ពលរដ្ឋជាង២០០គ្រួសារនៅខេត្តព្រះវិហារប្រឈមនឹងអាជ្ញាធរបណ្ដេញចេញ និងកម្ទេចផ្ទះសម្បែងចោល

ដោយ មាន ឫទ្ធិ
2024.06.17
ពលរដ្ឋជាង២០០គ្រួសារនៅខេត្តព្រះវិហារប្រឈមនឹងអាជ្ញាធរបណ្ដេញចេញ និងកម្ទេចផ្ទះសម្បែងចោល អភិបាលខេត្ត​ព្រះវិហារ លោក គីម រិទ្ធី។
រូប៖ ហ្វេសប៊ុកលោក គីម រិទ្ធី

ប្រជាពលរដ្ឋ​រស់​នៅ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ជាង​២០០​គ្រួសារ​កំពុង​ប្រឈម​នឹង​អាជ្ញាធរ​ខេត្ត​ចុះ​បណ្ដេញ​ចេញ និង​កម្ទេច​ផ្ទះ​សម្បែង​ចោល ដោយ​អាជ្ញាធរ​អះអាង​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​ក្នុង​តំបន់​ការពារ។ ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា ពួកគេ​តាំង​ទី​លំនៅ និង​អាស្រ័យផល​នៅ​តំបន់​នោះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក។ មន្ត្រី​សង្គម​ស៊ីវិល ទទូច​ទៅ​អាជ្ញាធរ​ឲ្យ​ធ្វើការ​ដោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​កុំ​ឲ្យ​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​កើត​ឡើង។

ប្រជាពលរដ្ឋ​ក្រីក្រ​ជាង​២០០គ្រួសារ រស់​នៅ​ឃុំ​គូលែនជើង ស្រុក​គូលែន ខេត្ត​ព្រះវិហារ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខេត្ត ដាក់​កំហិត​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​សម្បែង​ចេញ​ភូមិ​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា  ដោយ​ចោទ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ថា បាន​ចូល​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​តំបន់​អភិរក្ស។

ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​គូលែនជើង លោក សួត សែ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា​ថា សមត្ថកិច្ច​ចម្រុះ​ខេត្ត​បាន​កំហិត​ឲ្យ​ប្រជាពលរដ្ឋ រស់​នៅ​ភូមិ​តាយស់ ឃុំ​គូលែនជើង ត្រូវ​រុះរើ​ផ្ទះ​សម្បែង​ចេញ​ពី​តំបន់​នោះ ដោយ​ចោទ​ថា​ពលរដ្ឋ​ទាំង​នោះ សាងសង់​ផ្ទះ​និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុស​ច្បាប់។ លោក​បន្ថែម​ថា ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​តំបន់​នោះ បាន​តាំង​ទី​លំនៅ​ចាប់​ពី​ឆ្នាំ​១៩៩៩​មក និង​មាន​ប្រជាពលរដ្ឋ​ចូល​មក​រស់នៅ និង​អាស្រ័យផល​តំបន់​នោះ​ជា​បន្តបន្ទាប់។ លោក​ថា​ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​សម្រួល​កាត់​ឆ្វៀល​ដី ដែល​ពួកគេ​កំពុង​អាស្រ័យផល​ឲ្យ​ប្រជាពលរដ្ឋ និង​មិន​មាន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ថ្មី​ទៀត​នោះ​ទេ។

លោក សួត សែ៖ «ពួកគាត់​មិន​ចង់​បាន​អ្វី​ឲ្យ​ពួកគាត់​បាន​នៅ​ទី​នោះ ទី១​សុំ​មិន​ឲ្យ​រុះរើ​ផ្ទះ​សម្បែង ទី​២​គឺ​សុំ​បាន​អាស្រ័យផល សុំ​បាន​អាស្រ័យផល​ប៉ុណ្ណឹង ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ខំប្រឹង​ធ្វើ​បាន​តាំង​ពី​យូរ​ណាស់​មក​ហើយ កុំ​ឲ្យ​រុះរើ​ផ្ទះ​សម្បែង​របស់​គាត់ សុំ​អាស្រ័យផល​តែ​ប៉ុណ្ណឹង​គាត់​បាន​សុខ​ហើយ»

ពលរដ្ឋ​លើក​ឡើង​ទៀត​ថា ពួកគេ​បាន​ដាក់​លិខិត​ទៅ​អាជ្ញាធរ​ខេត្ត​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​រួច​ហើយ ប៉ុន្តែ​ដំណោះស្រាយ​យ៉ាង​ណា​នោះ ពួកគេ​មិន​ទាន់​ដឹង​នោះ​ទេ។

ជុំ​វិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​រង​ខេត្ត​ព្រះវិហារ ណុប វុទ្ធី បាន​ទេ​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​លើក​។ ទោះ​ជា​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ បាន​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​គូលែនជើង ស្រុក​គូលែន ខេត្ត​ព្រះវិហារ រុះរើ​ផ្ទះ​សម្បែង និង​ឈប់​ឲ្យ​ប្រជាពលរដ្ឋ​អាស្រ័យផល​បន្ត​ទៀត ប្រសិនបើ​ប្រជាពលរដ្ឋ​ហ៊ាន​ចេញ​តវ៉ា អាជ្ញាធរ​ខេត្ត​នេះ នឹង​ចាត់​វិធានការ​ក្ដៅ​ជាក់​ជា​មិន​ខាន។

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ យល់​ឃើញ​ថា អាជ្ញាធរ​ខេត្ត​ត្រូវ​តែ​ស្វែង​រក​អ្នក​ដែល​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​ចូល​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​តំបន់​ការពារ ដើម្បី​យក​មក​អនុវត្ត​ច្បាប់ គឺ​ជា​រឿង​ចាំបាច់​ដែល​អាជ្ញាធរ​ត្រូវ​អនុវត្ត។ លើស​ពី​នោះ លោក​ថា ប្រសិនបើ​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ​ជិត​១០​ឆ្នាំ​ឬ​ជាង​១០​ឆ្នាំ អាជ្ញាធរ​គួរ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់លាស់ ក្នុង​ការ​កាត់​ឆ្វៀល​ដី​ទាំង​នោះ​ឲ្យ​ពួកគេ​បាន​អាស្រ័យផល ដូច​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​យន្តការ​កន្លង​មក ដើម្បី​ជៀសវាង​មានការ​តវ៉ា​និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​កើត​ឡើង នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ។

លោក ប៉ឹក សោភ័ណ៖ «​អ៊ីចឹង​គួរ​តែ​មាន​ការពិនិត្យ​និង​សើរើ​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ណាមួយ​ឬ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ នេះ​ជា​រឿង​ការ​រំលោភ​សិទ្ធិមនុស្ស​ហើយ​វា​ជា​រូប​ភាព​មួយ​មិន​ល្អ​មើល​ទេ អ៊ីចឹង​ទៅ​គួរ​តែ​មាន​កំណែទម្រង់​ណា​មួយ​កុំ​ឲ្យ​មាន​រូប​ភាព​អាក្រក់​មើល​អ៊ីចឹង​ត​ទៅ​ទៀត»

នេះ​ជា​លើក​ទី​២​ហើយ ដែល​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ ចុះ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ដោយ​បាន​ចោទ​ប្រជាពលរដ្ឋ​ទាំង​អស់​នោះ ចូល​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ ខណៈ​ពលរដ្ឋ​ទាំង​អស់​នោះ ត្រូវ​បាន​អាជ្ញាធរ​ភូមិ​ឃុំ​ទទួល​ស្គាល់។

ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ ដែល​អាជ្ញាធរ​ចុះ​បង្ក្រាប​កន្លង​ទៅ ពលរដ្ឋ​ខ្លះ​ឈឺ​ចាប់​រហូត​ដល់​សម្លាប់​ខ្លួន និង​អ្នក​ខ្លះ​ទៀត​នាំ​គ្នា​រត់​កាត់​ព្រៃ​ឆ្លង​ដែន​ទៅ​ប្រទេស​ជិត​ខាង ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​រក​ប្រាក់​ចិញ្ចឹម​ជីវិត ដោយសារ​តែ​ពួកគេ​មិន​មាន​ដី​ស្រែ​ចម្ការ​សម្រាប់​អាស្រ័យផល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។