អង្គការយូណេស្កូ (UNESCO) ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី២៨ កញ្ញា ប្រារព្ធទិវាអន្តរជាតិសិទ្ធិទទួលបានព័ត៌មានជាសកលឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ មន្ត្រីសង្គមស៊ីវិលផ្នែកសារព័ត៌មាន ដែលចូលរួមក្នុងពិធីនេះ ភាគច្រើនបានចាប់អារម្មណ៍លើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន និងសំណូមពរឱ្យក្រសួងព័ត៌មានពន្លឿនចេញច្បាប់ឱ្យនេះបានឆាប់។
ការប្រារព្ធទិវាអន្តរជាតិសិទ្ធិទទួលបានព័ត៌មានជាសកលឆ្នាំ២០២០ ដែលរៀបចំដោយអង្គការអង្គការយូណេស្កូនេះ ធ្វើឡើងដើម្បីផ្ដល់ជាវេទិកាសំខាន់មួយ ដល់អ្នកពាក់ព័ន្ធបានពិភាក្សាការអនុម័តនិងការអនុវត្តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ឱ្យស្របតាមស្តង់ដារអន្តរជាតិ ដែលបម្រើដល់សាធារណជន ដើម្បីលើកកម្ពស់ដល់ការអភិវឌ្ឍន៍អភិបាលកិច្ចល្អនៅកម្ពុជា។
ក្នុងការប្រារព្ធទិវានេះ មានមន្ត្រីអង្គការសង្គមស៊ីវិល តំណាងស្ថានទូតប្រទេសសេរីភាពលោកខាងលិចមួយចំនួន តំណាងក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានសរុបប្រមាណ ៣០នាក់ចូលរួម និងមានឱកាសលើកជាសំនួរដាក់ឱ្យវាគ្មិនបកស្រាយភ្លាមៗ។
អ្នកយកព័ត៌មាន វិទ្យុសំឡេង សហរដ្ឋអាមេរិកផ្នែកភាសាខ្មែរប្រចាំនៅកម្ពុជា លោក ស៊ុន ណារិន ដែលបានលើកជាសំនួរនៅក្នុងពិធីនោះ មានចំណាប់អារម្មណ៍លើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលបានសារព័ត៌មាន។ លោកសួរថា តើសេចក្ដីព្រាងច្បាប់នេះ នឹងធ្វើឱ្យប្រជាពលរដ្ឋ ទទួលបានព័ត៌មានពេញលេញដោយស្របតាមច្បាប់នេះដែរឬទេ?៖ «ព្រោះយើងឃើញហើយស្ថាប័នឬក៏មន្ត្រីរដ្ឋាភិបាល គាត់នៅមានកម្រិត រឹតត្បិតការយល់ឃើញរបស់ខ្លួនឯង ចំពោះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគាត់មិនបានដឹង។អីចឹងយើងនិយាយចំពោះសារព័ត៌មាន គឺប្រជាពលរដ្ឋវាស្ថិតនៅក្នុងកម្រិតដូចគ្នាដែរ»។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ មានប្រសាសន៍នៅក្នុងពិធីនោះថា ក្រសួងព័ត៌មានបានធ្វើការងារលើរឿងនេះយ៉ាងយកចិត្តទុកដាក់ជាមួយដៃគួរពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ។ លោក បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានចាត់ទុកសិទ្ធិទទួលបានមានគឺជាធាតុផ្សំមួយយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សេរីពហុបក្ស៖ «អីចឹងហើយបានជាក្រសួងព័ត៌មានបានផ្ដល់ឱកាសឱ្យដៃគួរអភិវឌ្ឍន៍ ក្រុមគោលដៅវិស័យសំខាន់ៗ ទាំងអស់ចូលរួមចំណែកនៅក្នុងដំណើរការដ៏បើកទូលាយនៅក្នុងការតាក់តែងរៀងចំច្បាប់នេះកន្លងមក។ ក្រៅពីសមាសភាពតំណាងរដ្ឋាភិបាល យើងមានសមាសភាពតំណាងអង្គការសហប្រជាជាតិប្រចាំ នៅកម្ពុជា ដែលមានអង្គការយូរណេស្កូ ដូចជាការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាចូលរួម » ។
លោកឱ្យដឹងទៀតថា សេចក្ដីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាននេះ បានបញ្ជូនទៅដល់ក្រសួងយុត្តិធម៌រួចហើយ និងត្រៀមបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗ។លោកបន្ថែមថា រដ្ឋាភិបាលនឹងពន្លឿនច្បាប់នេះឱ្យចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២០នេះ។
ទោះជាយ៉ាងណា ប្រធានសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា (CamboJa) លោក ណុប វី បច្ចុប្បន្នអ្នកសារព័ត៌មានជួបការលំបាកក្នុងការប្រមូលព័ត៌មាន ដើម្បីផ្សព្វផ្សាយ ដោយសារអាជ្ញាធរពាក់ព័ន្ធមិនផ្ដល់ព័ត៌មានតាមការស្នើសុំ និងផ្ដល់ព័ត៌មានយឺត។ លោកបន្ថែមថា ច្បាប់ខ្លះ បានតម្រូវអ្នកសារព័ត៌មានដាក់ពាក្យសុំព័ត៌មានពីអាជ្ញាធរ ដែលមានរយៈពេល ៣០ថ្ងៃក្នុងការឆ្លើយតបមកវិញ ក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងពុំមានប្រសិទ្ធភាព ឡើយ។ លោកអំពាវនាវ ក្រសួងព័ត៌មានពន្លឿនចេញសេចក្ដីព្រាងច្បាប់ទទួលនេះឱ្យបានឆាប់ ដើម្បីឱ្យពលរដ្ឋទទួលបានព័ត៌មានពេញលេញ៖ «នៅក្នុងច្បាប់ជាច្រើនរួមទាំងច្បាប់រ៉េ ច្បាប់របបសារព័ត៌មាន និងច្បាប់ដែលមួយចំនួនដែលចេញថ្មីៗ នេះ មានចែងទូលំទូលាយទាក់ទងនឹងសន្តិសុខជាតិសណ្ដាប់ធ្នាប់សាធារណៈ ហើយនឹងច្បាប់សុខភាពសាធារណៈហ្នឹងមានចែងទូលំទូលាយមែនទែន។ខ្ញុំគិតថា នៅក្នុងច្បាប់ទាំងអស់ហ្នឹងបើសិនជាច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានយើងចេញអាចជួយច្រើនទៅដល់អ្នកស្នើសុំព័ត៌មាន » ។
លោកសង្កាត់ធ្ងន់ទៀតថា រយៈពេល៤ឆ្នាំកន្លងទៅនេះ សិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែវិទ្យុអេសអឹម (FM) ដែលធ្លាប់ផ្សាយបន្តកម្មវិធីផ្សារព័ត៌មានរបស់អង្គការក្រៅរដ្ឋាភិបាល និង តាមស្ថាប័នព័ត៌មានអន្តរជាតិមួយចំនួន បានខ្លាចរអា មិនហ៊ានចាក់ផ្សាយបន្តព័ត៌មានទាំងនោះ បន្ទាប់ពីរដ្ឋាភិបាលបានបង្ក្រាបលើស្ថាប័នសារព័ត៌មានឯករាជ្យ។
សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវបានផ្ដួចផ្ដើម និងឆ្លងកាត់ការពិភាក្សាពិគ្រោះយោបល់អស់រយៈពេល ១៥ឆ្នាំមកហើយ។
ក្រុមសង្គមស៊ីវិលធ្លាប់លើកឡើងថា កម្ពុជានៅតែមិនទាន់មានច្បាប់បញ្ញត្តិសម្រាប់ការស្នើសុំព័ត៌មានសាធារណៈនៅឡើយ ដែលជាមូលហេតុធ្វើឱ្យមន្ត្រីរដ្ឋាភិបាលអាចបដិសេធនូវការផ្តល់ព័ត៌មានសាធារណៈបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។