សាលា​ក្រុង​នឹង​ធ្វើ​វេទិកា​សាធារណៈ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​បុរីកីឡា​​ថ្ងៃ​២២​កក្កដា

ដោយ ទេព សុរ៉ាវី
2014-07-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី ញ៉ែម ចាន់ថាវី តំណាង​សាលា​រាជធានី​ភ្នំពេញ ចុះ​ផ្សព្វផ្សាយ​ដល់​អ្នក​បុរីកីឡា ឲ្យ​រៀបចំ​ឯកសារ និង​សាក្សី ដើម្បី​ត្រៀម​ចូលរួម​វេទិកា​សាធារណៈ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
លោកស្រី ញ៉ែម ចាន់ថាវី តំណាង​សាលា​រាជធានី​ភ្នំពេញ ចុះ​ផ្សព្វផ្សាយ​ដល់​អ្នក​បុរីកីឡា ឲ្យ​រៀបចំ​ឯកសារ និង​សាក្សី ដើម្បី​ត្រៀម​ចូលរួម​វេទិកា​សាធារណៈ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Tep Soravy

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​កំណត់​ថ្ងៃ​ទី​២២ កក្កដា ធ្វើ​វេទិកា​សាធារណៈ ដើម្បី​ដោះស្រាយ​ការ​ទាមទារ​ជម្រក​ស្នាក់​នៅ​របស់​ពលរដ្ឋ​នៅ​សេសសល់​ក្នុង​សហគមន៍​បុរីកីឡា។ តំណាង​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ចុះ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​សហគមន៍​បុរីកីឡា ដែល​មិន​ទាន់​ទទួល​បាន​សំណង​ពី​ក្រុមហ៊ុន ផាន អ៊ីម៉ិច ឲ្យ​ត្រៀម​ឯកសារ និង​សាក្សី​មួយ​ចំនួន ដែល​អាច​បញ្ជាក់​ថា ពួក​គេ​ពិត​ជា​ធ្លាប់​រស់នៅ​ក្នុង​បុរីកីឡា ពិត​ប្រាកដ។

អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​លំនៅឋាន បាន​ស្វាគមន៍​ចំពោះ​វិធានការ​នេះ ហើយ​គិត​ថា ប្រសិន​បើ​វេទិកា​សាធារណៈ​នេះ​អាច​ដោះស្រាយ​ជម្លោះ​នៅ​បុរីកីឡា បាន​ដោយ​ជោគជ័យ​នោះ វា​អាច​ក្លាយ​ជា​វេទិកា​គំរូ​លើក​ដំបូង សម្រាប់​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​សហគមន៍​ផ្សេង​ទៀត។

សាលា​រាជធានី​ភ្នំពេញ ចាប់​ផ្ដើម​ប្រើ​វេទិកា​សាធារណៈ ដើម្បី​ប្រមូល​ផ្តុំ​ព័ត៌មាន​ទំនាស់​ក្នុង​មូលដ្ឋាន និង​ដោះស្រាយ​ទំនាស់​នោះ​តាម​វេទិកា​ជា​សាធារណៈ។ នៅ​ថ្ងៃ​ទី​១ កក្កដា មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ចំនួន ៣​រូប ចុះ​ផ្សព្វផ្សាយ​ពី​គោលការណ៍ ៥​ចំណុច សម្រាប់​ឲ្យ​អ្នក​ភូមិ​បុរីកីឡា ត្រៀម​ខ្លួន​ជា​មុន ក្នុង​ការ​ចូលរួម​វេទិកា​សាធារណៈ ដើម្បី​ដោះស្រាយ​បញ្ហា​លំនៅឋាន​ដែល​កើត​មាន​នៅ​ទីនោះ។

តំណាង​សាលា​រាជធានី​ភ្នំពេញ លោកស្រី ញ៉ែម ចាន់ថាវី ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​អ្នក​បុរីកីឡា ថា​ពលរដ្ឋ​បុរីកីឡា ដែល​នៅ​សេសសល់​មិន​ទាន់​ទទួល​សំណង ត្រូវ​ត្រៀម​លក្ខណៈ​ជា​មុន មុន​នឹង​ចូលរួម​វេទិកា​សាធារណៈ។ ទី​១ គឺ​ត្រូវ​រៀបចំ​ឯកសារ​ជា​ភស្តុតាង​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជា​អំណះអំណាង​បញ្ជាក់​ថា ពិត​ជា​បាន​រស់នៅ​បុរីកីឡា ចាប់​ថ្ងៃ​ណា​ឆ្នាំ​ណា​មក។ ទី​២ ចំពោះ ពលរដ្ឋ​បុរីកីឡា ដែល​មាន​ឯកសារ​មិន​គ្រប់​តាម​ការ​កំណត់ សាលា​រាជធានី​ភ្នំពេញ​នឹង​មាន​ការ​សម្រេច​ទៅ​តាម​នោះ។ ទី​៣ ចំពោះ​គ្រួសារ​ណា​ដែល​បាត់​ឯកសារ​បញ្ជាក់​ទីលំនៅ ត្រូវ​មាន​សាក្សី​គ្រប់គ្រាន់ ដូចជា អ្នក​ជិត​ខាង មេ​ភូមិ ប្រធាន​សហគមន៍ នគរបាល​ប៉ុស្តិ៍ ដែល​អាច​បញ្ជាក់​ថា ពួក​គេ​ធ្លាប់​រស់នៅ​ក្នុង​តំបន់​បុរីកីឡា ពិត​ប្រាកដ។ ទី​៤ ក្នុង​ករណី​ពលរដ្ឋ​មាន​ឯកសារ​ក្លែងក្លាយ បញ្ជាក់​ពី​ការ​រស់នៅ​បុរីកីឡា នោះ ខាង​សាលា​រាជធានី​ភ្នំពេញ នឹង​មាន​វិធានការ​ចំពោះ​ជន​បន្លំ​ទាំង​នោះ និង​ទី​៥ វេទិកា​សាធារណៈ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២២ កក្កដា ប៉ុន្តែ​មិន​ទាន់​កំណត់​ទីតាំង​ច្បាស់​លាស់​នៅ​ឡើយ។

លោកស្រី ញ៉ែម ចាន់ថាវី៖ «យើង​ធ្វើ​អី​ក៏ដោយ​ទន្ទឹម​នឹង​មាន​ការ​សម្រេច​ពី​ថ្នាក់​ដឹក​នាំ ទាល់​តែ​យើង​មាន​ឯកសារ និង​ភស្តុតាង​អំណះអំណាង​ប្អូន​បង​ច្បាស់លាស់​នេះ ចំពោះ​អ្នក​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់។ ចំពោះ​បង​ប្អូន​ខ្វះ​ឯកសារ ឧទាហរណ៍​គេ​តម្រូវ​ឯកសារ​៥ តែ​យើង​មាន​តែ​៣ យើង​គាត់​សម្រេច​យ៉ាង​ម៉េច»

តំណាង​សាលា​រាជធានី​ភ្នំពេញ​មួយ​រូប​ទៀត គឺ​លោក ឡេង ជាង បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៧ កក្កដា ខាង​មុខ​នេះ ក្រុម​ការងារ​លោក​នឹង​បិទ​ផ្សាយ​ព័ត៌មាន​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​វេទិកា​សាធារណៈ​នៅ​បុរីកីឡា ក្នុង​នោះ​មាន​ទាំង​បិទ​នូវ​បញ្ជី​ឈ្មោះ​ពលរដ្ឋ​ចំនួន ១៥៤​គ្រួសារ ដែល​ខាង​សាលា​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើ​សម្រង់​សលាកបត្រ​រួច​ហើយ។ តួលេខ​នេះ គឺ​ខុស​ពី​តំណាង​សហគមន៍​បុរីកីឡា ដែល​អះអាង​ថា ពលរដ្ឋ​បុរីកីឡា មាន​រហូត​ចំនួន ១៥៦​គ្រួសារ មិន​ទាន់​ទទួល​សំណង។

