គ្រួសារ​លោក រ៉ាត់ រត្នមុនី តវ៉ា​ជា​ថ្មី​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ក្នុង​ក្រុង​ភ្នំពេញ​

ដោយ សេក បណ្ឌិត និង សុ ជីវី
2019-01-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រួសារ​លោក រ៉ាត់ រត្នមុនី និង​ពលរដ្ឋ​មួយ​ចំនួន​ ចូល​រួម​លើក​បដា​ទាមទារ​ឱ្យ​ស្ថានទូត​រុស្ស៊ី​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​រូប​លោក​ឱ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃ​ទី២ ខែ​មករា ឆ្នាំ២០១៩។
គ្រួសារ​លោក រ៉ាត់ រត្នមុនី និង​ពលរដ្ឋ​មួយ​ចំនួន​ ចូល​រួម​លើក​បដា​ទាមទារ​ឱ្យ​ស្ថានទូត​រុស្ស៊ី​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​រូប​លោក​ឱ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃ​ទី២ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ អ្នកស្រី ឡុង គីមហ៊ាង

ក្រុម​គ្រួសារ​ លោក រ៉ាត់ រត្នមុនី និង​សកម្មជន​មួយ​ចំនួន​ បាន​ប្រមូល​ផ្តុំ​គ្នា​ជាថ្មី​ទៀត នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី២ មករា ដើម្បី​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​រុស្សី​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​រូប​លោក​។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា តុលាការ​គួរ​ដោះលែង​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ព្រោះ​លោក​​ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​គ្រួសារ និង​មើល​ថែ​ទាំ​កូន​តូច​របស់​គាត់។

ការ​តវ៉ា​ជា​លើក​ទីពីរ​​របស់​ក្រុម​គ្រួសារ លោក​ រ៉ាត់ រត្នមុនី និង​ពលរដ្ឋ​នេះ ដោយ​សារ​ពួក​គាត់​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​​​ពី​ស្ថានទូត​ និង​ពី​មន្ត្រី​រដ្ឋាភិបាល​រុស្សី​អស់​រយៈពេល​ជាង​២ សប្ដាហ៍​ទៅ​ហើយ បន្ទាប់​ពី​ការ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ តាម​សារ​អេឡិចត្រូនិក​ ឬ​អ៊ីមែល កាល​ពី​ថ្ងៃ​ទី១៨ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅ។ ក៏​ប៉ុន្តែ​ការ​តវ៉ា​លើក​នេះ ក៏​ដូច​លើក​មុន​ដែរ គឺ​មិន​មាន​មន្ត្រី​ស្ថានទូត​រុស្ស៊ី​ណា​ម្នាក់​ចេញ​មក​សាកសួរ ឬ​អើពើ​ចំពោះ​ការ​ទាមទារ​នេះ​ឡើយ។

ភរិយា​របស់​លោក​ រ៉ាត់ រត្នមុនី អ្នក​ស្រី ឡុង គីមហ៊ាង សម្ដែង​ការ​ខកចិត្ត​នឹង​ភាព​ព្រងើយ​កន្តើយ​របស់​ស្ថានទូត​រុស្ស៊ី​នេះ។ អ្នកស្រី​ថ្លែង​ថា រុស្ស៊ី​ត្រូវ​តែ​ចេញ​មុខ​ជួយ​អន្តរាគមន៍​ករណី​នេះ ដោយសារ​ក្រុង​មូស្គូ​ជា​អ្នក​គាំទ្រ​សារព័ត៌មាន RT (Russia Today) ខណៈ​ស្វាមី​របស់​អ្នក​ស្រី​គ្រាន់តែ​ជា​អ្នក​បក​ប្រែ និង​ជួយ​ផលិត​ភាព​យន្ត​ឯកសារ “ម្ដាយ​ខ្ញុំ​ លក់​ខ្ញុំ” ឱ្យ​សារព័ត៌មាន RT ប៉ុណ្ណោះ។ អ្នក​ស្រី​អះអាង​ថា អ្នក​ស្រី និង​ក្រុម​គ្រួសារ រួម​ទាំង​ពលរដ្ឋ​ដែល​ស្រឡាញ់​យុត្តិធម៌​សង្គម​ នឹង​តវ៉ា​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ជា​បន្ត​ទៀត រហូត​ទាល់តែ​មន្ត្រី​ស្ថានទូត ឬ​មន្ត្រី​រដ្ឋាភិបាល​រុស្សី​ឆ្លើយ​តប​នឹង​សំណើ​របស់​ពួក​គាត់៖ «រដ្ឋាភិបាល​ខ្មែរ​មិនបាន​ហៅ ឬក៏​សួរនាំ​ទៅ​ខាង​កាសែត​រុស្ស៊ី​ម្ដង​ណា​នោះ​ទេ ប៉ុន្តែ​បែរ​ជា​មក​ចាប់​ប្ដី​ខ្ញុំ​ដាក់​ពន្ធនាគារ​ទៅវិញ ហើយ​រហូត​ដល់​មិន​អនុញ្ញាត​​ឱ្យ​ប្ដី​របស់​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​ទៀត។ ហើយ​ខ្ញុំ​ខក​ចិត្ត​ចំពោះ​​រដ្ឋាភិបាល​រុស្សី និង​ស្ថានទូត​រុស្ស៊ី​នៅ​ទីក្រុង​ភ្នំពេញ ដែល​ព្រងើយ​កន្តើយ​ និង​មាក់ងាយ​ដល់​ពួក​ខ្ញុំ​។ ខ្ញុំ​ចង់​ប្រាប់​ទៅ​រដ្ឋាភិបាល​រុស្ស៊ី និង​ស្ថានទូត​រុស្ស៊ី​ថា ពួក​យើង​នឹង​មិន​បញ្ឈប់​ការ​តវ៉ា​ទេ។ ពួក​ខ្ញុំ​នឹង​ទៅ​តវ៉ា ដើម្បី​ឱ្យ​រដ្ឋាភិបាល​រុស្សី​ទទួល​ខុសត្រូវ​លើ​ករណី​ប្ដី​ខ្ញុំ​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​តែ​ជួយ​ផលិត​ភាព​យន្ត​ឯកសារ​ស្តីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​នេះ»

អាស៊ី​សេរី​បាន​ទាក់ទង​ទៅ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​រាជធានី​ភ្នំពេញ​​ តាំងពី​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ២០១៨​មក​ម្ល៉េះ ដើម្បី​សាកសួរ​អំពី​រឿង​​នេះ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ណាមួយ​ឡើយ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក​ រ៉ាត់ រត្នមុនី បាន​ជាប់​​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​អស់​រយៈ​ពេល​ជិត ១ខែ​ទៅ​ហើយ ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង”។ បទ​ចោទ​នេះ អាច​​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ៣ ឆ្នាំ ប្រសិន​បើ​តុលាការ​សម្រេច​ថា លោក​ពិត​ជា​មាន​ទោស​មែន​នោះ។ អាជ្ញាធរ​របប​លោក ហ៊ុន សែន ​បាន​អះអាង​ថា​ ភាពយន្ត​ឯកសារ “ម្ដាយ​ខ្ញុំ​ លក់​ខ្ញុំ​” ដែល​បង្ហាញ​ពី​ស្ត្រី​ខ្មែរ​វ័យ​ក្មេង​ ៣នាក់ ត្រូវ​បាន​លក់​ឱ្យ​បម្រើ​ផ្លូវ​ភេទ ដើម្បី​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​នោះ ជា​វីដេអូ​បែប​ប្រឌិត ប៉ះពាល់​ដល់​កិត្តិយស​​​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ថ្លែង​ថា ការ​ប្រមូល​ផ្ដុំ​តវ៉ា​ឱ្យ​មាន​ការ​ដោះលែង​លោក​ រ៉ាត់ រត្នមុនី គឺ​ជា​សិទ្ធិ​របស់​ក្រុម​គ្រួសារ ក៏​ប៉ុន្តែ​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​ ដូច្នេះ​គ្មាន​​ភាគី​ណា​មួយ​ អាច​ដាក់​សម្ពាធ​ឱ្យ​តុលាការ​ដោះលែង​ជន​សង្ស័យ​បាន​ឡើយ។ លោក​បន្ត​ថា ប្រសិន​បើ​​​តុលាការ​រក​មិន​ឃើញ​ពី​ពិរុទ្ធភាព​របស់​លោក រ៉ាត់ រត្នមុនី ទេ​នោះ តុលាការ​នឹង​​ដោះ​លែង​រូប​លោក​ឱ្យ​មាន​សេរីភាព​វិញ៖ «តុលាការ​កំពុង​ស៊ើបអង្កេត​រឿង​ហ្នឹង ហើយ​វា​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ ហើយ​មិន​មាន​ភាគី​ណា​មួយ​អាច​អន្តរាគមន៍ ឬក៏​​ដាក់​សម្ពាធ​ឱ្យ​មាន​ការ​ ឬក៏​មិន​ដោះលែង​នោះ​បាន​ទេ។ ​ការ​ស្នើសុំ​ និង​ការ​តវ៉ា​របស់​ក្រុម​គ្រួសារ គឺ​ជា​រឿង​ធម្មតា​ទេ ក៏​ប៉ុន្តែ​នីតិវិធី​របស់​តុលាការ គឺ​ជា​រឿង​មួយ​ដោយ​ឡែក»

អ្នក​នាំ​ពាក្យ​សមាគម​ អាដហុក (ADHOC)​ លោក​ ស៊ឹង សែនករុណា ជំរុញ​ឱ្យ​តុលាការ​​អនុញ្ញាត​ឱ្យ​លោក រ៉ាត់ រត្នមុនី បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ពី​ព្រោះ​សកម្មជន​រូប​នេះ មាន​កូន​ប្រុស​តូច​ដែល​ត្រូវ​មើល​ថែទាំ និង​ត្រូវ​រក​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ​ ហើយ​ម៉្យាង​លោក​ជឿ​ជាក់​ថា ការ​ដោះ​លែង​ឱ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​ នឹង​មិន​ប៉ះពាល់​ដល់​ដំណើរការ​រឿង​ក្តី​នេះ​ឡើយ៖ «ដើម្បី​រក​ភាព​យុត្តិធម៌ ត្រូវ​តែ​អញ្ជើញ​ ឬក៏​កោះ​ហៅ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​មក​បំភ្លឺ បើ​រក​ឃើញ​ថា មាន​ភស្តុតាង​ដាក់​បន្ទុក​ ឬក៏​បទល្មើស នោះ​យើង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ វា​មិន​មាន​អ្វី​ខុស​ទាស់​នោះ​ទេ។ ប៉ុន្តែ​ដរាបណា​ យើង​ចាត់​វិធានការ​លើ​តែ​​ជន​ត្រូវ​ចោទ​មួយ​រូប ដែល​គេ​សង្ស័យ​ថា រឿង​ទាំងអស់​ហ្នឹង​គាត់​មិន​បាន​ប្រព្រឹត្ត​នោះ​ដូច​ការ​ចោទ​ប្រកាន់​នោះ អ៊ីចឹង​អំពើ​អយុត្តិធម៌​ហ្នឹង ​វា​ត្រូវ​ធ្លាក់​ទៅ​លើ​ជន​ដែល​គាត់​រងគ្រោះ​ហ្នឹង។ អ៊ីចឹង​ក្នុង​នាម​ជា​អ្នក​អនុវត្ត​ច្បាប់ ត្រូវ​តែ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ»

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចាត់​ទុក​ចំណាត់​ការ​លើ​លោក​ រ៉ាត់ រត្នមុនីនេះ ថា ជា​រឿង​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ។ អង្គការ​នេះ​បន្ត​ថា របប​ក្រុង​ភ្នំពេញ​គួរ​តែ​អរគុណ លោក​ រ៉ាត់ រត្នមុនី និង​អ្នក​សារព័ត៌មាន​ RT វិញ​ទើប​ត្រឹម​ត្រូវ ព្រោះ​ពួកគេ​ហ៊ាន​ផ្សព្វផ្សាយ​រឿង​ពិត​ស្ដីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​ មិន​មែន​ជា​ការ​ដាក់​ទោស​បែប​នេះ​ឡើយ។ យូមែន រ៉ៃត៍ វ៉ច្ឆ ទាម​ទារ​ឱ្យ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​​លោក ​រ៉ាត់ រត្នមុនី និង​ដោះលែង​រូបលោក​ឱ្យ​មាន​សេរីភាព​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល