អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហមលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ស្លាប់ ក្រោយពីឆ្មាំពន្ធនាគារខេត្តកណ្ដាលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារអាការៈថប់ដង្ហើមខ្លាំង។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម បញ្ជាក់ថា ទណ្ឌិតឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច បានស្លាប់ នៅវេលាម៉ោង ០០:៥១នាទី រំលងអាធ្រាត្រចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។
ឌុច ត្រូវបានឆ្មាំពន្ធនាគារខេត្តកណ្ដាលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យជម្នះខេត្តកណ្ដាល ហើយបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយសារអាការៈថប់ដង្ហើមខ្លាំង កាលពីថ្ងៃទី៣១ ខែសីហា។
លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល ប្រាប់អាស៊ីសេរីថា មន្ត្រីពន្ធនាគារបញ្ជូន ឌុច ពីមន្ទីរពេទ្យបង្អែកជ័យជម្នះក្រុងតាខ្មៅ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យរុស្ស៊ី នៅយប់ថ្ងៃទី៣១ ខែសីហា គឺដោយសារស្ថានភាពទណ្ឌិតរូបនេះ នៅតែធ្ងន់ធ្ងរ។
លោក ចាត ស៊ីនាង បញ្ជាក់ថា ឌុច ធ្លាប់មានអាការៈថប់ដង្ហើមខ្លាំងដូចគ្នានេះពីមុនមក៖ « រាល់ថ្ងៃនៅក្នុងពន្ធនាគារនេះ គឺគាត់មានបន្ទប់របស់គាត់មួយឲ្យគាត់ស្នាក់នៅម្នាក់ឯង ហើយដែលយើងអត់ឲ្យនរណាទៅប៉ះពាល់គាត់ទេ។ ដូច្នេះគាត់ងើបទៅបត់ជើង និងងើបទៅងូតទឹកអីដោយខ្លួនឯងជាធម្មតា ប៉ុន្តែគ្រាន់តែអាការៈគាត់ គឺហត់តែប៉ុណ្ណឹងទេ។ ឮថា បេះដូងមិនដឹង សួតមិនដឹងទេ។ ពេលហត់ម្តងៗ ដូចលើកមុនអីនឹង គឺយើងឃើញថា មិនសង្ឃឹមទេ តែដល់ហើយមកវិញរាប់ខែអ៊ីចឹងទៅ។ ដូច្នេះយើងមិនហ៊ានថាដែរ » ។
លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានតុលាការយោធាកម្ពុជាចាប់ឃុំខ្លួន តាំងពីឆ្នាំ១៩៩៩។ លោកត្រូវបានផ្ទេរទៅឃុំខ្លួននៅសាលាក្ដីខ្មែរក្រហម ហើយត្រូវបានតុលាការកំពូលនៃសាលាក្ដីនេះ កាត់ទោសលោកក្នុងសំណុំរឿងលេខ ០០១ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ពីបទ "ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ" និង "ឧក្រិដ្ឋកម្មសង្គ្រាម" ដែលបានប្រព្រឹត្តឡើងនៅគុកទួលស្លែង ក្នុងរបបខ្មែរក្រហម។
ឌុច ត្រូវបានសាលាក្ដីខ្មែរក្រហមរកឃើញថា ជាអ្នកទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្មនៅគុកទួលស្លែង ឬមន្ទីរ ស-២១ ចន្លោះពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩ ក្នុងនាមលោកជាប្រធាននៅទីនោះ។ គុកទួលស្លែង ឬមន្ទីរ ស-២១ នៅក្នុងរយៈពេលនោះ មានអ្នកទោសជាង ១ម៉ឺន ២ពាន់នាក់ ត្រូវបានគេយកទៅឃុំឃាំងធ្វើទារុណកម្ម សួរចម្លើយ រួចហើយភាគច្រើនបំផុតយកទៅសម្លាប់ចោលនៅតំបន់ជើងឯកជាយក្រុងភ្នំពេញ។
លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ស្លាប់នៅក្នុងវ័យ ៧៨ឆ្នាំ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ២១ឆ្នាំ តាំងពីពេលត្រូវចាប់ខ្លួនបាននៅឆ្នាំ១៩៩៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។