ពលរដ្ឋ ២៤គ្រួសារ​នៅ​ខេត្ត​សៀមរាប​ចោទ​អាជ្ញាធរ​អប្សរា​រំលោភ​យក​ដីស្រែ​ចម្ការ​ពួក​គាត់

ដោយ សន ចាន់រដ្ឋា
2021-03-24
Share
ពលរដ្ឋ ២៤គ្រួសារ​នៅ​ខេត្ត​សៀមរាប​ចោទ​អាជ្ញាធរ​អប្សរា​រំលោភ​យក​ដីស្រែ​ចម្ការ​ពួក​គាត់ អ្នកភូមិ​​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប តវ៉ា​ការ​ឈូស​ឆាយ​ដី ដែល​ពួកគាត់អះអាង​ថា ជា​ដី​របស់​ពួក​គាត់។
Provided photo

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ រស់នៅ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​ចោទ អាជ្ញាធរ​អប្សរា​ថា រំលោភ​យក​ដី​ពួក​គាត់​ទំហំ ៩៦ហិកតារ ដើម្បី​បង្កើត​ភូមិ​ធម្មជាតិ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ ក្រុម​ពលរដ្ឋ​ទាំងនោះ​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​អប្សរា​ថា ធ្វើ​បាប​ពលរដ្ឋ​យ៉ាង​អយុត្តិធម៌។

ពលរដ្ឋ ២៤គ្រួសារ​រស់នៅ​ភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយ​ស្រី អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​ឱ្យ​ផ្តល់​ដំណោះស្រាយ​សមរម្យ និង​យុត្តិធម៌​ជូន​ពួក​គាត់។ ពលរដ្ឋ​ទាំង​នោះ​ចោទ​ថា អាជ្ញាធរ​អប្សរា​បាន​បំពាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ស្រប​ច្បាប់​របស់​ពួក​គាត់​ជិត ១០ឆ្នាំ​មក​ហើយ។

តំណាង​ពលរដ្ឋ​លោក នឿម សាណន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៤ មីនា​ថា ដី​ដែល​មាន​ជម្លោះ​នោះ ជា​ដី​កេរ​ឪពុក​ម្ដាយ​របស់​អ្នក​ភូមិ ដែល​អាស្រ័យ​ផល​ជាង ៤០ឆ្នាំ​មក​ហើយ។ លោក​ថា អាជ្ញាធរ​បាន​បញ្ជូន​គ្រឿងចក្រ​ជាច្រើន​គ្រឿង ឈូស​ឆាយ​ដី​នោះ​ជាង ១ខែ​មក​ហើយ ដោយ​ពុំបាន​ផ្តល់​សំណង​ត្រឹមត្រូវ​នោះ​ទេ។ លោក​បន្ត​ថា ពលរដ្ឋ​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្រុក និង​ខេត្ត តែ​គ្មាន​ដំណោះស្រាយ​សមរម្យ​ទេ ធ្វើ​ឱ្យ​ជម្លោះ​ដីធ្លី​នេះ​ត្រូវ​អូស​បន្លាយពេល​ជាច្រើន​ឆ្នាំ​មក​ដល់​ពេល​នេះ។ លោក​បញ្ជាក់​ថា ដី​នោះ​ជា​អាយុ​ជីវិត​របស់​ពលរដ្ឋ​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត ហើយ​បើ​អាជ្ញាធរ​មិន​ដោះ​ស្រាយ​ទេ ពួក​គាត់​នឹង​បាត់បង់​ទី​កន្លែង​អាស្រ័យផល​ទាំង​ស្រុង៖ «ទាមទារ​ឱ្យ​ឆ្វៀល​ដី​មួយ​កន្លែង ទៅ​ដាក់​កន្លែង​ណា​មួយ​ទៀត​ឱ្យ​ពួក​គាត់ ដើម្បី​ពួក​គាត់​បាន​អាស្រ័យ​ផល​ត​ទៅ​ទៀត។ ដី​នៅ​តំបន់​ដដែល​មាន​ន័យ​ថា ក្នុង​តំបន់ ដែល​គេ​អភិវឌ្ឍន៍​ទំហំ ១ពាន់​ហិកតារ​ជាង ឆ្វៀល​កន្លែង​ណា​មួយ​ទៅ​ក្នុង​តំបន់​ហ្នឹង​ដដែល»

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់ លោក ហ៊ុប តូច វ័យ ៦០ឆ្នាំ​ត្អូញ​ថា គ្រួសារ​លោក​មាន​ដី ៩ហិកតារ ត្រូវ​បាន​អាជ្ញាធរ​អប្សរា​រំលោភ​យក​ទាំង​ស្រុង តាំងពី​ឆ្នាំ២០១៤។ លោក​ថា គ្រួសារ​លោក​បាន​អាស្រ័យ​ផល​ដី​នោះ​ជាង ៤០ឆ្នាំ​មក​ហើយ និង​មាន​លិខិត​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ/ឃុំ​ទៀត​ផង។ មក​ទល់​ពេល​នេះ លោក​មិន​អាច​ចូល​ទៅ​អាស្រ័យផល​លើ​ដី​តំបន់​នោះ​បាន​ទេ បណ្ដាល​ឱ្យ​ប៉ះពាល់​ជីវភាព​គ្រួសារ​ធ្ងន់ធ្ងរ។ លោក​ត្អូញ​ថា កូនៗ របស់​លោក ២នាក់​ហើយ បាន​បង្ខំ​ចិត្ត​ឈប់​រៀន​ដោយ​សារ​តែ​ជម្លោះ​ដីធ្លី​នេះ៖ «ដូច​គេ​ហ៊ុមព័ទ្ធ​គេ​យក​ទាំង​អស់ គេ​អត់​ឱ្យ​យើង​ចូល​ធ្វើ​ស្រែ​ចម្ការ​ប៉ះពាល់​មិន​ដឹង​អន្តរាគមន៍​ទៅ​ណា បើ​អាជ្ញាធរ​គេ​និយាយ​ថា អ្នក​ប្រឆាំង​ទៅ​វិញ»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល និង​អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៤ មីនា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា អ្នក​ភូមិ​ថា អាជ្ញាធរ​អប្សរា បាន​ផ្តល់​ដំណោះស្រាយ​ចុង​ក្រោយ​មួយ ដោយ​ផ្តល់​សំណង​ជូន​ពលរដ្ឋ​ទាំង ២៤គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​ក្បាល ២០ម៉ែត្រ​ទទឹង ៣០ម៉ែត្រ ក៏​ប៉ុន្តែ​ពលរដ្ឋ​បាន​បដិសេធ។ ក្រុម​ពលរដ្ឋ​ទាមទារ​ដី​របស់​ពួក​គាត់​ទាំង​មូល​មក​វិញ ឬ​ចង់​ឱ្យ​អាជ្ញាធរ​ឆ្វៀល​ដី​ទំហំ ៩៦ហិកតារ​ពី​គម្រោង​អភិវឌ្ឍន៍​ខ្នាត​ធំ​នេះ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្ត​សៀមរាប លោក សួស ណារិន ទទួល​ស្គាល់​ថា ដី​តំបន់​នោះ​ពលរដ្ឋ​បាន​កាន់កាប់​តាំង​ពី​ឆ្នាំ១៩៧៩។ លោក​ថា អាជ្ញាធរ​អប្សរា​បាន​ឈូស​ឆាយ​ដី​ទាំង​នោះ​ដោយ​ពុំ​បាន​ផ្តល់​សំណង​សមរម្យ និង​យុត្តិធម៌​នោះ គឺជា​ទង្វើ​រំលោភ​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់​ពលរដ្ឋ។ លោក​យល់​ថា អាជ្ញាធរ​អប្សរា គួរ​តែ​កាត់​ឆ្វៀល​ដី​តំបន់​នោះ​ជូន​ពលរដ្ឋ ឬ​ផ្តល់​សំណង​សមរម្យ​ដល់​ពួក​គាត់៖ «ឈូស​ឆាយ​យក​របស់​គាត់ ដោយ​ពុំ​មាន​ផ្តល់​សំណង​សមរម្យ និង​យុត្តិធម៌ អាដហុក​ចាត់​ទុក​ថា ជា​ការ​រំលោភ​លើ​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់​ពួក​គាត់ ទោះ​បី​ពួក​គាត់​ពុំ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ក៏ដោយ ក៏​យើង​ទទួល​ស្គាល់​ថា អាជ្ញាធរ​ភូមិ/ឃុំ បាន​ដឹង​ឮ ទទួល​ស្គាល់​ថា ពិត​ជា​ដី​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ​មែន»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ដី​មាន​ជម្លោះ​នោះ​អាជ្ញាធរ​អប្សរា​មាន​គម្រោង​បង្កើត​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដែល​ក្នុង​នោះ​រួម​មាន​សួន​បុប្ផា លំនៅឋាន កន្លែង​លម្ហែ​កាយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។ រីឯ​អាជ្ញាធរ​ខេត្ត​សៀមរាប​វិញ លោក​ថា អាជ្ញាធរ​មាន​ផែនការ​យក​ដី​មាន​ជម្លោះ​នោះ​ផ្តល់​ជា​ដីសម្បទាន​សង្គមកិច្ច​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​ជា​ច្រើន​គ្រួសារ ដែល​កំពុង​រស់នៅ​ខុស​ច្បាប់ តាម​បណ្ដោយ​មាត់​ស្ទឹង​សៀមរាប ក្នុង​ក្រុង​សៀមរាប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល