សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការតំណាងប្រជាជាតិគ្មានអ្នកតំណាង ហៅកាត់ថា យូ.អិន.ភី.អូ (UNPO) នឹងរួមគ្នាធ្វើសន្និសីទមួយស្តីអំពីការរំលោភសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមនៅប្រទេសវៀតណាម។
សន្និសីទនេះនឹងធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងនៅដើមខែមិថុនា។ សមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin នឹងសម្របសម្រួលសន្និសីទនោះ។ សេចក្ដីប្រកាសព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យដឹងថា ខ្មែរជាជនជាតិដើមនៅលើទឹកដីកំណើត ដែលត្រួតត្រាដោយប្រទេសវៀតណាម កំពុងរងគ្រោះពីការរំលោភដីធ្លី ដោយសារតែប្រព័ន្ធយុត្តិធម៌ពុករលួយ និងការធ្វើទុក្ខបុកម្នេញផ្នែកសេរីភាពសាសនា និងសេរីភាពនៃការបញ្ចេញមតិរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម។
ខ្មែរកម្ពុជាក្រោមក៏រងគ្រោះនៃការចាប់ឃុំខ្លួនដោយមិនស្របច្បាប់ និងការធ្វើទារុណកម្ម។ សន្និសីទនេះ នឹងប្រមូលផ្ដុំសហគមន៍ខ្មែរក្រោម សង្គមស៊ីវិល និងអ្នកប្រាជ្ញ ដើម្បីជជែកពីបញ្ហារំលោភបំពានសិទ្ធិមនុស្សបច្ចុប្បន្ន និងស្វែងរកវិធីសាស្ត្រ ដើម្បីទប់ស្កាត់ការរំលោភបំពានទាំងនោះ ដើម្បីលើកតម្កើងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម។ សន្និសីទនេះ ប្រើប្រាស់ភាសាអង់គ្លេស ក្នុងការទំនាក់ទំនងគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