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្លាប់​អះអាង​ថា លោក​នឹង​រក​ដំណោះស្រាយ​ជូន​អ្នក​រស់នៅ​បុរីកីឡា ឲ្យ​ចប់​សព្វ​គ្រប់​តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​វេទិកា​សាធារណៈ​មួយ ដើម្បី​ឲ្យ​ខាង​សហគមន៍​បង្ហាញ​ភស្តុតាង​ជាក់លាក់ បញ្ជាក់​ថា ពួក​គេ​ពិត​ជា​បាន​រស់នៅ​ក្នុង​តំបន់​បុរីកីឡា ពិត​ប្រាកដ។

ពលរដ្ឋ​បុរីកីឡា គឺ​លោកស្រី អាត សំណាង បញ្ជាក់​ថា លោកស្រី​ស្ទើរ​តែ​មិន​ជឿ​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​ដោះស្រាយ​លំនៅឋាន​ជូន​ពលរដ្ឋ​នៅ​បុរីកីឡា ដែល​នៅ​សេសសល់។ យ៉ាង​ណា លោកស្រី​សង្ឃឹម​ថា វេទិកា​សាធារណៈ​នោះ អាច​នឹង​ក្លាយ​ជា​វេទិកា​មួយ​បញ្ចប់​បញ្ហា​ដីធ្លី​នៅ​បុរីកីឡា បាន៖ «បង​ប្អូន​ទាំងអស់​គ្នា​សង្ឃឹម​ដូច​ខ្ញុំ​ទេ​ថ្ងៃ​ទី​២២ បញ្ចប់​រឿង​ទំនាស់​ដីធ្លី​នៅ​បុរីកីឡា កុំ​ឲ្យ​ពួក​ខ្ញុំ​ដើរ​យំ​ដើរ​ស្រែក ពួក​ខ្ញុំ​រស់នៅ​លើ​គំនរ​សំរាម​ក្រោម​ជណ្ដើរ សំខាន់​បំផុត​កូន​ពួក​ខ្ញុំ​បាត់​បង់​ការ​សិក្សា ដោយសារ​ក្រុមហ៊ុន ផាន អ៊ីម៉ិច មក​ឈូស​ឆាយ​កម្ទេច​ផ្ទះ​ពួក​ខ្ញុំ ហើយ​ពួក​ខ្ញុំ​រស់នៅ​ពិត​ប្រាកដ​រស់នៅ​បុរីកីឡា បើ​សិន​មិន​ពិត​ប្រាកដ ខ្ញុំ​ទទួល​ខុស​មុខ​ច្បាប់»

ពលរដ្ឋ​បុរីកីឡា​មួយ​រូប​ទៀត គឺ​លោកស្រី ស៊ូ អ៊ីម គិត​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​មាន​ឆន្ទៈ​ដោះស្រាយ​រឿង​បុរីកីឡា ឲ្យ​បាន​ចប់​សព្វ​គ្រប់ បញ្ឈប់​ការ​អូស​បន្លាយ​ពេល​វេលា និង​ឈប់​បោកប្រាស់​អ្នក​បុរីកីឡា ទៀត៖ «ខ្ញុំ​សង្ឃឹម​ថា សាលា​ក្រុង​មិន​ភរ​ប្រជាពលរដ្ឋ​ទៀត​ទេ សង្ឃឹម​ទុក​ជា​មុន​ថា សាលា​ក្រុង​ដោះស្រាយ​តាម​ច្បាប់​ប្រជាជន​រស់នៅ​ត្រឹមត្រូវ​តាម​ច្បាប់​ពិត​ជា​បាន​ផ្ទះ»

យ៉ាង​ណា តំណាង​អ្នក​បុរីកីឡា លោក ពេជ្រ លឹមឃួន បារម្ភ​ថា​នៅ​ថ្ងៃ​ធ្វើ​វេទិកា​សាធារណៈ​នោះ តួលេខ​ពលរដ្ឋ​បុរីកីឡា អាច​នឹង​មាន​ការ​កើន​លើស​ចំនួន​កំណត់។ លោក​បញ្ជាក់​ថា ពលរដ្ឋ​បុរីកីឡា ណា​ដែល​មិន​ធ្លាប់​មាន​សកម្មភាព​ចូលរួម​ជាមួយ​សហគមន៍​តវ៉ា​ទាមទារ​ផ្ទះ​សម្បែង​ទេ​នោះ ខាង​សហគមន៍​ពិបាក​នឹង​ធ្វើ​សាក្សី​ធានា​ពី​ការ​រស់នៅ​របស់​ពួក​គេ។ លោក​ផ្តល់​ជា​គំនិត​ថា យល់​ល្អ​ការ​រក​សាក្សី​បញ្ជាក់​ពី​ការ​រស់នៅ​នោះ គួរ​ជ្រើស​រើស​អ្នក​ជិត​ខាង​រស់នៅ​ក្បែរ​គ្នា​សព្វ​ថ្ងៃ​នេះ ទំនង​ជា​ប្រសើរ​ជាង​ឲ្យ​តំណាង​សហគមន៍​ធ្វើ​ជា​សាក្សី​បញ្ជាក់​ឲ្យ៖ «សូម​បញ្ជាក់​បង​ប្អូន​អ្នក​ដែល​មិន​ដើរ​តស៊ូ​មតិ​សោះ បង​ប្អូន​ត្រូវ​គិតគូរ​ដោយ​ខ្លួន​ឯង ខ្ញុំ​អត់​បាន​ស្គាល់​បង​ប្អូន​នៅ​កន្លែង​ណា ខ្ញុំ​មិន​អាច​ធ្វើ​សាក្សី​បាន​ទេ ព្រោះ​បង​ប្អូន​មិន​បាន​ដើរ​រួម​មិន​បាន​ចង្អុល​ពី​គោលដៅ​រស់នៅ»

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ គិត​ថា ឯកសារ​ពាក់ព័ន្ធ​ដែល​សាលា​ក្រុង​ឲ្យ​ពលរដ្ឋ​បុរីកីឡា ត្រៀម​ទុក​នោះ អាច​ជា​សៀវភៅ​គ្រួសារ ប័ណ្ណ​ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និង​ប័ណ្ណ​បោះ​ឆ្នោត ជាដើម។ ប៉ុន្តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​បាត់​ឯកសារ​ទាំង​នោះ នៅ​ពេល​ដែល​ក្រុមហ៊ុន ផាន អ៊ីម៉ិច ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​របស់​ពួក​គាត់ កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១២។ យ៉ាង​ណា ពលរដ្ឋ​នៅ​តែ​មាន​ជម្រើស ដោយ​យក​សាក្សី​ជា​ពលរដ្ឋ​បុរីកីឡា ដូច​គ្នា ឬ​រក​អាជ្ញាធរ​ដែល​អាច​បញ្ជាក់​ថា ពួក​គាត់​រស់នៅ​បុរីកីឡា ពិត​ប្រាកដ។ ប៉ុន្តែ​ពលរដ្ឋ​បុរីកីឡា ខ្លះ​បារម្ភ​ពី​អំពើ​ពុក​រលួយ ដែល​អាច​កើត​មាន​នៅ​ពេល​ដែល​អ្នក​ខ្លះ​សូកប៉ាន់​មន្ត្រី​អាជ្ញាធរ ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់​ពី​ការ​រស់នៅ​របស់​ពួក​គេ ខណៈ​ដែល​កន្លង​មក រូបភាព​បែប​នេះ អ្នក​បុរីកីឡា ធ្លាប់​ឃើញ​ច្រើន​មក​ហើយ​ក្នុង​ពេល​ដែល​ចាប់​ឆ្នោត​ឡើង​ផ្ទះ​កាល​ពី​មុន។

