ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បារម្ភ​ពី​ការ​ចាប់ខ្លួន និង​ការ​យាយី​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ដោយ យន់ សាមៀន
2021-01-09
Share
ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បារម្ភ​ពី​ការ​ចាប់ខ្លួន និង​ការ​យាយី​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយ​ការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា
រូប៖ RFA

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បន្ត​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​សកម្ម​ជន និង​អ្នក​ការ​ពារ​សិទ្ធិមនុស្ស​ជា​ច្រើន​នាក់​នៅ​កម្ពុជា។ ការ​ព្រួយ​បារម្ភ​នេះ ធ្វើឡើង​តាមរយៈ​លិខិត​រួម​គ្នា ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅថ្ងៃទី៩​ ខែ​មករា ។ មន្ត្រី រដ្ឋាភិបាល​ចាត់​ទុក​ថា ក្ដី​ព្រួយ​បារម្ភ​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នោះ​ទេ។

អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ៦រូប សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ចំពោះ​ករណី​អាជ្ញាធរ​កម្ពុជា ដែល​បាន​ចាប់​ឃុំ​ខ្លួន ចោទ​ប្រកាន់ បំភិតបំភ័យ ឈ្លប​មើល គំរាម​កំហែង និង​ប្រើប្រាស់​កម្លាំង​ហួស​ហេតុ​បង្ក្រាប​ទៅ​លើ​សកម្មជន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ច្រើន​នាក់ រួម​ទាំង​ស្ត្រី​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស ដោយ​សារ​តែ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​ការ​បញ្ចេញ​មតិ​ជា​ដើម។

ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ ដែល​ចូលរួម​សម្ដែង​កង្វល់​នោះ មាន​ដូចជា អ្នក​រាយ​ការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក្រុម​ការងារ​ស្ដីពី​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត អ្នក​រាយការណ៍​ពិសេស​ផ្នែក​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​បញ្ចេញ​មតិ អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​ជួបជុំ​ដោយ​សន្តិវិធី និង​ការ​ចងក្រង​ជា​សមាគម ព្រម​ទាំង​អ្នក​រាយ​ការណ៍​ពិសេស​ទទួល​បន្ទុក​ផ្នែក​ស្ថានភាព​អ្នក​ការពារ​សិទ្ធិមនុស្ស និង​ក្រុម​ការងារ​ស្ដីពី​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី និង​ក្មេង​ស្រី។

ក្នុង​លិខិត​រួម​គ្នា​នោះ ក្រុម​អ្នក​ជំនាញ​ អ..ប​ ទាំង​នេះ​ លើកឡើង​អំពី​ករណី​ចាប់​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត លើ​សកម្មជន​សិទ្ធិ​ការងារ និង​ព្រំដែន លោក រ៉ុង ឈុន និង​ករណី​បង្ក្រាប​ដោយ​ហិង្សា ព្រម​ទាំង​ការ​ចាប់​ឃុំ​ខ្លួន​ក្រុម​​​សកម្ម​ជន អ្នក​នយោបាយ និង​យុវជន​យ៉ាង​ហោច​ណាស់ ២០នាក់​ផ្សេង​ទៀត។ ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ដោយសារ​តែ​ការ​តវ៉ា​ដោយ​សន្តិវិធី​ទាម​ទារ​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន និង​គម្រោង​​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម​ទាមទារ​យុត្តិ​ធម៌​សង្គម​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ធ្វើ​សកម្មភាព​ការងារ​បរិស្ថាន​ជាដើម។ ក្រុម​អ្នក​ជំនាញ អ..ប ទទូច​ជា​ថ្មី​ទៀត​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្តល់​ភស្តុតាង​ និង​ពន្យល់​អំពី​មូលដ្ឋាន​ច្បាប់​នៃ​ការ​ចាប់​ខ្លួន​អ្នក​ទាំង​នេះ ដោយសារ​តែ​ការ​ស្នើសុំ​នា​ពេល​កន្លង​ទៅ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី៨ មករា។

ចំណែក អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន វិញ​ លោក​បន្ត​ការពារ​វិធានការ​របស់​រដ្ឋាភិបាល​កន្លង​មក​ថា ​ជា​ការ​អនុវត្ត​ច្បាប់។ លោក​ចាត់​ទុក​ថា ក្ដី​ព្រួយ​បារម្ភ​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នេះ ធ្វើ​ឡើង​ដោយ​ខ្វះ​ការ​ស្រាវជ្រាវ​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់៖ «ដូច្នេះ​ហើយ​យើង​ឃើញ​ថា កង្វល់​នេះ វា​គ្រាន់​តែ​ជា​កង្វល់​មួយ ដែល​ពុំ​ទាន់​មាន​មូលដ្ឋាន​គតិយុត្តិ​នៅ​ឡើយ សម្រាប់​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ ចំពោះ​អ្នក​ទាំង​នោះ»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អ្នក​ជំនាញ​សិទ្ធិមនុស្ស ជា​នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស នៃ​អង្គការ លីកាដូ លោក អំ សំអាត ជឿជាក់​ថា ក្តី​ព្រួយ​បារម្ភ​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នេះ ឆ្លុះបញ្ចាំង​ពី​ការ​ពិត​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រោះ​អ្នក​ជំនាញ​ទាំង​នេះ បាន​តាម​ដាន​យ៉ាង​ដិតដល់ និង​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន៖ «យើង​ឃើញ​ថា គេ (អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ) លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​យើង​ឃើញ​ថា តំណាង​រដ្ឋាភិបាល​តែងតែ​បដិសេធ និង​អះអាង​ថា ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ប៉ុន្តែ​អ្នក​ជំនាញ​ដែល​គេ​លើក​ឡើង​នេះ ផ្អែក​ទៅ​លើ​មូលដ្ឋាន​នៃ​បទដ្ឋាន​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស ដែល​កម្ពុជា​យើង ​បាន​ផ្តល់​សច្ចាប័ន ហើយ​ក្លាយ​រដ្ឋ​ជា​ភាគី ​ហើយ​រដ្ឋធម្មនុញ្ញ ក៏​មាន​ចែង​ទៅ​ទៀត។ ដូច្នេះ​គេ​មើល​ឃើញ​ថា ការ​អនុវត្ត​នេះ​ប៉ះពាល់​ទៅ​លើ​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស ​ជា​ពិសេស សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ»

ចាប់​តាំងពី​ឆ្នាំ២០២០ រហូតដល់ដើមឆ្នាំ២០២១ នេះ របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិមនុស្ស សកម្មជន​សង្គម សកម្មជន​​បរិស្ថាន និង​សកម្ម​នយោបាយ​ដាក់​ពន្ធនាគារ​ជាង ៥០នាក់​ហើយ ក្រោម​បទ​ចោទ​ញុះញង់ និង​រួម​គំនិត​ក្បត់។ ក្រុម​អ្នក​សង្កេត​ការណ៍​បាន​ចាត់​ទុក​ករណី​ទាំង​នេះ​ថា ជា​រឿង​នយោបាយ ដើម្បី​បំបិទ​សិទ្ធិ​ពលរដ្ឋ​ និង​កម្ចាត់​កម្លាំង​គាំទ្រ​ដែល​នៅ​សេសសល់​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​ការពារ​សិទ្ធិមនុស្ស លោក អំ សំអាត គូស​បញ្ជាក់​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​ នៅតែ​មិនព្រម​កែប្រែ​ឥរិយាបថ​តាម​អនុសាសន៍​របស់​ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ និង​សហភាព​អឺរ៉ុប​នោះ​ទេ គឺ​គ្មាន​ផល​ចំណេញ​សម្រាប់​ប្រជាជាតិ​កម្ពុជា​ឡើយ ព្រោះ​កន្លង​មក​បញ្ហា​ចម្រូងចម្រាស​រឿង​សិទ្ធិមនុស្ស​នេះ​ បាន​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០ភាគ​រយ​ពី​កម្ពុជា​រួច​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល