ថ្នាក់​ដឹកនាំ​វីអូឌី​នៅ​តែ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​សារព័ត៌មាន​នេះ​ឡើង​វិញ

បើ​ទោះបីជា​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន វីអូឌី(VOD) ក្ដី ក៏​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នេះ នៅ​តែ​មាន​សង្ឃឹម និង​កំពុង​ស្វែង​រក​ដំណោះស្រាយ​ពី​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ឱ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​សារព័ត៌មាន​នេះ​បន្ត​ការងារ​របស់​ខ្លួន​បាន។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ថា រដ្ឋាភិបាល​គួរ​តែ​ផ្ដល់​ឱកាស​ដល់​ស្ថាប័ន​ព័ត៌មាន វីអូឌី អាច​បន្ត​ការងារ​របស់​ខ្លួន ដើម្បី​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន និង​តម្លាភាព​នៅ​កម្ពុជា។

ថ្នាក់​ដឹកនាំ​សារព័ត៌មាន វីអូឌី នៅ​តែ​បន្ត​សង្ឃឹម​ថា រដ្ឋាភិបាល​និង​ផ្ដល់​ឱកាស​ឱ្យ​ស្ថាប័ន​មួយ​នេះ អាច​បន្ត​ការងារ​របស់​ខ្លួន​ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ ប្រកប​ដោយ​តម្លាភាព និង​និរន្តរភាព បើ​ទោះបីជា​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន រួច​ហើយ​ក៏​ដោយ​ក្ដី។

ប្រធាន​ស្ដីទី​សារព័ត៌មាន វីអូឌី (VOD) លោក អ៊ិត សុធឿត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៣ កុម្ភៈ​ថា លោក​កំពុង​បន្ត​ពិភាក្សា​ជា​មួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​ស្នើ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ វីអូឌី បន្ត​បេសកកម្ម​ការងារ​របស់​ខ្លួន​ឡើង​វិញ​បាន។ ទោះ​ជា​យ៉ាង​ណា លោក​សុំ​មិន​បកស្រាយ​ថា លោក​កំពុង​ពិភាក្សា​ជា​មួយ​ដៃ​គូរ​ពាក់ព័ន្ធ​ណា​ខ្លះ​ឡើយ។

លោក អ៊ិត សុធឿត៖ «គោល​ជំហរ​របស់​យើង យើង​នៅ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​បន្ត​ទៀត ដោយ​សង្ឃឹម​ថា ដើម្បី​អាច​បន្ត​បេសកកម្ម វីអូឌី ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ស្ថាប័ន​ព័ត៌មាន​វីអូឌី បាន​ប្រកាស​ឱ្យ​បុគ្គលិក​ឈប់​សម្រាក​ពី​ការងារ​មួយ​រយៈ​សិន ដោយ​មិន​ទាន់​កំណត់​ពេល​ចូល​ធ្វើ​ការ​វិញ​នោះ​ឡើយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន វីអូឌី ក្រោយ​ពី​លោក​បាន​ទទួល​លិខិត​មួយ​ពី​វីអូឌី តាម​រយៈ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ល្ងាច​ថ្ងៃទី១២ ខែកុម្ភៈ។ លោក​បាន​លើក​ឡើង​ថា ការ​ប្រើប្រាស់​ពាក្យ​សូម​អធ្យាស្រ័យ និង​សម្ដែង​ការ​សោក​ស្ដាយ មិន​មាន​ន័យ​ថា​សុំទោស​នោះ​ឡើយ។ បន្ទាប់​មក វីអូឌី ក៏​ចេញ​លិខិត​មួយ​ទៀត នៅ​ពាក់​កណ្ដាល​យប់​ថ្ងៃ​ទី១២ ខែកុម្ភៈ ដដែល ដោយ​បាន​ប្រើ​ពាក្យ សុំទោស ដោយ​ផ្ទាល់​ទៅ​កាន់​លោក ហ៊ុន សែន និង​កូន​ប្រុស​ច្បង​របស់​លោក។ ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សែន មិន​បាន​គោរព​ពាក្យ​របស់​ខ្លួន​ដែល​បាន​ដាក់​កំហិត​ឱ្យ​សារព័ត៌មាន វីអូឌី សុំទោស​ត្រឹម​ម៉ោង១០ ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ​នោះ​ឡើយ ហើយ​លោក​បាន​ឆ្លើយ​តប​នឹង​លិខិត សុំទោស ទាំង​ពាក់​កណ្ដាល​យប់​វេលា​ម៉ោង២ រលង​អាធ្រាត្រ​ឈាន​ចូល​ដល់​ថ្ងៃ​ទី១៣ ខែកុម្ភៈ​តែ​ម្ដង។ លោក ហ៊ុន សែន បាន​ឆ្លើយ​តប​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​មិន​មែន​ក្មេង​បៀម​ដៃ​នោះ​ទេ ហើយ​លោក​នៅ​តែ​មិន​ដក​បទ​បញ្ជា​ដែល​លោក​បាន​សម្រេច​ឱ្យ​ក្រសួង​ព័ត៌មាន ដក​ហូត​អាជ្ញាប័ណ្ណ​សារព័ត៌មាន វីអូឌី នោះ​ឡើយ។

ដោយឡែក បុគ្គលិក​វីអូឌី នៅថ្ងៃទី១៣ ខែកុម្ភៈ​នេះ បាន​ទៅ​ការិយាល័យ​ទាំង​អស់​គ្នា ក៏​ប៉ុន្តែ​ពួកគេ​មិន​បាន​ធ្វើការ​នោះ​ឡើយ។ ជាមួយ​គ្នា​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក៏​បាន​ទៅ​ដល់​ការិយាល័យ វីអូឌី ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ពួកគេ​ផង​ដែរ ខណៈ​បុគ្គលិក​ភាគ​ច្រើន​មាន​ទឹក​មុខ​ស្រងូត​ស្រងាត់ និង​អ្នកខ្លះ​បាន​យំ​ទៀត​ផង។ មន្ត្រី​នគរបាល​ខណ្ឌ និង​មន្ត្រី​ពី​ក្រសួង​ព័ត៌មាន​ប្រមាណ​១០នាក់ ក៏​បាន​យក​លិខិត​ប្រកាស​ដក​ហូត​អាជ្ញាប័ណ្ណ​សារព័ត៌មាន វីអូឌី ដល់​ការិយាល័យ​ផង​ដែរ ក៏​ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​មិន​បាន​ថ្លែង​សារ​អ្វី​ឡើយ។ ចំណែក​ឯ​នៅ​ខាង​មុខ​ការិយាល័យ​វិញ ក៏​មាន​អ្នក​សារព័ត៌មាន​ជាតិ អន្តរជាតិ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចូល​រួម​អង្កេត​ការ​ព្រឹត្តិការណ៍​នេះ​ដែរ។

អ្នក​រាយការណ៍​ព័ត៌មាន វីអូឌី ម្នាក់ គឺ​កញ្ញា ខាន់ លក្ខិណា ដែល​បាន​ធ្វើ​ការ​ជាមួយ​សារព័ត៌មាន វីអូឌី ជិត​១០ឆ្នាំ​នោះ លើក​ឡើង​ថា កញ្ញា​មាន​អារម្មណ៍​ពិបាក​ទទួល​យក​បាន នៅ​ពេល​រដ្ឋាភិបាល​សម្រេច​ឱ្យ​វីអូឌី បញ្ឈប់​សកម្មភាព​របស់​ខ្លួន​យ៉ាង​តក់​ក្រហល់​បែប​នេះ។ កញ្ញា​បន្ថែម​ថា ការ​បិទ​សារព័ត៌មាន វីអូឌី ប្រៀប​ដូច​ជា​ការ​បិទ​សំឡេង​របស់​ប្រជាពលរដ្ឋ ដែល​តែង​ទាមទារ​ឱ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ឱ្យ​ពួក​គាត់​យ៉ាង​ដូច្នេះ​ដែរ។ កញ្ញា ខាន់ លក្ខិណា បន្ថែម​ថា រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឡើង​វិញ ក្នុង​ការ​ផ្ដល់​ឱកាស​ឱ្យ​សារព័ត៌មាន វីអូឌី ដំណើរ​ការ​ការងារ​របស់​ខ្លួន​ឡើង​វិញ។

​កញ្ញា ខាន់ លក្ខិណា៖ «ខ្ញុំ​ចង់​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ ចំពោះ​ការ​បិទ​វីអូឌី នេះ។ ហេតុអ្វី​ត្រូវ​ពិចារណា?ព្រោះ​វីអូឌី​ជា​សំឡេង​មួយ​ដែល​នាំ​សំឡេង​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ហ្នឹង ទៅ​ឱ្យ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​តែងតែ​ចាត់​ទុក​ប្រជាពលរដ្ឋ​ហ្នឹង​ជា បុគ្គល​សំខាន់ ហើយ​តែងតែ​ចាត់​ទុក​ថា គាត់​ហ្នឹង​ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​ដើម្បី​ឱ្យ​ពលរដ្ឋ​ហ្នឹង​មាន​ការ​សប្បាយ​ចិត្ត រីក​ចំរើន»។

ការ​ប្រកាស​លុប​ចោល​អាជ្ញាប័ណ្ណ វីអូឌី នេះ ត្រូវ​បាន​មតិ​មហាជន​មើល​ឃើញ​ថា ក្រសួង​ព័ត៌មាន​បាន​ធ្វើ​តាម​បទ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន។ ច្បាប់​នេះ​មិន​បាន​ចែង​អំពី​ការ​ដក​ហូត​អាជ្ញាប័ណ្ណ​សារព័ត៌មាន​នោះ​ឡើយ។ មាត្រា១០ នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ចែង​ថា នៅ​ពេល​សារព័ត៌មាន​ផ្សព្វផ្សាយ​ខុស​ពី​ការពិត ដែល​មាន​បំណង​បំផ្លាញ​បុគ្គល​សាធារណៈ ហើយ​តុលាការ​រក​ឃើញ​ថា ការ​ផ្សាយ​ខុស​ពី​ការពិត ដូច​តាម​ការ​ចោទ​ប្រកាន់​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី នោះ​តុលាការ​គ្រាន់​តែ​អាច​បង្គាប់​ឱ្យ​សារព័ត៌មាន​ចុះ​ផ្សាយ​កែ​តម្រូវ​ឡើង​វិញ ឬ​សង​ជំងឺ​ចិត្ត​ទៅ​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​តែ​ប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR អ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍​ថា វត្តមាន​របស់​សារព័ត៌មាន​វីអូឌី មិន​ត្រឹមតែ​មាន​ប្រយោជន៍​សម្រាប់​សាធារណៈ​ជន​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ថែម​ទាំង​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​រដ្ឋាភិបាល ដែល​អាច​ឱ្យ​ធ្វើ​ការ​កាន់​តែ​មាន​ប្រសិទ្ធភាព​ដែរ តាម​រយៈ​ការ​ផ្ដល់​ព័ត៌មាន​អសកម្ម​របស់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ។ អ្នក​ស្រី​បន្ថែម​ថា ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​គួរ​ថ្លឹងថ្លែង​ពី​លទ្ធផល​ការងារ​របស់​សារព័ត៌មាន វីអូឌី ទាំង​មូល ក្នុង​ការ​លើក​កម្ពស់​តម្លាភាព​ពី​ការ​អភិវឌ្ឍ​កន្លង​មក ជាជាង​មើល​ឃើញ​តែ​កំហុស​តូច​មួយ ហើយ​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន​ឯករាជ្យ​យ៉ាង​ដូច្នេះ។

អ្នកស្រី ចក់ សុភាព៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​លោក​នាយករដ្ឋមន្ត្រី រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ហ្នឹង សូម​ជួយ​ពិចារណា​ឡើង​វិញ ធ្វើ​កិច្ច​ការងារ​ដែល​យើង​អាច​ជួយ​ដោះស្រាយ បង្ក​នូវ​បរិយាកាស​អំណោយ​ផល សម្រាប់​សេរីភាព​សារព័ត៌មាន​អាច​ដំណើរ​ការ»។

អ្នកស្រី ចក់ សុភាព ថា សារព័ត៌មាន វីអូឌី បាន​បំពេញ​ការងារ​របស់​ខ្លួន​អស់​រយៈពេល ២០ឆ្នាំ​មក​ហើយ។ ជា​លទ្ធផល សារព័ត៌មាន​នេះ​បាន​នាំ​យក​ព័ត៌មាន​ស្ដី​ពី​បញ្ហា​ក្នុង​សង្គម​ជា​ច្រើន យក​មក​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​បាន​ដឹង និង​ទទួល​បាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល។ ជាក់​ស្ដែង​ករណី​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​រក្សា​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ និង​ឱ្យ​គេ​វាយ​កម្ទេច​របង​នៅ​លើ​ដី​ឆ្នេរ​សមុទ្រ ចេញ​វិញ បន្ទាប់​ពី​មាន​មតិ​មហាជន​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម​កាន់​តែ​ច្រើន។ លើស​ពី​នេះ​ទៀត សារព័ត៌មាន វីអូឌី ក៏​តែងតែ​ផ្សព្វផ្សាយ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស សិទ្ធិ​ដី​ធ្លី និង​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ដែល​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​មន្ត្រី​ធំៗ និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​វិភាគ​ដើម្បី​ការ​អភិវឌ្ឍ​សង្គម យល់​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ពេញ​ចិត្ត​ទៅ​នឹង​ការ​បណ្ដុះ​ស្មារតី​មហាជន ឱ្យ​តវ៉ា​ចំពោះ​ការ​អភិវឌ្ឍ​ដោយ​គ្មាន​តម្លាភាព ក្រោម​ការ​ដឹកនាំ​របស់​លោក ដូច្នេះ​ហើយ ទើប​លោក ជម្នះ​ចេញ​បញ្ជា​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន​វីអូឌី យ៉ាង​តក់​ក្រហល់ បើ​ទោះបីជា​ក្បត់​នឹង​ពាក្យ​សម្ដី​របស់​ខ្លួន​ឯង​ក៏ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។