អគ្គលេខាធិការ អ.ស.ប ចង់ឱ្យ​លោក ហ៊ុន ម៉ាណែត លើកកម្ពស់​សិទ្ធិ​មនុស្ស​ឡើង​វិញ

0:00 / 0:00

មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត គួរ​តែ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ តាម​លិខិត​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។ ការ​លើកឡើង​បែប​នេះ គឺ​បន្ទាប់​ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ផ្ញើ​លិខិត​អបអរ​ចំពោះ​លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី និង​ជំរុញ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ថ្មី​កម្ពុជា លើកកម្ពស់​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

មន្ត្រី​បក្ស​ប្រឆាំង យល់​ថា នាយក​រដ្ឋមន្ត្រី​ថ្មី លោក ហ៊ុន ម៉ាណែត គួរ​តែ​កែ​លម្អ​ស្ថានភាព​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ ដើម្បី​ទទួល​បាន​ការ​ផ្ដល់​តម្លៃ​កាន់​តែ​ច្រើន​ពី​សហគមន៍​អន្តរជាតិ។

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៨ កញ្ញា​ថា លោក​មិន​ភ្ញាក់​ផ្អើល នឹង​លិខិត​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ដែល​អបអរ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ទេ។ លោក​ថា ដោយសារ​លិខិត​នោះ គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី មិន​មែន​ជា​នាយក​រដ្ឋមន្ត្រី កើត​ចេញ​ពី​ការ​បោះឆ្នោត។

លោក រ៉ុង ឈុន៖«បើ​គេ(ប្រធាន​អង្គការ​សហប្រជាជាតិ)មិន​បាន​លើកឡើង​ពី​ដំណើរការ​បោះ​ឆ្នោត ជាប់​ដោយសារ​ការ​បោះឆ្នោត​ត្រឹមត្រូវ អ៊ីចឹង​មាន​ន័យ​ថា គេ​ចាត់​ទុក​ការ​បោះឆ្នោត​ហ្នឹង វា​មិន​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ និង​បាត់បង់​សិទ្ធិ​ប្រជារាស្ត្រ​រាប់​លាន​នាក់ តាម​រយៈ​ការ​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន ចូលរួម​ការ​បោះឆ្នោត»។

ការ​លើក​ឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក ឆាល មីសែល (Charles Michel) ផ្ញើ​លិខិត​អបអរ​លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា។ ប៉ុន្តែ​នៅ​ក្នុង​លិខិត​ទាំង​ពីរ​នោះ មិន​បាន​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត បាន​ដំណែង​នាយក​រដ្ឋមន្ត្រី តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ស្រប​ច្បាប់​ជាតិ និង​អន្តរជាតិ​នោះ​ទេ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី៦ ខែ​កញ្ញា​ថា ដើម្បី​ឱ្យ​កម្ពុជា បន្ត​ចូលរួម​ជាមួយ​អន្តរជាតិ ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល រួម​មាន​ការ​ប្រែប្រួល​អាកាសធាតុ។ លើស​ពី​នេះ លោក អង់តូនីញ៉ូ ហ្គោទែរ៉េ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត លើកកម្ពស់​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​នយោបាយ ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស និង​ការ​ចូលរួម​ដ៏​រឹងមាំ​របស់​សង្គម​ស៊ីវិល ដែល​ជា​កត្តា​ជំរុញ​ជា​មូលដ្ឋាន​នៃ​របៀបវារៈ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​មាន​សារៈសំខាន់​ក្នុង​ការ​ទ្រទ្រង់​សន្តិភាព​នៅ​កម្ពុជា។

ចំណែក​លិខិត​របស់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក ឆាល មីសែល (Charles Michel) ចុះ​កាល​ពី​ថ្ងៃ​ទី១ កញ្ញា ក៏​បាន​ប្រើប្រាស់​សារ​ខ្លី ដើម្បី​អបអរ​លោក ហ៊ុន ម៉ាណែត ដែរ ប៉ុន្តែ​បាន​បង្ហាញ​ទំនុក​ចិត្ត​ថា ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត នឹង​អាច​ជួយ​ធ្វើ​ឱ្យ​ទំនាក់ទំនង​កម្ពុជា​និង​សហភាព​អឺរ៉ុប​ល្អ​ប្រសើរ​ជាង​មុន។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បកស្រាយ​បន្ថែម​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថ្មី​លោក ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃ​ទី៨ កញ្ញា។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់​ឃើញ​ថា លិខិត​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ផ្ញើ​ឱ្យ​លោក ហ៊ុន ម៉ាណែត គ្រាន់​តែ​ជា​ផ្នែក​មួយ​ក្នុង​ទំនាក់ទំនង​ការទូត​ធម្មតា ប៉ុន្តែ​អ្វី​ដែល​លោក​សង្កេត​ឃើញ ខ្លឹមសារ​សំខាន់​នៅ​ក្នុង​លិខិត​នោះ ហាក់​ចង់​សង្កត់​ធ្ងន់​ឱ្យ​កម្ពុជា​វិល​ទៅ​រក​ការ​គោរព​សិទ្ធិមនុស្ស ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ​ឡើង​វិញ។

លោក ស៊ឹង សែនករុណា៖«អ្វី​ដែល​ជា​ខ្លឹមសារ​សំខាន់ ហាក់​ដូច​ជា​ការ​ចង់​បញ្ជាក់ ​ហើយ​គេ​ចង់​ឃើញ នូវ​អ្វី​ដែល​ជា​ការ​បើក​នូវ​លំហ​ការ​គោរព​សិទ្ធិ​មនុស្ស ហើយ​លំហ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ ហើយ​ទាំង​អស់​នេះ​ទេ ដែល​ជា​រឿង​សំខាន់»។

មន្ត្រី​បក្ស​ប្រឆាំង​យល់​ឃើញ​ថា ប្រសិន​បើ​នៅ​ក្នុង​រយៈពេល​ខាង​មុខ​នេះ នាយក​រដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត អាច​កែ​លម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ល្អ​ប្រសើរ តាមរយៈ​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ រួម​មាន​លោក កឹម សុខា លោក ថាច់ សេដ្ឋា កញ្ញា សេង ធារី និង​សកម្មជន​សិទ្ធិ​មនុស្ស​កញ្ញា ឈឹម ស៊ីថរ រួម​ទាំង​បើក​ឱ្យ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូលរួម​ការ​បោះឆ្នោត​ឡើង​វិញ រួម​ទាំង​ឈប់​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​សារព័ត៌មាន នោះ​ទើប​កម្ពុជា​ទទួល​បាន​ការ​សាទរ​លើក​មុខ​មាត់​ជាតិ​ពិតប្រាកដ លើ​ឆាក​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។