អ្នកតាមដាននយោបាយថា អាមេរិកដាក់ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជាការកាត់ផ្ដាច់សរសៃឈាមសេដ្ឋកិច្ចរបស់បក្សកាន់អំណាច
2024.09.12
សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្ម បង្កក ទ្រព្យសម្បត្តិលើមន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ ដែលស្និទ្ធលោក ហ៊ុន សែន គឺលោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មរបស់លោកចំនួន៥ របស់លោក។
ក្រសួងរតនាគារជាតិអាមេរិក លើកហេតុផលថា ការដាក់ទណ្ឌកម្មនេះ គឺដោយសារតែលោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មរបស់លោកពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំ ក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយប័ណ្ណ គ្រីបតូ (Cryptocurrency) ។
អ្នកអត្ថាធិប្បាយនយោបាយលើកឡើងថា អាមេរិកដាក់ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជាការកាត់ផ្ដាច់សរសៃឈាមសេដ្ឋកិច្ចរបស់បក្សកាន់អំណាច។
លោក គឹម សុខ មានប្រសាសន៍ថា សហរដ្ឋអាមេរិកសម្រេចចិត្តដាក់ទណ្ឌកម្មលោក ឧកញ៉ា លី យ៉ុងផាត់ នេះ គឺដើម្បីផ្ញើសារទៅរដ្ឋាភិបាលត្រកូលហ៊ុន ជាពិសេស លោក ហ៊ុន សែន ថា ការដឹកនាំរបស់ត្រកូល ហ៊ុន ដែលបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សនេះ អាមេរិក និងសហគមន៍អន្តរជាតិផង នឹងមិនលើកលែងឱ្យនោះទេ។ លោកបន្ថែមថា សហរដ្ឋអាមេរិក ក៏នឹងសម្លឹងមើលឧកញ៉ាផ្សេងទៀត ដែលទ្រទ្រង់សេដ្ឋកិច្ចគណបក្សប្រជាជនកម្ពុជា ហើយរកស៊ីទុច្ចរិត ដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀតដែរ។
សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ កញ្ញា បានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ គឺលោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មរបស់លោកចំនួន៥ រួមមានក្រុមហ៊ុន L.Y.P Group, រមណីយដ្ឋានអូស្មាច់ (O-Smach Resort), សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel), រមណីយដ្ឋានកោះកុង (Koh Kong Resort), និង សណ្ឋាគារភ្នំពេញ។
មន្ត្រីក្រសួងរតនាគារជាតិអាមេរិក លើកហេតុផលថា ការដាក់ទណ្ឌកម្មនេះ គឺដោយសារតែលោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មរបស់លោកពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំ ក្នុងជំនួញឆបោកតាមអនឡាញ (Online) និងរូបិយប័ណ្ណគ្រីបតូ (Cryptocurrency)។ លោក លី យ៉ុងផាត់ គឺជាមនុស្សស្និទ្ធនឹងលោក ហ៊ុន សែន ដែលក្ដោបក្ដាប់ជំនួញធំៗ នៅកម្ពុជា។ ក្រុមហ៊ុនរបស់លោក ក៏រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងរំលោភយកដីពីប្រជាពលរដ្ឋ នៅខែត្រកោះកុងជាច្រើនទៀតដែរ។ ក្រៅពីលោកកាន់កាប់ជំនួញ ដែលមានត្រកូល ហ៊ុន ការពារនោះ លោក ក៏ជាមនុស្ស ដែលលោក ហ៊ុន សែន ទុកចិត្តឱ្យកាន់តួនាទីជាប្រធានហិរញ្ញវត្ថុរបស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភារបស់គណបក្សនេះ។
ក្រៅពីកាន់កាប់មុខជំនួញ ដែលមានទ្រព្យសម្បត្តិមហាសាលនេះ លោក លី យ៉ុងផាត់ គឺជាប្រធានសមាគមឧកញ៉ាកម្ពុជា ដែលជាក្រុមសមាជិកសម្រាប់លោក លី យ៉ុងផាត់ ប្រមូលលុយពីឧកញ៉ាទាំងនេះ យកទៅផ្គត់ផ្គង់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលត្រកូល ហ៊ុន។ ទំនងជាលោកបានជួយជ្រោមជ្រែងគណបក្ស និងរដ្ឋាភិបាលត្រកូល ហ៊ុន នេះហើយ ទើបលោកទទួលបានគោរមងារខ្ពស់បំផុតជាលោកអ្នកឧកញ៉ា ក្នុងពេលលោកមានរហស្សនាមថា ជា «ស្ដេចកោះកុង» និងមានឈ្មោះដើម ផាត់ ស៊ុផាផា (Phat Suphapha) មានសញ្ជាតិខ្មែរ-ថៃ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក លី យ៉ុងផាត់ ដើម្បីសុំសួរអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១២ កញ្ញា។ រីឯប្រធានអ្នកនាំពាក្យរដ្ឋាភិបាល ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំសួរអំពីរឿងនេះបាននៅឡើយដែរ។
ប្រធានចលនា ដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មួរ សុខហួរ មានប្រសាសន៍ថា របបផ្ដាច់ការអាចដកដង្ហើមសេដ្ឋកិច្ចបាន ដោយសារក្រុមឈ្មួញទុច្ចរិត។ អ្នកស្រីបញ្ជាក់ថា ការដាក់ទណ្ឌកម្មលើលោក លី យ៉ុង ផាត់ នេះ ក៏ការផ្ដាច់សរសៃឈាមសេដ្ឋកិច្ចរបស់រដ្ឋាភិបាលរបស់ត្រកូល ហ៊ុន ដែរ។
មុនពេលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ នេះ អាមេរិក ក៏ធ្លាប់ចេញរបាយការណ៍ព្រមានជាមុនដែរថា កម្ពុជាជាទីតាំងទីផ្សារជួញដូរមនុស្ស និងការរកស៊ីឆបោកតាមអនឡាញ។
របាយការណ៍ស្ដីពីការជួញដូរមនុស្សនៅលើពិភពលោកប្រចាំឆ្នាំ២០២៤ របស់ក្រសួងការបរទេសអាមេរិក ផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនា រកឃើញថា អំពើពុករលួយ និងការសមគំនិតពីសំណាក់ក្រុមមន្ត្រីរដ្ឋាភិបាលក្នុងឧក្រិដ្ឋកម្មជួញដូរមនុស្ស នៅតែរីករាលដាលខ្លាំង។ នេះក៏រាប់បញ្ចូលទាំងការកេងប្រវ័ញ្ចលើជនរងគ្រោះរាប់ម៉ឺននាក់ក្នុងឧក្រិដ្ឋកម្មបង្ខាំងមនុស្សឱ្យប្រព្រឹត្តអំពើឆបោកតាមអនឡាញនៅកម្ពុជាដែរ។
ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១២ កញ្ញា ក៏បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា ការដោះស្រាយការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយការជួញដូរកម្លាំងពលកម្មដោយបង្ខំ គឺជាបញ្ហាអាទិភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ផ្អែកលើច្បាប់ទណ្ឌកម្ម គ្លូបល មែគនីតស្គី (Global Magnitsky)។ សកម្មភាពថ្ងៃនេះ ឬការដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ នេះ មានគោលបំណងលើកកម្ពស់គណនេយ្យសង្គម និងបញ្ឈប់នូវរាល់សកម្មភាពជួញដូរមនុស្ស និងការរំលោភបំពានផ្សេងទៀត។
សហរដ្ឋអាមេរិកអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ធានាការដោះលែង ការធ្វើមាតុភូមិនិវត្តន៍ និងការពារមនុស្សទាំងអស់ ដែលបច្ចុប្បន្នកំពុងជាប់ឃុំខ្លួន នៅក្នុងមជ្ឈមណ្ឌល ឬទីឃុំឃាំងឆបោកតាមប្រព័ន្ធអ៊ីនធឹណេត ហើយរដ្ឋាភិបាលកម្ពុជាត្រូវទទួលខុសត្រូវ ចំពោះអំពើដ៏អាក្រក់ទាំងអស់នេះ។
គិតមកដល់ពេលនេះមន្ត្រីយោធាជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាចំនួន ៥នាក់ ហើយបានជាប់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក។ អ្នកទាំងរួមមាន មេកងអង្គរក្សលោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក នាយឧត្ដមនាវី ទៀ វិញ និងអគ្គនាយកនៃនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ ចៅ ភិរុណ និងឈ្មួញបំផ្លាញព្រៃឈើល្បីឈ្មោះឧកញ៉ា ទ្រី ភាព៕
សម្រាប់លោកអ្នកនាងកញ្ញា ដែលចង់អានព័ត៌មានទាក់ទងរឿងនេះជាភាសាអង់គ្លេស សូមចុចលើចំណងជើងពណ៌ខៀវនេះ៖ US sanctions powerful Cambodian casino tycoon
The sanctions targeted Ly Yong Phat for alleged abuses of trafficked workers at online scam centers.
The United States on Thursday imposed sanctions on Cambodian casino tycoon Ly Yong Phat and his LYP Group conglomerate for alleged abuses related to the treatment of trafficked workers in online scam centers.
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។