ជនជាតិ​ដើម​ភាគ​តិច​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​រើសអើង​ស្ត្រី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ក្នុង​ទិវា​សិទ្ធិ​នារី

ដោយ អាស៊ីសេរី
2019-03-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ខេត្ត​ព្រះវិហារ ចូលរួម​ពិធី​បុណ្យ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា កាល​ពី​ឆ្នាំ២០១៨។
ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ខេត្ត​ព្រះវិហារ ចូលរួម​ពិធី​បុណ្យ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា កាល​ពី​ឆ្នាំ២០១៨។
រូបភាព៖ សហគមន៍

ជនជាតិ​ដើម​ភាគ​តិច​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ នៅ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​រើស​អើង​ស្ត្រី ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​គ្រប់​រូបភាព។ សេចក្ដី​ថ្លែង​ការណ៍​ផ្ដោត​សំខាន់ គឺ​ការ​ទាញ​អារម្មណ៍​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​គោរព​សេចក្ដី​សម្រេច​ចិត្ត​របស់​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស ការពារ​ធនធាន​ធម្មជាតិ ដីធ្លី និង​ព្រៃ​ឈើ​ជា​ដើម។

ជនជាតិ​ដើម​ភាគ​តិច​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​រើសអើង និង​ការ​គំរាម​កំហែង​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ជា​ដើម។ រូបភាព​នៃ​ការ​គំរាមកំហែង​ភាគ​ច្រើន​ធ្វើ​ឡើង នៅ​គ្រា​ដែល​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​បាន​ចូលរួម​ការពារ​សម្បត្តិ​ធម្មជាតិ ព្រៃ​ឈើ និង​ដីធ្លី ដែល​ទទួល​រង​ការ​រំលោភ​ពី​សំណាក់​ក្រុម​ឈ្មួញ ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ។

សេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយនៅថ្ងៃទី៨ មីនា ឲ្យ​ដឹង​ថា ជា​ជនជាតិ​ដើម​ភាគ​តិច​ភ័យ​ខ្លាច​ជា​ខ្លាំង បញ្ហា​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​កំពុង​រង​នូវ​ការ​ឈឺចាប់​រួម​មាន ស្ត្រី ជា​មេ​ផ្ទះ តំណាង​សហគមន៍​ដែល​ទាមទារ​សិទ្ធិ​ដីធ្លី តែង​ទទួល​រង​ការ​គំរាមកំហែង ពី​សំណាក់​អាជ្ញាធរ ក្រុមហ៊ុន និង​ឈ្មួញ ប្ដឹង​ពួក​គេ​ទៅ​តុលាការ។ ទន្ទឹម​នឹង​នេះ នៅ​ដើម​ឆ្នាំ២០១៩ នេះ មាន​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច ៩រូប ត្រូវ​បាន​អាជ្ញាធរ និង​ក្រុមហ៊ុន​ប្ដឹង ករណី​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន ហេង ហ្វូ នៅ​ខេត្ត​ព្រះវិហារ ក្រុមហ៊ុន សុខ ហ្វីន នៅ​ខេត្ត​មណ្ឌលគិរី និង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ ក្នុង​ខេត្ត​ស្ទឹងត្រែង។ ស្ត្រី​ទាំង​អស់​នោះ​មិន​ត្រឹមតែ​បាត់បង់​ផ្ទះ​សម្បែង ដីធ្លី ព្រៃឈើ ទី​ជម្រក​ប្រកប​មុខ​របរ​ប្រពៃណី ដី​ព្រៃ​អារក្ស និង​ថ្នូរ​កប់​សព​នោះ​ទេ ពួក​គេ​ថែម​ទាំង​ទទួល​រង​នូវ នូវ​ការ​រើសអើង លាប​ពណ៌ និង​ចោទ​ប្រកាន់​ពួក​គេ​ថា​ជា ក្រុម​គណ​បក្ស​ប្រឆាំង ដែល​ជា​ឧបសគ្គ​រាំង​ស្ទះ អភិវឌ្ឍ​គ្រួសារ និង​ការ​ផ្ដល់​សេវា​សាធារណៈ​ជា​ដើម នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

សមាជិក​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ខេត្ត​ព្រះវិហារ លោកស្រី ទេព ទឹម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ មីនា​ថា អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ទាន់ គោរព​សិទ្ធិ​ស្ត្រី​ឲ្យ​ប្រសើរ​ផ្អែក តាម​បទដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច តែង​តែ​ទទួល​រង​ការ​គំរាម​កំហែង​លើ​សិទ្ធិ​ជា​មូលដ្ឋាន ការ​តាម​ដាន និង​ការ​រារាំង​មិន​ឲ្យ​ពួក​គេ​ជួប​ប្រជុំ​ពិភាក្សា បញ្ហា​បាត់​បង់​ដីធ្លី និង​ព្រៃ​ឈើ​ជា​ដើម។ លោក​ស្រី​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​គោរព​សេចក្ដី​សម្រេច​ចិត្ត របស់​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​ប្រសើរ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន​ចិន តែង​ប្រើ​ប្រព័ន្ធ​តុលាការ​គំរាមកំហែង​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​ណា ដែល​ចេញ​មុខ​ការពារ​ដីធ្លី និង​ព្រៃឈើ៖ «មាន​ការ​គំរាមកំហែង​ពី​ក្រុមហ៊ុន និង​អាជ្ញាធរ​នៅ​ពេល​ដែល​យើង​ទាមទារ​ដីធ្លី​ហ្នឹង។ គេ​គំរាមកំហែង​ចោទ​តាម​ប្រព័ន្ធ​តុលាការ រំលោភ​សិទ្ធិ​ស្ត្រី​នៅ ឃុំ​ប្រមេរ។ អាជ្ញាធរ​មិន​បាន​គោរព​សេចក្ដី​សម្រេច​ចិត្ត​ស្ត្រី​ទេ គេ​បាន​តែ​ថា តែ​មិន​អនុវត្ត។ យើង​មាន​យោបល់​អី​គេ​មិន​យក​ចិត្ត​ទុក​ដាក់​យោបល់​របស់​ស្ត្រី។ មាន​បញ្ហា​អី​គេ​មិន​ដោះស្រាយ អំពី​បញ្ហា​រំលោភ​បំពាន​ដីធ្លី គេ​មិន​ដោះស្រាយ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ខ្លឹមសារ​សេចក្ដី​ថ្លែងការណ៍​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី៨ មីនា។ ចំណែក រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ម៉ាន ចិន្ថា មិន​អធិប្បាយ​រឿង​នេះ​ទេ ដោយ​លោក​ស្រី​ថា ទូរស័ព្ទ​ស្ដាប់​មិន​ឮ នៅ​ថ្ងៃ​ដដែល​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ សេចក្ដីថ្លែងការណ៍​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ដដែល​បន្ត​ថា ការ​កើន​ឡើង​នូវ​ភាព​អសន្តិសុខ​ចំពោះ​ស្ត្រី និង​កុមារី​ជនជាតិ​ដើម​ភាគតិច តែង​កើត​មាន ដូចជា​ករណី​រំលោភ​សម្លាប់ ទៀតសោត នៅអំទ្បុងឆ្នាំ២០១៨ មាន ស្ត្រី កុមារី និង​យុវតី​ជនជាតិ​ដើម​ភាគតិច ៥នាក់​ត្រូវ​បាន​រំលោភ​សម្លាប់ និង​ចំនួន ៩នាក់​ទៀត ត្រូវ​បាន​រំលោភ​សេពសន្ថវៈ​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​មួយ​ចំនួន​ធំ បោះ​បង់​ការសិក្សា ព្រោះ​មិន​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​រៀន នៅ​សាលា​ឆ្ងាយ​ពី​ផ្ទះ រួម​ផ្សំ​ស្ថានភាព​គ្រួសារ​ក្រីក្រ​ផង។

អគ្គលេខាធិការ​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា លោក យុន ឡូរ៉ង់ ប្រាប់​អាស៊ី​សេរី​ថា គោល​គំនិត​នៃ​សេចក្ដី​ថ្លែងការណ៍​នេះ ក្រុម​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច នឹង​ផ្សព្វផ្សាយ​គ្រប់​តំបន់​នៅ​មូលដ្ឋាន និង​អន្តរ​ក្រសួង​ពាក់ព័ន្ធ។ លោក​សង្ឃឹម​ថា ខ្លឹមសារ​សេចក្ដី​ថ្លែងការណ៍​នេះ ក្រសួង​កិច្ចការ​នារី និង​អាជ្ញាធរ​មូលដ្ឋាន​នឹង​ពង្រឹង​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច ជា​ពិសេស​លុបបំបាត់​ទម្រង់​រើសអើង និង​ការ​គំរាមកំហែង​ជា​ដើម។ លោក​កត់​សម្គាល់​ថា អាជ្ញាធរ​​​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​មិន​បាន​ផ្ដល់​តម្លៃ​នៃ​ការ​សម្រេច​ចិត្ត និង​ការ​ចូលរួម​របស់​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ​ទេ ដែល​ជា​ដើម​ចម បង្ក​បញ្ហា​ប្រឈម​គ្រប់​តំបន់ ជា​ពិសេស​កន្លែង​ដែល​មាន​ការ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង​ជា​ដើម៖ «ការ​រើសអើង ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​មិន​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ ជា​ពិសេស​ការ​សម្រេច​ចិត្ត រាល់​ការ​អភិវឌ្ឍន៍​នានា ដែល​បង្ក​ផល​ប៉ះពាល់​ដល់​គាត់។ គាត់​មិន​ត្រឹម​តែ​រង​ការ​រើសអើង​ទេ គាត់​រង​ការ​គំរាមកំហែង​គ្រប់​រូប​ភាព​ទៀត មាន​ការ​ប្តឹង​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន​ជា​ដើម​ទៅ​លើ​ការពារ​ដីធ្លី សមូហភាព​របស់​ពួក​គាត់ និង​សិទ្ធិ​ពួក​គាត់។ សិទ្ធិ​សម្រេច​ចិត្ត​របស់​គាត់ មិន​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ ផ្ទុយ​ទៅ​វិញ​គាត់​ប្រឈម​វិញ ជាក់​ស្តែង​មាន​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច ៩នាក់ រង​ការ​ប្ដឹងផ្ដល់»

ខ្លឹមសារ​សេចក្ដី​ថ្លែង​ការណ៍​នោះ​បន្ថែម​ថា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ខេត្ត/ក្រុង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​របស់​ស្ត្រី និង​ការ​ចូល​រួម​សម្រេច​ចិត្ត ការពារ​ធនធាន​ធម្មជាតិ និង​ការពារ​សុវត្ថិភាព​សិទ្ធិ​របស់​ស្ត្រី​តាម​រយៈ​យន្តការ​ប្រព័ន្ធ​យុត្តិធម៌ ភូមិ/ឃុំ​មាន​សុវត្ថិភាព និង​បំបាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល