ពលរដ្ឋ​ខេត្ត​កោះកុង​ជាង ២​រយ​នាក់ លើក​គ្នា​ឃ្លាំមើល​តំណាង​ពួកគេ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ

ដោយ សុជីវី
2020-11-12
Share
តុលាការ​ខេត្ត​កោះកុង 111220 តំណាង​សហគមន៍​នៅ​ឃុំ​ជីខ​លើ ស្រុក​ស្រែ​អំបិល ៥នាក់ ដែល​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​ខេត្ត​កោះកុង កោះហៅ​ឱ្យ​ចូល​បំភ្លឺ កាល​ពី​ព្រឹក​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ២០២០ រឿង​​​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាលឆ័រ គ្រុប (Heng Huy Agriculture Group) របស់​ឧកញ៉ា ហេង ហ៊ុយ។
រូប៖ ពលរដ្ឋ

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ខេត្ត​កោះកុង​ជាង ២​រយ​នាក់ មក​ពី​សហគមន៍​ចំនួន ៥ តំបន់​ផ្សេងៗ ​គ្នា បាន​លើកគ្នា​ទៅ​ឃ្លាំមើល​តំណាង​ពួកគេ ៥​នាក់ ទៅ​ឆ្លើយ​បំភ្លឺ តាម​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន របស់​តុលាការ​ខេត្ត​នេះ​។ ប្រជា​សហគមន៍​ថា ចៅក្រម​ស៊ើបសួរ លោក ឡោ ក្រឹម បាន​សម្រេច​ឱ្យ​តំណាង​សហគមន៍​ ៥​នាក់​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​។ ពួកគេ​ចាត់​ទុក​សំណុំ​រឿង​នេះ ជា​រឿង​អយុត្តិធម៌។

ប្រជា​សហគមន៍​មាន​ជម្លោះដីធ្លី ៥​នាក់ ក្នុង​​​​ចំណោម​ពលរដ្ឋ ១៩៧​គ្រួសារ ដែល​​​​​មាន​ជម្លោះដីធ្លី ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាលឆ័រ គ្រុប (Heng Huy Agriculture Group) របស់​ឧកញ៉ា ហេង ហ៊ុយ រស់នៅ​ឃុំ​ជីខលើ ស្រុកស្រែ​អំបិល បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​ខេត្ត​កោះកុង​រួចហើយ កាលពី​ព្រឹក​ថ្ងៃ​ទី១២ វិច្ឆិកា ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​បង្ក​ឱ្យ​វឹកវរ​ដល់​សន្តិសុខ​សង្គម។

តំណាង​សហគមន៍ លោកស្រី អ៊ិន ធូ ចាត់​ទុក​ពាក្យ​បណ្តឹង​នេះ ជា​ការ​ដាក់​សម្ពាធ​ផ្លូវចិត្ត និង​គំរាមកំហែង​សេរីភាព មិន​ឱ្យ​តវ៉ា​ទាមទារ​ដីធ្លី ដែល​ត្រូវ​ក្រុមហ៊ុន​របស់​ឧកញ៉ា ហេង ហ៊ុយ រំលោភ​បំពាន​យ៉ាង​អយុត្តិធម៌​ជាច្រើន​ឆ្នាំ​មក​ហើយ​។ លោកស្រី​ថា តំណាង​សហគមន៍​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​ទេ ព្រោះ​សកម្មភាព​របស់​ពលរដ្ឋ​កន្លង​ទៅ គ្រាន់តែ​ប្រើ​សិទ្ធិ​ទាមទារ​ដីធ្លី ចិញ្ចឹម​ជីវិត​តែប៉ុណ្ណោះ​៖ «ខ្ញុំ​ថា​អយុត្តិធម៌​ណាស់​សម្រាប់​រូប​ខ្ញុំ​ផ្ទាល់ និង​ពលរដ្ឋ ១៩៧ ព្រោះ​គាត់​បាត់បង់​ពិតប្រាកដ​មែន​។ ខ្ញុំ​នឹង​មិន​អាច​ថា ដើរ​បង្កាច់​កេរ្តិ៍ និង​បរិហារកេរ្តិ៍​គេ​បានទេ បើ​បុគ្គល​នោះ អត់​យក​ដី ប្លន់​ដី​នាង​ខ្ញុំ​លោកគ្រូ​។ ខ្ញុំ​ថា អយុត្តិធម៌​ណាស់ តុលាការ​អត់​កាត់​ក្តី​ដោយ​យុត្តិធម៌​ទេ»

លោកស្រី អ៊ិន ធូ វ័យ ៥០​ឆ្នាំ បន្ថែម​ថា គ្រួសារ​លោកស្រី​មាន​ដី ៨​ហិកតារ ជា​ដី​កេរ្តិ៍​ឪពុកម្ដាយ ត្រូវ​បាន​ក្រុមហ៊ុន​របស់​ឧកញ៉ា ហេង ហ៊ុយ រំលោភ​យក​ទាំងអស់​តាំងពី​ឆ្នាំ​២០០៧ មក​ទល់​ពេល​នេះ មិន​ត្រឹមតែ​គ្មាន​ដំណោះស្រាយ​នោះ​ទេ តែ​បែរជា​ជាប់​បណ្ដឹង​នៅ​តុលាការ​ថែមទៀត។

បន្ថែម​លើ​នេះ ប្រជា​សហគមន៍​មាន​ជម្លោះដីធ្លី លោកស្រី ផាវ ញើង ថ្លែង​ថា ក្រុម​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​រាប់រយ​នាក់ នឹង​ត្រៀមខ្លួន​តវ៉ា​ទ្រង់ទ្រាយ​ធំ ប្រសិនបើ​តុលាការ​ឃុំខ្លួន​តំណាង​ពួកគេ​។ លើស​ពី​នេះ តុលាការ​បាន​​សម្រេច​ឱ្យ​តំណាង​សហគមន៍ ៥​នាក់ ត្រូវ​បង្ហាញខ្លួន​នៅ​អធិការ​ស្រុកស្រែ​អំពិល ក្នុង​មួយ​ខែ​ម្ដង​។ លោកស្រី​បារម្ភ​ថា ទង្វើ​របស់​តុលាការ​បែបនេះ ជា​ការ​គាបសង្កត់​សេរីភាព​ពលរដ្ឋ និង​គំរាមកំហែង​មិន​ឱ្យ​ពលរដ្ឋ​ដើរហើរ​ស្វែងរក​យុត្តិធម៌ ទាមទារ​ដីធ្លី ដែល​ក្រុមហ៊ុន​រំលោភបំពាន​៖ «ពួក​យើង​បាន​ឃ្លាំមើល​យ៉ាង​ស្អិតល្មួត គឺ​ទីមួយ​ឃើញ​តុលាការ សួរ​ពួកគាត់​ដល់​ម៉ោង ១២​ជាង​ហើយ នៅ​អត់​ឱ្យ​ចេញ​ទៀត​។ អ៊ីចឹង​ទៅ​ពួក​ខ្ញុំ​មានការ​ព្រួយបារម្ភ​។ ឱ្យ​ពួកគាត់​នៅ​ក្រៅ​ឃុំ ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ក៏ប៉ុន្តែ​ពួកគាត់​អត់​អាច​ដើរ​ទៅ​ធ្វើ​សកម្មភាព​អី នៅ​លើ​ដី​របស់​ពួកគាត់ ទី​២ អាស្រ័យ​ផល​លើ​ដី​ដែល​បាត់បង់​ហ្នឹង»

អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់​ទង​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​កោះកុង លោក ឡោ ក្រឹម ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ថា យ៉ាងណា​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី១២ វិច្ឆិកា។

ចំណែកអ្នកនាំពាក្យ​តំណាង​អយ្យការ​ខេត្ត​កោះកុង លោក អ៊ុន សុវណ្ណធានី បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ទេ ព្រោះ​លោក​ថា កំពុង​ជាប់រវល់​៖ «អរ​អត់​ទេ ខ្ញុំ​រវល់​ណាស់»

កាលពី​ចុងខែ​តុលា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កោះកុង លោក ឡោ ក្រឹម បាន​កោះហៅ​តំណាង​សហគមន៍ ៥​នាក់ ក្នុងចំណោម​ពលរដ្ឋ​មាន​ជម្លោះដីធ្លី ១៩៧​គ្រួសារ ឱ្យ​មក​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី១២ វិច្ឆិកា ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​អំពើ​បង្ក​ឱ្យ​វឹកវរ​ដល់​សន្តិសុខ​សង្គម ផ្អែក​តាម​មាត្រា ៣១១ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ រីឯ​តំណាង​សហគមន៍ ១៧៥​គ្រួសារ​ផ្សេងទៀត រស់នៅ​ឃុំ​ជីខ​ក្រោម ៣​នាក់ ក៏​ត្រូវ​តុលាការ​កោះហៅ ក្នុង​សំណុំរឿង​ដូចគ្នា​នេះ​ដែរ និង​បង្គាប់​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី១៨ វិច្ឆិកា​ខាងមុខ​នេះ​។ ប្រជា​សហគមន៍​អះអាង​ថា ឧកញ៉ា ហេង ហ៊ុយ គឺជា​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ផ្ដល់​មតិ​ថា ដីកា​កោះហៅ​នេះ ជា​សម្ពាធ​បន្ថែម​ទៀត ធ្វើ​ឱ្យ​ពលរដ្ឋ​រង​ទុក្ខ​វេទនា មួយ​កម្រិត​ទៀត ក្នុង​រឿង​​ជម្លោះដីធ្លី ស្រប​ពេល​ដែល​អាជ្ញាធរ​មិនទាន់​ដោះស្រាយ​រួច​៖ «ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​យើង​គួរតែ​ដោះស្រាយ​រឿង​ដីធ្លី​មិន​គួរ​ណា បន្ត​ទៅ​តុលាការ ដែល​នាំ​ឱ្យ​ពួកគាត់​ហ្នឹង​ទី​១ មាន​ជម្លោះដីធ្លី​ហើយ​ទី​២ គឺ​បង្ក​ផល​លំបាក ទី​៣ បង្ក​ផល​លំបាក​ដល់​អាជ្ញាធរ​បង្ក​ផល​លំបាក​ទាំងអស់​។ អ៊ីចឹង​ជម្រើស​ដ៏​ល្អ ធ្វើការ​ដំណោះស្រាយ និង​ផ្សះផ្សា​គ្នា ដើម្បី​រក​ដំណោះស្រាយ រឿង​ជម្លោះដីធ្លី​ហ្នឹង​ទៅ»

នៅ​រសៀល​ថ្ងៃទី​១២ វិច្ឆិកា​នេះ ក្រុម​ពលរដ្ឋ​ជាង ២​រយ​នាក់ បាន​នាំគ្នា​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​រៀងៗ​ ខ្លួន​។ ប្រជា​សហគមន៍​ថា ក្នុង​ពេល​ពួកគេ​ឃ្លាំមើល​តំណាង​សហគមន៍ ទៅ​ឆ្លើយ​បំភ្លឺ​នៅមុខ​តុលាការ​ខេត្ត​កោះកុង មាន​សមត្ថកិច្ច​ចម្រុះ​ពាក់​ឯកសណ្ឋាន និង​ស៊ីវិល រាប់​សិប​នាក់​តាម​ឃ្លាំមើល និង​ថត​សកម្មភាព​ពួកគេ ក្នុង​ពេល​ជួបជុំ។

របប​ក្រុងភ្នំពេញ​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ ហេង ហ៊ុយ អភិវឌ្ឍន៍ ជាង​ ៤​ពាន់​ហិកតារ ដើម្បី​វិនិយោគ​ដំណាំ​ស្ករអំពៅ កាល​ពី​ឆ្នាំ​២០០៧​។ នៅ​ឆ្នាំ​២០១០ ពលរដ្ឋ​ចោទ​ក្រុមហ៊ុន ហេង ហ៊ុយ ថា បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​លំនៅឋាន​ប្រជាពលរដ្ឋ និង​គំរាម​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ណា ​ដែល​ហ៊ាន​តវ៉ា​ចំពោះ​ការ​ឈូស​ឆាយ​វាទ​យក​ដី​របស់​ក្រុមហ៊ុន​។ ពលរដ្ឋ​អះអាង​ថា បាន​ចូល​កាន់កាប់ និង​អាស្រ័យ​ផល​លើ​ដី​ធ្លី​ចាប់​តាំងពី​ឆ្នាំ​១៩៩៣ ​មក​ម្ល៉េះ ដោយ​មាន​ប័ណ្ណ​កាន់កាប់​ដីធ្លី​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​។ ជម្លោះដីធ្លី​នេះ បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ ក្នុង​ឃុំ​ជីខ​លើ និង​ឃុំ​ជីខ​ក្រោម ក្នុងស្រុក​ស្រែអំបិល ត្រូវ​ធ្លាក់ខ្លួន​ក្រីក្រ បាត់បង់​មុខ​របរ​ធ្វើស្រែ​ចម្ការ​លើ​ដី​ខ្លួន ជំពាក់​បំណុល​ធនាគារ ហើយ​ក្មេងៗ ​ភាគច្រើន​បាត់បង់​ការសិក្សា​។ អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង ឧកញ៉ា ហេង ហ៊ុយ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ថា​​យ៉ាងណា​នៅឡើយ​ទេ នៅ​ថ្ងៃ​ដដែល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល