អគ្គនាយិកាអង្គការយូណេស្កូ (UNESCO) អ្នកស្រី អូដ្រេ អាហ្សូឡេ (Audrey Azoulay) ថ្កោលទោសករណីឃាតកម្មលើអ្នកសារព័ត៌មានកម្ពុជាលោក ឈឿង ឈឹង និងអំពាវនាវឱ្យមានការស៊ើបអង្កេតដោយហ្មត់ចត់ចំពោះរឿងនេះ ដើម្បីធានាថា ជនប្រព្រឹត្តត្រូវបាននាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់។
ក្នុងសម្រង់សម្ដីនៅថ្ងៃទី១១ ធ្នូលើគេហទំព័ររបស់អង្គការយូណេស្កូ អ្នកស្រី អូដ្រេ អាហ្សូឡេ មានប្រសាសន៍បន្ថែមថា អ្នករាយការណ៍ព័ត៌មានពីបញ្ហាបរិស្ថាន មានសារៈសំខាន់សម្រាប់ការផ្ដល់ព័ត៌មានដល់សហគមន៍ទាំងឡាយ ដែលរងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្នែកបរិស្ថានផ្សេងទៀត ហើយពួកគេត្រូវតែទទួលបានការការពារ។
ប្រតិកម្មរបស់អង្គការយូណេស្កូនេះ ធ្វើឡើងក្រោយពីអ្នកសារព័ត៌មានមួយរូបនៃគេហទំព័រកម្ពុជាអភិវឌ្ឍន៍នៅខេត្តសៀមរាប លោក ឈឿង ឈឹង បានបាត់បង់ជីវិត ដោយសាររងរបួសធ្ងន់ធ្ងរពេក បន្ទាប់ពីខ្មាន់កាំភ្លើងបានប្រើកាំភ្លើងច្នៃបាញ់ប្រហាររូបលោក ពេលលោកចុះទៅយកព័ត៌មានពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ កាលពីថ្ងៃទី៤ ធ្នូ នៅដែនជម្រកសត្វព្រៃបឹងបែរ ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប។

ក្រោយកើតហេតុ ប៉ូលិសខេត្តសៀមរាបបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ី លឿយ ហើយប៉ូលិសបានអះអាងថា ជននេះបានសារភាពថា ខ្លួនជាអ្នកបាញ់ប្រហារលោក ឈឿង ឈឹង ដោយសារគំនុំបុគ្គល។ តុលាការខេត្តសៀមរាបបានចោទប្រកាន់ជនសង្ស័យឈ្មោះ ស៊ី លឿយ ពីបទ «ប៉ុនប៉ងឃាតកម្ម» និងបានបញ្ជូនជននេះទៅឃុំខ្លួនក្នុងពន្ធនាគារ។
ទោះជាយ៉ាងណាក្ដី និងមិត្តរួមអាជីពរបស់លោក ឈឿង ឈឹង បានបដិសេធមិនទទួលយកការបកស្រាយនេះឡើយ ហើយពួកគេទាមទារឱ្យអាជ្ញាធរស៊ើបអង្កេតរឿងនេះបន្ថែមទៀត ព្រោះលោក ឈឿង ឈឹង មិនដែលមានគំនុំជាមួយបុគ្គលណាឡើយ ក្រៅតែពីការងារចុះយកព័ត៌មានអំពីបទល្មើសព្រៃឈើ។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ និងទាមទារឱ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតរឿងនេះជាបន្ទាន់ និងប្រកបដោយតម្លាភាព ខណៈអ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បានប្រកាសថា ក្រសួងត្រៀមខ្លួនជួយជ្រោមជ្រែងក្នុងដំណើរការអនុវត្តនីតិវិធីតាមផ្លូវតុលាការក្នុងសំណុំរឿងនេះ។
តុលាការខេត្តសៀមរាបនឹងរៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃទី ១៣ ធ្នូ វេលាម៉ោង ៣ រសៀល អំពីករណីឃាតកម្មមួយនេះ៕
https://fb.watch/wqS_vyg5Li/
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
