សហព័ន្ធខ្មែរកម្ពុជាក្រោមថ្កោលទោសរដ្ឋាភិបាលវៀតណាមដែលបានកាត់ទោសស្ត្រីសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមម្នាក់ ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំដោយសារតែលោកស្រីបានប្រើប្រាស់សិទ្ធិទាមទារដីធ្លី និងសិទ្ធិសេរីភាពសំដែងមតិដែលអាជ្ញាធរវៀតណាមទន្ទ្រានយកដោយគ្មានសំណង។
សហព័ន្ធខ្មែរកម្ពុជាក្រោមគ្រោងនឹងដឹកនាំបាតុកម្មអហិង្សានៅទូទាំងពិភពលោកនៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមដោះលែងសកម្មជនខ្មែរក្រោមបួននាក់ ដែលកំពុងជាប់ឃុំដោយសារតែការទាមទារសិទ្ធិជនជាតិដើម។
គម្រោងបាតុកម្មអហិង្សានេះ ធ្វើឡើងក្រោយពេលតុលាការវៀតណាមនៅខេត្តឃ្លាំង កាលពីព្រឹកថ្ងៃទី១ ខែមករា បានផ្ដន្ទាទោសសកម្មជនខ្មែរកម្ពុជាក្រោមលោកស្រី ឌិញ ធីវិន ឲ្យជាប់ពន្ធនាគារពីរឆ្នាំ។ លោកស្រី ឌិញ ធីវិន អាយុ ៤៤ឆ្នាំ រស់នៅស្រុកបាយឆៅ ខេត្តឃ្លាំង ត្រូវបានអាជ្ញាធរវៀតណាមចាប់យកឃុំឃាំង កាលពីខែសីហា ឆ្នាំ២០២៣ ចោទពីបទ "មិនអនុវត្តសាលដីកា" ករណីអាជ្ញាធរវៀតណាមរឹបអូសយកដីធ្លីរបស់គាត់តាំងពីខែសីហា ឆ្នាំ២០១៦។ តុលាការបន្តកាត់ទោសនិងដាក់ពន្ធនាគារលោកស្រី ទោះបីជាអាជ្ញាធរបានវាយកម្ទេចផ្ទះលោកស្រី ដើម្បីយកដីកាលខែកុម្ភៈ ឆ្នាំ២០២២ ហើយក៏ដោយ។
ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ ប្រាប់វិទ្យុអាស៊ីសេរីថា តុលាការវៀតណាមយកលេសរឿងដីធ្លីដើម្បីចាប់ខ្លួន លោកស្រី ឌិញ ធីវិន ដោយសារតែលោកស្រីបានចូលរួមចលនាទាមទារសិទ្ធិដើមនិងសិទ្ធិដីធ្លី។
លោក ប្រាក់ សេរីវុឌ្ឍ៖ «រឿងនេះ ជាការរំលោភដោយអយុត្តិធម៌ជាទីបំផុត។ លោកស្រី ឌិញ ធីវិន តស៊ូយូរហើយរឿងរដ្ឋាភិបាលយួនហ្នឹងរំលោភយកដីរបស់គាត់ មកឈូសផ្ទះគាត់អស់ ដើម្បីរឹបអូសយកដីគាត់។ គាត់តវ៉ាប៉ុន្តែគ្មានអ្នកណាយកចិត្តទុកដាក់ពីគាត់សោះ។ គាត់ចូលរួមទាមទារដោយសន្តិវិធីតាមច្បាប់អន្តរជាតិ ដូច្នោះហើយទើបវៀតណាម មានកំហឹងចាប់គាត់យកទៅឃុំ»។
លោក ប្រាក់ សេរីវុឌ្ឍ ក៏អំពាវនាវឲ្យពលរដ្ឋខ្មែរក្រោមចូលរួមចលនាទាមទារឲ្យវៀតណាមដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម។
លោក ប្រាក់ សេរីវុឌ្ឍ៖ «យើងនឹងរៀបចំសាខាសហព័ន្ធនៅជុំវិញពិភពលោក តាមតែលទ្ធភាព ឲ្យធ្វើបាតុកម្មដោយសន្តិវិធីឲ្យសហគមន៍អន្តរជាតិដឹងលឺថា រដ្ឋាភិបាលវៀតណាមមិនបានគោរពសិទ្ធិមនុស្ស ដែលខ្លួនបានសន្យានឹងអង្គការសហប្រជាជាតិ ជាពិសេសនឹងសហរដ្ឋអាមេរិក»។
បច្ចុប្បន្ន មានសកម្មជនខ្មែរក្រោម ៣នាក់ទៀត កំពុងជាប់ពន្ធនាគារ រួមមានលោក តោ ហ្វាងចឿង លោក ថាច់ កឿង និងលោក យ័ញ មិញក្វាង។ វៀតណាមចោទប្រកាន់ពួកគេពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងបទល្មើសផ្សេងទៀត។ ប៉ុន្តែសហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា ការចាប់ខ្លួនសកម្មជនទាំង ៣នាក់នេះដោយសារតែអាជ្ញាធរវៀតណាម មិនពេញចិត្តនឹងសកម្មភាពផ្សព្វផ្សាយសៀវភៅប្រវត្តិសាស្ត្រខ្មែរក្រោម សៀវភៅស្ដីពីសិទ្ធិជនជាតិដើម និងការបោះពុម្ពអាវយឺតដែលមានរូបទង់ជាតិខ្មែរក្រោមចែកចាយទៅឱ្យពលរដ្ឋខ្មែរក្រោមជាដើម។ តុលាការវៀតណាមក៏គ្រោងនឹងបើកសវនាការជំនុំជម្រះសកម្មជនខ្មែរក្រោមម្នាក់ទៀតឈ្មោះ លោក យ័ញ មិញក្វាង នៅថ្ងៃទី៧ កុម្ភៈ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។