លោក សៀ ភារម្យ បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ ធ្លាប់​បញ្ជាក់​ជំហរ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ចំពោះ​ការ​ស្រាវជ្រាវ​រក​ពលរដ្ឋ​ដែល​ទទួល​បាន​ផ្ទះ ដោយ​រូបភាព​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជាមួយ​អាជ្ញាធរ៖ «អ្នក​ពិត​ជា​ទទួល​បាន​គាត់ (សាលា​ក្រុង) នឹង​ដោះស្រាយ​បញ្ចប់​នៅ​ក្នុង​វេទិកា​ហ្នឹង ឬ​ក្រោយ​វេទិកា​ទៅ​តាម​គណៈកម្មការ​សម្រេច គណៈកម្មការ​នឹង​មាន​ខាង​សាលា​ក្រុង អង្គការ​សង្គម​ស៊ីវិល និង​ក្រុមហ៊ុន​ដែរ»

រយៈពេល​២​ឆ្នាំ​កន្លះ​ហើយ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១២ មក អ្នក​ភូមិ​បុរីកីឡា ចំនួន ៣៨៤​គ្រួសារ ត្រូវ​បាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដាក់​កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​ក្រុមហ៊ុន ទៅ​ឈូស​ឆាយ​ផ្ទះ​របស់​ពួក​គាត់។ អាជ្ញាធរ​បាន​ដឹក​អ្នក​បុរីកីឡា ខ្លះ ទៅ​ទម្លាក់​ចោល​នៅ​ទួល​សំបូរ និង​ភ្នំ​បាត ដែល​មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ក្រុង​ភ្នំពេញ ដោយ​អ្នក​ខ្លះ​បាន​ទទួល​សំណង​ដី ៤​គុណ ៥​ម៉ែត្រ។ នៅ​ទួល​សំបូរ និង​ភ្នំ​បាត អាជ្ញាធរ​មិន​បាន​សង់​ផ្ទះ​ឲ្យ​អ្នក​ភូមិ​ទេ ទឹក​ភ្លើង​ក៏​គ្មាន​ប្រើ មន្ទីរពេទ្យ​ក៏​គ្មាន សាលារៀន​ក៏​នៅ​ឆ្ងាយ។ អ្នក​ដែល​រស់នៅ​តំបន់​នោះ ត្រូវ​បង្ខំ​ចិត្ត​ត្រឡប់​មក​រស់នៅ​ភ្នំពេញ​វិញ ដោយ​ជួល​ផ្ទះ​គេ​នៅ ហើយ​ខ្លះ​ស៊ូទ្រាំ​រស់នៅ​ទីនោះ ដោយ​ពឹង​ទៅ​លើ​ជំនួយ​អង្ករ ប្រហុក ទឹកត្រី ពី​អង្គការ​សង្គម​ស៊ីវិល។

សព្វថ្ងៃ មាន​អ្នក​បុរីកីឡា ១៥៦​គ្រួសារ នៅ​មិន​ទាន់​ទទួល​សំណង បន្ត​ក្រាញ​រស់នៅ​បុរីកីឡា លើ​គំនរ​សំរាម​ក្រោម​កៅស៊ូ​តង់​ក្តៅ និង​ក្រោម​ជណ្ដើរ​អគារ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន ផាន អ៊ីម៉ិច សង់​អគារ​ស្នាក់ ២​បន្ថែម​ទៀត​តាម​កិច្ច​សន្យា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

ratary

ពី bangkok

icc don't forget

Jul 01, 2014 08:01 PM

ក្មេងវត្ត

ពី វត្តភ្នំ

ដូចគ្នានិងសម័យប៉ុល ពត/សីហនុអញ្ចឹង ព្រោះហ៊ុន សែនចង់
ស្គាល់មុខអ្នកដែលមិនសុខចិត្តស្រួលចាត់ការនៅពេលក្រោយ។

Jul 01, 2014 05:19 PM

គេហទំព័រ​ទាំងមូល