អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហមលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នូវមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាថ្មីម្ដងទៀត បន្ទាប់ពីលោកមានអាការៈថប់ដង្ហើមខ្លាំង។
ប្រធានពន្ធនាគារខេត្តកណ្ដាលលោក ចាត ស៊ីនាង ប្រាប់អាស៊ីសេរីថា ដំបូងឡើយមន្ត្រីពន្ធនាគារបានបញ្ជូនលោក កាំង ហ្កេកអ៊ាវ ទៅសង្គ្រោះបន្ទាន់នូវមន្ទីរពេទ្យបង្អែកជ័យជម្នះក្រុងតាខ្មៅ កាលពីថ្ងៃទី៣១ ខែសីហា ប៉ុន្តែដោយសារស្ថានភាពទណ្ឌិតរូបនេះ នៅតែធ្ងន់ធ្ងរទើបបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យរុស្ស៊ីទាំងយប់ នៅថ្ងៃដដែល។
លោក ចាត ស៊ីនាង បញ្ជាក់ថា លោក កាំង ហ្កេកអ៊ាវ មានអាការៈថប់ដង្ហើមខ្លាំង ខណៈលោកកំពុងមានវ័យចាស់ជរាស្រាប់។ ទោះជាយ៉ាងណាក្ដី ប្រធានពន្ធនាគារខេត្តកណ្ដាលរូបនេះ នៅមិនទាន់ អាចវាយតម្លៃបានថា លោក កាំង ហ្កេកអ៊ាវ ត្រូវការសម្រាកព្យាបាលរយៈពេលយូរប៉ុណ្ណានោះទេ៖ «រាល់ថ្ងៃនៅក្នុងពន្ធនាគារនេះ គឺគាត់មានបន្ទប់របស់គាត់មួយឲ្យគាត់ស្នាក់នៅម្នាក់ឯង ហើយដែលយើងអត់ឲ្យនរណាទៅប៉ះពាល់គាត់ទេ។ ដូច្នេះគាត់ងើបទៅបត់ជើង និងងើបទៅងូតទឹកអីដោយខ្លួនឯងជាធម្មតា ប៉ុន្តែគ្រាន់តែអាការៈគាត់ គឺហត់តែប៉ុណ្ណឹងទេ។ ឮថា បេះដូងមិនដឹង សួតមិនដឹងទេ។ ពេលហត់ម្តងៗ ដូចលើកមុនអីនឹង គឺយើងឃើញថា មិនសង្ឃឹមទេ តែដល់ហើយមកវិញរាប់ខែអ៊ីចឹងទៅ។ ដូច្នេះយើងមិនហ៊ានថាដែរ»។
លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលឆ្នាំនេះមានអាយុ ៧៨ឆ្នាំ ត្រូវបានចាប់ឃុំខ្លួនតាំងពីឆ្នាំ១៩៩៩ ដោយតុលាការកម្ពុជា។ ក្រោយមកទើបលោកត្រូវបានគេយកមកឃុំខ្លួននៅសាលាក្ដីខ្មែរក្រហម និងត្រូវបានតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម កាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយសារតែការទទួលខុសត្រូវខ្ពស់បំផុតរបស់លោកជាប្រធានគុកទួលស្លែង ឬមន្ទីរស-២១ ចន្លោះពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩។ គុកទួលស្លែង ឬមន្ទីរ ស-២១ នៅក្នុងរយៈពេលនោះ មានអ្នកទោសជាង ១ម៉ឺន ២ពាន់នាក់ ត្រូវបានគេយកទៅឃុំឃាំងធ្វើទារុណកម្ម សួរចម្លើយ រួចហើយភាគច្រើនបំផុតយកទៅសម្លាប់ចោលនៅតំបន់ជើងឯកជាយក្រុងភ្នំពេញ។
រហូតមកដល់ពេលនេះ លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច បានជាប់ពន្ធនាគាររយៈពេល ២១ឆ្នាំហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។