អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី១៦ ខែកុម្ភៈ បន្តធ្វើសវនាការលើបណ្ដឹងសាទុក្ខរបស់ជនចាប់ចោទ នួន ជា និង ខៀវ សំផន នៅក្នុងសំណុំរឿង ០០២ វគ្គ ១។ សវនាការនេះ គឺជាសវនាការបន្តឡើងវិញ បន្ទាប់ពីបានផ្អាក ២លើក ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥។
សវនាការនៅថ្ងៃទី១៦ ខែកុម្ភៈ អង្គជំនុំជម្រះរបស់តុលាការកំពូល ផ្ដោតជាសំខាន់លើការស្ដាប់ភាគីជនជាប់ចោទ និងភាគីសហព្រះរាជអាជ្ញា ផ្ដល់ហេតុផលក្នុងបណ្ដឹងសាទុក្ខនេះ។
សវនាការនេះ គឺជាការដេញដោលគ្នារវាងភាគីទាំងពីរ លើកឡើងអំពីហេតុផលច្បាប់ ទាក់ទងនឹងភាពត្រឹមត្រូវនៃដំណើរការនីតិវិធីរបស់សាលាដំបូង និងអំពីធម្មនុញ្ញភាព ឬភាពស្របតាមវិធានផ្ទៃក្នុងនៃសាលាក្ដីខ្មែរក្រហម។
មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន លោក គង់ សំអុន ថ្លែងប្រាប់អង្គជំនុំជម្រះតុលាការកំពូល ថា សវនាការនៅសាលាដំបូង ជានីតិវិធីដែលធ្វើឱ្យមើលឃើញថា កូនក្ដីលោកបានទទួលការកាត់សេចក្ដីប្រកបដោយភាពយុត្តិធម៌ ដូចមានចែងការពារក្នុងច្បាប់។ ប៉ុន្តែលោកចាត់ទុកថា នោះជារូបភាពសម្បកក្រៅប៉ុណ្ណោះ៖ «បើមើលពីសម្បកក្រៅ លោក ខៀវ សំផន បានទទួលការការពារដូច្នោះមែន គឺដោយសារតែលោកមានមេធាវីការពារជូន។ សេណារីយ៉ូ (Scenario) ដូចគ្នានេះដែរ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន គ្រាន់តែជាសម្បកក្រៅឱ្យរបបនេះតែប៉ុណ្ណោះ។ ចំណែកយើងជាមេធាវី ក៏ជាសម្បកក្រៅ ដើម្បីផ្ដល់ទំនុកចិត្តដល់តុលាការនេះដូចគ្នាដែរ។ តាមការពិត ចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងមិនដែលមានបំណងផ្ដល់អ្វីដល់មេធាវីយើងក្រៅពីតួនាទីសម្រាប់លម្អ ដែលគ្រាន់តែជាសម្បកក្រៅនោះឡើយ។ ជាពិសេស គឺមិនទុកឱ្យយើងបំពេញតួនាទីជាមេធាវីការពារក្ដីរបស់ជនជាប់ចោទប្រកបដោយប្រសិទ្ធភាពនោះទេ»។
ក្រុមមេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន យល់ឃើញថា ការកាត់សេចក្ដីរបស់សាលាដំបូង គឺជាការផ្ដន្ទាទោសគ្រោងទុកជាមុន ដែលគិតថា កូនក្ដីខ្លួនមានទោសរួចទៅហើយ។ ក្រុមមេធាវីនេះបន្តថា សាលាដំបូងមិនបានគិតគូរអំពីភស្តុតាងដែលមានភាពសង្ស័យទេ គឺធ្វើយ៉ាងណាផ្ដន្ទាទោសឱ្យខាងតែបាន មុនពេលជនជាប់ចោទ ខៀវ សំផន ស្លាប់។
ភាគីសហព្រះរាជអាជ្ញា អ្នកស្រី ជា លាង ឆ្លើយតបថា ការកាត់សេចក្ដីរបស់សាលាដំបូងចំពោះជនជាប់ចោទ នួន ជា និង ខៀវ សំផន ត្រឹមត្រូវ ហើយថា ក្រុមមេធាវីទេ ដែលមិនបានបង្ហាញភស្តុតាងរឹងមាំធ្វើឱ្យសំណុំរឿងរបស់ខ្លួនខ្សោយ៖ «មេធាវីការពារក្ដីបានខកខាន គឺមិនមែនព្រោះតែអង្គជំនុំជម្រះសាលាដំបូងមិនមានយុត្តិធម៌នោះទេ គឺពីព្រោះតែភស្តុតាងដែលបានដាក់បង្ហាញថា ឧក្រិដ្ឋកម្មទាំងនេះត្រូវបានប្រព្រឹត្ត ហើយថា ទាំង នួន ជា និង ខៀវ សំផន បានដើរតួនាទីសំខាន់ធ្វើឱ្យពួកគាត់ទទួលខុសត្រូវខាងព្រហ្មទណ្ឌចំពោះការឈឺចាប់ ដែលបានកើតឡើងមកនេះ។ ការជំនុំជម្រះពួកគាត់ គឺមានលក្ខណៈត្រឹមត្រូវ ហើយការវិនិច្ឆ័យសេចក្ដីឱ្យពួកគាត់ជាប់ទោស គឺបានធ្វើឡើងដោយមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់»។
ក្រុមមេធាវីការពារក្ដីក៏ជំទាស់ដែរ អំពីការយកឯកសាររបស់សាក្សី ឬអ្នកសរសេរខ្លះ ដោយមិនឡើងមកផ្ដល់សក្ខីកម្មនៅចំពោះមុខអង្គជំនុំជម្រះ។ ក្រុមមេធាវីការពារក្ដីជនជាប់ចោទសុំឱ្យអង្គជំនុំជម្រះតុលាការកំពូល ច្រានចោលសាលក្រមរបស់សាលាដំបូង។
សំណុំរឿង ០០២ វគ្គ ១ ត្រូវបានសាលាដំបូងចាប់ផ្ដើមជំនុំជម្រះនៅខែវិច្ឆិកា ឆ្នាំ២០១១ ហើយបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ សាលាដំបូងចេញសាលក្រមដាក់ពន្ធនាគារជនជាប់ចោទ នួន ជា និង ខៀវ សំផន អស់មួយជីវិត ដោយរកឃើញថា ជនជាប់ចោទទទួលខុសត្រូវចំពោះបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងការជម្លៀសពលរដ្ឋដោយបង្ខំ និងការសម្លាប់ទាហាន និងមន្ត្រីរដ្ឋការរបប លន់ នល់ ចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩។ ជនជាប់ចោទទាំងពីរ បានដាក់សារណាប្ដឹងសាទុក្ខ ៣៧៣ទំព័រមកតុលាការកំពូល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ជំទាស់នឹងសាលក្រមសាលាដំបូង។ តុលាការកំពូលនឹងបន្តសវនាការលើបណ្ដឹងសាទុក្ខនេះទៀត នៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។