តំណាង​ពលរដ្ឋ​ខេត្ត​ព្រះវិហារ ៤​នាក់​ទៀត​ត្រូវ​អ្នក​មាន​អំណាច​ប្តឹង​ទៅ​តុលាការ​ក្រោយ​ពី​ពួកគាត់​ការពារ​ដីធ្លី

ដោយ ម៉ៅ សុធានី
2024.02.17
តំណាង​ពលរដ្ឋ​ខេត្ត​ព្រះវិហារ ៤​នាក់​ទៀត​ត្រូវ​អ្នក​មាន​អំណាច​ប្តឹង​ទៅ​តុលាការ​ក្រោយ​ពី​ពួកគាត់​ការពារ​ដីធ្លី លោក ឈាង គង់នូវ ហៅ ម៉ៅ (ចាប់ក្របួចកអាវបុរសជាពលរដ្ឋ) និង​បក្ខពួក ព្រួត​គ្នា​វាយ​សហគមន៍​រងគ្រោះ​ដីធ្លី​ស្ថិត​នៅក្នុង​បរិវេណ​ក្រុមហ៊ុន​ចិន ហេង ហ្វូ ថត​នៅ​ថ្ងៃទី​១១​ខែកុម្ភៈ ឆ្នាំ​២០២៤។
រូបភាព៖ ​សហគមន៍​ផ្ដល់​ឱ្យ

តំណាង​ពលរដ្ឋ​ខេត្តព្រះវិហារ ៤​នាក់​ទៀត​ត្រូវ​បុគ្គល​មាន​លុយ​អំណាច​ប្តឹង​ទៅ​តុលាការ ក្រោយ​ពី​ពួកគាត់​ចេញ​មុខ​ការពារ​ដីធ្លី និង​ទប់ស្កាត់​គ្រឿងចក្រ​ដែល​ឈូស​ឆាយ​ផលដំណាំ​របស់​អ្នកភូមិ​ជាច្រើន​ហិកតារ។

ជនជាតិ​ដើម​ភាគតិច​កួយ​ជិត ១០០​គ្រួសារ រស់នៅ​ក្នុង​ភូមិ​ប្រើស​ក្អក និង​ភូមិ​បុះ ឃុំ​ម្លូព្រៃពីរ ស្រុក​ឆែប កំពុង​ស្វែង​កិច្ច​អន្តរាគមន៍​ផ្នែក​ច្បាប់ ពី​អង្គការ​សង្គម​ស៊ីវិល ក្រោយ​ពី​បុគ្គល​មាន​លុយ​មាន​អំណាច ប្រើ​អំពើ​ហិង្សា​លើ​អ្នកភូមិ ថែម​ទាំង​ប្តឹង​តំណាង​ពលរដ្ឋ ៤​នាក់​ទៅ​តុលាការ។

តំណាង​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ម្លូព្រៃ​ពីរ លោក ខាន ស៊ីសុផាន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១៦ កុម្ភៈ​ថា ពេល​នេះ ពលរដ្ឋ ២​ភូមិ​មិនដឹង​ទៅ​ពឹង​ស្ថាប័ន​ណាមួយ​ឱ្យ​ជួយ​រក​ខុសត្រូវ​រឿង​ដីធ្លី​នេះ​ទេ ព្រោះ​ទំហំ​ដី​ជាង ៨០០​ហិកតារ ដែល​ពួកគាត់​ខិតខំ​ការពារ កំពុង​ទទួល​ការ​រំលោភ​បំពាន​ជា​ថ្មី​ទៀត ពី​បុគ្គល​ឈ្មោះ ឈាង គង់នូវ ដែល​តាំង​ខ្លួនឯង​ថា ជា​មេការ​របស់​ក្រុមហ៊ុន​ចិន ហេងហ្វូ (Hengfu Group Sugar Industry)

លោក ខាន ស៊ីសុផាន៖ «បារម្ភ​ដល់​អាយុជីវិត​របស់​ពលរដ្ឋ​បាត់​ពី​ដី​ទៅ ពលរដ្ឋ​ដូច​ស្លាប់​ទាំង​រស់ មិន​បាន​ធ្វើ​លើក​ដី​នោះ អត់​បាយ​អត់​ទឹក ដូច​ស្លាប់​ទាំង​រស់»

កាលពី​ថ្ងៃទី ០៧ ខែកុម្ភៈ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ លោក ថុល គឹមហ៊ឹង បាន​ចេញ​ដីកា​កោះហៅ តំណាង​សហគមន៍ ៤ នាក់ ដើម្បី​សាកសួរ​ពី​បទ​រារាំង​ការ​អនុវត្ត​ការងារ​របស់​ក្រុមហ៊ុន និង​ញុះញង់​ពលរដ្ឋ​ឱ្យ​ចូល​កាន់កាប់​ដី​រដ្ឋ​ខុស​ច្បាប់។

ការ​ប្តឹងផ្តល់​នេះ​កើត​ឡើង ដោយសារ​ជនជាតិ​ដើម​ភាគតិច​កួយ ជិត​១០០​នាក់ រស់នៅ​ឃុំ​ម្លូព្រៃ​ពីរ ស្រុក​ឆែប បាន​ឃាត់​គ្រឿងចក្រ​មិន​ឲ្យ​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់ កាល​ពី​ចុង​សប្តាហ៍​មុន។

ចាប់​តាំងពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ មក​ទល់​ពេល​នេះ ប្រជា​សហគមន៍​ទាំងនេះ តែងតែ​លើកគ្នា​ឃាត់​គ្រឿងចក្រ​ជាច្រើន​ដង ដែល​បុរស​ឈ្មោះ ឈាង គង់នូវ ហៅ ម៉ៅ និង​បក្ខពួក បន្ត​ឈូស​ឆាយ​ផលដំណាំ គំរាមកំហែង និង​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ។

ពួកគាត់​បាន​ថត​វីដេអូ​បង្ហាញ​ពី​សកម្មភាព អំពើ​ហិង្សា បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក ដើម្បី​ពឹង​ឱ្យ​អាជ្ញាធរ​ខេត្តព្រះវិហារ​អន្តរាគមន៍​រក​យុត្តិធម៌ ក៏ប៉ុន្តែ​គ្មាន​បាន​ផល​ឡើយ មក​ទល់​ពេល​នេះ។

អ្នកភូមិ​ថា ដី​ដែល​ក្រុម​ឈ្មួញ​បញ្ជូន​គ្រឿងចក្រ​ឈូស​ឆាយ ឋិត​នៅ​ចំណុច ការដ្ឋាន​ទី​១០ និង​ការដ្ឋាន​ទី​១១ ក្នុងភូមិ​ប្រើស​ក្អក មាន​ទំហំ​សរុប​ជាង ៨០០ ហិកតារ ដែល​ពលរដ្ឋ​បាន​ធ្វើ​កសិកម្ម​ជាង ២ ឆ្នាំ​មក​ហើយ ក្រោយ​ពី​ក្រុមហ៊ុន​ចិន ហេង ហ្វូ (Hengfu Group Sugar Industry) ផ្អាក​ដំណើរការ។

តំណាង​សហគមន៍ ខាត ស៊ីសុផាន បន្ថែម​ថា កាលពី​មិន​ទាន់​មាន​វត្តមាន​ក្រុមហ៊ុន​ចិន​វិនិយោគ​តំបន់​នោះ កន្លែង​ដែល​ពួកគាត់​កំពុង​ស្រែក​តវ៉ា​ការពារ​ដីធ្លី គឺ​សំបូរ​ព្រៃឈើ និង​ជា​តំបន់​ប្រតិបត្តិ​ប្រពៃណី របស់​ជនជាតិ​ដើម​ភាគតិច ក៏ប៉ុន្តែ​ត្រូវ​បាន​ក្រុមហ៊ុន​ចិន រំលោភបំពាន​យក​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ ២០១២ ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ព្រៃ​អាស្រ័យ​ចិញ្ចឹមជីវិត​បែប​ប្រពៃណី។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​តំណាង​អយ្យការ​ខេត្តព្រះវិហារ ថុល គឹមហ៊ឹង បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី១៦ កុម្ភៈ​។ រីឯ​អភិបាលស្រុក​ឆែប លោក ឡុង សុបិន និង​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ។

ចំណែកឯ​លោក ឈាង គង់នូវ ហៅ ម៉ៅ ដែល​អ្នកភូមិ​ចោទ​ថា ប្រើ​អំពើ​ហិង្សា​លើ​ពួកគាត់ ក៏​មិនទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ​ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

កាលពី​ថ្ងៃទី​២៥ ធ្នូ ឆ្នាំ​២០២៣ អភិបាលស្រុក​ឆែប លោក ឡុង សុបិន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​ហាម​ពលរដ្ឋ​ចំនួន ១៧​ភូមិ និង ៦​ឃុំ មិន​ឲ្យ​ចូល​ទៅ​ឈូសឆាយ ឬ​ភ្ជួរ​ដី ធ្វើស្រែ​ចម្ការ​ក្នុង​បរិវេណ ក្រុមហ៊ុន​ចិន​ហេងហ្វូ ក៏ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ចំណូលស្រុក និង​អ្នកមាន​លុយ​មាន​អំណាច នៅតែ​អាច​ចូល​ទៅ​ធ្វើស្រែ​ចម្ការ នៅ​តំបន់​នោះ​បាន។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៉ុណ្ណារ៍ ពន្យល់​ថា ការប្រើ​អំពើ​ហិង្សា​ជា​ទង្វើ​ល្មើសច្បាប់ ដែល​សមត្ថកិច្ច​ត្រូវ​មាន​វិធានការ​ច្បាប់​ជា​ធរមាន​។ លោក​យល់​ថា ជនជាតិ​ដើម​ភាគតិច​នៅតែ​មាន​សិទ្ធិ​ប្រើប្រាស់​ដីធ្លី ដែល​ពួកគាត់​ធ្លាប់​អាស្រ័យ​ផល មុន​ពេល​មាន​វត្តមាន​ក្រុមហ៊ុន​ចិន។

លោក ប៉ែន ប៉ុណ្ណារ៍៖ «ដំណាំ​ដែល​លោក​បាន​ដាំ​នោះ ឋិត​លើ​ដី​សម្បទាន​ក្រុមហ៊ុន​ចិន ដោយសារ​ក្រុមហ៊ុន​ចិន អស់​ទុន​ដើម្បី​វិនិយោគ រហូតដល់​បិទ​រោងចក្រ ហេតុនេះ​ពលរដ្ឋ​ចូល​ទៅ​ធ្វើ​ចម្ការ​។ សុំ​សូមពរ​ទៅ​រដ្ឋាភិបាល​គិត​ពី​តម្លៃ​មនុស្សធម៌​បាន​ច្រើន ពី​ប្រជាជន​ជនជាតិ​ដើម​ភាគតិច»

ប្រជា​សហគមន៍​បន្ថែម​ថា កន្លងទៅ​ក្រុមហ៊ុន​ចិន​ហេងហ្វូ បាន​ឈូស​ឆាយ​ព្រៃឈើ​ធំធេង និង​ដីស្រែ​ពលរដ្ឋ​លុប​ប្រភព​ទឹកអូរ​ធម្មជាតិ ដែល​ជា​បណ្ដាញ​ខ្សែទឹក​ធម្មជាតិ​សម្បូរ​ដោយ​ត្រី ប៉ះពាល់​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ជនជាតិ​ដើម​ភាគតិច​កួយ។

ចាប់ពី​តាំង​ឆ្នាំ​២០២០ មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ស្ករអំពៅ​មួយ​នេះ បាន​ផ្អាក​សង្វាក់​ផលិតកម្ម ហើយ​ពលរដ្ឋ​ជាច្រើន​ភូមិ​បាន​នាំគ្នា​ដណ្តើម​ដីធ្លី​របស់​ពួកគាត់ ពី​ក្រុមហ៊ុន​ត្រឡប់​មក​វិញ ដើម្បី​ធ្វើស្រែ​ចម្ការ​ចិញ្ចឹមជីវិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។