់ដែលត្រូវបានចោទប្រកាន់ ហាក់មិនមានភាពស្របគ្នាទៅនឹងជនរងគ្រោះ ដែលនាំឱ្យក្រុមអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្នើសុំព័ត៌មានបន្ថែម និងរួមបញ្ជូលទាំងថា តើការស៊ើបអង្កេតរបស់ប៉ូលិសលើការសម្លាប់នេះបានទាន់ពេលវេលា មានប្រសិទ្ធភាព និងភាពហ្មត់ចត់ ឯករាជ្យ និងមិនលំអៀង និងតម្លាភាព ស្របតាមពិធីសារ មីនីសូតា ឆ្នាំ២០១៦ (Minnesota Protocol) ស្តីអំពីការស៊ើបអង្កេតករណីឃាតកម្មប្រព្រឹត្តិ ដោយអាជ្ញាធរ ឬភ្នាក់ងាររដ្ឋដែរឬទេ?។ អ្នករាយការពិសេសចោទជាសំណួរទៀតថា តើប៉ូលិសបានដឹងអំពីការវាយប្រហារក្រោមហេតុផលនយោបាយកាលពីមុនសកម្មជនរូបនេះដែរឬទេ? និងធ្លាប់បានចាត់វិធានការបែបណាខ្លះ? ព្រមទាំងស្នើសុំព័ត៌មានស្ថានភាពអំពីបច្ចុប្បន្នភាពរបស់ជនជាប់ចោទថា តើគាត់មានមេធាវីដែរឬទេ?។
ជុំវិញរឿងនេះ ប្រធានតុលាការក្រុងភ្នំពេញលោក តាំង ស៊ុនឡាយ ប្រាប់ថា លោកមិនអាចបកស្រាយជុំវិញរឿងនេះបានទេ ដោយលោកលើកហេតុផលថា មិនដឹងលម្អិតជុំវិញករណីនេះ ហើយលោករុញឱ្យទៅសួរអ្នកនាំពាក្យវិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់អ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក អ៊ី រិន្ទ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន និងអ្នកនាំពាក្យកងរាជវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃ១១ ខែកុម្ភៈ។
ទោះយ៉ាងណាក្រុមគ្រួសារលោក ស៊ិន ខុន បញ្ជាក់ថា រហូតមកដល់ពេលនេះ ពួកគាត់ មិនដឹងរឿងក្តីនេះដំណើរការដល់ណានៅឡើយទេ។
ម្តាយយុវជនគណបក្សប្រឆាំង លោក ស៊ិន ខុន គឺលោកស្រី ហាក់ ញ៉ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ ខែកុម្ភៈថា កូនប្រុសលោកស្រីជាអ្នកតស៊ូរៀន មានចរិតស្លូតបូតដោយបានការស្រឡាញ់រាប់អានញាតិមិត្ត ប៉ុន្តែកូនលោកស្រីបែរជាត្រូវបានគេសម្លាប់ទាំងអយុត្តិធម៌ទៅវិញ។ ស្ត្រីវ័យ៧៣ឆ្នាំរូបនេះឱ្យដឹងថា លោកស្រីនិងប្តីនៅតែសោកស្តាយ និងនឹករលឹកដល់កូនប្រុសជាខ្លាំង ខណៈប្តីធ្លាក់ខ្លួនឈឺធ្ងន់ និងគ្រួសារក្រីក្រមិនមានលទ្ធភាពតាមតានដំណើរការរឿងក្តីពិតប្រាកដដើម្បីស្វែងរកយុត្តិធម៌ដល់កូននោះទេ។ ទោះជាយ៉ាងណាលោកស្រីគាំទ្រចំពោះការលើកឡើងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សទាក់ទងការអង្កេតដោយឯករាជ្យជុំវិញឃាតកម្មលើកូនប្រុសកន្លងមក៖ «កូនស្លាប់បានធ្វើ៧ថ្ងៃហើយ ឪពុកចាប់ផ្តើមដួលរហូតមកដល់ឥឡូវនេះចា៎ យីខ្ញុំសោកស្តាយណាស់កូនរបស់ខ្ញុំហើយនៅយំរហូតដល់សព្វថ្ងៃហ្នឹង អាណិតកូន កូនស្លូតពេកមិនហូបមិនចេះផឹកមិនចេញស៊ី ចា៎ដូចជាសម្លាប់កូនរបស់ខ្ញុំងាយពេក ឱ្យអង្គការហ្នឹងរកយុត្តិធម៌ឱ្យខ្ញុំចុះពីព្រោះខ្ញុំទៅអត់រួចទេ»។
លោក ស៊ិន ខុន អាយុ ៣១ឆ្នាំ គឺជាយុវជនបក្សសង្គ្រោះជាតិខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ កាលនៅមានជីវិត លោកតែងបញ្ចេញមតិរិះគន់រដ្ឋាភិបាល និងភាពអយុត្តិធម៌សង្គមលើបណ្ដាញសង្គមហ្វេសប៊ុកជាហូរហែ រហូតដល់ត្រូវបានគេគំរាមកំហែង និងវាយឱ្យរបួសបាក់ដៃធ្ងន់ធ្ងររួចម្ដងហើយ។ ទោះជារងការវាយដំយ៉ាងណាក្តី លោកនៅតែរក្សាជំហរនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិ បញ្ចេញមតិរិះគន់បញ្ហានានា និងចូលរួមទាមទារឱ្យមានយុត្តិធម៌សង្គមដដែល។ ក្រោយមកលោក ស៊ិន ខុន ត្រូវបានជនមិនស្គាល់មុខកាប់ត្រូវជាច្រើនកាំបិតនៅលើដងខ្លួន បណ្ដាលឱ្យស្លាប់ នៅមាត់ទន្លេក្បែរវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១ យប់ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា។
បន្ទាប់មក ជនសង្ស័យម្នាក់ឈ្មោះ សៀង ឆរ័ត្ន បានអះអាងថា រូបគេកាប់លោក ស៊ិន ខុន មកពីបញ្ហាគំនុំផ្ទាល់ខ្លួន។ ប៉ុន្តែចម្លើយសារភាពរបស់ជនសង្ស័យនោះ ត្រូវបានពលរដ្ឋ និងអ្នកប្រើហ្វេសប៊ុកមួយចំនួនរិះគន់ និងសង្ស័យថា ជាឆាកល្ខោន ព្រោះពួកគាត់យល់ថាករណីនេះពាក់ព័ន្ធនឹងរឿងនយោបាយ ព្រោះលោក ស៊ិន ខុន ជាមនុស្សស្លូតបូត ចូលចិត្តធ្វើការងារសង្គម និងមិនធ្លាប់មានគំនុំជាមួយអ្នកណាឡើយ។
ចំណែកអង្គការសង្គមស៊ីវិល សង្កេតឃើញថា អាជ្ញាធរនៅតែមិនទាន់បង្ហាញលទ្ធផលស៊ើបអង្កេតលើឃាតកម្មសកម្មជនបក្សប្រឆាំងលោក ស៊ិន ខុន គួរឱ្យទុកចិត្តបាននៅឡើយដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថ្លែងថា ឃាតកម្មលើសកម្មជននយោបាយរូបនេះហាក់លាក់បាំងព័ត៌មាន និងបង្កើតនូវភាពមិនប្រក្រតីជាច្រើន ដូចជាបញ្ហាកាមេរ៉ាសុវត្ថិភាពនៅបរិវេណកន្លែងកើតហេតុ និងព័ត៌មានរបស់សាក្សីមួយចំនួនមិនស៊ីសង្វាក់ទៅនឹងជនសង្ស័យដែលអះអាងប្រាប់សមត្ថកិច្ច ជាពិសេសដំណើររឿងនេះនៅតុលាការមិនទទួលបានព័ត៌មានច្បាស់លាស់ ថា តើអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ទទួលបានការជឿជាក់ទុកចិត្តពីមហាជននិងសហគមន៍អន្តរជាតិឬទេ តើជនសង្ស័យរូបនោះជាឃាតកពិតឬយ៉ាងណា៖ «យើងក៏គិតដែរថា បើទៅមុខទៀត មិនមានដំណោះស្រាយណាមួយឱ្យមានភាពល្អប្រសើរឡើងវិញទេ បញ្ហាផ្សេងៗដូចជាសម្ពាធពីសហគមន៍អន្តរជាតិជាពិសេសប្រទេសសេរីក៏គេនឹងបន្តវិធានការផ្សេងៗ តាមលទ្ធភាព គេមិនអាចបណ្តែតបណ្តោយឱ្យយើងជាប្រទេសផ្តល់ ហត្ថលេខីសច្ចាប័នទៅលើកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិហើយ យើងព្រងើយកន្តើយ មិនទទួលខុសត្រូវលើកាតព្វកិច្ចរបស់ខ្លួនចេះតែបន្តធ្វើបែបហ្នឹងតទៅទៀតបានទេ»។
អំពើឃាតកម្មដ៏ឃោរឃៅលើសកម្មជននយោបាយរូបនេះ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិថ្កោលទោសចំពោះជនដៃដល់ និងអ្នកនៅពីក្រោយនៃអំពើឃាតកម្ម។ ពួកគាត់សង្ស័យករណីនេះ គឺជាឃាតកម្មនយោបាយ ដើម្បីគំរាមដល់សកម្មជនផ្សេងទៀត ក្នុងពេលដែលស្ថានភាពនយោបាយរវាងបក្សកាន់អំណាច និងបក្សប្រឆាំងកំពុងតានតឹង។ ទោះជាយ៉ាងណា ពួកគាត់នៅតែជំរុញឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ តម្លាភាព ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងបញ្ចប់វប្បធម៌និទ្ទណ្ឌភាព។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជាក៏បានក្រើនរំលឹកដល់រដ្ឋាភិបាលថា បរាជ័យក្នុងការស៊ើបអង្កេតលើការបាត់បង់អាយុជីវិតមនុស្សនោះ គឺជាការរំលោភបំពានលើសិទ្ធិរស់រានមានជីវិតបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
