ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​មណ្ឌលគិរី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​លក់​ដូរ​ដី​សមូហភាព

ដោយ រដ្ឋា វិសាល
2016-04-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​មណ្ឌលគិរី
ផែនទី​ខេត្ត​មណ្ឌលគិរី
Photo: RFA

ដី​ភូមិ​ចាស់​របស់​សហគមន៍​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​សមាជិក​សហគមន៍​ភាគ​ច្រើន​ផ្ដិត​មេដៃ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​មាន​ការ​ឯកភាព​ពី​មន្ត្រី​មូលដ្ឋាន​ពាក់ព័ន្ធ។ ចំណែក​សមាជិក​សហគមន៍​មួយ​ភាគ​តិច​បដិសេធ​មិន​ឲ្យ​លក់​ដូរ​ដី​សហគមន៍​នេះ​ទេ ពីព្រោះ​សហគមន៍​កំពុង​អាស្រ័យផល​លើ​ដី​នោះ។

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង ៤​គ្រួសារ អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បញ្ឈប់​ការ​លក់​ដូរ​ដី​សហគមន៍​យក​ជា​ប្រយោជន៍​បុគ្គល ហើយ​រក្សា​ដី​ទុក​សម្រាប់​សមាជិក​សហគមន៍​ប្រើប្រាស់ និង​អាស្រ័យ​ផល​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច។

ការ​អំពាវនាវ​នេះ កើត​មាន​ឡើង​បន្ទាប់ពី​ដី​អតីត​ភូមិ​ចាស់​សហគមន៍​ជិត ៣០​ហិកតារ​នៅ​តំបន់​ជើង​ភ្នំរឡាណោងយ៉ាល់ ឋិត​ក្នុង​ភូមិ​ពូតាំង សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ​ត្រូវ​បាន​សមាជិក​សហគមន៍ ៣៣​គ្រួសារ ផ្ដិត​មេដៃ​លក់​ដី។ ចំណែក​មន្ត្រី​មូលដ្ឋាន​ក៏​បាន​គាំទ្រ និង​ចេញ​លិខិត​ទទួល​ស្គាល់​ការ​លក់ដូរ​ដី​នោះ​ទៅ​ឲ្យ​ឈ្មួញ​ជា​បុគ្គល​ក្រៅ​សហគមន៍។

សមាជិក​សហគមន៍​មួយ​គ្រួសារ​ក្នុង​ចំណោម​អ្នក​ភូមិ ៤​គ្រួសារ ដែល​តវ៉ា​ពី​ការ​លក់​ដី​សហគមន៍​គឺ​លោក ណាន ដាណេ រៀបរាប់​ថា ពួកគាត់ ៤​គ្រួសារ បាន​ទៅ​ដាំ​ដុះ​ដំណាំ​ហូប​ផ្លែ មាន​ចេក ខ្នុរ ស្វាយចន្ទី និង​ធ្វើ​ស្រែ​នៅ​លើ​ដី​អតីត​ភូមិ​ចាស់​សហគមន៍​ជាង ១៨​ហិកតារ​តាំង​ពី​ឆ្នាំ​២០០៣ រហូត​មក ដោយ​សំអាង​ថា ដី​នោះ​ជា​អតីត​ដី​ភូមិ​ចាស់​របស់​សហគមន៍​ដែល​បាន​បោះបង់​ទី​នោះ​ចោល​ទៅ​បង្កើត​ភូមិ​កន្លែង​ផ្សេង។ រហូត​មក​ទល់​នឹង​ឆ្នាំ​២០១៦ នេះ ស្រាប់តែ​ឈ្មួញ និង​មន្ត្រី​មូលដ្ឋាន រួម​ទាំង​​សមាជិក​សហគមន៍​មួយ​ចំនួន​បាន​រៀបចំ​ឯកសារ​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ធ្វើ​ជា​កម្មសិទ្ធិ​បំពាន​ទៅ​លើ​សិទ្ធិ​គ្រប់គ្រង​ដី​សហគមន៍ និង​បំពាន​ទៅ​លើ​សិទ្ធិ​រស់​នៅ​របស់​សមាជិក​សហគមន៍​ផ្សេង​ទៀត​ដែល​កំពុង​មាន​ផល​ដំណាំ​លើ​ដី​នោះ។

លោក​ថា បាន​តវ៉ា​ទៅ​អាជ្ញាធរ​ភូមិ និង​សង្កាត់​រួច​ហើយ ឲ្យ​បញ្ឈប់​ការ​លក់​ដូរ​ដី​នោះ ក៏​ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​ទាំង​នោះ​មិន​ដោះស្រាយ​ការ​តវ៉ា​នោះ​ទេ៖ «ផ្លែឈើ​គ្រប់​មុខ​ដូចជា​ដើម​ចេក ដើម​ម្នាស់ ស្វាយចន្ទី ធ្វើ​ស្រែ​ច្រើន​មុខ។ ពួក​ហ្នឹង​អត់​បាន​កាប់​ដាំ​ដើមឈើ​មួយ​ដើម​ទេ ដើរ​ចង្អុល​លក់​រំលោភ​យក​ដី​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន»

កាល​ពី​ដើម​សប្ដាហ៍​ប្រជាពលរដ្ឋ​តវ៉ា ៤​គ្រួសារ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ការិយាល័យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​បញ្ឈប់​ការ​លក់​ដូរ​ដី​សហគមន៍​នេះ។

ឆ្លើយ​តប​ការ​អះអាង​នេះ សមាជិក​សហគមន៍​មួយ​រូប​ទៀត​ដែល​គាំទ្រ​ការ​លក់​ដី គឺ​លោក វឿន ណារ៉ូ ឲ្យ​ដឹង​ដែរ​ថា កាល​ពី​ឆ្នាំ​២០០៨ ដី​ភូមិ​ចាស់​របស់​សហគមន៍​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ភូមិ និង​សង្កាត់​ចុះបញ្ជី​រក្សា​ទុក​ជា​ដី​សហគមន៍ ក្នុង​នោះ​មាន​ជនជាតិ​ដើម​ភាគតិច​ព្នង ៩​គ្រួសារ​ជា​អ្នក​គ្រប់គ្រង។ រហូត​មក​ទល់​នឹង​ឆ្នាំ​២០១៦ នេះ ដោយសារ​សមាជិក​សហគមន៍​ខ្លះ​បំបែក​ក្រុម​គ្រួសារ​មាន​ប្ដី​ប្រពន្ធ​កើន​រហូត​ដល់​ទៅ ៣៣​គ្រួសារ ក្នុង​នោះ​គ្រួសារ​មួយ​ចំនួន​បាន​ទៅ​រាន​យក​ដី​ភូមិ​ចាស់​នោះ​ដាំ​ដំណាំ ខណៈ​ដែល​ចាស់​ទុំ​ក្នុង​ភូមិ​គ្រោង​លក់​ដី​នោះ​ជា​ច្រើន​លើក ប៉ុន្តែ​មិន​ទាន់​ត្រូវ​ថ្លែង​ជាមួយ​អ្នក​ទិញ​ដី។

លោក​បន្ត​ថា អាជ្ញាធរ​ភូមិ​បាន​ឆ្វៀល​ដី​នោះ​ចុះ​បញ្ជី​រក្សា​ទុក​ជា​ដី​សមូហភាព​របស់​អ្នក​ភូមិ និង​បាន​ហាម​ប្រាម​មិន​ឲ្យ​សមាជិក​សហគមន៍​ផ្សេង​ទៀត​ចូល​ទៅ​ដាំ​ដុះ​លើ​ដី​នោះ​ទេ ពីព្រោះ​ចាស់​ទុំ​ក្នុង​ភូមិ​បាន​ព្រមព្រៀង​រក្សា​ដី​នោះ​សម្រាប់​លក់ ហើយ​ចែក​ផល​កម្រៃ​ដល់​សមាជិក​សហគមន៍​គ្រប់​ក្រុម​គ្រួសារ៖ «គាត់​ហ្នឹង​ថា អត់​ឲ្យ​លក់​ទេ គាត់​ថា ចង់​បាន​ចំណែក​គាត់​ដប់​ម្ភៃ​ហិកតារ​តែ​ឯង គេ​ម៉េច​ឯកភាព ខ្ញុំ​ប្រាប់​ឲ្យ​ត្រង់​ណា! មេ​ឃុំ​គេ​ឯកភាព​ស៊ីញ៉េ​ទាំង​អស់​ហើយ ប្លង់​ដែល​គេ​ចង់​លក់​នៅ​ខាង​រដ្ឋបាល​ក្រុង»

ទាក់ទិន​ករណី​លក់​ដូរ​ដី​សហគមន៍​នេះ ចៅ​សង្កាត់​រមនា លោក ភី ងូត ទទួល​ស្គាល់​ថា ដី​ភូមិ​ចាស់​សហគមន៍​ដែល​កំពុង​មាន​ជម្លោះ​ត្រូវ​បាន​អាជ្ញាធរ​រៀបចំ​ឯកសារ​ផ្ទេរ​កម្មសិទ្ធិ​ទៅ​ឲ្យ​អ្នក​ទិញ​ដី​រួច​ហើយ ដោយសារ​តែ​សមាជិក​សហគមន៍​ភាគ​ច្រើន​បាន​ផ្ដិត​មេដៃ​យល់​ព្រម​លក់​ដី​នោះ។ លោក​ពន្យល់​ថា ការ​លក់​ដូរ​ដី​នេះ​ចាស់​ទុំ​ក្នុង​សហគមន៍​គ្រោង​ចែក​ចំណែក​ស្មើ​គ្នា ក៏​ប៉ុន្តែ​កូនចៅ​ក្នុង​សហគមន៍​ខ្លះ​មិន​យល់​ព្រម​ទើប​អាជ្ញាធរ​សម្របសម្រួល​ឲ្យ​ភាគី​ជម្លោះ​ដោះស្រាយ​គ្នា​ដោយ​ចែក​ចំណែក​ស្មើ​គ្នា៖ «ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មេ​ភូមិ ហើយ​មន្ត្រី​ច្រក​ចេញ​ចូល​សាលាក្រុង​ចុះ​ទៅ​ពិនិត្យ​វាយ​តម្លៃ​ពិត​ជា​ដី​ប្រជាពលរដ្ឋ​មែន មិន​មែន​ដី​ព្រៃ​ឈើ ឬ​ដី​ឯកជន​ណា​មួយ​ទេ។ គេ​ឯកភាព​ទទួល​ស្គាក់​ដី​ប្រជាពលរដ្ឋ​ ៩​គ្រួសារ​ស្មើ​នឹង ៣៣​គ្រួសារ​ដែល​បែក​កូន​ចៅ​ហ្នឹង វា​មិន​ព្រម វា​ចង់​បាន​ដី​លើស ៩​គ្រួសារ​វា​ចង់​បាន ១៣​ហិកតារ​ក្នុង​ដី ២៩​ហិកតារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​គេ​មិន​ពេញ​ចិត្ត»

​ច្បាប់​ភូមិបាល​ចាប់​ពី​មាត្រា ២៣ រហូត​មាត្រា​ ២៨ ចែង​ថា កម្មសិទ្ធិ​នៃ​អចលនទ្រព្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ត្រូវ​បាន​ផ្ដល់​ដោយ​រដ្ឋ​ជា​កម្មសិទ្ធិ​សមូហភាព។ កម្មសិទ្ធិ​សមូហភាព​សហគមន៍​មាន​សិទ្ធិ​ថែរក្សា និង​អាស្រ័យ​ផល ប៉ុន្តែ​គ្មាន​សិទ្ធិ​ចាត់ចែង​ចំណែក​ណា​មួយ​នៃ​កម្មសិទ្ធិ​សមូហភាព​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​ទៅ​ឲ្យ​បុគ្គល​ក្រៅ​សហគមន៍​បាន​ឡើយ។ លើស​ពី​នេះ​ទៀត ក៏​គ្មាន​អាជ្ញាធរ​ណា​មួយ​ក្រៅ​ពី​សហគមន៍​អាច​ទទួល​បាន​សិទ្ធិ​លើ​អចលនទ្រព្យ​សហគមន៍​បាន​ឡើយ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ការ​លក់​ដូរ​ដី​ធ្លី​សមូហភាព​សហគមន៍​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ថា ជា​អំពើ​រំលោភ​ច្បាប់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​រស់​នៅ​របស់​សហគមន៍។ លោក​អះអាង​ថា នឹង​ធ្វើ​របាយការណ៍​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​ឲ្យ​ស៊ើប​អង្កេត​ពី​គម្រោង​លក់ដូរ​ដី​ភូមិ​ចាស់​សហគមន៍​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ៖ «គឺ​វា​ផ្ទុយ​ទៅ​នឹង​ច្បាប់​ភូមិបាល ហើយ​វា​រំលោភ​ទៅ​លើ​ច្បាប់​ផ្សេងៗ​ទៀត​ដែល​មាន​ចែង​ស្រាប់។ ខាង​អាដហុក មិន​គាំទ្រ​ការ​យក​ដី​សមូហភាព និង​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​លក់​ចែក​គ្នា​ហើយ។ ប្រយោជន៍​ធំ​បាន​ទៅ​លើ​ឈ្មួញ ឆ្លៀត​ឱកាស​យក​ស្នាម​មេដៃ​គាំទ្រ​ពី​ពលរដ្ឋ​ដែល​គាត់​មិន​បាន​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ដី​ហ្នឹង​ទៅ​ថ្ងៃ​អនាគត»

របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី រក​ឃើញ​ថា ដី​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ខេត្ត​ដាច់ស្រយាល​មួយ​នេះ​ត្រូវ​បាន​គេ​លក់​ដូរ​ផ្ទុយ​ច្បាប់​អស់​ច្រើន​ពាន់​ហិកតារ ចាប់​ពី​ឆ្នាំ​២០០៥ រហូត​បច្ចុប្បន្ន។ លើស​ពី​នេះ​ទៀត សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​នេះ​កំពុង​ប្រឈម​ទៅ​នឹង​កង្វះ​ដីធ្លី​ត្រៀម​បម្រុង​សម្រាប់​ចុះ​បញ្ជី​ដីធ្លី​ផ្លូវ​ការ​ជា​កម្មសិទ្ធិ​សមូហភាព​នៅ​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។

យ៉ាង​ណា​ក៏ដោយ តំណាង​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង ៤​គ្រួសារ អះអាង​ថា នឹង​ធ្វើ​ការ​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បញ្ឈប់​ការ​លក់​ដូរ​ដី​សហគមន៍​នេះ ពីព្រោះ​ដី​នោះ​ឋិត​ក្រោម​ការ​អាស្រ័យ​ផល​ជាក់ស្ដែង​លើ​ផលដំណាំ​ដែល​ពួកគាត់​បាន​ដាំ​ដុះ​ច្រើន​ឆ្នាំ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល