អាជ្ញាធរវៀតណាមបណ្ដោយឱ្យក្រុមជើងកាងទៅជេរប្រមាថ និងប្រើហិង្សាលើព្រះសង្ឃនិងពលរដ្ឋក្នុងវត្តមួយនៅកម្ពុជាក្រោម
2023.11.25

ព្រះសង្ឃមួយអង្គនិងពលរដ្ឋខ្មែរក្រោម២នាក់ បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីរារាំងក្រុមអាជ្ញាធរវៀតណាម ដែលដឹកនាំក្រុមជើងកាងមានគ្នាជាង៥០នាក់ ប្រដាប់ដោយដំបង និងរំពាត់ ទម្លុះទ្វារ ព្យាយាមចូលទៅបរិវេណវត្ត ស្ថិតនៅក្នុងខេត្តលង់ហោរ ដែលវៀតណាមហៅថា វិញឡុង (Vinh Long) ដែនដីកម្ពុជាក្រោម។ មន្ត្រីសមាគមខ្មែរកម្ពុជាក្រោមចាត់ទុកករណីនេះថា ជាទង្វើរំលោភលើសិទ្ធិសេរីភាពខាងសាសនារបស់ពលរដ្ឋខ្មែរក្រោម។
ព្រះសង្ឃខ្មែរក្រោមប្រមាណ២០អង្គ គង់នៅវត្តមង្គលបូរី (ទ្រនំសេក) ស្ថិតនៅឃុំកំពង់ ស្រុកផ្សារថ្មី ខេត្តលង់ហោរ ដែលវៀតណាមហៅថា ខេត្តវិញឡុង ព្រួយបារម្ភពីសុវត្ថិភាពកាន់តែខ្លាំង បន្ទាប់ពីក្រុមអាជ្ញាធរវៀតណាមដឹកនាំក្រុមជើងកាង ទៅកាត់សោរទម្លុះទ្វារ ចូលទៅអុកឡុកបង្កហិង្សាចំនួនពីរលើកដល់ក្នុងវត្ត នៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែវិច្ឆិកា។
ព្រះចៅអធិការវត្តមង្គលបូរី (ទ្រនំសេក) ព្រះតេជព្រះគុណ ថាច់ ចាន់តារា មានថេរដីកាប្រាប់អាស៊ីសេរីនៅថ្ងៃទី២៣ វិច្ឆិកា ថា ព្រះអង្គនិងបរិស័ទម្នាក់ បានរងរបួសនៅត្រង់ដៃនិងជើង និងបុរសខ្មែរក្រោមម្នាក់ទៀត រងរបួសធ្ងន់បែកចិញ្ចើមហូរឈាម បន្ទាប់ពីនាំគ្នាទៅរារាំងក្រុមអាជ្ញាធរវៀតណាមនិងក្រុមជើងកាងជាជនដៃដល់ ដែលទម្លុះទ្វារចូលវត្ត និងប្រើហិង្សាវាយប្រតាយប្រតប់មកលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម។
ព្រះតេជព្រះគុណ ថាច់ ចាន់តារា៖ «អាត្មាត្រូវរបួស ដោយសារអាត្មាកាន់ទូរស័ព្ទផ្សាយផ្ទាល់ពីហេតុការណ៍ហ្នឹង ហើយវាក៏ច្រានអាត្មាចុះហើយសង្កត់ពីលើ ហើយម្នាក់ទៀតទាត់ទូរស័ព្ទអាត្មាចេញទៅខាងក្រៅ(របងវត្ត) ដើម្បីឆក់យកបាន បំបាត់ភស្តុតាង។ ដូច្នេះ! អាត្មាលូកយកទូរស័ព្ទវិញ វាជាន់និងឈូសដៃអាត្មា ចេញឈាមទៅ»។
ព្រះអង្គបន្តថា ក្រុមអាជ្ញាធរ និងក្រុមជើងកាងវៀតណាមមានគ្នាជាង៥០នាក់ ដែលបានចូលមកប្រតាយប្រតប់លើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ខ្លះបានប្រើដំបងឈើ និងរំពាត់ និងខ្លះទៀត លាក់បំពង់ដែកនិងកាំបិតនៅជើងខោនិងនៅក្នុងអាវ។ លើសពីនេះ ពួកអាជ្ញាធរ និងក្រុមជើងកាងវៀតណាម ក៏បានប្រើប្រាស់ពាក្យអសុរោះជេរប្រមាថនិងគំរាមកំហែងអាយុជីវិតដល់ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមផងដែរ។
ព្រះតេជព្រះគុណ ថាច់ ចាន់តារា បញ្ជាក់ទៀតថា ក្រោយពីការឡោមព័ទ្ធវត្ត និងទម្លុះទ្វារចូលទៅអុកឡុកវត្តលើកទី១ នៅថ្ងៃទី២២ វិច្ឆិកា លុះយប់ឡើងកណ្ដាលអាធ្រាត្រ ក៏មានជនខិលខូចលួចទៅពន្លិចទូកវត្ត ដែលប្រើសម្រាប់ដឹកព្រះសង្ឃនិមន្តបិណ្ឌបាតប្រចាំថ្ងៃ។ ព្រះអង្គបន្ថែមថា មកដល់ថ្ងៃទី២៣ វិច្ឆិកា ក្រុមអាជ្ញាធរវៀតណាម និងក្រុមជើងកាង ក៏ចុះមកទម្លុះទ្វារអុកឡុកវត្តជាថ្មី ថែមទាំងយករថយន្តសម្រាប់ដឹកអ្នកទោសមួយគ្រឿង មកបញ្ឈរនៅក្បែរវត្ត រួមទាំងកាច់បំផ្លាញចោលដងទង់ព្រះពុទ្ធសាសនាថែមទៀត។
ព្រះតេជព្រះគុណ ថាច់ ចាន់តារា៖ «អាត្មាមានភាពបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពព្រះសង្ឃនិងពុទ្ធបរិស័ទ នៅមង្គលបូរី (ទ្រនំសេក) ពីព្រោះការគំរាមកំហែងរបស់ពួកអាជ្ញាធរយួន ណាមួយអន្លើ ពុទ្ធសាសនានៅខ្មែរក្រោម ជាពិសេសនៅវត្ត ទ្រនំសេក មានការគាបសង្កត់យ៉ាងខ្លាំង»។
វត្តមង្គលបូរី (ទ្រនំសេក) ដែលមានព្រះសង្ឃចំនួន២០អង្គកំពុងគង់នៅសិក្សារៀនសូត្រ គឺជាអារាមចំណាស់មួយ ដែលមានដើមឈើធំៗ មានអាយុកាលរាប់រយឆ្នាំ ដូចជាដើមគគីរ និងឈើទាល ប៉ុន្តែវត្តនេះ ពុំសូវមានពុទ្ធបរិស័ទខ្មែររស់នៅជុំជិតនោះទេ គឺហ៊ុមព័ទ្ធដោយផ្ទះរបស់ជនជាតិវៀតណាមទៅវិញ។ កន្លងទៅ អាជ្ញាធរវៀតណាមក៏ធ្លាប់នាំក្រុមជើងកាងទៅអុកឡុក និងប្រើប្រាស់ហិង្សាលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅក្នុងវត្តនេះដែរ នៅពេលពួកគេព្យាយាមអាររំលំដើមគគីរអាយុកាល ៧០០ ឆ្នាំនៅក្នុងវត្ត ប៉ុន្តែត្រូវបានព្រះសង្ឃ និងពុទ្ធបរិស័ទរារាំង។
ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមអះអាងថា ក្រុមអាជ្ញាធរវៀតណាម គុំកួននឹងព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម ដែលធ្លាប់ចេញមុខការពារកុំឱ្យពួកអាជ្ញាធរវៀតណាម កាប់ផ្ដួលដើមគគីរ កាលពីខែមីនាឆ្នាំ២០២២ និងការចូលរួមផ្ដួចផ្ដើមគំនិតរបស់ព្រះចៅអធិការវត្តមង្គលបូរី (ទ្រនំសេក) ក្នុងការកសាងសាលាឆទានមួយ មានចម្ងាយពីវត្ត ១២ គីឡូម៉ែត្រ។ លើសពីនេះ ព្រះចៅអធិការវត្តនេះ គឺជាព្រះសង្ឃសកម្ម កសាងនិងថែរក្សាសម្បត្តិវប្បធម៌ខ្មែរកម្ពុជាក្រោម និងជាវត្តដែលហ៊ានបើកបង្រៀនអំពីសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមដល់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម និងហ៊ាននិយាយលាតត្រដាងពីការរំលោភសិទ្ធិមនុស្សរបស់រដ្ឋអំណាចវៀតណាមមកលើខ្មែរក្រោម។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីស្ថានទូតវៀតណាមប្រចាំកម្ពុជា និងអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក អាន សុខខឿន បានទេនៅថ្ងៃទី២៣ វិច្ឆិកា។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍លោកបណ្ឌិត សឺន ជុំជួន ចាត់ទុកករណីនេះថា ជាទង្វើរបស់អាជ្ញាធររដ្ឋវៀតណាម បំពានទៅលើគោលការណ៍សិទ្ធិសេរីភាពខាងសាសនានិងជំនឿ ដែលមានចែងនៅក្នុងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
បណ្ឌិត សឺន ជុំជួន៖ «កតិកាសញ្ញា នៅក្នុងលិខិតុបករណ៍របស់អង្គការសហប្រជាជាតិហ្នឹង មានលិខិតុបករណ៍មួយហ្នឹង គេហៅថា សេចក្ដីប្រកាស ដែលនិយាយអំពីសេរីភាពសាសនា និងជំនឿជាដើម។ អ៊ីចឹង! វាបំពានទៅលើច្បាប់នេះ»។
គិតចាប់តាំងពីដើមឆ្នាំ២០២២ មក អាជ្ញាធរវៀតណាម បានដឹកនាំក្រុមជើងកាង ទៅអុកឡុកនិងប្រើហិង្សា រួមទាំងជេរប្រមាថព្រះសង្ឃនៅក្នុងវត្តមង្គលបូរី (ទ្រនំសេក) ចំនួន៤លើករួចមកហើយ ក្នុងនោះ មានទាំងចាប់យកយានជំនិះកង់បី ដែលប្រើសម្រាប់ដឹកព្រះសង្ឃទៅបិណ្ឌបាតផងដែរ។
ព្រះចៅអធិការវត្តមង្គលបូរី (ទ្រនំសេក) ព្រះតេជព្រះគុណ ថាច់ ចាន់តារា មានថេរដីកាថា ព្រះអង្គបានរាយការណ៍ករណីហិង្សាចុងក្រោយនេះ ទៅកាន់សហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេសរួចហើយ ដើម្បីសុំការពឹងពាក់ឱ្យអន្តរាគមន៍ទៅបណ្ដាអង្គការសិទ្ធិមនុស្សអន្តរជាតិនានា រួមទាំងអង្គការសហប្រជាជាតិជាដើម ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលវៀតណាមបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។