អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​២៩​គ្រួសារ​រស់នៅ​លើ​ដី​អូរ​ក្នុង​ក្រុងព្រះសីហនុ

ដោយ ជាតិ ចំណាន
2020-01-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ក្នុង​ពិធី​ប្រកាស​ចូល​កាន់​ដំណែង​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ​២០១៩។
អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ក្នុង​ពិធី​ប្រកាស​ចូល​កាន់​ដំណែង​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ​២០១៩។
រូប​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​កំពុង​រុះរើ​ផ្ទះ​ពលរដ្ឋ​ចំនួន​២៩​គ្រួសារ ក្នុង​ក្រុម​២៨ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដោយ​ចោទ​ប្រកាន់​ថា ពួកគេ​រស់នៅ​លើ​ដី ចំណី​អូរ និង​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​។ ពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ទៅ​អភិបាលខេត្ត ផ្ដល់​សំណង​ឬ​ផ្ដល់​ទីតាំង​ថ្មី​ឱ្យ​ពលរដ្ឋ​អាច​រស់​នៅ​បាន ព្រោះ​ពួកគេ​រស់នៅ​ទីនោះ​យូរ​ឆ្នាំ​ហើយ ហើយក៏​គ្មាន​លទ្ធភាព​ទិញ​ដី​នៅ​ខេត្ត​ព្រះសីហនុ​រស់នៅ​បាន​ដែរ ខណៈ​ដី​ក្នុង​ខេត្ត​នេះ​កំពុង​ឡើងថ្លៃ។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ចាប់ផ្តើម​រុះរើ​ផ្ទះ​ចំនួន ៦​ខ្នង​រួចហើយ ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ និង​គ្រោង​រុះរើ​បន្ត​ទៀត​។ ពលរដ្ឋ​ដែល​បាត់បង់​លំនៅឋាន​បាន​ហៅ​វិធានការ​បែបនេះ ថា ដូច​សម្លាប់​ពួកគេ​ទាំង​រស់។

ពលរដ្ឋ​ម្នាក់ ដែល​អាជ្ញាធរ​រុះរើ​ផ្ទះ​របស់​ខ្លួន​គឺ​លោក គីម ធីម ឱ្យ​អាស៊ីសេរី​ដឹង​ថា ពេលនេះ​លោក​គ្មាន​សល់​អ្វី​ទៀត​ទេ​។ លោក​បាន​ចូល​មក​រស់នៅ​ទីនេះ​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​ទិញ​ដី​របស់​គេ ហើយ​លិខិត​ទិញ​លក់​នោះ​ក៏​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែរ​។ ពលរដ្ឋ​រូប​នេះ​ស្នើ​ទៅ​អាជ្ញាធរ​ផ្ដល់​សំណង ឱ្យ​លោក​ខ្លះ​ចំពោះ​ការបាត់បង់​ផ្ទះសម្បែង​នេះ ឬ​ផ្ដល់​កន្លែង​រស់នៅ​ឱ្យ​លោក ព្រោះ​លោក​គ្មាន​លទ្ធភាព​ទិញ​ដី​នៅ​ខេត្ត​នេះ​ទេ៖ «ផ្ទះ​ពួក​ខ្ញុំ ៦​គ្រួសារ​គេ​កាយ​អស់ហើយ កូន​ខ្មែរ​ដល់​គ្នា​អត់​បាន​គ្នា​នៅ​ហ្នឹង​បង​បើ​គ្នា​មាន​គ្នា​មិន​ទៅ​នៅ​លើ​អូរ​អ៊ីចឹង​ទេ ហើយ​នៅ​លើ​អូរ​មិនមែន​ថា​ទៅ​ចាប់ដី​បាន​នៅ​ទេ គឺ​ទិញ​ដី​គេ»

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ករណី​នេះ​ពី​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ នៅ​ថ្ងៃទី​២៤ ខែ​មករា ដោយ​ទូរស័ព្ទ​ចូល គ្មាន​អ្នកទទួល​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូប​នេះ​ធ្លាប់​ឱ្យ​អាស៊ីសេរី​ដឹង​នៅ​មុន​ពេល​អាជ្ញាធរ​រុះរើ​ថា មុននឹង​ឈាន​ដល់​ការ​រុះរើ​អាជ្ញាធរ​មូលដ្ឋាន បាន​យក​លិខិត​ជូន​ដំណឹង​ប្រគល់​ជូន​ពលរដ្ឋ​ឱ្យ​ដើម្បី​ត្រៀមខ្លួន​ធ្វើការ​រុះរើ​ជាច្រើន​ដង​មក​ហើយ​។ ជុំវិញ​សំណើ​របស់​ពលរដ្ឋ​ដែល​ទាមទារ​សំណង​លោក​ថា គឺជា​ការ​សម្រេច​ចិត្ត​របស់​អភិបាលខេត្ត៖ «កាយ​អូរ​ប្រឡាយ​ស្ដារ​អូរ​ប្រឡាយ​ឡើងវិញ​នេះ​គឺ​យើង​ធ្វើ​ទៅ​តាម​ប្លង់​ប្រព័ន្ធ​សុរិយោដី ដើម្បី​គោល​បំណង​ធំ​របស់​យើង​គឺ​បញ្ចៀស​ឱ្យ​បាន​ការ​ជន់​លិច»

អ្នកសម្របសម្រួល​សមាគម​អាដហុក​(Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​រស់​នៅ​លើ​តំបន់​នេះ បាន​ទិញ​ដី​តៗ​គ្នា ពី​ម្ចាស់​ដើម ហើយ​ក្នុង​លិខិត​ទិញ​លក់​នោះ​ក៏​មាន​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែរ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ផ្ដល់​ទីកន្លែង​រស់នៅ​ថ្មី​ដល់​ពលរដ្ឋ បើ​មិន​ដូច្នេះ​ទេ​អ្នកស្រី​យល់ថា ពលរដ្ឋ​នឹង​រង​ទុក្ខ ដោយ​វិធានការ​របស់​អាជ្ញាធរ​ជាក់​ជាមិនខាន៖ «គួរ​ឱ្យ​សោកស្ដាយ​មែនទែន​ព្រោះ​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ គឺ​អភិវឌ្ឍ​ទាំងអស់គ្នា អ្នកមាន​អ្នកក្រ​អាច​រស់នៅ​អាស្រ័យ​ផល​ដោយ​សម្បូរ​សប្បាយ​ទាំងអស់​គ្នា ប៉ុន្តែ​បើ​ឥឡូវ​មិន​មាន​ដំណោះស្រាយ​ទេ ពួកគាត់​ប្រហែល​មិន​អាច​បន្ត​ការរស់នៅ​អាច​មាន​សេចក្ដី​សុខ​ទេ»

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចោទ​ប្រកាន់​ថា ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​តំបន់​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំដោះ​ទឹក និង​គម្រោង​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ ដែល​ជា​ហេតុ​ធ្វើ​ខេត្ត​នេះ​រង​ដោយ​ជំនន់​ទឹកភ្លៀង​។ ក្រុម​ពលរដ្ឋ​លើកឡើង​ថា ពួកគេ​មិន​ប្រឆាំង នឹង​ការរៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក​នេះ​ទេ ប៉ុន្តែ​ទាមទារ​ឱ្យ​អាជ្ញាធរ​ផ្ដល់​ដី​ទីតាំង​ថ្មី​ដល់​ពួកគេ​ទាំង​២៩​គ្រួសារ ដើម្បី​ឱ្យ​ពួកគេ​មាន​ជម្រក​ថ្មី ដែល​អាច​រស់​នៅ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល