តុលាការ​មណ្ឌលគិរី​ឃុំ​មនុស្ស ៤​នាក់ និង​តាម​ចាប់ ១០​នាក់​ទៀត​ពី​​បទ​កាប់​រាន​ដី​ព្រៃ​អភិរក្ស

ដោយ សេក បណ្ឌិត
2020-10-08
Share
តុលាការ​មណ្ឌលគិរី សាលាដំបូងខេត្ត​មណ្ឌលគិរី។
រូប៖ RFA

តុលាការ​ខេត្ត​មណ្ឌលគិរី សម្រេច​ឃុំខ្លួន​មនុស្ស ៤​នាក់ ភាគច្រើន​ជា​មន្ត្រីរាជការ និង​បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​មនុស្ស ១០​នាក់​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​ករណី​កាប់​រាន​ដី​ព្រៃ​អភិរក្ស​ដោយ​ខុសច្បាប់​។ មន្ត្រី​សង្គម​ស៊ីវិល​សាទរ​វិធានការ​នេះ តែ​ពួកគេ​ស្នើ​ឱ្យ​តុលាការ និង​អាជ្ញាធរ​ពាក់ព័ន្ធ អនុវត្ត​ច្បាប់​ព្រៃឈើ​ជាប្រចាំ កុំ​ចាំតែ​ថ្នាក់លើ​បញ្ជា​ម្ដងម្កាល។

មន្ត្រី​តុលា​ខេត្ត​មណ្ឌលគិរី ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី៧ ខែ​តុលា ថា មក​ទល់​ពេល​នេះ មាន​មនុស្ស ៤​នាក់​ហើយ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ខេត្ត​នេះ ពី​បទ​កាប់​រុករាន ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់ ដែល​ក្នុង​នោះ​ម្នាក់​ឈ្មោះ ពៅ សុធារ៉ាន់ ជា​អនុប្រធាន​នាយកដ្ឋាន​ការពារ​ព្រំដែន​គោក​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។ ចំណែក​ជនសង្ស័យ ៣​នាក់​ផ្សេងទៀត ក្នុង​នោះ​ពីរ​នាក់​ជា​មន្ត្រីរាជការ និង​ម្នាក់ទៀត មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស មិន​បញ្ជាក់​លម្អិត​ថា តើ​ជនសង្ស័យ​ពីរ​នាក់​នោះ​ជា​មន្ត្រីរាជការ​ធ្វើការ​នៅ​ស្ថាប័ន​ណា​នោះ​ទេ ដោយ​លោក​គ្រាន់តែ​បង្ហើប​ថា ពួកគេ​ធ្វើការ​ក្នុង​ខេត្ត​មណ្ឌលគិរី​។ លោក​ក៏​បដិសេធ​មិន​បង្ហាញ​អត្តសញ្ញាណ​មនុស្ស ១០​នាក់​ផ្សេងទៀត ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ទាក់ទិន​ករណី​នេះ​ដែរ ព្រោះ​ចៅក្រម​ស៊ើបសួរ​កំពុង​បើក​ការស៊ើបអង្កេត៖ «ចៅក្រម​ស៊ើបសួរ គាត់​ចេញ​ដីកា​ឃុំខ្លួន​រួចហើយ អ៊ីចឹង​ទាល់តែ​ចាប់​បាន បាន​ខ្ញុំ​ជម្រាប​ទៅ​ខាង​បង​។ គាត់​មិនទាន់​ឱ្យ​ខ្ញុំ​ដឹង​ថា គាត់​ចេញ​ដីកា​ពី​គាត់​ទៅ​កម្លាំង ទៅ​សមត្ថកិច្ច​ហ្មង ចេញពី​ចៅក្រម​ស៊ើបសួរ ទៅ​ប៉េអិម (PM) ទៅ​ស្នងការ ឬ​សមត្ថកិច្ច​ណា មាន​សមត្ថកិច្ច​ចាប់ អត់​ចូល​កន្លែង​រដ្ឋបាល​ខ្ញុំ​ទេ»

កាលពី​ថ្ងៃ​ទី៣០ កញ្ញា កងកម្លាំង​នគរបាល​ជាតិ និង​កងរាជអាវុធហត្ថ រួម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​មណ្ឌលគិរី បាន​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ឋិត​នៅ​ភូមិ​ពូឆប ឃុំ​ដាក់ដាំ ស្រុក​អូររាំង នៅ​ចំណុច​ភ្នំ​ខ្មោច ដែល​ជា​តំបន់​របៀង​ជីវចម្រុះ​។ ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នោះ អាជ្ញាធរ​រក​ឃើញ​ថា មាន​ព្រៃ​អភិរក្ស​ទំហំ ៤០​ហិកតារ ត្រូវ​បាន​គេ​ឈូស​ឆាយ​កម្ទេច​ធ្វើ​ជា​កម្មសិទ្ធិ។

ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី លោកស្រី ភ្លឹក ភីរម្យ សាទរ​ចំពោះ​វិធានការ​នេះ តែ​លោកស្រី​ចង់​ឱ្យ​តុលាការ និង​អាជ្ញាធរ អនុវត្ត​ច្បាប់​ព្រៃឈើ​ដោយ​មិន​រើសមុខ ជាពិសេស​ត្រូវ​ស៊ើបអង្កេត​ព្រៃ​អភិរក្ស​នៅ​តំបន់​ផ្សេងៗ​ទៀត ដែល​កំពុង​រង​ការ​កាប់​ទន្ទ្រាន​ខុសច្បាប់​បែប​អនាធិបតេយ្យ មាន​ជាប់​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​គ្រាក់ៗ​ជាច្រើន​ទៀត ឃុបឃិត​គ្នា​៖ «មិនមែន​តែ​ម្នាក់​ទេ គ្រប់​មន្ទីរ​ទាំងអស់​ដែល​ពាក់ព័ន្ធ​លើ​ដី​ព្រៃ​អភិរក្ស និង​ព្រៃ​សាធារណៈ​របស់​រដ្ឋ​គួរតែ​ជាប់ទោស​ទៅ​។ អត់​ខ្វះ​ទេ​ច្រើន​ណាស់​ដែល​កំពុងតែ​លក់​ដី​រដ្ឋ​ហ្នឹង ដែល​លក់​ដី​រដ្ឋ​យូរហើយ មិនទាន់​ជាប់ទោស។ ខ្ញុំ​គិត​ថា តុលាការ​គួរតែ​ស្រាវជ្រាវ​បន្ត​ទៀត ដោយសារ​មាន​មន្ត្រី​ច្រើន​ណាស់​ធំៗ នៅ​ក្នុង​ហ្នឹង»

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ កាប់​រុករាន​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់​នៅ​ខេត្ត​មណ្ឌលគិរី ដោយ​រក​ឃើញ​ថា មាន​មន្ត្រី​រាជការ អភិបាលស្រុក និង​មន្ត្រី​យោធា សរុប​ជិត ២០​នាក់ មាន​ជាប់​ពាក់ព័ន្ធ​ករណី​នេះ។

លោក ស ខេង បាន​ស្នើ​ទៅ​លោកនាយក​មន្ត្រី ហ៊ុន សែន បញ្ចប់​មុខតំណែង​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ជាង ១០​រូប រួម​ទាំង​មន្ត្រី​យោធា​ផង ក្នុង​នោះ​រួមមាន អភិបាលស្រុក​កោះញែក លោក ស៊ិន វណ្ណវុឌ្ឍ មេឃុំ​ស្រែព្រះ លោក ព្យើម ពេ មេឃុំ​សែនមនោរម្យ អ្នកស្រី ថ្វាន់ ត្រែល មេឃុំ​ស្រែខ្ទុម លោក ប៊ុត សំអែល មេ​បញ្ជាការ​រង​កងឯកភាព​ស្ថាបនា​លេខ ៧១៦ លោក ថាន ប៊ុនធឿន រួម​ទាំង​មន្ត្រី​យោធា ១២​នាក់​ផ្សេងទៀត​។

រដ្ឋាភិបាល​បាន​សម្រេច​ដក លោក ស៊ិន វណ្ណវុឌ្ឍ ពី​តំណែង​អភិបាលស្រុក​កោះញែក ហើយ​និង​ឱ្យ​មន្ត្រី​រូប​នេះ​មក​បម្រើ​ការ​នៅ​ក្រសួង​មហាផ្ទៃ​វិញ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍ថា មិន​ទាន់​មាន​សេចក្តី​សម្រេច​ណាមួយ ដក​ដំណែង​មេឃុំ​ទាំង ៣​រូប​នេះ​ទេ ព្រោះ​ការ​បញ្ចប់​មុខ​ដំណែង​មេឃុំ​/​ចៅសង្កាត់ ត្រូវ​ផ្អែក​តាម​អង្គប្រជុំ​ក្រុម​ប្រឹក្សា​ឃុំ និង​ច្បាប់ ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់។

ទោះជា​យ៉ាងណា សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថា លោក ស ខេង បាន​បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំអ៊ាង ដាក់​ពិន័យ​មេឃុំ​ទាំង​៣ រូប​នោះ​ហើយ ហើយ​បើ​ក្នុង​ករណី​មិន​រាងចាល នោះ​ពួកគេ​នឹង​ត្រូវ​បញ្ចប់​ពីមុខ​តំណែង​។ ចំណែក​មន្ត្រី​យោធា​ជាង ១០​រូប​ទៀត លោក ផៃ ស៊ីផាន បញ្ជាក់​ថា លោក​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ព្រោះ​ក្រសួង​មហាផ្ទៃ​បាន​ស្នើ​ឱ្យ ក្រសួង​ការពារជាតិ​អនុវត្ត​បន្ត​កិច្ច​ការងារ​នេះ។

មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។
មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា អាជ្ញាធរ និង​មន្ត្រី​យោធា ដែល​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ ប្រមុខ​រដ្ឋាភិបាល បានសម្រេច​ដាក់​វិន័យ​រដ្ឋបាល នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ​។ លោក​ថា សមត្ថកិច្ច និង​ស្ថាប័ន​អយ្យការ​ត្រូវតែ​ស៊ើបអង្កេត​ឱ្យ​ច្បាស់លាស់ ដោយ​ត្រូវ​នាំ​ខ្លួន​ពួកគេ​មក​អនុវត្ត​ច្បាប់​ជា​ធរមាន ដើម្បី​កាន់​បន្ថយ​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍៖ «បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​មិនមែន​មាន​តែ​ប៉ុណ្ណឹង​ទេ អ៊ីចឹង​សមត្ថកិច្ច​ស្ថាប័ន​តុលាការ​ត្រូវតែ​ស្រាវជ្រាវ រក​អ្នក​ពាក់ព័ន្ធ យក​មក​ផ្ដន្ទាទោស មិនមែន​ត្រឹមតែ​ពិន័យ ឬ​អប់រំ ហើយ​ថ្មីៗ​នេះ ឃើញ​មាន​ការ​អប់រំ ការអនុវត្ត​ច្បាប់​ត្រូវ​ស្មើភាព​គ្នា ទាំង​អ្នក​មាន​អំណាច និង​ពលរដ្ឋ»

សមាជិក​ព្រឹទ្ធសភាខាង​គណបក្សប្រជាជន​កម្ពុជា លោក ណយ ស្រូន ដែលពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់ នៅ​តំបន់​ការពារ​ធម្មជាតិ ខេត្ត​មណ្ឌលគិរី។
សមាជិក​ព្រឹទ្ធសភាខាង​គណបក្សប្រជាជន​កម្ពុជា លោក ណយ ស្រូន ដែលពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់ នៅ​តំបន់​ការពារ​ធម្មជាតិ ខេត្ត​មណ្ឌលគិរី។
Photo courtesy of CPP's website

ទាក់ទង​នឹង​ករណី​កាប់​រាន​ដី​ព្រៃ​នៅ​ខេត្ត​មណ្ឌលគិរី​នេះ​ដែរ កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ និង​អនុប្រធាន​ព្រឹទ្ធសភា ២​រូប​ទៀត បាន​ណែនាំ​សមាជិក​ព្រឹទ្ធសភា លោក ណយ ស្រូន ឱ្យ​ឈប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទៅទៀត តាម​សំណើ​របស់​លោក ស ខេង។ សមាជិក​ព្រឹទ្ធសភា លោក ណយ ស្រូន បាន​សារភាព​ទទួល​កំហុស និង​សន្យា​ថា ឈប់​ពាក់ព័ន្ធ​ការទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់ នៅ​តំបន់​ការពារ​ធម្មជាតិ​ទំហំ​ជាង ៥​រយ​ហិកតារ (៥៣១) ក្នុង​ខេត្ត​មណ្ឌលគិរី។អ្នកនាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា លោក ម៉ម ប៊ុននាង ប្រាប់​អាស៊ីសេរី​ថា ការ​ដោះស្រាយ​បញ្ហា​នេះ មិន​អាច​បញ្ចប់​ត្រឹមតែ​អប់រំ​ណែនាំ​នោះ​ទេ ព្រោះ​ការចោទប្រកាន់​នេះ អាស្រ័យ​លើ​បុគ្គល​អនុវត្ត​ជាក់ស្ដែង​។ លោក​បញ្ជាក់​ថា ក្រោយ​ពី​ព្រឹទ្ធសភា​បាន​ណែនាំ លោក ណយ ស្រូន រួចហើយ នឹង​បើកផ្លូវ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ស៊ើបអង្កេត​ករណី​នេះ​។ លោក​បញ្ជាក់​ទៀត​ថា បើ​រក​ឃើញ​ថា គាត់​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង កាប់​រាន​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់ លោក​នឹង​ស្នើ​ទៅ​ព្រឹទ្ធសភា ពិចារណា​ក្នុង​ការ​ដក​អភ័យឯកសិទ្ធិ​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​៖ «យើង​បញ្ជាក់​ថា មិន​ទាន់​បាន​ដំណើរការ​អី​ទេ រង់ចាំ​ការស៊ើបអង្កេត​ពី​នីតិវិធី​ច្បាប់​មក​សិន។ បើ​មាន​ស្ថាន​ទម្ងន់​ពាក់ព័ន្ធ​ច្បាប់ ដែល​ក្រសួង​យុត្តិធម៌​បាន​ស្នើ អា​ហ្នឹង​គឺ​យើង ចាត់វិធានការ យោង​តាម​មាត្រា ១០៤​ថ្មី នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​ទៀត»

ទោះ​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល និង​ជនជាតិ​ដើម​ភាគតិច ជំរុញ​ឱ្យ​តុលាការ​អនុវត្ត​ច្បាប់​លើ​សមាជិក​ព្រឹទ្ធសភា​រូប​នេះ ដើម្បី​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​មាន​បំណង​ចង់​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព។ ពួកគេ​អះអាង​ថា អាជ្ញាធរ ឬ​មន្ត្រី​ទាំងឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​រាន​ដី​ព្រៃ ក៏​ត្រូវ​មានទោស​ដូច​ជន​ប្រព្រឹត្ត​ដែរ មិនមែន​ត្រឹម​សូមទោស ហើយ​រួចខ្លួន​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។