កម្មកររោងចក្រកាត់ដេរ វ៉ាយ អេន ដាប់បែលយូ (Y&W GARMENT) ទទូចដល់រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ពន្លឿននីតិវិធីដោះស្រាយវិវាទការងារក្នុងរោងចក្រនេះ ជាជាងព្រមានទៅលើពួកគាត់មិនឲ្យតវ៉ារកដំណោះស្រាយ។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា ក្រសួងការងារ គួរតែចាត់ក្រុមអធិការកិច្ច ចុះស៊ើបអង្កេតពីមូលហេតុ ដែលនាំឲ្យក្រុមហ៊ុន វ៉ាយ អេន ដាប់បែលយួ ក្ស័យធនឲ្យបានច្បាស់លាស់ និងដោះស្រាយបញ្ហាចំពោះមុខរបស់កម្មករ។
កម្មកររោងចក្រកាត់ដេរ វ៉ាយ អេន ដាប់បែលយូ (Y&W GARMENT) កំពុងប្រឈមនឹងបញ្ហាជីវភាពធ្ងន់ធ្ងរ ក្រោយពីរោងចក្របិទទ្វារ ដោយសារថៅកែរត់ចោលរោងចក្រហើយមិនបើកប្រាក់ឈ្នួលឲ្យកម្មករ។
ប្រធានសហជីពប្រចាំរោងចក្រ វ៉ាយ អេន ដាប់បែលយូ លោក ផាន់ បូរី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ មីនាថា បញ្ហាប្រឈមរបស់កម្មករ វ៉ាយ អេន ដាប់បែលយូ រួមមានបញ្ហាស្ត្រីមានផ្ទៃពោះ ដែលត្រូវការប្រើប្រាស់ប័ណ្ណ ប.ស.ស សម្រាប់បង់ថ្លៃសេវាថែទាំសុខភាព និងប្រាក់សម្រាប់ត្រៀមសម្រាលកូន។ ចំណែកឯកម្មករមួយចំនួន ដែលឡើងមកពីបណ្ដាលខេត្ត ត្រូវបានម្ចាស់ផ្ទះជួលបណ្ដេញចេញពីបន្ទប់ជួល ក្រោយពីពួកគេគ្មានលុយបង់ថ្លៃបន្ទប់។
តំណាងសហជីពប្រចាំរោងចក្ររូបនេះ ទទូចដល់រដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ ឲ្យពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារនេះ ឲ្យបានឆាប់។
លោក ផាន់ បូរី៖«អីចឹង! សង្ឃឹមថា ថ្នាក់ដឹកនាំរបស់យើង ក៏ដូចជា ឯកឧត្ដមប្រធាន គាត់នឹងជួយពន្លឿននៅក្នុងការជួយដោះស្រាយជូនបងប្អូនកម្មករ វ៉ាយ អេន ដាប់បែលយូ (Y&W) ជាពិសេស សង្ឃឹមដល់នាយករដ្ឋមន្ត្រី ក៏ដូចជា ឯកឧត្ដម សម្ដេច ក៏ដូចជា សម្ដេច ហ៊ុន ម៉ាណែត ជាដើម។ គាត់ជាមាតា ជាឪពុករបស់បងប្អូនកម្មករយើង។ យើងស្នើសុំឲ្យគាត់ជួយនៅក្នុងការដោះស្រាយទុក្ខលំបាក ឬក៏ទុក្ខវេទនារបស់បងប្អូនកម្មករ វ៉ាយ អេន ដាប់បែលយូរ ដែលពួកគាត់ជួបប្រទះ»។
តំណាងកម្មករឲ្យដឹងថា រោងចក្រកាត់ដេរ វ៉ាយ អេន ដាប់បែលយូមានកម្មករជិត៤ពាន់នាក់ (៣.៧៥៦នាក់)ក្នុងនោះមានស្ត្រីមានផ្ទៃពោះជិត៥រយនាក់។
ការទទូចទាំងនេះ ធ្វើឡើងក្រោយពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៩ មីនា បានបញ្ជាឱ្យក្រុមកម្មកររោងចក្រ វ៉ាយ អេន ដាប់បែលយូ បញ្ឈប់សកម្មភាពចេញតវ៉ាជាបន្ទាន់ ដែលក្រសួងអះអាងថា ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ពលរដ្ឋទូទៅ។ ក្រសួង ក៏បានព្រមានដល់អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ សហជីពមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀតថា នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ប្រសិនបើពួកគេបកស្រាយច្បាប់មិនបានត្រឹមត្រូវ ក្នុងចេតនាបង្កឲ្យក្រុមកម្មករ ចេញទៅតវ៉ាដោយខុសច្បាប់។
ក្រសួងការងារបញ្ជាក់ថា វិវាទការងារនៅរោងចក្រ វ៉ាយ អេន ដាប់បែលយូ ជាករណីក្រុមហ៊ុនបិទទ្វារ ដោយថៅកែបានរត់ចោលរោងចក្រ ហើយករណីនេះ ត្រូវដោះស្រាយតាមច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីក្ស័យធន។ ក្រសួងបន្តអះអាងថា ក្រសួងនឹងប្ដឹងក្រុមហ៊ុននេះ ទៅតុលាការ ដើម្បីស្នើសុំដីកាចាត់ចែងរក្សាការពារទ្រព្យសម្បត្តិ ដើម្បីមានលទ្ធភាពទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករ។
សហជីពប្រចាំក្រុមហ៊ុន វ៉ាយ អេន ដាប់បែលយូ លើកឡើងថា សហជីពនឹងសហការជាមួយភាគីពាក់ព័ន្ធ ក្នុងគោលបំណង ចង់ទទួលបានសំណងត្រឹមត្រូវតាមច្បាប់ស្ដីពីការងារ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ដើម្បីសុំការឆ្លើយតបបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី១០ មីនា ដោយទូរស័ព្ទចូល តែគ្មានអ្នកទទួល ។
ប្រធានគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ (CENTRAL) លោកឃុនថារ៉ូ សង្កេតឃើញថា វិវាទការងារស្រដៀងៗគ្នានឹងរោងចក្រ វ៉ាយ អេន ដាប់បែលយូនេះ ថៅកែក្រុមហ៊ុន តែងតែប្រើលេសថា ក្រុមហ៊ុនក្ស័យធន ឬខ្វះអ្នកបញ្ជាទិញ រួចរត់គេចខ្លួន ដោយមិនទទួលខុសត្រូវផ្នែកច្បាប់ និងមិនទូទាត់សំណងដល់កម្មករ។ លោកជំរុញដល់រដ្ឋាភិបាល និងក្រសួងការងារចាត់ក្រុមអធិការកិច្ច ឲ្យចុះទៅស៊ើបអង្កេតមូលហេតុ ដែលនាំឲ្យរោងចក្របិទទ្វារ និងដោះស្រាយបញ្ហាចំពោះមុខរបស់កម្មករ វ៉ាយ អេន ដាប់បែលយូ ដែលកំពុងជួបបញ្ហាជាច្រើនដូចជា បញ្ហាជីវភាព និងបញ្ហាបំណុលធនាគារ។
លោក ឃុន ថារ៉ូ៖«ក្នុងយន្តការគណៈកម្មាធិការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មគ្រប់មុខសញ្ញានេះ គឺនឹងប្រើប្រាស់នូវនីតិវិធីច្បាស់ស្ដីពីក្ស័យធន និងនីតិវិធីតុលាការ ដើម្បីប្រកាសលក់ឡាយឡុងទ្រព្យសម្បត្តិហើយយកកញ្ចប់ថវិកា ដែលលក់ឡាយឡុងនោះមកទូទាត់ឲ្យកម្មករនិយោជិក។ ហើយជារួម គឺការទូទាត់សំណងនោះ មិនត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ស្ដីពីការងារ ហើយចំណុចនេះ ហើយដែលយើងសង្កេតឃើញថា កម្មករមានការខាតបង់នូវអត្ថប្រយោជន៍ច្រើន។ ជាងនេះទៅទៀត យើងសង្កេតឃើញថា ការដោះស្រាយនៅក្នុងនីតិវិធីបែបនេះ គឺវាជាការអនុវត្តជាទម្លាប់ អីចឹងកន្លងទៅក្រុមហ៊ុន ដែលមានការគេចវេះកាតព្វកិច្ចនៅក្នុងការទទួលខុសត្រូវហ្នឹង ច្រើនតែយករូបភាពនៃការបិទរោងចក្រហ្នឹង ដើម្បីគេចវេះពីកាតព្វកិច្ច»។
កម្មកររោងចក្រ វ៉ាយ អេន ដាប់បែលយូ (Y & W GARMENT) ជិតមួយពាន់នាក់ កាលពីព្រឹកថ្ងៃទី៩ មីនា បានដង្ហែញត្តិទៅកាន់ក្រសួងការងារ ដើម្បីទាមទារឲ្យថៅកែរោងចក្រ បើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងទៀត ក្រោយពីថៅកែ បានត្រឡប់ទៅប្រទេសចិនវិញ ដោយមិនបានទូទាត់ប្រាក់ជូនកម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
