ក្រុម​យុវជន​ប្រារព្ធ​ទិវា​យុវជន​អន្តរជាតិ​ដើម្បី​លើកកម្ពស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ

0:00 / 0:00

ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​ប្រមាណ​១០​ស្ថាប័ន នៅ​ថ្ងៃទី​១២ សីហា ប្រារព្ធ​ទិវា​យុវជន​អន្តរជាតិ​ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ ដើម្បី​លើក​ឡើង​ពី​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ ការ​ពង្រឹង​សិទ្ធិអំណាច​យុវជន និង​ផ្ដល់​ឱកាស​ឱ្យ​យុវជន​កិច្ច​ការងារ​សង្គម។ ពួកគាត់​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​យកចិត្តទុកដាក់​ពី​ចំពោះ​យុវជន និង​បើក​លំហ​សិទ្ធិ​សេរីភាព។

ការ​ប្រារព្ធ​ទិវា​យុវជន​អន្តរជាតិ​ឆ្នាំ​២០២៣ នេះ​ធ្វើឡើង​ក្រោម​មូលបទ៖ «​លំហ​សិទ្ធិ​សេរីភាព​របស់​យុវជន ឆ្ពោះ​ទៅរក​យុត្តិធម៌​សង្គម​ល្អ​ប្រសើរ​» ដែល​មាន​អ្នកចូលរួម​ជិត​៣០០​នាក់ (២៨០) ។ ទិវា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​អបអរ​ទិវា​យុវជន​អន្តរជាតិ លើកកម្ពស់​សិទ្ធិ​សេរីភាព​របស់​យុវជន និង​ផ្ដល់​ឱកាស​ឱ្យ​យុវជន​បង្ហាញ​នូវ​ក្ដី​កង្វល់​របស់​ខ្លួន​ទៅកាន់​ភាគី​ពាក់ព័ន្ធ និង​ពង្រឹង​សិទ្ធិអំណាច​យុវជន។

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា CYN លោក ហេង គឹមហុង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១២ សីហា ថា ការរៀបចំ​វាទិកា​យុវជន​នេះ​គឺ​ចង់ឱ្យ​យុវជន​សិក្សា​ស្វែងយល់​ពី​សិទ្ធិ​សេរីភាព និង​បង្ហាញ​កង្វល់​របស់​ពួកគាត់​ទៅកាន់​ភាគី​ពាក់ព័ន្ធ​។ លោក​សោកស្ដាយ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​មិនបាន​ចូលរួម​តាម​ការ​គ្រោងទុក ជាពិសេស​មាន​ឃ្លាំមើល​ពី​ជន​ស្លៀកពាក់​ស៊ីវិល​មួយចំនួន​ផង​ដែរ។

លោក ហេង គឹមហុង៖ «ភាព​បញ្ចេញមតិ​គឺជា​រឿង​សំខាន់​សេរីភាព​បញ្ចេញមតិ​គឺជា​ចំណុច​មួយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សំឡេង​នៅក្នុង​សង្គម សំឡេង​ដែល​ចេញពី​ចិត្ត​ក្នុងនាម​ជា​ម្ចាស់​ប្រទេស​សំឡេង​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​មិនមែន​ជា​សំឡេង​នៃ​ការ​រឹតត្បិត ឬក៏​មិនមែន​និយាយ​ដោយ​ព្រួយបារម្ភ​បើកាលណា​មនុស្ស​មាន​សេរីភាព​បញ្ចេញមតិ​គឺ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្ដល់​ធាតុ​ចូលក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ការ​ផ្ដល់​ជា​សំណើ​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ»។

នៅក្នុង​វេទិកា​នេះ​ក្រុម​យុវជន​បែងចែក​កម្មវិធី​កិច្ចពិភាក្សា​សួរដេញដោល​ជា​៤​ក្រុម គឺ​ក្រុម​ទី​១ ជជែក​អំពី​បញ្ហា​សិទ្ធិ​សេរីភាព ក្រុម​ទី​២ ពិភាក្សា​លើ​បញ្ហា​បរិស្ថាន ក្រុម​ទី​៣ ជជែក​ពី​សីលធម៌​សង្គម និង​ក្រុម​ទី​៤ ជជែក​ទៅលើ​ការប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​ឱ្យ​យុវជន​ស្វែងយល់​បន្ថែម​ពី​ស្ថានភាព​សង្គម និង​ចូលរួម​កែ​លម្អ​ចន្លោះ​ខ្វះខាត​របស់​រដ្ឋាភិបាល។

ស្រដៀង​គ្នា​នេះ​យុវតី​សកម្ម​ការងារ​សង្គម កញ្ញា ដាំ សុស្រីនាង លើកឡើង​ពី​ក្ដី​ព្រួយបារម្ភ​នៅក្នុង​សាលារៀន នាយក​សាលា​មួយចំនួន​មិន​បើក​លំហ​សិទ្ធិ​សេរីភាព​ឱ្យ​សិស្សានុសិស្ស​ចូលរួម​ឈឺឆ្អាល​បញ្ហា​សង្គម ។ កញ្ញា​ថា នាយក​សាលា​មួយចំនួន​ហាម​សិស្ស​មិន​ឱ្យ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ តែ​នាយក​សាលា​បែរ​ជា​មានឈ្មោះ​សមាជិក​បក្សនយោបាយ​ទៅវិញ។

កញ្ញា ដាំ សុស្រីនាង៖ «សំណូមពរ​ទី​២ អាច​ថា​ជា​ចម្ងល់​ផង​អី​ផង​ក្នុងនាម​ជា​យុវជន​ខ្ញុំ​សង្កេត​ឃើញ​ថា តាំងពី​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ​មក​លោកគ្រូ​នាយក​សាលា ឬក៏​គ្រូ​បន្ទុក​ថ្នាក់ ឬក៏​គ្រូ​តាម​មុខវិជ្ជា​គាត់​ថា មិន​បាច់​ឱ្យ​យុវជន​ទាក់ទង​នឹង​រឿង​នយោបាយ ឬ​និយាយ​ពី​រឿង​នយោបាយ​ទេ ក៏ប៉ុន្តែ​ខ្ញុំ​សង្កេត​ឃើញ​ថា ទៅ​កាន់​អ្នកគ្រូ លោកគ្រូ​របស់ខ្ញុំ​ផ្ទាល់​ទាំង​នៅ​វិទ្យាល័យ​ពួកគាត់​សុទ្ធតែ​ជា​សមាជិក​របស់​បក្ស»។

ដោយឡែក​ព្រះតេជព្រះគុណ ទន ប៉ូលី ដែល​និមន្ត​មក​ពី​ខេត្ត​មាន​ថេរដីកា​ថា នៅ​ក្នុង​គោល​នយោបាយ​រដ្ឋាភិបាល​ចែង​ពី​យុវជន​មាន​សិទ្ធិ​សេរីភាព​ចូលរួម​ការងារ​សង្គម ប៉ុន្តែ​ទិដ្ឋភាព​ជាក់ស្ដែង​នៅ​ពេល​យុវជន​លើកឡើង​ពី​បញ្ហា​សង្គម អាជ្ញាធរ​បែរជា​គំរាមកំហែង​យុវជន​ទៅវិញ​។ ព្រះអង្គ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រឹតត្បិត​សំឡេង​យុវជន​នេះ។

ព្រះតេជព្រះគុណ ទន ប៉ូលី៖ «មួយទៀត​យើង​តែង​និយាយ​ថា អ្នក​នយោបាយ​គោលដៅ​របស់​អ្នកនយោបាយ​គឺជា​និយាយ​ពី​យុវជន ជាពិសេស​គឺ​កៀក​បោះឆ្នោត​ប្រកូក​ប្រកាស​ឱ្យ​យុវជន​បោះឆ្នោត​ឱ្យ​ខ្លួន ក៏ប៉ុន្តែ​ទិដ្ឋភាព​ជាក់ស្ដែង​បែរជា​ហាម​យុវជន​មិន​ឱ្យ​និយាយ​រឿង​បញ្ហា​នយោបាយ​នៅក្នុង​សង្គម ប៉ុន្តែ​ជាក់ស្ដែង​ប្រកូក​ប្រកាស​ឱ្យ​យុវជន​ទៅ​បោះឆ្នោត​គ្រប់ៗ​រូប​នេះ​គឺជា​បញ្ហា​មួយ ថា​តើ​ហេតុ​អី​បានជា​ហាមឃាត់​មិន​ឱ្យ​យុវជន​ស្វែងយល់​ពី​នយោបាយ ហេតុ​អី​បានជា​មិន​ឱ្យ​យុវជន ពលរដ្ឋ​ចូលរួម​ជីវភាព​នយោបាយ ប៉ុន្តែ​នៅពេល​បោះឆ្នោត​បែរជា​ប្រកាស​ឱ្យ​យុវជន​ទៅ​បោះឆ្នោត​ឱ្យ​ខ្លួន​វិញ»។

ក្រៅពី​វេទិកា​ជជែក​សួរដេញដោល​ពី​សិទ្ធិមនុស្ស នៅ​មាន​ការសម្ដែង​រឿង​ខ្លី​របស់​ក្រុម​យុវជន​ផ្សារភ្ជាប់​ជីវិត​រស់នៅ​ជាមួយនឹង​បរិស្ថាន ការ​លើកឡើង​ពី​បញ្ហា​ប្រឈម​ចំពោះ​ការចូលរួម​ការងារ​សង្គម និង​មាន​ដាក់​តាំង​ពិព័រណ៍​រូបភាព​ដើមឈើ​ជាដើម។ ជាង​នេះ​ទៅ​ទៀត​បន្ទាប់​ពី​ចប់​កម្មវិធី​យុវជន​អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ១០​ស្ថាប័ន រួមមាន សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) អង្គការ កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) អង្គការ​សមធម៌​កម្ពុជា (EC) និង​អង្គការ​មួយ​ចំនួន​ទៀត គ្រោង​នឹង​ដាក់​ញត្តិ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​របស់​យុវជន​ពាក់ព័ន្ធ​ការ​រឹតត្បិត​សិទ្ធិ និង​ការបំផ្លាញ​ធនធានធម្មជាតិ​ជាដើម។

ទាក់ទិន​បញ្ហា​នេះ​វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​១២ សីហា។

ជុំវិញ​បញ្ហា​នេះ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) និង​ជា​វាគ្មិន​ក្នុង​កម្មវិធី​ទិវា​យុវជន លោក ស៊ឹង សែនករុណា កត់សំគាល់​ថា បច្ចុប្បន្ន​ការ​ជួបជុំ​របស់​ក្រុម​អង្គការ​សង្គម ក្រុម​យុវជន​នៅ​តាម​មូលដ្ឋាន និង​ទីកន្លែង​សាធារណៈ​ក្ដី​តែង​ឃើញ​មាន​ជន​ស្លៀកពាក់​ស៊ីវិល​តាម​ឃ្លាំមើល និង​តាម​ថតរូប​អ្នកចូលរួម​ជាដើម។ លោក​បន្ត​ថា បញ្ហា​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ជា​ការ​គំរាមកំហែង​ដល់​ស្មារតី​យុវជន​ដែល​ពួកគាត់​ចង់​ចូលរួម​ការងារ​សង្គម។

លោក ស៊ឹង សែនករុណា៖ «ឆ្នាំ​ទី​៧ ខែ​៩​នេះ​យើង​ហ្នឹង​ចេញ​របាយការណ៍​ឆ្នាំ​ទី​៧​រួមគ្នា​មួយ ទៀត​អ៊ីចឹង​យើង​មិន​ឃើញ​អំពី​ភាព​ស្រាកស្រាន្ត​នៃ​ការ​រឹតត្បិត​សេរីភាព​ទាំងអស់​នេះ​សេរី​ភាពជា​មូលដ្ឋាន​មាន​៣ សេរីភាព​ក្នុង​ការ​ជួបជុំ​ដោយ​ពុំ​មានការ​រឹតត្បិត គ្មាន​ការ​គំរាមកំហែង ហើយ​សេរីភាព​ទី​២ គឺ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ទាំង​ការ​តែង​និពន្ធ​ចម្រៀង ការ​ផ្សព្វផ្សាយៗ​ជា​ទស្សនាវដ្ដី វិទ្យុ​អី​ជាដើម​អ៊ីចឹង​ទៅ​សេរីភាព​ទាំងអស់​នេះ​ដែល​យើង​ពិនិត្យមើល​រង​ការ​រឹតត្បិត រង​ការ​គំរាមកំហែង​នានា»។

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា បង្ហាញ​ថា រយៈពេល​១២​ខែ ក្នុង​ឆ្នាំ​២០២២ មានការ​រំលោភ​សិទ្ធិមនុស្ស​ជិត ១​ពាន់​ករណី (៩២១) ដែល​មាន​ជនរងគ្រោះ​ជាង ១០​ម៉ឺន​នាក់ (១០៧.៨៩៨) ។ ក្នុង​នោះ​ករណី​ភាគច្រើន​គឺ​ករណី​ជម្លោះដីធ្លី មាន​ជាង​៨០​ភាគរយ និង​មាន​ជនរងគ្រោះ​ជិត ៤​ម៉ឺន​នាក់ (៣៦.៧៦៦) រួម​ទាំង​ករណី​គំរាមកំហែង​សកម្មភាព​នយោបាយ ការ​រឹតត្បិត​សេរីភាព​ជួបជុំ ការ​រឹតត្បិត​សេរីភាព​បាតុកម្ម និង​ករណី​រឹតត្បិត​សេរីភាព​មូលដ្ឋាន របស់​ពលរដ្ឋ​ជាដើម។

ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​គួរតែ​បើក​លំហ​សិទ្ធិ​សេរីភាព ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ទទួលយក​មតិយោបល់​រិះគន់​ដើម្បី​កែលំអ​ចំណុច​ខ្វះខាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។