UN បន្តលើកឡើងអំពីកង្វល់នៃការរឹតត្បិតសិទ្ធជាមូលដ្ឋានពលរដ្ឋ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា
2022.06.22

អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា (UN) នៅតែបន្តលើកឡើងនូវក្ដីកង្វល់អំពីស្ថានភាពនៃការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ ជាពិសេស ការរឹតត្បិតសិទ្ធជាមូលដ្ឋានប្រជាពលរដ្ឋ និងការរឹតត្បិតសេរីភាពរបស់អង្គការសង្គមស៊ីវិលមិនឱ្យចូលរួមក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចិរភាព។ ទន្ទឹមគ្នានេះ មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា សេរីភាពភាពបញ្ចេញមតិរបស់ពលរដ្ឋ និងចរន្តការងាររបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវបានអាជ្ញាធរតាមយាយីនាពេលកន្លងមកនេះ។ មន្ត្រីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលឆ្លើយតបថា ការលើកឡើងនេះធ្វើឡើងមិនឆ្លុះបញ្ចាំងពីការពិត។
ការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (UN) នៅតែបន្តដាស់តឿនក្រើនរំលឹកដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យគិតគូរស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យមានភាពប្រសើរឡើងវិញ ដើម្បីឱ្យកម្ពុជាមានការអភិវឌ្ឍមួយប្រកបដោយតម្លាភាព និងទទួលបានសន្តិភាពពិតប្រាកដ។
ឯកសារព័ត៌មានរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាទី១៧ ស្ដីពីការ ការចូលរួមរបស់សង្គមស៊ីវិល ចេញផ្សាយកាលពីថ្ងៃទី២០ ខែមិថុនា បង្ហាញថា លំហសេរីភាពប្រជាពលរដ្ឋ អង្គការក្រៅរដ្ឋាភិបាល ឬការចងក្រងសមាគមក្នុងការលើកស្ទួយសិទ្ធិមនុស្ស គឺជាគន្លឹះនៃលទ្ធិប្រជាធិបតេយ្យ ដើម្បីសម្រេចគោលដៅក្នុងការអភិវឌ្ឍប្រកបដោយចិរភាព។ ក្រៅពីនេះ សង្គមស៊ីវិលនៅកម្ពុជាមានការចូលរួមក្នុងការផ្តល់សេវាជាច្រើនដូចជា លើវិស័យអភិវឌ្ឍន៍មនុស្សធម៌ ការលើកកម្ពស់អភិបាលកិច្ចល្អ ការអភិរក្ស ការកសាងសន្តិភាព និងសិទ្ធិមនុស្សជាដើម។
ឯកសារដដែលបានស្រង់សម្ដីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ដែលបានថ្លែងកាលពីឆ្នាំ ២០២១ថា លំហសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការអាចបំពេញតួនាទីប្រកបដោយអត្ថន័យក្នុងជីវភាពនយោបាយ សេដ្ឋកិច្ចសង្គម រួមទាំងការទទួលបានព័ត៌មាន និងការចូលរួមលើកមតិជំទាស់ គឺជាប្រធានបទ ដែលទាមទារឱ្យរដ្ឋាភិបាលកម្ពុជាធានាសិទ្ធជាមូលដ្ឋាន និងអំណាចរបស់ពួកគេ ដើម្បីធ្វើឱ្យសង្គមកាន់តែរឹងមាំ និងកាន់តែមានភាពធន់។ ទោះជាយ៉ាងណា អង្គការសហប្រជាជាតិប្រចាំកម្ពុជារកឃើញថា ចាប់តាំងពីឆ្នាំ២០១៧ មក ការអនុវត្តសេរីភាពជាមូលដ្ឋាននៅកម្ពុជាត្រូវបានរឹតបន្តឹង ជាពិសេស ទាក់ទងនឹងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋក្នុងការចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ដែលមានធានាដោយច្បាប់រដ្ឋធម្មនុញ្ញ ប៉ុន្តែអាជ្ញាធររដ្ឋាភិបាលកម្ពុជាមិនមានការត្រួតពិនិត្យ ដើម្បីអនុវត្តឱ្យបានពេញលេញនោះឡើយ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ច្រានចោលចំពោះការលើកឡើងរបស់អង្គការសហប្រជាជាតិ ដោយលោកចាត់ទុកថា ឯកសារនេះធ្វើឡើងមិនឆ្លុះបញ្ចាំងពីការពិត និងគ្មានមូលដ្ឋានច្បាស់លាស់។ លោកអះអាងថា កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីនៃច្បាប់រដ្ឋធម្មនុញ្ញស្ដីអំពី លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក្នុងនោះរួមទាំងប្រជាពលរដ្ឋ គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងសហជីព បានប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ខ្លួនបានយ៉ាងទូលំទូលាយ៖ «ការសន្និដ្ឋានវាយតម្លៃនេះគាត់ [UN] ស្ដាប់ឮមានបណ្ដាញនៅក្នុងប្រទេស បញ្ជូនទៅ។ ដូច្នេះ ហើយយើងខ្ញុំមិនចង់បាន របាយការណ៍បែបហ្នឹងទេ។ យើងខ្ញុំចង់បាន របាយការណ៍មួយដែលពួកគាត់ [UN] មើលឃើញនឹងភ្នែកផ្ទាល់អំពី ស្ថានភាពនៃប្រទេសកម្ពុជាតែម្ដង អំពីស្ថានភាពនៃលទ្ធិប្រជាធិបតេយ្យ អំពីស្ថានភាពនៃការប្រើប្រាស់សិទ្ធិសេរីភាព របស់ប្រជាជនកម្ពុជា»។
ទោះបីជា លោក កត្តា អ៊ន បានប្រឹងប្រែងការពាររដ្ឋាភិបាលក្ដី ក៏សហគមន៍ជាតិ និងអន្តរជាតិ តែងតែវាយតម្លៃថាកម្ពុជាគ្មានការគោរពសិទ្ធិត្រឹមត្រូវតាមស្របច្បាប់រដ្ឋធម្មនុញ្ញឡើយ។ រដ្ឋាភិបាលលោក ហ៊ុន សែន រងការរិះគន់ថា បានដាក់ចេញនូវចំណាត់ការបង្ក្រាបយ៉ាងទៀងទាត់ និងមានលក្ខណៈជាប្រព័ន្ធ ទៅលើក្រុមសកម្មជនគណបក្សប្រឆាំង សកម្មជនសង្គម មន្រ្តីសង្គមស៊ីវិល ពលរដ្ឋ និងការបង្ក្រាបស្ថាប័នសារព័ត៌មានដែលមិនចំណុះជាមួយនឹងរដ្ឋាភិបាលជាដើម។ ជាក់ស្ដែងក្នុងឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិដែលគេមើលឃើញថា កំពុងមានសន្ទុះអ្នកគាំទ្រខ្លាំងក្លា ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើវិសោធនកម្មច្បាប់ ដើម្បីមានលេសរម្លាយ ព្រមទាំងចាប់ខ្លួនមេដឹកនាំ និងសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារឥតឈប់ឈរ។
ក្រៅពីនេះ ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ អាជ្ញាធរនៃរដ្ឋាភិបាលឯកបក្ស បានបន្តបង្ក្រាបលើកូដករណាហ្គាវើលដ៍កាន់តែខ្លាំង ខណៈពួកគេបានប្រើសិទ្ធស្របតាមច្បាប់ចេញធ្វើកូដកម្មដោយសន្តិវិធី ដើម្បីទាមទាររកយុត្តិធម៌ និងសិទ្ធសេរីភាពការងារពីសំណាក់ថៅកែ ជាង៦ខែកន្លងមកនេះ។
អង្គការសហប្រជាជាតិប្រចាំកម្ពុជា គូសបញ្ជាក់ថា កន្លងមក កម្ពុជាបានស្ម័គ្រចិត្តប្ដេជ្ញា ក្នុងធានាឱ្យមានសេរីភាពសម្រាប់ពលរដ្ឋ ដោយអនុញ្ញាតឱ្យមន្រ្តីសង្គមស៊ីវិលការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានអាចបញ្ចេញមតិខ្លួនដោយសេរី ទាំងនៅក្រៅប្រព័ន្ធ និងលើប្រព័ន្ធអនឡាញ ដោយមិនមានការភ័យខ្លាចទទួលរងការបៀតបៀន ឬការសងសឹក និងមិនធ្វើការចោទប្រកាន់ទោសដោយសារតែការអនុវត្តសិទ្ធជាមូលដ្ឋានរបស់ពួកគេនោះឡើយ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADO) លោក អំ សំអាត មានប្រសាសន៍ថា លំហសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលបានរងការរឹតត្បិតក្រោយមានពីការរម្លាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។ លើសពីនេះ លោកថា មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សមួយចំនួន ក៏មានការគំរាមកំហែង និងការតាមយាយីបំភិតបំភ័យ ពីសំណាក់អាជ្ញាធរ ពេលដែលពួកគាត់ចុះបំពេញការងារ៖ «កន្លងមក យើងឃើញហើយថា អ្នកការពារ សិទ្ធមនុស្ស ដូចជាសកម្មជនការពារបរិស្ថាន សកម្មជនការងារសង្គម ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងធ្វើការឃុំខ្លួន ឬការកាត់ទោសជាដើម ដែលទាំងអស់នេះ គេចាត់ទុកថា លំហសេរីភាព និងការចូលរួមរបស់អង្គការសង្គមស៊ីវិលហ្នឹងមានការរឹតត្បិត»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរូបនេះ បារម្ភថា បើរដ្ឋាភិបាលនៅគ្មានការឆ្លើយតបជាវិជ្ជមានណាមួយអំពីការស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនេះ កម្ពុជាអាចនឹងបាត់បង់ផលប្រយោជន៍ ដូចជា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងពីសហភាពអឺរ៉ុប ជាដើម។
ខណៈកម្ពុជានឹងរៀបចំការបោះឆ្នោតជាសាកលនៅឆ្នាំ២០២៣ ខាងមុខ ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា អំពាវនាវដល់ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល រួមទាំងអង្គការស្ត្រីផងដែរ ត្រូវតែចូលរួមឱ្យបានពេញលេញលើការរៀបចំគោលនយោបាយ ដែលមានផលប៉ះពាល់មកលើជីវិតរបស់ពួកគេ ហើយអង្គការសហប្រជាជាតិនៅតែបន្តតាមដានយ៉ាងជិតស្និទ្ធលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ស្ថាប័នដដែលបញ្ជាក់ជំហរថា អង្គការសហប្រជាជាតិត្រៀមខ្លួនជានិច្ច ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាត់វិធានការណ៍ជាជំហានៗ ដើម្បីជួយធ្វើឱ្យលំហសេរីភាពសម្រាប់ពលរដ្ឋកាន់តែប្រសើរឡើង តាមរយៈការចូលរួមជួយផ្តល់យោបល់លើការធ្វើវិសោធនកម្មច្បាប់ ដែលពាក់ព័ន្ធកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់កម្ពុជា ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្ដីពីសហជីពជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។