ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​ភ្នំ​ដោះ​ក្រមុំ ខេត្ត​មណ្ឌលគិរី​មាន​ភាព​ចម្រូងចម្រាស

ដោយ មួង ណារ៉េត
2019-12-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​មន្ត្រី​ជំនាញ​ខេត្ត​មណ្ឌលគិរី វាស់​វែង​កំណត់​ព្រំ​ប្រទល់​ដី មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​ភ្នំ​ដោះ​ក្រមុំ  កាល​ពី​ថ្ងៃ​ទី៥ ធ្នូ ២០១៩។
ទិដ្ឋភាព​មន្ត្រី​ជំនាញ​ខេត្ត​មណ្ឌលគិរី វាស់​វែង​កំណត់​ព្រំ​ប្រទល់​ដី មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​ភ្នំ​ដោះ​ក្រមុំ កាល​ពី​ថ្ងៃ​ទី៥ ធ្នូ ២០១៩។
រូប៖ សហគមន៍

សហគមន៍​ជនជាតិ​ដើម​ភាគតិច ខេត្ត​មណ្ឌលគិរី អះអាង​ថា ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​តំបន់​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ នៅតែ​ឋិត​ក្នុង​ភាព​ចម្រូងចម្រាស​នៅឡើយ​។ ពួកគេ​អះអាង​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត មិន​អនុវត្ត​តាម​បទបញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ ពាក់ព័ន្ធ​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​នេះ។

លេខាធិការដ្ឋាន​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ និង​ជា​សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៧ តុលា ថា មន្ត្រី​ជំនាញ​សុរិយោដី និង​អាជ្ញាធរ​ពាក់ព័ន្ធ មិន​បាន​អនុវត្ត​គោលការណ៍​ណែនាំ របស់​អភិបាលខេត្ត​មណ្ឌលគិរី និង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ ផ្ទុយទៅវិញ​អាជ្ញាធរ​បែរជា កាត់​ឆ្វៀល​គម្រោង​សាងសង់​មន្ទីរ​រដ្ឋ ចំនួន ៣ ចេញពី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ​។ លោក​ថា កន្លង​ទៅ រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​បាន​សម្រេច ដកហូត​ការ​ផ្ដល់​ទីតាំង​ដី​សម្រាប់​សាងសង់ មជ្ឈមណ្ឌល​ស្រាវជ្រាវ​រ៉ែ និង​មន្ទីរ​រដ្ឋ​ចំនួន ៣ ដែល​មាន​ទំហំ​ជាង ៦​ហិកតារ ចេញ​ពី​តំបន់​ភ្នំ​ដោះ​ក្រមុំ៖ «កាលណា​គាត់​ចុះ​ហ្នឹង គាត់​ឆ្វៀល​មានន័យថា ស្មើ​និង​ប្រគល់​ឱ្យ​គេ​ទៅវិញ​។ នេះ​ជា​ចំណុច​មួយ​ដែល​យើង​ទទួលយក​មិនបាន ដោយសារ​អី​បាន​យើង​ទទួលយក​មិនបាន ដោយសារ​ឯកឧត្តម អភិបាលខេត្ត​ថ្មីៗ គាត់​ធ្វើ​លិខិត​មួយ​លុបចោល​គម្រោង​សាងសង់​មន្ទីរ​បី​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី៥ ខែ​ធ្នូ កន្លងទៅ មន្ត្រី​ជំនាញ​សុរិយោដី​ថ្នាក់​ជាតិ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​វាស់វែង​កំណត់​ព្រំប្រទល់​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ភ្នំ​ដោះ​ក្រមុំ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​នេះ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទប់ស្កាត់​ការទន្ទ្រាន​ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ និង​ត្រូវ​រឹបអូស​មកវិញ ហើយ​ត្រូវ​ផ្ដល់​លទ្ធភាព ឱ្យ​អាជ្ញាធរ​រដ្ឋ​ប្រើប្រាស់​ថវិកា​ធ្វើ​របង​ហ៊ុមព័ទ្ធ។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ទេ ដោយ​លោក​រុញ​ឱ្យ​សួរ​ប្រធាន​មន្ទីរ​សុរិយោដី​វិញ។ លោក​ទទួលស្គាល់​ថា កន្លង​ទៅ រដ្ឋបាល​ខេត្ត​បាន​សម្រេច​លុបចោល គម្រោង​សាងសង់​មន្ទីរ ៣ ចេញពី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​នេះ៖ «ខ្ញុំ​អត់​ដឹង​ថា វាស់​របៀប​ម៉េច​ខ្ញុំ​អត់​ដឹង តែ​និរាករណ៍ ហើយ​កាត់​វាស់វែង​ថ្ងៃ​នោះ ខ្ញុំ​អត់​នៅ ឬ​ការ​តវ៉ា​ហ្នឹង​យ៉ាងម៉េច​ខ្ញុំ​អត់​បាន​ចូលរួម​។ ចង់​និយាយ​អ៊ីចឹង ដោយសារ​ខ្ញុំ​ប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ អត់​បាន​ចូលរួម សូម​អធ្យាស្រ័យ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​មន្ទីរ​សុរិយោ​ដី ខេត្ត​មណ្ឌលគិរី លោក ម៉ៅ ចំរើន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី៧ ធ្នូ។

លោក ក្រើង តុលា អះអាង​ថា សហគមន៍​ជនជាតិ​ដើម​ភាគតិច នឹង​ធ្វើ​លិខិត​បដិសេធ លទ្ធផល​នៃ​ការវាស់វែង​របស់​អាជ្ញាធរ​ខេត្ត និង​ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ជា​ថ្មី​ទៀត​។ លោក​ថា នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​តូច ដែល​ទន្ទ្រាន​ដី​ភ្នំ​ដោះ​ក្រមុំ​ធ្វើជា​កម្មសិទ្ធិ​បុគ្គល អាជ្ញាធរ​ហាក់​ស្ទាក់ស្ទើរ​អនុវត្ត​ច្បាប់​ចំពោះ​ករណី​នេះ៖ «យើង​បដិសេធ​លើ​ការ​ចុច គាត់​មិន​ព្រម​ចុច​គាត់​មិន​ព្រម​ចុច​លើ​មន្ទីរ​៣​រ​ហ្នឹង (​មន្ទីរ​រ៉ែ និង​ថាមពល មន្ទីរ​សិប្បកម្ម និង​សិប្បកម្ម និង​មន្ទីរ​ធនធាន​ទឹក​) ហើយ​និង​យាយ ម៉ៅ និង​មេធាវី​មួយ​ហ្នឹង អ៊ីចឹង​យើង​បដិសេធ​ទី​១ ។ ទី​២ យើង​ធ្វើ​លិខិតស្នើ​ទៅ​សម្ដេច​ផ្ទាល់ សូម​ឱ្យ​លុប​តំបន់​ដែល​ទឹក​ស្អាត​ហ្នឹង​ឱ្យ​អស់ ចេញពី​តំបន់​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ហ្នឹង។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី យល់ថា ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​ភ្នំ​ដោះ​ក្រមុំ នៅ​ពុំ​ទាន់​ផ្ដល់​យុត្តិធម៌ ដល់​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​នេះ​នៅ​ឡើយ​ទេ។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​ដោះស្រាយ​រឿង​នេះ ដោយ​គោរព​តាម​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ​កំពូល និង រដ្ឋបាល​ខេត្ត​នេះ​៖ «មាន​ន័យថា បើសិនជា​ការ​ដោះស្រាយ​ដូច្នេះ មាន​ន័យថា ការងារ​ហ្នឹង​នៅតែ​មាន​បញ្ហា​បន្ត​ទៀត វា​ពុំ​អាច​ចប់​នៅ​ឡើយ ហើយ​អាជ្ញាធរ​ខេត្ត​អាច​នឹង​អស់​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​ដោះស្រាយ បញ្ហា​ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ​នេះ​តែម្ដង»

ភ្នំ​ដោះ​ក្រមុំ មាន​ទីតាំងនៅ​កណ្ដាល​ក្រុង​សែន​មនោរម្យ ឋិត​ក្នុង​ភូមិ​ស្វាយចេក សង្កាត់​សុខដុម ខេត្ត​មណ្ឌលគិរី​។ កាលពី​ឆ្នាំ ២០០៤ ទីស្ដីការគណៈរដ្ឋមន្ត្រី​បានសម្រេច​ចាត់​ទុក​តំបន់​ភ្នំ​នេះ​ជា​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​មាន​ទំហំ​ដី​ជាង ១០២​ហិកតារ ហើយ​បច្ចុប្បន្ន​នៅ​សល់តែ ជាង ៨៥ ហិកតារ​(៨៥,៥៦) ប៉ុណ្ណោះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល