អង្គការ​ស្ត្រី​ស្នើ​ឱ្យ​ធានា​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ផ្គត់ផ្គង់​តម្រូវការ​គ្រា​ជំងឺ​កូវីដ-១៩​រាលដាល

អង្គការ​លើកស្ទួយ​សិទ្ធិ​ស្ត្រី​រួមគ្នា​ស្នើ​រដ្ឋាភិបាល​ឱ្យ​ធានា​គាំពារ​ស្ដ្រី​ចៀស​ផុត​ពី​អំពើ​ហិង្សា និង​ផ្ដល់​រាល់​តម្រូវការ​ជា​មូលដ្ឋាន​ក្នុង​ជីវភាព​រស់នៅ នៅ​គ្រា​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​ចំនួន ១៥​រួមគ្នា កាលពី​ថ្ងៃ​ទី​២ ខែ​មេសា លើក​ឡើង​ថា ទំនោរ​នៃ​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​រំលោភ​បំពាន​គ្រប់​រូបភាព​ទៅលើ​ស្ត្រី និង​ក្មេង​ស្រី អាច​នឹង​កើន​ឡើង​រួមមាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ នៅ​ពេល​មនុស្ស​ទាំងអស់​ត្រូវ​អាជ្ញាធរ​តម្រូវ​ឱ្យ​នៅ​ក្នុង​ផ្ទះ​មិន​ចេញ​ក្រៅ​។ ជាមួយ​គ្នា​នេះ​ដែរ​ក៏​អាច​មាន​ករណី​រំលោភបំពាន​ផ្សេងៗ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នឹង​កើត​មាន​ដែរ។

ក្រុម​អង្គការ​ទាំងនេះ ក៏​មើល​ឃើញ​ថា​ ស្ត្រី ដែល​ជា​អ្នកទទួលខុសត្រូវ​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​ប្រឈម​នឹង​ការ​លំបាក​ជាច្រើន​នៅ​ពេល​ពួកគេ​បាត់បង់​ការងារ។

ក្រុម​អង្គការ​ដដែល​នេះ​ក៏​ស្នើ​រដ្ឋាភិបាល​ពិនិត្យមើល​គោលនយោបាយ​ពាក់ព័ន្ធ​នានា​ក្នុង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ដោយ​ធានា​ទប់ស្កាត់​រាល់​អំពើ​ហិង្សា​ទាំងឡាយ និង​ត្រូវ​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច ដល់​ស្ដ្រី​បាត់បង់​មុខរបរ ផ្អាក​ការ​បណ្ដេញ​ពួកគេ​ចេញពី​ផ្ទះសម្បែង​ដោយសារ​ខ្វះ​លុយ​បង់​ឈ្នួល​ផ្ទះ ឬ​សងបំណុល ដែល​ប្រើប្រាស់​ដី​ផ្ទះ​ជា​ទ្រព្យ​បញ្ចាំ​។ ស្របគ្នា​នេះ​រដ្ឋាភិបាល​ក៏ត្រូវ​ធានា​ផ្ដល់​ទឹកស្អាត​គ្រប់គ្រាន់​សម្រាប់​ស្ដ្រី និង​សេវា​សុខាភិបាល​ចាំបាច់​មួយ​ចំនួន​ដូចជា​ការពិនិត្យ​ផ្ទៃពោះ ការ​សម្រាលកូន ការថែទាំ​សុខភាព​បន្ទាន់ ការ​ព្យាបាល​របួស​កើត​ចេញពី​អំពើ​ហិង្សា​នានា ការ​ប្រឹក្សា​ផ្នែក​ផ្លូវចិត្ត និង​ការ​រំលូត​កូន​ដោយ​សុវត្ថិភាព។

លើស​ពី​នេះ​ពួកគេ​ក៏​ស្នើ​ឱ្យ​យកចិត្តទុកដាក់​ដល់​ស្ត្រី​កំពុង​ជាប់ឃុំ​ដែរ គឺ​អាជ្ញាធរ​ត្រូវ​ធានា​ផ្ដល់​រាល់​សម្ភារៈ​ចាំបាច់​ទាំងឡាយ ដើម្បី​រក្សា​អនាម័យ​សម្រាប់​ស្ត្រី​ជាពិសេស​តាមដាន​សីតុណ្ហភាព ផ្ដល់​សាប៊ូ និង​សារធាតុ​សម្លាប់​មេរោគ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។