មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ចង់ឱ្យជប៉ុនជួយនិយាយប្រាប់សហរដ្ឋអាមេរិកថា របបរបស់លោកចង់មានទំនាក់ទំនងល្អជាមួយអាមេរិក។ លោក ហ៊ុន សែន ថ្លែងបែបនេះ ស្របពេលរបបរបស់លោកកំពុងរងការរិះគន់ថា មាននិន្នាការលម្អៀងខ្លាំងទៅរកប្រទេសចិន ហើយបែរខ្នងដាក់ប្រទេសប្រជាធិបតេយ្យលោកខាងលិច។ អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គម ថ្លែងថា ការសម្រួលទំនាក់ទំនងជាមួយអាមេរិក មិនមែនជារឿងពិបាកនោះឡើយ សំខាន់ឱ្យតែរបបក្រុងភ្នំពេញមានឆន្ទៈពិតប្រាកដក្នុងការធ្វើរឿងនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការវាយតម្លៃថា កម្ពុជាបោះបង់ចោលសហរដ្ឋអាមេរិក ហើយងាកទៅចាប់យកប្រទេសចិននោះ គឺជារឿងខុសទាំងស្រុង។ លោកបញ្ជាក់ថា កម្ពុជានៅតែចង់ធ្វើជាមិត្តល្អរបស់អាមេរិកជានិច្ច ក៏ប៉ុន្តែលោកថា មិត្តភាពល្អនេះក៏ត្រូវរក្សាបាននូវឯករាជ្យ និងអធិបតេយ្យជាតិផងដែរ។ លោក ហ៊ុន សែន អះអាងបែបនេះប្រាប់ទៅប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក តាកាហាស៊ី ហ្វ៊ូមីអាគី (Takahashi Fumiaki) កាលពីរសៀលថ្ងៃទី២៩ ឧសភាកន្លងទៅ។
លោក ហ៊ុន សែន បញ្ជាក់នៅក្នុងហ្វេសប៊ុករបស់លោកថា អតីតមន្ត្រីការទូតជប៉ុនរូបនេះ បានសាកសួរលោកអំពីបញ្ហាអន្តរជាតិមួយចំនួន និងចង់ដឹងអំពីទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិក។ លោកបានប្រាប់ទៅវិញថា កម្ពុជាមិនចង់ធ្វើជាសត្រូវជាមួយប្រទេសណាមួយឡើយ ប៉ុន្តែចង់ធ្វើជាមិត្តជាមួយគ្រប់ប្រទេសទាំងអស់ ក្នុងនោះក៏រួមមានទាំងសហរដ្ឋអាមេរិកផងដែរ។ លោកក៏បានពឹងពាក់លោក តាកាហាស៊ី ហ្វ៊ូមីអាគី (Takahashi Fumiaki) ឱ្យជួយពាំនាំប្រសាសន៍របស់លោកនេះ ប្រាប់ទៅសហរដ្ឋអាមេរិកផងដែរ។
នេះជាករណីមិនធ្លាប់មាន ដែលមេដឹកនាំរបបក្រុងភ្នំពេញ រត់ទៅពឹងមន្ត្រីជប៉ុនឱ្យជួយនិយាយសម្រួលទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ហើយប្រកាសប្រាប់ជាសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងពេលដែលរបបរបស់លោកកំពុងល្អូកល្អិនខ្លាំងជាមួយរបបក្រុងប៉េកាំង។
អ្នកវិភាគនយោបាយបណ្ឌិត មាស នី យល់ថា បើរដ្ឋាភិបាលកម្ពុជាមានឆន្ទៈពិងប្រាកដក្នុងការស្តារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកមែន រដ្ឋាភិបាលគួរតែនិយាយដោយផ្ទាល់តែម្តងទៅតំណាងរដ្ឋាភិបាលអាមេរិកនៅកម្ពុជា គឺតាមរយៈស្ថានទូតអាមេរិកនៅភ្នំពេញ មិនចាំបាច់ទៅពឹងពាក់ប្រទេសដទៃឱ្យជួយនិយាយឱ្យខ្លួននោះទេ។ លោកថា ថ្នាក់ដឹកនាំកម្ពុជាគួរតែប្ដូរទម្លាប់ពីការពឹងបរទេស មកជាការរៀនដោះស្រាយបញ្ហាដោយខ្លួនឯងវិញ ទើបជារឿងត្រឹមត្រូវ។
អ្នកវិភាគរូបនេះ ជឿជាក់ថា ទំនាក់ទំនងកម្ពុជា-អាមេរិក អាចនឹងល្អឡើងវិញបាន លុះត្រាតែរដ្ឋាភិបាលកម្ពុជា ឆ្លើយតបឱ្យមានប្រសិទ្ធភាពទៅនឹងលក្ខខណ្ឌស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ បើពុំដូច្នេះទេ លោកថា ប្រសាសន៍របស់ថ្នាក់ដឹកនាំរដ្ឋាភិបាលនេះ គឺគ្រាន់តែដើម្បីកាត់បន្ថយការរិះគន់រឿងលម្អៀងទៅរកប្រទេសចិនប៉ុណ្ណោះ។ «»
ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិក មានភាពល្អក់កករខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីរបបក្រុងភ្នំពេញបង្ហាញជំហរលម្អៀងខ្លាំងទៅរកប្រទេសចិន។ ម្យ៉ាងវិញទៀត អាមេរិកដែលឱ្យតម្លៃខ្លាំងលើប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ស្រងាកចិត្តជាខ្លាំង ដែលរបបលោក ហ៊ុន សែន គាស់រំលើងគ្រឹះប្រជាធិបតេយ្យ ដែលបានចាក់ឫសគល់នៅកម្ពុជា ជាង២០ ឆ្នាំមកហើយនោះ។ កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺរបបលោក ហ៊ុន សែន បានចោទប្រកាន់ចំៗតែម្ដងថា សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រចលនាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ឬដែលរបបនេះហៅថា ជាផែនការបដិវត្តន៍ពណ៌។
ជាការឆ្លើយតប សហរដ្ឋអាមេរិកបានកាត់ផ្តាច់ជំនួយសំខាន់ៗ ដែលរួមមានជំនួយតាមរយៈកម្មវិធីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចការអភិវឌ្ឍអន្តរជាតិ (USAID) និងកម្មវិធីជំនួយផ្នែកយោធា ដែលធ្លាប់ផ្ដល់ឱ្យរបបលោក ហ៊ុន សែន ក្នុងការជួយកសាងសមត្ថភាពអាជ្ញាធរមូលដ្ឋាន និងកងយោធពលខេមរភូមិន្ទ ព្រមទាំងអគ្គនាយកដ្ឋានពន្ធដារ។ រដ្ឋាភិបាលអាមេរិកបញ្ជាក់ថា ជំនួយទាំងនេះមានតម្លៃជាទឹកប្រាក់ជាង ៨ លានដុល្លារអាមេរិក ហើយការសម្រេចចិត្តនេះ គឺដោយសារពិនិត្យឃើញថា ស្ថាប័នទាំងអស់នោះ សុទ្ធសឹងតែមានជាប់ពាក់ព័ន្ធទៅនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្រៅពីនេះ សមាជិកសភាអាមេរិកជាច្រើនរូប ក៏កំពុងស្នើច្បាប់ដាក់ទណ្ឌកម្មផ្នែកការទូត និងសេដ្ឋកិច្ច បន្ថែមទៀតលើរបបក្រុងភ្នំពេញ ដែលរួមមានការបង្កកទ្រព្យសម្បត្តិលោក ហ៊ុន សែន និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីគ្រាក់ៗផ្សេងទៀតនៃរបបនេះ ជាពិសេសគឺការពិនិត្យមើលឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដែលធ្លាប់ផ្តល់ឱ្យកម្ពុជាផងដែរ។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថ្លែងថា បើរដ្ឋាភិបាលកម្ពុជាមានបំណងស្ដារទំនាក់ទំនងជាមួយអាមេរិកពិតប្រាកដមែននោះ រដ្ឋាភិបាលត្រូវតែចេញសេចក្ដីថ្លែងការណ៍ទទួលស្គាល់ថា សហរដ្ឋអាមេរិកមិនមានជាប់ពាក់ព័ន្ធនឹងរឿងបដិវត្តន៍ពណ៌នោះឡើយ ហើយមន្ត្រីរដ្ឋាភិបាលកម្ពុជា ត្រូវតែបញ្ឈប់ជាបន្ទាន់នូវការការលាបពណ៌បែបប្រឌិតនេះលើសហរដ្ឋអាមេរិក។ បន្តមកទៀត លោកថា រដ្ឋាភិបាលត្រូវតែអនុវត្តតាមលក្ខខណ្ឌស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ តាមការស្នើឡើងរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ លោកជឿជាក់ថា ប្រសិនបើធ្វើបែបនេះបាន នោះទំនាក់ទំនងកម្ពុជា-អាមេរិក នឹងល្អប្រសើរឡើងវិញដោយស្វ័យប្រវត្តិ មិនចាំបាច់លោក ហ៊ុន សែន ទៅពឹងពាក់ជប៉ុន ឱ្យជួយនិយាយជំនួសខ្លួនឡើយ។ «»
អ្នកតាមដានបញ្ហាសង្គមរូបនេះ យល់ថា មូលហេតុដែលលោក ហ៊ុន សែន បង្ហាញជំហរចង់ស្តារទំនាក់ទំនងជាមួយអាមេរិកឡើងវិញនេះ ទំនងជាដោយសារលោកបារម្ភរឿងអាមេរិកដាក់ទណ្ឌកម្មបន្ថែមទៀត ពីព្រោះបច្ចុប្បន្ននេះសមាជិកសភាអាមេរិក កំពុងស្នើច្បាប់ដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលកម្ពុជា។
ក្រុមសមាជិកសភាសហរដ្ឋអាមេរិកធ្លាប់បានវាយតម្លៃថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ របបលោក ហ៊ុន សែន បានបង្កើនការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ដោយបំពាន។ ក្នុងនោះមានជាអាទិ៍ ការដាក់ទោសទណ្ឌអ្នកនយោបាយបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្ស ចាប់ខ្លួនមេបក្សប្រឆាំងដោយចោទប្រកាន់ទាំងស្រពេចស្រពិលពីបទក្បត់ជាតិ រំលាយគណបក្សសង្គ្រោះជាតិ និងបានហាមឃាត់អ្នកនយោបាយបក្សនេះចំនួន ១១៨ នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយទៀតផង។ ពួកគេចាត់ទុក ការវាយបង្ក្រាបទាំងឡាយនេះថា ជាការកាត់ផ្ដាច់ដំណើរការនៃប្រព័ន្ធដឹកនាំតាមបែបប្រជាធិបតេយ្យ ហើយផ្ទុយទៅវិញ គឺជាការបុកគ្រឹះសាងសង់ប្រព័ន្ធដឹកនាំបែបផ្ចង់ៗ ដើម្បីការឱ្យលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។