សហជីព ស្នើឱ្យក្រសួងការងារ លើកស្ទួយការគោរពសិទ្ធិការងារ ជាជាងជំរុញឱ្យផ្សាយតែភាពវិជ្ជមាន
2024.01.17
ក្រុមសហជីពឯករាជ្យ លើកឡើងថា ការជំរុញរបស់រដ្ឋមន្ត្រីក្រសួងការងារ ឱ្យពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយ និងលើកតែពីចំណុចវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិនោះ នឹងមិនអាចទាក់ទាញការវិនិយោគសុចរិត មកវិនិយោគឡើយ។ ពួកគាត់ថា មានតែការគោរពសិទ្ធិ និងការការពារផលប្រយោជន៍ឱ្យកម្មករប៉ុណ្ណោះ ទើបធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះល្អ និងទទួលបានការវិនិយោគ។
ថ្នាក់ដឹកនាំសហជីពកម្មករ លើកឡើងថា ការជំរុញឱ្យនិយាយពីរឿងវិជ្ជមានរបស់កម្ពុជា លើឆាកអន្តរជាតិ គឺជាការបញ្ចុះបញ្ចូលឱ្យសហជីព និងកម្មករនិយាយភូតកុហក ខណៈរដ្ឋាភិបាល មិនទាន់ដោះស្រាយបញ្ហាវិវាទការងារ និងលើកស្ទួយជីវភាពរបស់កម្មករ ឱ្យបានល្អប្រសើរនៅឡើយ។
អនុប្រធានសហជីពអំណាចយុវជនកម្ពុជា ប្រចាំរោងចក្រស្តារឡៃថ៏ អឹភែរឹល (STARLIGHT APPAREL) លោក រស់ សំបូរ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ មករា ថា កម្មករអាចលើកឡើងពីរឿងវិជ្ជមានទាំងនោះបាន លុះត្រាតែក្រសួងការងារ ធ្វើការប្រកបដោយតម្លាភាពជាមុនសិន។ លោកយល់ថា អ្នកវិនិយោគដែលស្អាតស្អំ គឺចេះវាយតម្លៃពីស្ថានភាពរបស់កម្ពុជាដោយខ្លួនឯង ហើយមិនចាំបាច់ឱ្យរដ្ឋាភិបាល បង្គាប់ឱ្យពលរដ្ឋខ្លួន និយាយបំផ្លើស ដែលខុសពីទិដ្ឋភាពជាក់ស្ដែងនោះឡើយ។
លោក រស់ សំបូរ៖ «យើងចង់បានការវិនិយោគមក ដើម្បីឱ្យកម្មករយើងមានការងារធ្វើច្រើន។ ប៉ុន្តែសូមឱ្យថៅកែហ្នឹង គាត់គោរពច្បាប់ការងាររបស់កម្ពុជាផង។ ចំណុចខ្លះគាត់ (ថៅកែ) គាត់អនុវត្តទៅ វាអត់ត្រូវជាមួយច្បាប់ ផ្ទុយជាមួយច្បាប់។ បាទ! សំណូមពរឱ្យរដ្ឋាភិបាល ក៏ដូចជារដ្ឋមន្ត្រីក្រសួងការងារ សុំឱ្យគាត់យកចិត្តទុកដាក់ជាមួយកម្មករ។ កុំចាំឱ្យពេលមករកសន្លឹកឆ្នោត បានចុះមកជួបអីអ៊ីចឹង សូមឱ្យគាត់យកចិត្តទុកដាក់ឱ្យដូចកាលមុនបោះឆ្នោត»។
ការលើកឡើងនេះ គឺបន្ទាប់ពី រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងនៅក្នុងសិក្ខាសាលាត្រីភាគីផ្ដល់សុពលភាពថ្នាក់ជាតិ ស្ដីពីកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ កាលពីថ្ងៃទី១៦ មករា ដោយជំរុញឱ្យកម្មករនិយោជិត សហជីព និងពលរដ្ឋ គួរលើកពីចំណុចវិជ្ជមានរបស់កម្ពុជានៅចំពោះមុខបរទេស ឬលើឆាកអន្តរជាតិ ដើម្បីទាក់ទាញការវិនិយោគបន្ថែមសម្រាប់ប្រទេសជាតិ។
នៅចំពោះមុខអង្គការអន្តរជាតិខាងការងារ (ILO) សហជីពតំណាងទូទាំងប្រទេស លោក ហេង សួរ ស្នើដល់សហជីពរបស់នយោជិត ធ្វើការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីដោះស្រាយវិវាទការងារឱ្យអស់លទ្ធភាព ដោយមិនចាំបាច់រាយការណ៍ទៅអ្នកបញ្ជាទិញ ឬសហគមន៍អន្តរជាតិឡើយ។
ទោះជាយ៉ាងនេះក្ដី ចំណុចវិជ្ជមាន ដែលលោក ហេង សួរ ប្រាប់ឱ្យសហជីពនិយាយនោះ ហាក់ផ្ទុយគ្នាពីទិដ្ឋភាពជាក់ស្ដែង ដែលកម្មករនិយោជិតកំពុងប្រឈម មានដូចជា វិវាទការងាររ៉ាំរ៉ៃរបស់បុគ្គលិកណាហ្គាវើលដ៍ (NagaWorld) ការរំលោភសិទ្ធិ ការងាររបស់ថៅកែបរទេស ការបង្កកមិនដោះស្រាយបណ្ដឹងកម្មករ ការចរចាដំឡើងប្រាក់ខែគោលប្រចាំឆ្នាំ ដែលលម្អៀងទៅរកភាគីថៅកែរោងចក្រសហគ្រាស និងការរឹតត្បិតសិទ្ធិសេរីភាពសហជីព ជាដើម។
ជុំវិញរឿងនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ឃើញថា ការលើកឡើងរបស់ក្រសួងការងារ ក៏ជាអ្វីដែលសហជីព ចង់បានដូចគ្នា ប៉ុន្តែកន្លងមកសហព័ន្ធសហជីព ឃើញមានចំណុចមួយចំនួន ដែលរដ្ឋាភិបាលនៅតែមិនអាចដោះស្រាយបាន ក្នុងនោះមានដូចជា ការលើកកម្ពស់សិទ្ធិសហជីព និងសិទ្ធិការងារដល់កម្មករនិយោជិត ការដោះស្រាយវិវាទការងារ ការកែលំអសុខភាព និងសុវត្ថិភាពការងារដល់កម្មករ និងការកំណត់ប្រាក់ឈ្នួលអប្បបរមា ជាដើម។
លោក អាត់ ធន់៖ «ពីមុនសហជីព មានសេរីភាពពេញលេញក្នុងការធ្វើជាតំណាងឱ្យកម្មករ ប៉ុន្តែឥឡូវ អត់មានសិទ្ធិពេញលេញទេ។ ការចូលរួមក៏ពិបាក សិទ្ធិធ្វើជាតំណាងក៏ពិបាក សិទ្ធិកូដកម្ម ក៏ពិបាក។ បន្ទាប់មក តំណាងសហជីពជាច្រើន ធ្វើសកម្មភាពសហជីព កូដកម្ម បាតុកម្ម មានការចោទប្រកាន់រឿងព្រហ្មទណ្ឌ អ្នកខ្លះរងការចោទប្រកាន់ថា ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ»។
កម្មករ និងសហជីព ស្នើឱ្យក្រសួងការងារ គួរដោះស្រាយបញ្ហាប្រឈមរបស់កម្មករ ស្វែងរកការវិនិយោគស្អាតស្អំ និងធានាការអនុវត្តតាមគោលការណ៍ច្បាប់ក្នុងវិស័យការងារ ទើបអាចបង្កើតភាពវិជ្ជមានពិតប្រាកដបង្ហាញទៅអន្តរជាតិ និងពិភពលោក ដោយមិនបាច់ប្រាប់ពលរដ្ឋ ឱ្យនិយាយផ្សាយពាណិជ្ជកម្មជំនួសឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។