ពលរដ្ឋ​សហគមន៍​​​បុរី​​កីឡា​​ខ្លះ​​អហោសិកម្ម​ឲ្យ​​​​ម្ចាស់​​ក្រុមហ៊ុន​​​​​​ផានអ៊ីមិច​​តែ​​បន្ត​​ទាមទារ​​ដំណោះស្រាយ​​ដីធ្លី​​

ដោយ អាស៊ីសេរី
2021-03-29
Share
ពលរដ្ឋ​សហគមន៍​​​បុរី​​កីឡា​​ខ្លះ​​អហោសិកម្ម​ឲ្យ​​​​ម្ចាស់​​ក្រុមហ៊ុន​​​​​​ផានអ៊ីមិច​​តែ​​បន្ត​​ទាមទារ​​ដំណោះស្រាយ​​ដីធ្លី​​ (រូបតូច) លោកស្រី ស៊ុយ សុផាន អតីតយ​ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីមិច (Phan Imex) ដែល​សម្បូរ​រឿង​អាស្រូវ ពាក់ព័ន្ធនឹងជម្លោះ​ដីធ្លីនៅបុរីកីឡាកាលពីឆ្នាំ២០១២។
រូប៖ ហ្វេសប៊ុក sinath hun

ពលរដ្ឋ​រងគ្រោះដីធ្លីមួយចំនួននៅ​ក្នុង​សហគមន៍​​បូរី​កីឡា ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ព្រម​​អហោសិកម្ម​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីមិច (Phan Imex) គឺអ្នកស្រី ស៊ុយ សុផាន ដែលបាន​ស្លាប់កាល​ពី​យប់​ថ្ងៃ​ទី២៨ ខែមីនា។ ប៉ុន្តែ​ពួកគាត់​ប្ដេជ្ញា​​ថា នឹង​​បន្ត​ទាមទារ​​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​ចប់​សព្វ​គ្រប់​ទើប​សុខ​ចិត្ត។

តំណាង​សហគមន៍​បូរី​កីឡាលោកស្រី ភោគ សុភីន ឲ្យ​ដឹង​ថា ពេល​លឺ​ដំណឹង​ថា អ្នកស្រី ស៊ុយ សុផាន​ ស្លាប់មាន​​ពលរដ្ឋ​ក្នុង​សហគមន៍​ខ្លះព្រម​អធ្យាស្រ័យតែ​ខ្លះ​ទៀត មិន​ព្រម​ទេ​ ព្រោះ​ពួកគេ ឈឺ​ចាប់​នឹង​ការ​ធ្វើ​បាប​ខ្លាំង ហើយ​ធ្លាក់​ខ្លួន​វេទនាត​ជំនាន់ ពាក់​ព័ន្ធ​​នឹង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃដោយការ​បណ្តេញ​ប្រជា​ពលរដ្ឋបូរីកីឡា​ជា​ច្រើន​គ្រួសារចេញ​ពីលំ​នៅ​ដ្ឋាន កាលពីដើមឆ្នាំ២០១២។ តែ​យ៉ាង​ណា​លោកស្រី ភោគ សុភីន រំពឹង​ថា អាជ្ញាធរ​នឹង​ដោះស្រាយ​បញ្ចប់​វិវាទ​របស់​​​ពួកគាត់​ នៅ​ក្រោយ​ពេលម្ចាស់​ក្រុមហ៊ុន​​ផានអ៊ីមិច ស្លាប់ កាល​ពី​យប់​ ថ្ងៃ​អាទិត្យ​៖ «វាលស្បូវ​ក៏​ដោយ ដី​ឧត្ដុង្គ​ក៏​ដោយ ដី​របស់​គាត់​ទាំង​អស់​ គឺ​ថា អំពើ​ល្អ​ អំពើ​យុត្តិធម៌​របស់​ប្រជារាស្ត្រ ដាក់​បណ្ដា​សារ​គាត់​បន្តិច​ម្ដងៗ​ ហើយ​ទឹក​ភ្នែក​រាស្ត្រ​គ្រប់​កន្លែង​ ដែល​គាត់​បំពាន​រឿង​ដីធ្លី​ហ្នឹង ហើយ​ឥឡូវ​គាត់​ទៅ​តែ​ខ្លួន​ទទេ​ហ្នឹង ខ្លួន​មួយ​ហ្នឹង ហើយ​និង​បាប​ឃើញ​ទាន់ហន់​ឥឡូវ​ហ្នឹង មិន​ចាំបាច់​ទៅ​ជាតិ​ណា​ទេ ​តែ​ជាតិ​នេះ។ យើង​ធ្វើ​ល្អ សាង​អំពើ​ល្អ​ខ្លះ​ទៅ។ ខំ​ទៅគាត់​យក​ទៅ​តែ​ប៉ុន្មាន​ម៉ែត្រ​នៅ​ឧត្ដុង្គ​ហ្នឹង គាត់​យក​ទៅ​បាន​ហើយ​ គឺ​ផ្នូរ​គាត់ សម្រាប់​ទុក​នៅ​ហ្នុងសម្រាប់​គាត់។ តែ​ទឹក​ភ្នែក​ប្រជារាស្ត្រ​នៅ​តែ​ទឹក​ភ្នែក​សម្រាប់​គាត់​ហ្នឹង»។

ប្អូនស្រីរបស់លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ អ្នកស្រី ហ៊ុន ស៊ីណាត​ ដែល​ស្និទ្ធស្នាលនឹង​អ្នក​ជំនួញ​ធំៗ បានបង្ហោះសារលើទំព័រហ្វេសប៊ុក (Facebook)​ថា អ្នកស្រី ស៊ុយ សុផាន បាន​ស្លាប់ ដោយ​រោគាពាធ ក្នុង​អាយុ​ ៦២​ឆ្នាំ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ក្រុម​គ្រួសារ​របស់លោកស្រី ស៊ុយ សុផាន និងអាជ្ញាធរ​​ ដែល​​ភូមិ​គ្រឹះ​​​អ្នកស្រី ធ្លាប់​ស្នាក់​នៅ​ក្នុង​ខណ្ឌ​ទួល​គោកបាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែមីនា។ តែ​យ៉ាង​ណា សារព័ត៌មាន​ក្នុង​ស្រុក​ (Thmeythmey) ចុះ​ផ្សាយ​ថា សន្តិសុខ​យាម​នៅ​ភូមិ​គ្រឹះ​អ្នកស្រី ស៊ុយ សុផាន នៅ​ម្ដុំ​​សង្កាត់​ទឹក​ល្អក់​៣ ​ប្រាប់​ ថា ​សព​លោកស្រី ស៊ុយ សុផាន ត្រូវ​​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន​របស់​កូនចៅ​​អ្នក​ស្រីនៅ​ម្ដុំ​វាលស្បូវ ខណ្ឌ​ច្បារអំពៅ ជាយ​រាជធានី​ភ្នំពេញ។

អ្នកស្រី ស៊ុយ សុផាន កាល​នៅ​រស់​ មាន​ងារ​ជា​ឧកញ៉ា​ គឺជា​ឈ្មួញ​​ដី ដែល​សម្បូរ​រឿង​អាស្រូវ ពាក់ព័ន្ធនឹងជម្លោះ​ដីធ្លីជាមួយ​ពលរដ្ឋ​​ច្រើន​កន្លែង​។ ជម្លោះ​ដីធ្លី​ទាំង​នោះ ភាគច្រើន ក្រុមហ៊ុនរបស់អ្នកស្រី សហការជាមួយអាជ្ញាធរក្រុងភ្នំពេញ បណ្តេញប្រជាពលរដ្ឋរាប់រយគ្រួសារចេញពីលំនៅដ្ឋានទាំងបង្ខំ ​​ក្រោម​ហេតុផលយកដី​អភិវឌ្ឍន៍។ លោកស្រី ធ្លាប់​មាន​រឿង​អាស្រូវ​ដីធ្លី​​យ៉ាង​តិច ៣​​ តំបន់​​ធំៗ​ គឺ​នៅ​បុរី​កីឡា តំបន់​វាលស្បូវ និង​តំបន់​ព្រែក​តាទែន ​ចាប់​ពី​ម្ដុំ​​ព្រែក​ព្នៅ ដល់​ម្ដុំ​ភ្នំ​ឧត្ដុង្គ​ ស្រុកពញ្ញាឮ ខេត្តកណ្តាល៕​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល