ក្រុម​យុវជន​អង្គការ YRDP ខកចិត្ត​ចំពោះ​អាជ្ញាធរ​ខេត្ត​កំពង់ធំ​ដែល​រារាំង​ពួកគេ​មិន​ឲ្យ​ផ្សព្វផ្សាយ​អប់រំ​ពី​បរិស្ថាន​និង​សីលធម៌​សង្គម

ដោយ យន់ សាមៀន
2023.11.26
ក្រុម​យុវជន​អង្គការ YRDP ខកចិត្ត​ចំពោះ​អាជ្ញាធរ​ខេត្ត​កំពង់ធំ​ដែល​រារាំង​ពួកគេ​មិន​ឲ្យ​ផ្សព្វផ្សាយ​អប់រំ​ពី​បរិស្ថាន​និង​សីលធម៌​សង្គម ទិដ្ឋភាព​អាជ្ញាធរ​រារាំង​ក្រុម​យុវជន​អង្គការ YRDP មិន​ឲ្យ​ផ្សព្វផ្សាយ សីល​៥ បរិស្ថាន និង​សុខភាព កាលពី​​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។
រូបភាព​យុវជន​ផ្ដល់​ឲ្យ

ក្រុម​យុវជន​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា YRDP ខកចិត្ត​ចំពោះ​អាជ្ញាធរ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដែល​បាន​ព្យាយាម​រារាំង​ពួកគេ មិន​ឲ្យ​ផ្សព្វផ្សាយ​អប់រំ​អំពី​បរិស្ថាន និង​សីលធម៌​សង្គម​នៅ​ក្នុង​មូលដ្ឋាន។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​សហការ​និង​លើកទឹកចិត្ត​ដល់​ក្រុម​យុវជន​ទាំងនោះ។

អាជ្ញាធរ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បាន​ហាមឃាត់ ក្រុម​យុវជន​ស្ម័គ្រចិត្ត​ដែល​មាន​គ្នា ប្រមាណ​២៥ នាក់ រួម​ទាំង​ព្រះសង្ឃ​ផង មិន​ឲ្យ​ធ្វើ​ធម្ម​យាត្រា​ផ្សព្វផ្សាយ អប់រំ​ដល់​ពលរដ្ឋ អំពី​សីល​៥ បរិស្ថាន និង បញ្ហា​សុខភាព បើ​ទោះបី​ពួកគេ​បាន​ដាក់​លិខិត​ទៅ​អាជ្ញាធរ​ឃុំ មុន​មួយ​សប្ដាហ៍​យ៉ាងណាក្ដី។

ព្រះអង្គ តេង ចាន់ឌី មាន​ថេរដីកា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា​ថា អាជ្ញាធរ​ស្រុក​បាន​ព្យាយាម​រារាំង​ដល់​ក្រុម​និស្សិត ដែល​មក​ទីក្រុង​ភ្នំពេញ​មិន​ឲ្យ​ធ្វើ​ការចែក​រំលែក​ចំណេះដឹង​អំពី​បរិស្ថាន និង​សីលធម៌​សង្គម ដល់​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ឡើយ ដោយ​អាជ្ញាធរ​នៅ​តំបន់​នោះ​សំអាង​ថា ក្រុម​សកម្មជន មិន​បាន​ជូន​ដំណឹង​ជាមុន ។ ទោះ​បី​យ៉ាងណា ព្រះតេជព្រះគុណ​បន្ត​ថា ក្រុម​យុវជន​បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ​អាជ្ញាធរ​ឃុំ​រួចហើយ ដោយ​គ្មាន​បំណង​អ្វី​ក្រៅពី​អប់រំ​ចែករំលែក​អំពី​សិទ្ធិ​ពលរដ្ឋ ចេះ​ស្រឡាញ់​ធនធាន​ធម្មជាតិ អនាម័យ និង​ចេះ​យោគយល់ ដល់​គ្នា​ទៅវិញ​ទៅមក ដោយ​ប្រកាន់​ភ្ជាប់​នូវ​សីល​៥​ឡើយ។

ព្រះអង្គ តេង ចាន់ឌី ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​ធ្វើ​បែបនេះ វា​គឺជា​ការ​រឹតត្បិត សិទ្ធិ សេរីភាព របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ជួបជុំ​ចែករំលែក ចំណេះដឹង ដែល​បាន​ដើរ ផ្ទុយ ពី​ច្បាប់​កំពូល​របស់​កម្ពុជា។

ព្រះអង្គ តេង ចាន់ឌី៖ «ការរារាំង​យុវជន​អត់​ឱ្យទៅ​ចូលរួម​ផ្សព្វផ្សាយ​សីលប្រាំ អត់ឱ្យ​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​ហ្នឹង​វា​ជា​ការ​រំលោភសិទ្ធិ​របស់​យុវជន ឬក៏​ប្រជាពលរដ្ឋ​យើង យើង​ធ្វើ​បែប​ជា​ប្រយោជន៍​រួម តែ​ត្រូវ​បាន​ហាមឃាត់​។ អ៊ីចឹង​អាត្មាភាព​សូម​សំណូមពរ​ទៅដល់​អាជ្ញាធរ​ទាំងអស់​ឱ្យ​លើកទឹកចិត្ត​ជំរុញ​ឱ្យ​យុវជន​យើង​ដែល​គាត់​អត់​បាន​យល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ធនធានធម្មជាតិ ដើម្បី​លើកទឹកចិត្ត​គាត់​ឱ្យ​គាត់​ងាក​មក​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​យើង​ទាំងអស់​គ្នា»

ក្រៅពី​ធ្វើ​កម្មវិធី​ដើរ​បង្ហែ​ធម្ម​យាត្រា​ផ្សព្វផ្សាយ​អំពី​សីល​៥ បរិស្ថាន​និង​សុខភាព ក្រុម​យុវជន​ក៏បាន​ចុះ​ល្បាត​ព្រៃ និង​ស្វែងយល់​អំពី​បរិស្ថាន នៅក្នុង​ព្រៃ សហគមន៍​អូរដាស់ស្គរ​ផង​ដែរ​។ ពួកគេ​រកឃើញ​ថា ដី​ព្រៃ​ឈើ​នៅ​តំបន់​មួយ​នេះ កំពុងតែ​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ ប្រមាណ​ជាង​៣០០​ហិកតារ ដែល​ជា​ដី​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ​ជាប់​តំបន់​ព្រៃឡង់។ ក្រុម​យុវជន​ថា អាជ្ញាធរ​គួរ​យកចិត្តទុកដាក់​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ ប្រសើរ​ជាង​មករា​រាំង​ក្រុម​យុវជន។

យុវតី​ម្នាក់ មកពី​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ចូលរួម​កម្មវិធី​ធម្ម​យាត្រា​នេះ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​ព្រួយបារម្ភ​ពី​សុវត្ថិភាព បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​គួរ​សហការ និង​លើកទឹកចិត្ត​ដល់​យុវជន ដែល​ស្ម័គ្រចិត្ត​ចុះ​ជួយ​អប់រំ​ពលរដ្ឋ​ដល់​មូលដ្ឋាន និង​ជា​ប្រយោជន៍ រួម​សម្រាប់​សង្គម។

យុវតី​ថ្លែង​មិន​បញ្ចេញ​ឈ្មោះ៖ «ប្រជាពលរដ្ឋ​ឈឺឆ្អាល​អំពី​បញ្ហា​សង្គម​ចេះ​ជួយ មិន​ថា​រឿង​ព្រៃឈើ​មិន​ថា​អ្វី​ទេ ពួកគាត់​គួរណា​តែ​ជួយ​សម្របសម្រួល​ផ្លូវ​ក្នុង​ការ​ធម្មយាត្រា​ហ្នឹង ប៉ុន្តែ​ដោយឡែក​គាត់​បែរជា​មករា​រាំង​រំខាន អ៊ីចឹង​អ្វី​ដែល​ជា​សំណូមពរ​របស់ខ្ញុំ សូម​សំណូមពរ​ដល់​អាជ្ញាធរ ឬក៏​មាន​ភូមិ មេឃុំ សំខាន់​បំផុត​គឺ​ស្គាល់​នូវ​តួនាទី​របស់​គាត់ គាត់​មាន​តួនាទី​ធ្វើ​អី?»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាលស្រុក​សណ្ដាន់ លោក លោក អ៊ុក វណ្ណរ៉ា និង​មេឃុំ​មានរិទ្ធ លោក ស្រី សៀក បាន​ទេ នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ដោយ ទូរស័ព្ទ​ចូល​ច្រើន​ដង​គ្មាន​អ្នក​លើក។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ឃើញ​ថា ប្រសិន​អាជ្ញាធរ​រារាំង​បែបនេះ គឺ​កំពុងតែ​ដើរ ផ្ទុយ​ពី​ច្បាប់​កំពូល​របស់​កម្ពុជា និង​ជា​សង្គម​លទ្ធិប្រជាធិបតេយ្យ​។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យមើល​មន្ត្រី​ថ្នាក់ក្រោម និង​ដាក់​ពិន័យ​ទៅលើ​មន្ត្រី​ទាំងនោះ ដែល​ធ្វើ ឲ្យ​មានការ​បន្ទច់បង្អាក់​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ពង្រឹង​ចំណេះដឹង​របស់​ពលរដ្ឋ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ។

លោក លោក អ៊ុក វណ្ណរ៉ា៖ «មិន​គួរ​មានការ​ព្រងើយកន្តើយ​ទេ​ក្នុង​រឿង​នេះ គួរតែ​មាន​វិធានការ ដើម្បី​ទប់ស្កាត់​កុំឱ្យ​បញ្ហា​ហ្នឹង​ចេះតែ​កើតមានឡើង​ដែល​អាច​រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា​ថា ប្រទេស​កម្ពុជា​យើង​ហ្នឹង​ជា​ប្រទេស​ប្រជាធិបតេយ្យ ប៉ុន្តែ​ផ្ទុយទៅវិញ​សកម្មភាព​ទាំងឡាយ​របស់​អាជ្ញាធរ​បែរ​ទៅជា​ប្រើប្រាស់​ឥរិយាបថ​ទៅ​រឹតត្បិត​រារាំង​អ្វី​ទាំង​អស់ហ្នឹង​វា​ហាក់ដូចជា​មិនមែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទៅវិញ»

ក្រុម​យុវជន​អះអាង​ថា ក្នុង​រយៈពេល ៣​យប់​៤​ថ្ងៃ នៃ​ដំណើរ​របស់​ពួកគេ សកម្មជន បាន​រក​ឃើញ​នៃ​ការ​កើនឡើង​នៃ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ ការប្រើប្រាស់ គ្រឿងញៀន​នាំ​ឲ្យ​ប៉ះពាល់​និង​បញ្ហា​អសន្តិសុខ​នៅក្នុង​ភូមិ​ឃុំ កុមារ​បោះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​បឋម​សិក្សា ប្រជាពលរដ្ឋ ជំពាក់​បំណុល​ធនាគារ នាំគ្នា​ចំណាកស្រុក កង្វះ​អាហារូបត្ថម្ភ ខ្វះ​ទីផ្សារ​សម្រាប់​លក់​កសិផល​របស់​ពលរដ្ឋ និង​តម្លៃ​មិន​សមរម្យ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។