មេសហជីពរិះគន់ធនាគារអេប៊ីអេ (ABA) មិនបើកប្រាក់ជំនួយមនុស្សធម៌ដល់បុគ្គលិកណាហ្គាវើលដ៍ថា ជារឿងមិនត្រឹមត្រូវ
2023.01.29
មេសហជីពលើកឡើងថា សហជីពមានសិទ្ធិទទួលជំនួយមនុស្សធម៌ពីប្រភពស្របច្បាប់។ ពួកគាត់លើកឡើងថា ធនាគារក្នុងស្រុកដែលបដិសេធពុំបើកប្រាក់មូលនិធិមនុស្សធម៌គឺជារឿងមិនត្រឹមត្រូវ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីធនាគារអេប៊ីអេ (ABA) បានរារាំងការផ្ទេរប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺន៥ពាន់ ១៥០ ដុល្លារ ចូលគណនីធនាគាររបស់សហជីពបុគ្គលិកណាហ្គាវើលដ៍ពីអង្គការមូលនិធិអន្តរជាតិមួយ ដើម្បីជួយដល់ក្រុមស្ត្រីសហជីពក្រីក្រ។
ក្រុមមេដឹកនាំសហជីពឯករាជ្យបញ្ជាក់ថាស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល សហជីព និងប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសកម្មករដែលខ្វះខាតផ្នែកជីវភាពមានសិទ្ធិទទួលបានជំនួយសង្គ្រោះពីស្ថាប័នអង្គការនៅក្រៅប្រទេស បើសិនជំនួយមនុស្សធម៌នោះមានប្រភពច្បាស់លាស់ និងស្របតាមច្បាប់។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ សង្កេតឃើញថាកន្លងមកជំនួយជួយដល់ជនក្រីក្រតែងតែធ្វើឡើងជាហូរហែនៅក្នុងប្រទេសដោយពុំមានឧបសគ្គដូចករណីសហជីពណាហ្គាវើលដ៍ពេលនេះទេ។ លោកថាបើសិនធនាគារមិនមានដីកាពីតុលាការ ឬសេចក្តីសម្រេចពីរដ្ឋាភិបាលក្នុងការររាំងរឿងបើកប្រាក់នេះ គឺគ្មានលក្ខខណ្ឌណាដែលធនាគារអេប៊ីអេគ្រាន់តែសំអាងហេតុផលផ្ទាល់មាត់ ហើយសម្រេចមិនបើកប្រាក់មូលនិធិឱ្យសមាជិកសហជីពណាហ្គាវើលដ៍នោះឡើយ៖
«មិនថារឿងហ្នឹងទេរឿងផ្សេងក៏ដោយ យើងឃើញថារឿងខ្លះច្បាប់មិនតម្រូវទេតែគាត់(ធនាគារ) ខ្លាចខ្លួនឯងដោយសារការណែនាំ ឬបារម្ភពាក់ព័ន្ធអ៊ីចឹងទៅ ខ្ញុំគិតថាជាទូទៅវាអាចមានការណែនាំណាមួយដើម្បីឱ្យពិចារណាចំពោះក្រុមកូដករដែលធ្វើកូដកម្មនៅក្នុងក្រុមហ៊ុនណាហ្គាហ្នឹងបាទ»។
ស្រដៀងគ្នានេះដែរ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ថាអង្គការសង្គមស៊ីវិល រួមទាំងរដ្ឋាភិបាលតែងតែទទួលបានមូលនិធិមនុស្សធម៌ពីអង្គការអន្តរជាតិដែរ។ លោកយល់ថាមូលនិធិសង្គ្រោះបន្ទាន់ដែលបានផ្ទេរប្រាក់ចេញពីធនាគាររបស់អូស្រ្តាលីតែធនាគារអេប៊ីអេបែរជាមិនបើកប្រាក់ឲ្យអ្នកទទួលនោះគឺជារឿងអយុត្តិធម៌សម្រាប់កម្មករដែលត្រូវការជំនួយនោះបន្ទាន់ ដើម្បីដោះស្រាយជីវភាព។ ទន្ទឹមនឹងនេះលោកទទូចដល់រដ្ឋាភិបាលល្មមដល់ពេលបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់ ដើម្បីគ្រប់ភាគីអាចទទួលយកបាន៖
«បើសិនជារឿងហ្នឹងយកហេតុផលនេះនៃការតវ៉ាធ្វើកូដកម្មដោយសន្តិវិធីរបស់បងប្អូនកូដករណាហ្គាវើលដ៍ វាជារឿងមួយដែលខ្ញុំគិតថាជារឿងអយុត្តិធម៌ និងជាការផ្សំគំនិតមិនបានចូលរួមគោរពតាមស្មារតីរដ្ឋធម្មនុញ្ញ ស្មារតីច្បាប់ការងារ ឬក៏ច្បាប់សហជីព និងអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិ។ តើហេតុអ្វីលម្អៀងជាមួយពួកយើងជាសហជីពសម្បើមម៉្លេះចំពោះកញ្ចប់ថវិកានេះ»។
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីធនាគារអេប៊ីអេ (ABA) បានរារាំងការផ្ទេរប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺន ៥ពាន់ ១៥០ដុល្លារ ចូលគណនីធនាគាររបស់បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ៣នាក់ ពីអង្គការក្រៅរដ្ឋាភិបាលមួយនៅប្រទេសអូស្ត្រាលីឈ្មោះមូលនិធិសង្គ្រោះបន្ទាន់ (Urgent Action Fund) ដើម្បីជួយដល់ក្រុមស្រ្តីសហជីពក្រីក្រនៅកម្ពុជា។
មូលនិធិសង្គ្រោះបន្ទាន់បានផ្ញើប្រាក់នោះមកក្នុងអំឡុងខែតុលា ឆ្នាំ២០២២ ប៉ុន្តែត្រូវបានធនាគារផ្អឹបទុកដោយមិនព្រមបើកឲ្យឡើយ។ ថ្មីៗនេះទោះបីជាមានការពន្យល់ហេតុផលបែបណាក៏ដោយ ក៏ធនាគារអេប៊ីអេមិនបើកប្រាក់ឲ្យដែរ ដោយចុងក្រោយនេះបានសម្រេចបញ្ជូនប្រាក់ត្រឡប់ទៅម្ចាស់ដើមវិញ ក្រោមហេតុផលបុគ្គលទាំងនោះមានវិវាទជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ និងខ្វះព័ត៌មានបញ្ជាក់ពីប្រភពលុយនោះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី និងនាយកប្រតិបត្តិធនាគារអេស៊ីលីដា (ACLEDA) លោក អ៊ិន ចាន់នី ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៩ ខែមករា។ ចំណែកធនាគារអេប៊ីអេ (ABA) ក៏មិនអាចទាក់ទងបានដែរ។
ទោះយ៉ាងណា អនុប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី ឈឹម សុខន ប្រាប់វិទ្យុអាស៊ីសេរីថា លុយដែលមូលនិធិផ្ញើមកនោះ គឺមានប្រភពត្រឹមត្រូវក្នុងគោលបំណងជួយដល់សមាជិកសហជីពរងគ្រោះ ស្ត្រីមានផ្ទៃ រួមទាំងក្មេងនៅក្នុងបន្ទុក។ ប៉ុន្តែអ្នកស្រីខកចិត្តចំពោះធនាគារអេប៊ីអេយកបញ្ហាវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍មកភ្ជាប់រឿងជំនួយមនុស្សធម៌ដែលធ្វើឱ្យអតិថិជនបាត់បង់ទំនុកចិត្តទៅវិញ។ អ្នកស្រី ឈឹម សុខន ថា មកដល់ពេលនេះអ្នកស្រីមិនទាន់ទទួលព័ត៌មានអំពីប្រាក់ ដែលធនាគារវេរត្រឡប់ទៅវិញនោះខាងមូលនិធិទទួលបានឬនៅទេ៖
«កុំយកវិវាទរបស់ណាហ្គាហ្នឹងមកផ្តាច់រឿងមនុស្សធម៌របស់បុគ្គលិកកម្មករ ពីព្រោះលុយនេះមិនមែនជាលុយកង្វក់ទេ វាជាលុយមានប្រភពត្រឹមត្រូវ ហើយគេជួយហ្នឹងជាមនុស្សធម៌ទេ សម្រាប់ជួយដល់បុគ្គលិកកម្មករដែលខ្វះខាតផ្នែកសេដ្ឋកិច្ចហ្នឹង»។
កន្លងទៅប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga world) កញ្ញា ឈឹម ស៊ីថរ គឺជាអ្នកប្រាស្រ័យទាក់ទងដោយផ្ទាល់ទៅអង្គការមូលនិធិសង្គ្រោះបន្ទាន់ ដើម្បីស្នើសុំថវិកាផ្តល់ដល់បុគ្គលិក និងកម្មការិនី ដែលទីទាល់ក្រ រួមមានស្ត្រីមានផ្ទៃពោះ និងមានកូនតូចៗក្នុងបន្ទុក។
កន្លងមកកម្មករនិយោជិត ដែលជាសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលភាគច្រើនជាស្ត្រីបានតស៊ូមតិ ដើម្បីការពារសិទ្ធិសេរីភាពសហជីព និងសិទ្ធិការងាររបស់ខ្លួនអស់ជាច្រើនខែមកហើយគឺចាប់តាំងពីចុងខែធ្នូឆ្នាំ២០២១ ប៉ុន្តែមកដល់ពេលនេះពួកគេនៅតែមិនបានដំណោះស្រាយនៅឡើយ។ លើសពីនេះ ការអូសបន្លាយពេលវេលាមិនព្រមផ្ដល់ដំណោះស្រាយដល់កូដករក៏ជាចេតនារបស់ក្រុមហ៊ុនក្នុងការដាក់គំនាបផ្នែកសេដ្ឋកិច្ចដល់អ្នកតវ៉ា ជាការបង្ខំឱ្យបោះបង់ការទាមទារយុត្តិធម៌ និងសិទ្ធិការងាររបស់ខ្លួន ដ្បិតអ្នកចេញតស៊ូមតិមិនមានប្រាក់ខែ និងចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។
ពួកគេនៅតែប្ដេជ្ញាចិត្តថា ដើម្បីការពារសេរីភាពសហជីព សិទ្ធិការងារ និងយុត្តិធម៌សង្គម កម្មករនិយោជិតសុខចិត្តប្រឈមនឹងការលំបាកផ្នែកជីវភាព ទាំងគ្មានចំណូល រីឯការចំណាយមានសព្វមុខតាំងពី ម្ហូបអាហារ ថ្លៃឈ្នួលផ្ទះ ទឹកភ្លើង ការសិក្សារបស់កូន ថ្នាំព្យាបាលជំងឺ និងបំណុលជាដើម។ តែទោះជាយ៉ាងណាពួកគេនៅតែមានឆន្ទៈក្នុងការតស៊ូមតិបន្តទៀតរហូតដល់មានដំណោះស្រាយ។ ពួកគេតែងអំពាវនាវរកជំនួយមនុស្សធម៌ពីសាធារណជន ដើម្បីដោះស្រាយជីវភាព និងជួយសម្រួលដល់ការរស់នៅរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។