ភរិយា​លោក រ៉ាត់ រត្នមុនី ស្នើសុំ​តុលាការ​កំពូល​ដោះ​លែង​ស្វាមី​ឱ្យ​មាន​សេរីភាព​វិញ

0:00 / 0:00

ភរិយា​លោក រ៉ាត់ រត្នមុនី គឺ​អ្នក​​ស្រី ឡុង គីមហ៊ាង អំពាវនាវ​ដល់​តុលាការ​កំពូល​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ស្វាមី ក្រោយ​ពេល​មេធាវី​បាន​ដាក់​បណ្ដឹង​ទាស់​ទៅ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ។ អ្នក​ស្រី​សង្ឃឹម​ថា តុលាការ​កំពូល​នឹង​អាច​រក​​យុត្តិធម៌​ជូន​ស្វាមី​អ្នកស្រី ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ដោះលែង​គាត់​ពី​ពន្ធនាគារ​វិញ​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ឱ្យ​​ដឹង​ថា លោក​បាន​​យក​បណ្តឹង​ទាស់​នេះ​ទៅ​​ដាក់​នៅ​សាលាឧទ្ធរណ៍​​រួច​ហើយ​នៅ​ថ្ងៃ​ទី១៦ ធ្នូ ដើម្បី​បញ្ជូន​បន្ត​ទៅ​​តុលាការ​កំពូល។ លោក​​រំពឹង​ថា តុលាការ​កំពូល​នឹង​លើក​​យក​រឿង​នេះ​មក​ជំនុំ​ជម្រះ​ឱ្យ​​បាន​​ឆាប់ និង​កោះ​ហៅ​​គ្រប់​ភាគី​​ពាក់ព័ន្ធ​មក​ត​តាំង​គ្នា​ក្នុង​​អង្គ​សវនាការ។

សកម្មជន​​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​២ ឆ្នាំ ពីបទ "ញុះញង់​​ឱ្យ​មាន​ការ​រើសអើង" ដោយសារ​លោក​ជួយ​​ផលិត​ភាពយន្តឯកសារ​ស្ដីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ ក្រោម​​ចំណង​ជើង​ថា "ម្ដាយ​ខ្ញុំ លក់​ខ្ញុំ"។ អាជ្ញាធរ​កម្ពុជា​បាន​ចាត់​​ទុក​​ភាពយន្ត​ឯកសារ​នោះ​ថា ជា​រឿង​ប្រឌិត ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា។

គិត​ត្រឹម​ពេល​នេះ ​​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​អស់​រយៈ​ពេល ១ឆ្នាំ​មក​ហើយ។ សហគមន៍​ជាតិ និង​អន្តរជាតិ​នៅ​តែ​ទទូច​ឱ្យ​​អាជ្ញាធរ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​លោក​​មិន​​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​ឡើយ។ ជា​ពិសេស​ក្នុង​សវនាការ​សាលា​ឧទ្ធរណ៍​នា​ពេល​កន្លង​ទៅ ភាគី​ដើម​បណ្ដឹង និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត មិន​បាន​ចូល​​រួម​ក្នុង​​អង្គ​សវនាការ​នោះ​ឡើយ ប៉ុន្តែ​សាលា​ឧទ្ធរណ៍​​នៅ​តែ​សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​លោក រ៉ាត់ រត្នមុនី ទុក​​ជា​បាន​ការ​ដដែល៕

(​អ្នក​​ស្រី ឡុង គីមហ៊ាង សកម្មនារី​សិទ្ធិ​លំនៅឋាន និងជា​​ប្រពន្ធ​លោក រ៉ាត់ រត្នមុនី ពេល​ទៅ​ឈរ​កាន់​បដា​​តវ៉ា​នៅ​ស្ថានទូត​សហព័ន្ធ​​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ២០១៨ ​ឱ្យ​ជួយ​​ធ្វើ​អន្តរាគមន៍​ឱ្យ​ប្ដី​អ្នកស្រី​​រួច​ផុត​ពី​ការ​​ចោទ​ប្រកាន់ និន​ពី​ការ​ឃុំឃាំង។ រូប៖ ហ្វេសប៊ុក​អ្នកស្រី ឡុង គីមហ៊ាង)

(លោក រ៉ាត់ រត្នមុនី មាន​ភាព​រីករាយ​ជាមួយ​ប្រពន្ធ​ និង​កូន មុន​ពេល​ជាប់​ឃុំឃាំង។ រូប៖ ហ្វេសប៊ុក​អ្នកស្រី ឡុង គីមហ៊ាង)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។