ឌុច ថា​អ្នក​ទោស​ឆ្លើយ​ដាក់​លោក ហេង សំរិន ពាក់ព័ន្ធ​នឹង​ផែនការ​រដ្ឋ​ប្រហារ ប៉ុល ពត

ដោយ ឡេង ម៉ាលី
2016-06-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ទាក់ទង​នឹង​អង្គហេតុ​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo courtesy of ECCC
អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ទាក់ទង​នឹង​អង្គហេតុ​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo courtesy of ECCC
Photo courtesy of ECCC

សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៣ មិថុនា បន្ត​ស្ដាប់​ការ​សួរ​ដេញដោល​សាក្សី កាំង ហ្កេកអ៊ាវ ហៅ ឌុច។ ការ​ស្ដាប់​សក្ខីកម្ម​ដែល​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១១ សាក្សី ឌុច ថ្លែង​ថា មាន​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង​ឆ្លើយ​ដាក់​លោក ហេង សំរិន ពាក់ព័ន្ធ​នឹង​ផែនការ​រដ្ឋ​ប្រហារ ប៉ុល ពត។

ការ​ថ្លែង​របស់​សាក្សី ឌុច នៅ​ថ្ងៃ​ទី​២៣ មិថុនា ទាក់ទង​នឹង​លោក ហេង សំរិន គឺ​នៅ​ត្រង់​ចំណុច​ដែល​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា សួរ​ដេញដោល​អំពី​ការ​ចាប់​កម្មាភិបាល​កងទ័ព​ភូមិ​ភាគ​ឧត្ដរ បូព៌ា និង​ពាយ័ព្យ ក្នុង​ផែនការ​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ ប៉ុល ពត។

លោក​ថា កម្មាភិបាល​ជាច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​តាម​ការ​តាម​ដាន​របស់​គណៈ​មជ្ឈិម​ជា​យូរ​មក​ហើយ ហើយ​ផ្សំ​ជាមួយ​ចម្លើយ​អ្នក​ទោស​ដែល​ចាប់​មក​មន្ទីរ «-២១» ឆ្លើយ​ដាក់៖ «ខ្ញុំ​សុំ​និយាយ​អំពី​រឿងជាក់ស្ដែង​ដែល​ខ្ញុំ​ជា​អ្នក​ប្រតិបត្តិការ​ជាក់ស្ដែង ជា​ប្រធាន -២១។ ចម្លើយ​អ្នក​ទោស​ដែលចាប់​មក​នៅ -២១ ពិត​ជា​មាន​ការ​ឆ្លើយ​ដាក់​មនុស្ស​ច្រើន ក្នុង​នោះ​មាន​មិត្ត ចក្រី ឆ្លើយ​ដាក់​បង ឈូក ឆ្លើយ​ដាក់​ដូច​បង ជ័យ សួន អី​ហ្នឹង ហើយ​មិត្ត អឿន សុទ្ធតែ​ចាប់​មក​ហើយ។ ដោយឡែក​វា​ក៏​ពិត​ជា​មាន​ឆ្លើយ​ដាក់​បង រិន ដែរ តែ​អត់​បាន​ចាប់​មក​ទេ។ គាត់​នៅ​រស់​ទាល់​តែ​សព្វថ្ងៃ​ជា​ប្រធាន​សភា​ប្រជាជន​កម្ពុជា។ ពិត​ជា​មាន​ការ​ឆ្លើយ​ដាក់»

លោក ហេង សំរិន អតីត​ជា​មេ​បញ្ជាការ​កង​ពល​នៅ​ភូមិភាគ​និរតី ដែល​មាន​កម្មាភិបាល​ឈ្មោះ សោ ភឹម ជា​ប្រធាន​ភូមិ​ភាគ និង​ជា​សមាជិក​នៃ​គណៈ​អចិន្ត្រៃយ៍​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា។

សាក្សី ឌុច ថ្លែង​ថា លោក​មិន​បាន​ដឹង​អំពី​ផែនការ​រដ្ឋ​ប្រហារ​របស់​កម្មាភិបាល ដែល​មាន​និន្នាការ​ទៅ​រក​វៀតណាម ទាំង​នោះ​ទេ ហើយ​ថា ការ​សម្រេច​ចាប់​ខ្លួន​ក៏​មិន​មែន​លោក​ដែរ គឺ​គណៈ​អចិន្ត្រៃយ៍​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា ជា​អ្នក​សម្រេច។ លោក​ថា មន្ទីរ​សន្តិសុខ ស-២១ ដែល​ជា​មន្ទីរ​ប្រឆាំង​ចារកម្ម​មាន​តួនាទី​តាម​ដាន និង​ប្រឆាំង​រាល់​ចារបុរស៖ «ក្នុង​ឋានៈ ស-២១ នេះ វា​ជា​ស្ថាប័ន​ប្រឆាំង​ចារកម្ម។ ដូច្នេះ​ចារកម្ម​ដែល​ស្រួច​បំផុត មិន​មែន​ថៃ ទេ គឺ​យួន។ ឯ​អាមេរិកាំង យើង​នៅ​បោស​សម្អាត​បន្តិចបន្តួច។ នេះ​គឺ​ខ្ញុំ​និយាយ​អ៊ីចឹង»

នៅ​ពេល​ដែល​មេធាវី​ការពារ​ក្ដី​សួរ​ដេញដោល​អំពី​ឈ្មោះ​លោក ហ៊ុន សែន ថា​នៅ​ក្នុង​បក្ខពួក​ជាមួយ​កម្មាភិបាល​ឈ្មោះ អឿន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ លោក​ឆ្លើយ​ថា លោក​មិន​ស្គាល់​ឈ្មោះ​នេះ​ពី​មុន​មក​ទេ៖ «ឈ្មោះ​ដែល​រៀបរាប់​អម្បាញ់មិញ​ជា​ឈ្មោះ​ដែល​ខ្ញុំ​ស្គាល់​ភាគ​ច្រើន ហើយ​ដែល​ជាប់​នៅ ស-២១។ ដោយឡែក​តែ​ឈ្មោះ ហ៊ុន សែន ខ្ញុំ​សុំ​បញ្ជាក់​ជា​ឱឡារិក​ថា ខ្ញុំ​អត់​ដែល​ឮ​ទេ។ ឈ្មោះ ហ៊ុន សែន នេះ ខ្ញុំ​ឮ​ក្រោយ ៧ មករា»

លោក ឌុច ឲ្យ​ដឹង​ដែរ​ថា ការងារ​សម្រិតសម្រាំង​ខ្មាំង​ផ្ទៃ​ក្នុង​បក្ស​កុម្មុយនិស្ត​កម្ពុជា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​លោក អៀង សារី លោក វន វ៉េត និង​ជន​ជាប់​ចោទ ខៀវ សំផន ទេ។ លោក​បដិសេធ​ថា ជនជាតិ​ចាម ដែល​ត្រូវ​គេ​ចាប់​មក​មន្ទីរ ស-២១ ក៏​មិន​មែន​ដោយសារ​រឿង​ជាតិ​សាសន៍​ដែរ៖ «គេ​ចាប់​ជនជាតិ​ចាម មក​ឲ្យ​ខ្ញុំ​ក្នុង​ឋានៈ​ជា​ចាម អត់​មាន​ទេ។ ប៉ុន្តែ សឹម ម៉េល ហៅ ម៉ាន គាត់​ជា​ចាម គាត់​មក​ធ្វើ​បដិវត្តន៍។ ប៉ុន្តែ​ក្រោយ​មក​គាត់​ធ្វើ​ខុស គេ​ចាប់​ពី​ស្រែក​យក​មក​ភ្នំពេញ ហើយ​កម្ទេច​បាត់​ហើយ។ ដូច្នេះ​គេ​មិន​ចាប់​មនុស្ស​ឲ្យ​តែ​ឃើញ​ចាម ដើម្បី​ប្រល័យ​ពូជ​សាសន៍​ចាម អត់​ទេ។ ប៉ុន្តែ​ចាម ធ្វើ​ខុស ដូច សឹម ម៉េល ហៅ ម៉ាន ធ្វើ​ម៉េច​បើ​អ្នក​ឯង​ធ្វើ​ខុស»

សក្ខីកម្ម​របស់​សាក្សី ឌុច នៅ​មិន​ទាន់​ចប់​ទេ ហើយ​លោក​នឹង​ត្រូវ​មក​ផ្ដល់​សក្ខីកម្ម​បញ្ចប់​នៅ​ថ្ងៃ​ច័ន្ទ ទី​២៧ មិថុនា សប្ដាហ៍​ក្រោយ។ បន្ទាប់​ពី​សាក្សី ឌុច អង្គ​ជំនុំ​ជម្រះ​នឹង​បន្ត​សវនាការ​ស្ដាប់​សក្ខីកម្ម​ថ្មី​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

VC/CCP's war criminal conspiracy

Why somebody who committed atrocity on Khmer people in 1970-1979"war criminal conspiracy" and still alive today and working in HunSen's rogue govn't and not brought to justice? why???and especially those nick names with the letters"HHHHH",and anyone can pick one.Mr.Duc stop fear yourself and not let someone foul u around...be smart Mr.Duc...u are not alone in this case and why everybodies else who went in group with u to eat out"at restaurant" let only u guy to payoff all the rest for them"that is not fair for u sir",so all those bad guys must be equal payoff the same like u...do it sir..."best time to reduce more your war criminal sentence for u" and everybody else must deserve sentence the same like.

Jun 26, 2016 02:57 PM

អ្នក​អាន​អនាមិក

លោកតាជាទីរាប់អាន ពេលនេះលោកតាកាន់តែផ្តល់ប្រយោជន៌ដល់​ខ្មែរហើយ តែសូមលោតារក្សាធម្មពិតណាលោកតា​ ពុំនោះទេពួក​ម្រិញ​គង់វាល វាខឹងទាន ហើយម្យាងចំពោះពាក្យក៏អោយ​មានសុជីវ​ធរ​ដូច​ៗ​គ្នាដែរ ដូចជាហៅ ​បងនួន(ខ្មែរក្រហម)បងរិន(ខ្មែរក្រហម) តែ​មក​ដល់សម្តេចអគ​សេនាមហាបតីតេជោ​ហ៊ុនសែន(ខ្មែក្រហម?) បែរជា​ហៅថា ហ៊ុនសែនៗដាច់សាច់ពែក វាមិនសូវសម បើមិនហៅបងសែន​ក៏ហៅថាប្អូនសែនទៅទាន គ្រាន់ពិរោះត្រចៀកបាទ។

Jun 24, 2016 12:42 AM

Exploit all years secret reveal

As a khmer rouge's victim like other millions people survived,and i would like to say thank you to old gentleman Mr.Duc"aka Kaing Geg Iv - chef S-21", time will be run out shortly for all of us who survived and with no matter who or what we are? and all of us will go to hell anytime soon.Please tell all secrets reveal in khmer rouge killing fields and who did this horrible thing to all khmer people and who behind this?.The whole world are keeping eyes closely about a new killing fields in Cambodia and will bring more war criminal conspiracies to face a justice.

Jun 23, 2016 02:35 PM

អ្នក​អាន​អនាមិក

សមមិត្តហេងសំរិនកាលនោះមិនមែនជាប្រធានកងពលនៅភូមិភាគនិរតីទេ គឺបូព៌ាទេតើ សូមកែតម្រូវផង។

Jun 23, 2016 10:17 AM

គេហទំព័រ​ទាំងមូល