ប្រជាពលរដ្ឋរស់នៅ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អះអាងថា មានក្រុមហ៊ុនមួយដែលពលរដ្ឋមិនទាន់ស្គាល់ឈ្មោះមួយធ្វើអាជីវកម្មរ៉ែ កំពុងឈូសឆាយភ្នំតូចធំ និងប៉ះពាល់ដីស្រែចម្ការរបស់ពលរដ្ឋជាច្រើនហិកតារ ហើយបង្ខំឲ្យពលរដ្ឋទទួលយកសំណងសមរម្យថែមទៀត។ អាជ្ញាធរខេត្តស្ទឹងត្រែង ជំរុញឲ្យពលរដ្ឋរាយការណ៍ព័ត៌មានទាំងនោះទៅអាជ្ញាធរខេត្ត ដើម្បីចុះពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយ។
ពលរដ្ឋរស់នៅ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អះអាងថា មានក្រុមហ៊ុនមួយដែលពលរដ្ឋមិនទាន់ស្គាល់ឈ្មោះ បានដាក់គ្រឿងចក្រឈូសឆាយភ្នំតូចធំ និងដីស្រែចម្ការរបស់ពលរដ្ឋជាច្រើនហិកតារ ដើម្បីធ្វើអាជីវកម្មរ៉ែ ដោយអាជ្ញាធរមូលដ្ឋាននិងក្រុមហ៊ុន មិនបង្ហាញព័ត៌មានលម្អិតអំពីអាជីវកម្មនេះឡើយ។ លើសពីនោះ អាជ្ញាធរមូលដ្ឋាន បានដើរហាមឃាត់ពលរដ្ឋដែលរងផលប៉ះពាល់មិនឲ្យចេញតវ៉ា និងបង្ខំឲ្យពលរដ្ឋទទួលយកសំណងដែលពួកគេបានកំណត់ថែមទៀត។
សកម្មជនការពារព្រៃឈើនៅខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែមករាថា មានក្រុមហ៊ុនមួយមិនបង្ហាញអត្តសញ្ញាណ បានដាក់គ្រឿងចក្រជាច្រើនឈូសឆាយភ្នំតូចធំ នៅត្រង់ចំណុចអូររំពេ និងដីស្រែចម្ការរបស់ពលរដ្ឋនៅតំបន់នោះថែមទៀត។ លោកថា ក្រុមហ៊ុនដាក់គ្រឿងចក្រឈូសឆាយ ដោយមិនបានវាយតម្លៃផលប៉ះពាល់ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅតំបន់នេះនោះទេ ចំណែកអាជ្ញាធរមូលដ្ឋាន មិនបានរកដំណោះស្រាយឲ្យប្រជាពលរដ្ឋរងគ្រោះឡើយ ផ្ទុយទៅវិញ អាជ្ញាធរដើរបង្ខំឲ្យប្រជាពលរដ្ឋលក់ដីស្រែចម្ការនិងទទួលយកសំណងដែលក្រុមហ៊ុនកំណត់។
លោក អ៊ុក ម៉ៅ៖ «គាត់ធ្វើនេះមិនត្រឹមត្រូវ មិនយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋនោះទេ សំណូមពរដល់ថ្នាក់ដឹកនាំ សុំឲ្យកែតម្រូវដល់អាជ្ញាធរផង ពីព្រោះទង្វើគាត់ធ្វើនេះដូចធ្វើបាបប្រជាពលរដ្ឋពេកហើយ អាងតែគាត់មានអំណាចជាមេឃុំ»។
ប្រជាពលរដ្ឋរងផលប៉ះពាល់ម្នាក់ គឺលោក វន ហូយ ឲ្យដឹងថា ដីស្រែចម្ការចំនួន២ហិកតាររបស់លោក មានដំណាំស្វាយចន្ទី និងដំឡូង ត្រូវបានក្រុមហ៊ុនឈូសឆាយ ដោយបង្ខំលោកឲ្យទទួលសំណងចំនួន៦ពាន់ដុល្លារ ហើយប្រសិនបើលោកមិនទទួលយកសំណងនេះនោះទេ នៅពេលក្រុមហ៊ុនឈូសឆាយយករ៉ែហើយ ក្រុមហ៊ុននឹងមិនផ្ដល់សំណងឲ្យឡើយ។ លោកបន្ថែមថា ជារៀងរាល់ឆ្នាំលោកអាចរកប្រាក់បាន ពីការលក់ដំឡូង និងស្វាយចន្ទី ចាប់ពី៤ពាន់ដុល្លារទៅ៦ពាន់ដុល្លារក្នុងមួយរដូវ។
លោក វន ហូយ៖ «មេឃុំទេដែលមកបង្ខំខ្ញុំ ខ្ញុំមិនទាន់ថាលក់១ហិកតារ២ទៅ៣ពាន់ដុល្លារនោះទេ មកប្រាប់ខ្ញុំពីរទៅបីដង ប្រសិនបើខ្ញុំមិនលក់ដីនេះក៏គេនៅតែយកដដែល ហើយគ្មានបានលុយ១រៀលទេ វាមិនសមទេមិនស្មើខ្ញុំធ្វើដំណាំក្នុងមួយឆ្នាំទេ តម្លៃនោះឲ្យបាន១ម៉ឺនដុល្លារជាងបានសម អាចទៅរកទិញដីធ្វើចម្ការបានទៀត»។
ជុំវិញរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គង់ ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី០៥ ខែមករាថា លោកមិនទាន់ដឹងអំពីការឈូសឆាយភ្នំធ្វើអាជីវកម្មរ៉ែនៅតំបន់នេះនោះទេ ប្រសិនបើមានករណីបង្ខំឲ្យពលរដ្ឋទទួលយកសំណង ដែលពលរដ្ឋមិនពេញចិត្ត ពលរដ្ឋមានសិទ្ធិមិនទទួលយក ហើយពលរដ្ឋត្រូវរាយការណ៍ ទៅអាជ្ញាធរខេត្ត ដើម្បីសិក្សាស្រាវជ្រាវលើបញ្ហានេះ។

លោក ម៉ែន គង់៖ «ប្រជាពលរដ្ឋគាត់មានសិទ្ធិមិនទទួលយកសំណងប្រសិនបើដីនោះជាកម្មសិទ្ធិរបស់គាត់ពិតប្រាកដ ហើយដោះស្រាយទៅតាមគោលការណ៍ឲ្យមានការឯកភាពគ្នាស្រុះស្រួលគ្នាជាមុន មុនអនុវត្តសកម្មភាពនៅក្នុងតំបន់ទាំងអស់នោះ នេះគឺជាការអនុវត្តទៅតាមផែនការសកម្មភាព និងគោលការណ៍ក្នុងករណីមានការវិនិយោគណាមួយប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ»។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង យល់ឃើញថា អាជ្ញាធរត្រូវតែសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យមើលអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ នឹងមានដំណោះស្រាយជាមុនសិន មុនអនុញ្ញាតឲ្យក្រុមហ៊ុនទាំងនោះ ដំណើរការអាជីវកម្ម។
លោក ហេង គឹមហុង៖ «អ៊ីចឹងអ្វីដែលគួរតែធ្វើបន្ថែមទៀតនោះ គឺពិនិត្យមើលអាជ្ញាប័ណ្ណ ហើយមិនអាចបង្ខំឲ្យប្រជាពលរដ្ឋ ចាកចេញពីតំបន់ធ្វើអាជីវកម្មរ៉ែបានទេ នេះជាបញ្ហាប្រឈមធ្ងន់ធ្ងរមិនអាចទៅបង្ខំទេ បើបង្ខំវាខុសពីច្បាប់ហើយ ហើយត្រូវជជែកពិភាក្សា ហើយសង្ឃឹមថាការធ្វើអាជីវកម្មនេះជាក្រុមហ៊ុនស្របច្បាប់ហើយមានបច្ចេកទេសត្រឹមត្រូវមិនបង្កផលប៉ះពាល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន»។
នេះមិនមែនជាករណីទីមួយនោះទេ ដែលក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបរិស្ថាន ហើយក្រុមហ៊ុនទាំងនោះ មិនបានសិក្សាវាយតម្លៃអំពីផលប៉ះពាល់ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅតំបន់នោះ។ ចំណែកអាជ្ញាធរមូលដ្ឋាន មិនបានជួយរកដំណោះស្រាយឲ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់នេះនោះទេ ផ្ទុយទៅវិញ អាជ្ញាធរបានដើរបង្ខំឲ្យពលរដ្ឋលក់ដីឲ្យទៅក្រុមហ៊ុន និងគំរាមកំហែងពលរដ្ឋមិនឲ្យចេញតវ៉ាថែមទៀត។
ជាក់ស្ដែង ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development CO., LTD)របស់ឧកញ៉ា ទ្រី ដាលុច ដែលកំពុងធ្វើអាជីវកម្មរ៉ែដែកជិត១០កន្លែង នៅក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង បានធ្វើឲ្យប៉ះពាល់បរិស្ថាន និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារនៅតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
