លោក កែវ រ៉េមី រដ្ឋលេខាធិការ និងជាអនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស របស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានថ្លែងនៅក្នុងសន្និសីទកាសែតថា តាមរបាយការណ៍របស់ អេហ្វ ប៊ី អាយ (FBI) នោះ គឺលោកនាយករដ្ឋមន្ត្រីមិនពាក់ព័ន្ធ ឬនៅខាងក្រោយការគប់គ្រាប់បែកឡើយ។ លោកបញ្ជាក់ទៀតថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺមិនមានការពិតទេ។
លោក សម រង្ស៊ី បានលើកឡើងនៅពេលផ្ដល់បទសម្ភាសជាមួយវិទ្យុអាស៊ីសេរីថា លោកនឹងសើរើពាក្យបណ្ដឹងរបស់លោក ដែលប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីករណីបោកគ្រាប់បែក កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ប៉ុណ្ណោះទេ គឺលោកបានប្ដឹងច្រើនករណីផ្សេងទៀត ដូចករណីផែនការក៥ បណ្ដឹងលើករណីរដ្ឋប្រហារខែកក្កដា ឆ្នាំ១៩៩៧ បណ្ដឹងទាក់ទងការសម្លាប់បាតុករកាលពីខែសីហា ឆ្នាំ១៩៩៨ និងករណីបាញ់សម្លាប់តារាសម្ដែងគឺអ្នកនាង ពិសិដ្ឋ ពិលីកា។
លោក កែវ រ៉េមី បានថ្លែងថា លោក សម រង្ស៊ី ធ្លាប់បានសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការចោទប្រកាន់នោះ ហើយបានសារភាពថា រាល់ទង្វើរបស់លោក សម រង្ស៊ី មកលើលោក ហ៊ុន សែន នោះគឺជារឿងមិនត្រឹមត្រូវ៕