ឌុច៖ "ខ្ញុំ​តែ​ម្នាក់ឯង​គត់​សូម​ទទួល​ខុសត្រូវ​ចំពោះ​ករណី​សម្លាប់​ជីវិត​មនុស្ស​ចំនួន ១២.៣៨០ នាក់”

ដោយ មាន ឫទ្ធិ
2020-09-03
Share
កាំង ហ្កេកអ៊ាវ ហៅ ឌុច ២០១៦ ៨៥៥ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ទាក់ទង​នឹង​អង្គហេតុ​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo courtesy of ECCC
Photo courtesy of ECCC

ការស្លាប់​របស់​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម និង​ជា​មេ​ពេជ្ឈឃាដ លោក កាំង ហ្កេចអ៊ាវ ហៅ ឌុច មិន​បាន​ធ្វើ​ឲ្យ​កាសែត​អន្តរជាតិ​ល្បីៗ​មើល​រំលង​នោះទេ។ ដំណឹង​នៃ​ការស្លាប់​របស់​លោក ត្រូវ​កាសែត​ទាំងនោះ​យក​ទៅ​ចុះ​ផ្សាយ​ព្រោងព្រាត ដោយ​ផ្តោត​ជាពិសេស​ទៅលើ​ប្រវត្តិ​រឿងរ៉ាវ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ​ដែល​ ឌុច បាន​ប្រព្រឹត្តិ​ក្នុង​ពេល​មាន​អំណាច ព្រមទាំង​ដំណើរការ​កាត់ទោស​លោក នៅ​សាលាក្តី​ខ្មែរក្រហម។ តើ​កាសែត​អន្តរជាតិ​ទាំងនោះ ចុះផ្សាយ និង​កត់សម្គាល់​យ៉ាង​ដូចម្ដេច​ខ្លះ អំពី​ការស្លាប់​របស់​សមមិត្ត ឌុច នេះ?

ការស្លាប់​របស់ ឌុច ត្រូវ​កាសែត​អន្តរជាតិ​ធំៗ​នៅ​លើ​ពិភពលោក​ចាប់អារម្មណ៍ និង​យក​ទៅ​ចុះ​ផ្សាយ​ភ្លាមៗ ជា​បន្តបន្ទាប់។ កាសែត​ដែល​ចុះផ្សាយ​ទាំងនោះ​រួមមាន កាសែត​ដ៏​ល្បីល្បាញ​របស់​អាមេរិក​ឈ្មោះ ឌឹ ញ៉ូវយ៉ក ថាមស៍ (The New York Times) សរសេរ​ដាក់​ចំណងជើង​ថា «ឌុច អតីត​មេគុក​ដែល​បាន​ចូលរួម​សម្លាប់​រង្គាល​ឲ្យ​ខ្មែរក្រហម​ស្លាប់​ក្នុង​វ័យ៧៧ឆ្នាំ»។ កាសែតនេះ​បាន​ស្រង់​សម្តី​របស់ ឌុច ក្នុង​ពេល​កាត់ក្តី​ថា លោក​ចាត់​ទុក​ទង្វើ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ថា ជាទង្វើ «ពាល​ស៊ី​ពាល»។ កាសែត​សរសេរ​ថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ១ម៉ឺន៤ពាន់​នាក់​បាន​ស្លាប់​នៅ​គុក​ទួលស្លែង ក្នុង​ពេល​ដែល ឌុច ធ្វើ​ជាមេគុក ក្រោយពេល​ដែល​មនុស្ស​ទាំងនោះ ត្រូវ​បាន​គេ​យក​ទៅ​ឃុំឃាំង​នៅ​ទីនោះ ហើយ​ដែល​ពួកគេ​ភាគច្រើន​ត្រូវ​បាន​គេ​យក​ទៅ​សម្លាប់​នៅ​វាល​ពិឃាដ​ក្រោយ​ពី​បាន​ធ្វើ​ទារុណកម្ម​ និង​បង្ខំ​ឲ្យ​សារភាព​នូវ​ទោស​កំហុស​ដែល​ពួកគេ​មិនបាន​ប្រព្រឹត្តិ​រួច។ កាសែត​បន្ត​ស្រង់​សម្តី ឌុច ក្នុង​ពេល​សវនាការ​ដែល​លោក​បាន​និយាយ​ថា លោក​មិនដែល​ជឿ​ទាល់​តែ​សោះ​ថា ចម្លើយ​សារភាព​ដែល​លោក​ទទួល​បាន​ក្នុង​ពេល​ដែល​លោក​ធ្វើ​ជា​មេគុក​ទួលស្លែង ជា​ចម្លើយ​ពិត​នោះ។ លោកថា មាន​ចម្លើយ​សារភាព​ប្រមាណ​តែ ២០ភាគរយ ប៉ុណ្ណោះ នៃ​មនុស្ស​ដែល​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​រួច ជា​ចម្លើយ​ពិត។ ឌុច បាន​សារភាព​ថា មនុស្ស​ទាំងនោះ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ខុសច្បាប់ ហើយ​លោក​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ករណី «ពាល​ស៊ី​ពាល»។

អ្នក​កាសែត​ថត​យក​រូបភាព កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​ប្រធាន​គុក​ទួលស្លែង ពី​ទូរទស្សន៍​នៅ​សាលាក្ដី​ខ្មែរ​ក្រហម កាលពី​ថ្ងៃ​២៩ មេសា ២០០៩។
អ្នក​កាសែត​ថត​យក​រូបភាព កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​ប្រធាន​គុក​ទួលស្លែង ពី​ទូរទស្សន៍​នៅ​សាលាក្ដី​ខ្មែរ​ក្រហម កាលពី​ថ្ងៃ​២៩ មេសា ២០០៩។
RFA Photo/Leng Maly

កាសែត ឌឹ ញ៉ូវយ៉ក ថាមស៍ ដដែល បានបន្ត​ស្រង់​សម្តី ឌុច នៅ​ពេល​កាត់​ក្តី ដែល​លោក​ថា នៅពេល​ដែល​លោក​នៅ​ជា​កុមារភាព​ក្នុង​វ័យ​សិក្សា​នៅឡើយ លោកតែង​ស្រមៃ​ចង់​ក្លាយ​ជា​ក្មេងប្រុស​ដ៏​មាន​វិន័យ​ល្អ​ម្នាក់ ចេះ​ស្តាប់​បង្គាប់ និង​គោរព​គ្រូ​បង្រៀន និង​ធ្វើ​តែ​អំពើ​ល្អ។ ការស្តាប់​បង្គាប់​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ ឌុច ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​របស់​មេដឹកនាំ​ខ្មែរក្រហម។ កាសែត​ក៏​បាន​ស្រង់​ប្រសាសន៍​របស់​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​របស់​សាលាក្តី​ខ្មែរក្រហម ដែល​និយាយ​ថា ឌុច គឺ​ជា​មនុស្ស​ម្នាក់​ដែល​ហ្មត់ចត់ និង​ផ្ចិតផ្ចង់​ខ្លាំង ជា​មនុស្ស​មាន​មនសិការ អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​បាន​យ៉ាងល្អ យកចិត្តទុកដាក់​ខ្ពស់ និង​ព្យាយាម​ទទួល​បាន​ការទទួលស្គាល់​ពី​ថ្នាក់លើ​របស់​លោក។

ទន្ទឹមគ្នានេះ កាសែត ឌឹ ញ៉ូវយ៉ក ថាមស៍ បាន​ស្រង់​ប្រសាសន៍​លោក អាឡិចហ្សែនឌឺ ហ៊ីនថុន (Alexander Laban Hinton) អ្នកនិពន្ធ​សៀវភៅ «មនុស្ស ឬ​ក៏​បិសាច?» ដែល​លោក​បាន​ចោទ​ជា​សំណួរ​ថា តើ​មនុស្ស​អាច​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ផែនការ​នៃ​គម្រោង​សម្លាប់​មនុស្ស​ដោយ​រង្គាល​បាន​ដោយ​របៀបណា? លោក​បន្តថា វា​ជា​រឿង​ងាយស្រួល​ណាស់​ក្នុងការ​ចាត់ទុក​មនុស្ស​ថា មាន​បញ្ហា​សតិអារម្មណ៍​គួរ​ឲ្យ​ក្លាច ឬ​សាហាវ​ព្រៃផ្សៃ។ ក៏ប៉ុន្តែ អ្នក​ត្រូវតែ​ព្យាយាម​រក​ដំណោះស្រាយ​តាមរយៈ​ភាព​ជា​មនុស្ស​របស់​ជន​ប្រភេទនោះ។

នៅ​មុន​បញ្ចប់​អត្ថបទ កាសែត​ ឌឹ ញ៉ូវយ៉ក ថាមស៍ បាន​ស្រង់​ប្រសាសន៍​ប្រវត្តិវិទូ​អំពី​កម្ពុជា លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) អ្នកនិពន្ធ​សៀវភៅ «សំឡេង​ពីគុក ស២១៖ ទារុណកម្ម និង​ប្រវត្តិ​គុក​សម្ងាត់​របស់​ប៉ុលពត»។ លោក ដេវិឌ ឆាណ្ឌល័រ កត់សម្គាល់​ថា ដោយ​មិន​គិត​ពី​បទឧក្រិដ្ឋ​ដែល ឌុច បាន​ប្រព្រឹត្តិ ឌុច គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​ចំណោម​ចុង​ចម្លើយ​៥​នាក់ ដែល​បាន​សារភាព​ទទួលស្គាល់​កំហុស​របស់​ខ្លួន។ លោកថា ឌុច គឺជា​មនុស្ស​ដែល​បាន​គិត​ពី​ទោស​កំហុស​ទាំងនេះ ហើយ​បាន​ប្រឈមមុខ​នឹង​បញ្ហានេះ​មួយ​ចំនួន។ លោកថា ឌុច គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​កាត់ទោស រីឯ​អ្នកដទៃផ្សេងទៀត សុទ្ធសឹង​តែ​ជា​បិសាច។

រីឯ​កាសែត​ ឌឹ វ៉ាស៊ីនតុន ផុស្តិ៍ (The Washington Post) បាន​ឧទ្ទិស​ទំព័រ​ដំណឹង​មរណភាព​ដោយ​ផ្តោត​លើ​រឿងរ៉ាវ​របស់​ ឌុច អម​ដោយ​រូបថត​ក្នុង​ពេល​ដែល​លោក​ឈ​ក្នុង​រង្វង់​ក្រចក​សេស​នៅ​ពេល​កាត់ក្តី​នៅឯ​សាលាក្តី​ខ្មែរ​ក្រហម។ កាសែត​បាន​ស្រង់​សម្តី ឌុច សារភាព​ក្នុង​ពេល​កាត់ក្តី​ថា លោក​តែ​ឯង​ម្នាក់​គត់​សូម​ទទួល​ខុសត្រូវ​ចំពោះ​ករណី​សម្លាប់​ជីវិត​មនុស្ស​ចំនួន ១២.៣៨០ នាក់។ ឌុច ​បន្តថា លោក​នៅ​តែ​ចង់​សុំទោស​ជា​រៀងរហូត​​ចំពោះ​ព្រលឹង​អ្នក​ដែល​ស្លាប់​ទៅ។ កាសែត​បន្ត​អត្ថបទ​របស់​ខ្លួន ដោយ​បាន​ស្រង់​សម្តី ឌុច ​ចេញ​ពី​ខ្សែ​អាត់​វីដេអូ​មួយ ដែល​ត្រូវ​តុលាការ​ខ្មែរ​ក្រហម​យក​មក​ចាក់​ផ្សាយ​ក្នុង​ពេល​សវនាការ ដែល​វីដេអូ​នោះ​បាន​ថត​សកម្មភាព ឌុច ត្រូវ​បាន​ព្រះរាជអាជ្ញា នាំ​ទៅ​មើល​គុកទួលស្លែង​ កាលពី​ឆ្នាំ២០០៨ ក្នុងពេល​ដែល​លោក​កំពុង​ជាប់ឃុំ​មិន​ទាន់​កាត់ទោស​នៅឡើយ។ គឺ​ពេល​នោះ​ហើយ​ដែល ឌុច និយាយ​ថា ក្នុង​ខ្លួន​លោក​ពោរពេញ​ដោយ​វិប្បដិសារី។ លោកថា ក្នុងនាម​ជា​មេគុក​ស២១ លោក​បាន​ចូលរួម​ចំណែក​ក្នុង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

ដោយឡែក​ភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ (Reuters) របស់​អង់គ្លេស​សរសេរ​ថា សម្រាប់​អ្នក​ដែល​នៅ​រស់រាន​ពី​របប​ខ្មែរក្រហម​ដ៏​ឃោរឃៅ ការស្លាប់​របស់​មេ​ពេជ្ឈឃាដ និង​មេ​សន្តិសុខ ដែល​ត្រូវ​គេ​ស្គាល់ថា ជា​សមមិត្ត ឌុច បាន​នាំ​មក​នូវ​យុត្តិធម៌​បន្តិច​បន្តួច​ចំពោះ​ការសោកសៅ​ដ៏​យូរ​លង់របស់​ពួកគេ។ សារព័ត៌មាន​នេះ បាន​ស្រង់​ប្រសាសន៍​លោក នង ចាន់ផល ដែល​ជា​អ្នករស់រាន​មួយរូប​ពី​គុក​ទួលស្លែង ថា លោក​មាន​អារម្មណ៍​ធូរស្រាល​ដែល​លោក​ទទួលបាន​យុត្តិធម៌​ខ្លះ។ រ៉យទ័រ បន្ត​ដោយ​ស្រង់​ប្រសាសន៍​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បាន​និយាយថា ការស្លាប់​របស់ ឌុច នាំ​មកនូវ​យុត្តិធម៌​ខ្លះ​ដល់​អ្នក​ដែល​នៅ​រស់ និង​ថា ប្រហែល​ជា​អ្នក​ដែល​បាន​ស្លាប់​ទៅ​អាច​ស្ងប់ចិត្ត​បាន។

ត្រលប់​ទៅ​មើល​កាសែត ឌឹ ញ៉ូវយ៉ក ថាមស៍ វិញ កាសែត​នេះ​បាន​សរសេរ​មុន​នឹង​ឈាន​ទៅ​បិទបញ្ចប់​អត្ថបទ​របស់​ខ្លួន​អំពី​ការស្លាប់​របស់ ឌុច ថា ឌុច​ ធ្លាប់​បាន​និយាយ​ថា លោក​មាន​កូន ៤នាក់ ​ក៏​ប៉ុន្តែ គ្មាន​នរណា​ដឹងឮ​អំពី​ព័ត៌មាន​នៃ​កូនៗ​របស់ ឌុច ទាំងនោះ​ឡើយ។ រីឯ ប្រពន្ធ​របស់​លោក​វិញ ត្រូវ​គេ​រាយការណ៍​ថា បាន​ស្លាប់​ក្នុង​អំពើ​ប្លន់​មួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល