អតីតយោធាខ្មែរក្រហមមួយចំនួននៅតំបន់ប៉ៃលិន និងនៅអន្លង់វែង លើកឡើងថាការស្លាប់របស់លោក ហ្កាំង ហ្កេចអ៊ាវ ហៅឌុច នឹងធ្វើអោយព្រលឹងជនរងគ្រោះជាង១ម៉ឺននាក់
ដែលស្លាប់នៅមន្ទីរស២១ បានស្ងប់ចិត្តដោយសារតែឌុច បានធ្វើតាមបញ្ជាមេដឹកនាំជាន់ខ្ពស់នៅក្នុងរបបខ្មែរក្រហម ក្នុងការសម្លាប់អ្នកទោសដែលបានជាប់ឃុំ។
អតីតយោធាខ្មែរក្រហមមួយចំនួននៅតំបន់ប៉ៃលិន និងនៅអន្លង់វែង លើកឡើងថាការស្លាប់របស់លោក ហ្កាំង ហ្កេចអ៊ាវ ហៅឌុច នឹងធ្វើអោយព្រលឹងជនរងគ្រោះជាង១ម៉ឺននាក់ដែលស្លាប់នៅមន្ទីរស២១ បានស្ងប់ចិត្តដោយសារតែឌុច បានធ្វើតាមបញ្ជាមេដឹកនាំជាន់ខ្ពស់នៅក្នុងរបបខ្មែរក្រហម ក្នុងការសម្លាប់អ្នកទោសដែលបានជាប់ឃុំ។
មន្ត្រីយោធាជាន់ខ្ពស់របស់អតីត ខ្មែរក្រហមមួយចំនួនអះអាងថា ពួកគេមិនគាំទ្រចំពោះទង្វើ របស់លោក ឌុច នៅពេលដែលលោកជាអ្នកទទួលខុសត្រូវកំពូលមួយរូបក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
អតីតអ្នកថតរូបនៅគុក ទួលស្លែង លោក ញ៉ែម អេន បញ្ជាក់ថា មរណភាពលោកឌុច នឹងបានធ្វើអោយព្រលឹងជនរងគ្រោះបានស្ងប់ចិត្ត បើទោះបីជាលោក ឌុច ជាប់ពាក់ព័ន្ធនឹងការសម្លាប់អ្នកទោសនៅគុគទួលស្លែងយ៉ាងណាក៏ដោយ។
លោកនិយាយថា ការសម្លាប់អ្នកទោសនៅមន្ទីរស ២១ ក្នុងអំឡុងពេលរបបខ្មែរក្រហមគឺលោក ឌុច ធ្វើតាមបញ្ជាមនុស្សបីនាក់គឺ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ស៊ុន សេន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោកអៀង សារី និង អតីតប្រធានរដ្ឋសភា គឺលោក នួន ជា។លោកនិយាយថា តាមអ្វីដែលលោកបានដឹងមានឆ្នាំសន្តិសុខចំនួនជាង៥០០នាក់ត្រូវលោក ឌុច បញ្ជាអោយយកទៅសម្លាប់នៅវាលពិឃាដបឹងជើងឯងដោយចោទថា ជាចារកម្មស៊ី អាយ អេ(CIA) របស់អាមេរិក និងធ្វេសប្រហែសក្នុងពេលបំពេញការងាររបស់ខ្លួន។
«ពីព្រោះតាឌុច នេះនៅគុគទួលស្លែងគេធ្វើតាមបញ្ជារបស់គេទេ។ដូច្នេះដូចខ្ញុំជម្រាបជូនបងប្អូនអញ្ចឹង បើសិនជាលោកឌុច អ្នកធ្វើគឺមានដូចលោក ឌុច ១០០ នាក់ និង១ពាន់អ្នកទៀតដែលជាអ្នកធ្វើ»។
អតីតប្រធានមន្ទីរស២១ ឬគុកទួលស្លែង លោក កាំង ហ្កេចអ៊ាវ ហៅឌុច ដែលមានទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម ហើយត្រូវជាប់ពន្ធនាគារអស់មួយជីវិតនោះ មានប្រវត្តិអាថ៌កំបាំងជាច្រើន។
ឌុច ដែលបានប្រែក្លាយពីគ្រូបង្រៀនទៅជាមេពេជ្ឈឃាដ ដឹកនាំការសម្លាប់មនុស្សយ៉ាងរង្គាលមា្នក់ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នោះ បានទទួល មរណភាព ការពីថ្ងៃទី២ កញ្ញា ២០២០ ក្នុងវ័យ៧៨ឆ្នាំ ដោយរាគាពាធ។
អតីតមេបញ្ជាការកងពលធំ៤១៥ និងជាអភិបាលក្រុងប៉ៃលិនលោក អ៊ី ឈាន មានប្រសាសន៍ថា ក្រុមអតីតខ្មែរក្រហម មិនសូវចាប់អារម្ភ និងមរណភាពរបស់ លោក កាំង ហ្កេចអ៊ាវ ទេដោយសារតែតុលាការខ្មែរក្រហមបានកាត់ទោសលោករួចហើយ។
លោកបន្ថែមថា មរណភាពនេះនឹងបិទបញ្ចប់សំណុំរឿងពាក់ព័ន្ធនឹងលោក ឌុច ហើយក៏អាចធ្វើអោយសាច់ញាត្តិជនរងគ្រោះខ្លះបានស្ងប់ចិត្តផងដែរ។
«រឿងរ៉ាវ វាចប់ត្រឹមនឹងអត់មានជីវិតហ្នឹងហើយ។បើទោះបីជាអ្នកដឹងរឿង ដឹងរ៉ាវយ៉ាងម៉េចក៍ដោយ។ប៉ុន្តែបើគាត់ស្លាប់ទៅហើយ គឺវាចប់ហើយ។បើអ្នកណាដឹងរឿងរ៉ាវ តទៅទៀតអាហ្នឹងជារឿងផ្សេងទេ។តែបើរឿងបុគ្គល វាមានអ្វីទៅពាក់ព័ន្ធអ្វីទៀត។»
ចំណែក អតីតមេបញ្ជាការកងពលលេខ៤៥០ នៅតំបន់ម៉ាឡៃ និងជារដ្ឋលេខាធិការក្រសួងការពារជាតិលោក សុខ ភាព មានប្រសាសន៍ថា លោកមិនដែលមានទំនាក់ទំនងជាមួយលោក ឌុច ទេក្នុងអំឡុងពេលរបបខ្មែរក្រហម។លោកថា អ្វីដែលលោកបានឭចម្លើយសារភាពរបស់លោក ឌុច នៅសាលាក្តីខ្មែរ ក្រហម ហាក់ដូចជាគ្រប់គ្រាន់ហើយចំពោះទង្វើដែលធ្លាប់ធ្វើកន្លងមក។ដូច្នេះលោកមិនមានអ្វីសោកស្តាយទេ ដោយសារតែការស្លាប់គឺជាជំងឺរបស់មនុស្សចាស់។
«តុលាការកាត់ទោស គាត់អស់ចិត្ត អស់ចង់ល្មមគ្រប់គ្រាន់ ហើយសាក្សីហ្នឹង។ការបាត់បង់ហ្នឹងធម្មតាជីវិត មនុស្សយើងអ្នកណា ក៏ដូចអ្នក ណាដែរ ដល់ថ្ងៃស្លាប់ៗដូចតែគ្នា»។
ទាក់ទិននឹងមរណភាពរបស់មេគុកទួលស្លែងនេះដែរ អតីតយោធាខ្មែរក្រហម និងជាប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិនៅប៉ៃលិន អ្នកស្រី វ៉ែន ដារ៉ា និយាយថា លោក ឌុច ជាប្រធានមន្ទីរឃុំឃាំងតូចមួយប៉ុណ្ណោះ គឺធ្វើតាមបញ្ជាថ្នាក់ដឹកនាំប៉ុណ្ណោះ។អ្នកស្រីស្នើសុំអោយសាច់ញាតិជនរងគ្រោះទាំងអស់កុំចងគំនុំជាមួយលោក ហ្កាំង ហ្កេចអ៊ាវ តទៅទៀត ដោយសារតែលោកបានស្លាប់ទៅ ហើយៗសាលាក្តីបានកាត់ទោសអោយជាប់ពន្ធនាគារអស់មួយជីវិតផងដែរ។
«ខ្ញុំសូមទោសដល់បងប្អូន ប្រជាពលរដ្ឋផង ហើយយើងចូលរួមគិតទាំងអស់គ្នា។ខ្ញុំនិយាយហ្នឹង វាខុស ឬត្រូវ?ជាធម្មតាទេ របបមួយៗ ធ្វើអ្វីតាមមេបញ្ជា ហ្នឹងឯង។ដូចរាល់ថ្ងៃលោក ហ៊ុន សែន គាត់ថា គាត់នៅពីក្រោមយួន អាហ្នឹងវាចឹង។បើយើងពិនិត្យអោយដល់ទៅ យើងនៅក្រោមយួន ហើយនិងចិនហ្នឹង»។
លោក កាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវបានតុលាការយោធាកម្ពុជាចាប់ឃុំខ្លួនតាំងពីឆ្នាំ១៩៩៩។ លោកត្រូវបានផ្ទេរទៅឃុំខ្លួននៅសាលាក្ដីខ្មែរក្រហម ហើយត្រូវបានតុលាការកំពូលនៃសាលាក្ដីកូនកាត់មួយនេះបានផ្ដន្ទាទោសលោកក្នុងសំណុំរឿងលេខ ០០១ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ពីបទ "ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ" និង "ឧក្រិដ្ឋកម្មសង្គ្រាម" ដែលបានប្រព្រឹត្តឡើងនៅគុកទួលស្លែងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