តុលាការ​សម្រេច​ឲ្យ​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង​ពីរ​រូប​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

ដោយ ឡេង ម៉ាលី
2023.10.05
តុលាការ​សម្រេច​ឲ្យ​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង​ពីរ​រូប​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន សកម្មជន​ដីធ្លី​ខេត្តកោះកុង​​លោកស្រី ផាវ ញ៉ើង។
រូប៖ ហ្វេសប៊ុកលោកស្រី ផាវ ញ៉ើង

សាលាឧទ្ធរណ៍​ព្រះសីហនុ សម្រេច​ដោះលែង​សកម្មជន​ដីធ្លី​ខេត្ត កោះកុង ដ៏​សកម្ម ពីរ​រូប​គឺ លោកស្រី ផាវ ញើង និង​លោកស្រី សេង លីន ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ក្រុម​គ្រួសារ និង​មន្ត្រី​សង្គម​ស៊ីវិល យល់​ថា ការ​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី មិនមែន​ជា​បទ​ល្មើស​នោះ​ទេ។ ពួក​គេ ស្នើ​ដល់​រដ្ឋាភិបាល និង​ក្រសួង​យុត្តិធម៌​ជំរុញ​ដល់​តុលាការ ទម្លាក់​ការ​ចោទប្រកាន់​លើ​តំណាង​សហគមន៍​ទាំង​អស់ និង​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ឱ្យ​ពលរដ្ឋ​បាន​ឆាប់​រហ័ស ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពួក​គេ។

ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ព្រះសីហនុ នៅ​ថ្ងៃ​ទី៥ តុលា​នេះ ក្នុង​ពេល​ដែល​សាលា​ឧទ្ធរណ៍​បើក សវនាការ​ដេញដោល​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ លើ​សកម្មជន​ដីធ្លី​ខេត្តកោះកុង​ពីរ​រូប​គឺ លោកស្រី ផាវ ញើង និង​លោកស្រី សេង លីន ។

កូន​ប្រុស​លោកស្រី ផាវ ញើង គឺ​យុវជន ហង់ វាសនា នៅ​តែ​យល់​ថា សកម្មភាព​ម្ដាយ និង​សហគមន៍​ផ្សេង​ទៀត តវ៉ា និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្វែងរក​ដំណោះស្រាយ​វិវាទ​ដីធ្លី​មិនមែន​ជា​បទ​ល្មើស​នោះ​ទេ។ លោក ស្នើ​ដល់​រដ្ឋាភិបាល និង​ក្រសួង​យុត្តិធម៌​ជំរុញ​ដល់​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​ម្ដាយ និង​សហគមន៍​ផ្សេង​ទៀត។

យុវជន ហង់ វាសនា៖ «សំណូមពរ​ថា សង្ឃឹម​ថា តុលាការ​ខេត្តព្រះសីហនុ​ហ្នឹង នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​ពួក​គាត់​ទាំង​ពីរ​រូប មិន​ថា​ជា​ម៉ាក់​ខ្ញុំ ឬ​ក៏​ជា អ៊ំសេង លីន ដោយ​ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព ព្រមទាំង​ទម្លាក់​រាល់​បទ​ចោទ​ប្រកាន់​គាត់ ដោយ​អយុត្តិធម៌​ទាំង​អស់​ហ្នឹង»។

យុវជន ហង់ វាសនា បញ្ជាក់​ថា ពន្ធនាគារ​ខេត្តកោះកុង នៅ​មិន​ទាន់​ដោះ​លែង​ម្ដាយ​របស់​លោក​នៅ​ថ្ងៃ​នេះ​នៅ​ឡើយ​ទេ ព្រោះ​ខាង​ពន្ធនាគារ​ថា នឹង​ដោះ​លែង​ម្ដាយ​របស់​លោក​នៅ​ព្រឹក​ស្អែក​វិញ ដោយសារ​តែ​នៅ​រសៀល​នេះ ឯកសារ​ធ្វើ​មិន​ទាន់​រួចរាល់ ។

សវនាការ​របស់​សាលាឧទ្ធរណ៍​ព្រះសីហនុ​នៅ​ពេល​នេះ ក៏​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​ប្រជា​សហគមន៍​ចំនួន៣ មក​ពី​ស្រុក​បទុម​សាគរ និង​ស្រុកស្រែអំបិល ជិត ២រយ​នាក់។ ប្រជា​សហគមន៍​ក្នុង​នោះ ក៏​មាន​ទាំង​កុមារ​តូចៗ នាំ គ្នា​ឈរ​តម្រង់​ជួរ ដៃ​កាន់​បដា និង​រូបថត​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ដូចជា អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ជាដើម នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍​ព្រះសីហនុ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត និង​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​សកម្មជន​ដីធ្លី លោកស្រី ផាវ ញើង និង​លោកស្រី សេង លីន ព្រម​ទាំង​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​អស់​លើ​តំណាង​សហគមន៍​របស់​ពួក​គេ។

ព្រះរាជអាជ្ញា នៃ​សាលា​ឧទ្ធរណ៍​ព្រះសីហនុ លោក សុក ហេង កាល​ពី​ថ្ងៃ​ទី៣ តុលា បាន​កោះហៅ​មេធាវី និង​សកម្មជន​ដីធ្លី ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តកោះកុង គឺ​លោកស្រី ផាវ ញើង និង​លោកស្រី សេង លីន ឲ្យ​ឡើង​តុលាការ នៅ​ថ្ងៃ​ទី៥ តុលា ដើម្បី​ពិភាក្សា​ដេញដោល​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​បាន​ប្រព្រឹត្ត​នៅ​មុខ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ចុង​ឆ្នាំ២០១៩។ 

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ទទួល​បន្ទុក​សិទ្ធិមនុស្ស និង​ធុរកិច្ច នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា លោក​កោតសរសើរ ចំពោះ​ការ​អនុគ្រោះ​របស់​សាលា​ឧទ្ធរណ៍ ដែល​បាន​សម្រេច​ដោះ​លែង​សកម្មជន​ដីធ្លី​ពីរ​រូប គឺ​លោកស្រី ផាវ ញើង និង​លោកស្រី សេង លីន ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ លោក​បន្ត​ថា ការ​ទាមទារ​របស់​សហគមន៍​ដីធ្លី កាល​ពី​ពេល​កន្លង​ទៅ គឺ​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ក្នុង​ការ​ស្នើសុំ​ឲ្យ​មាន​ដំណោះស្រាយ​វិវាទ​ដីធ្លី។

លោក វណ្ណ សូផាត៖ «គាត់​បាត់​ដី​ហ្នឹង​ដោយសារ​តែ​មាន​ការ​រំលោភ​យក​ដោយ​ក្រុមហ៊ុន​ចម្ការអំពៅ និង​ក្រុមហ៊ុន ហេង ហុង អាគ្រីខាលឆឺ គ្រុប (Agriculture group) ហ្នឹងឯង ហើយ​អ៊ីចឹង​ដល់​ពេល​លទ្ធផល​ចេញ​មក​ទៅ​ចោទ​គាត់​ដោយសារ​តែ​គាត់​តវ៉ា​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​អី​សមរម្យ​អី អា​ហ្នឹង​គឺ​ថា វា​មាន​ភាព​អយុត្តិធម៌​សម្រាប់​គាត់​ហា អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា តុលាការ​នឹង​ពិចារណា ដើម្បី​ដោះលែង​គាត់ ហើយ​នឹង​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​តែ​ម្ដង»

កាល​ពី​ថ្ងៃ​ទី២៩ សីហា សាលាឧទ្ធរណ៍​ព្រះសីហនុ បាន​សម្រេច​ឲ្យ​សកម្មជន​ដីធ្លី ខេត្តកោះកុង​ទាំង ៩នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែសកម្មជនត្រឹមតែ៧នាក់ប៉ុណ្ណោះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​ពេល​នោះ។ ចំណែក​សកម្មជន ២នាក់​ផ្សេង​ទៀត គឺ​លោកស្រី ផាវ ញើង និង​លោកស្រី សេង លីន ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍ ហើយ​ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ នៅ​ថ្ងៃ​ទី៥ តុលា ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី​នេះ ត្រូវ​បាន​អ្នក​ការពារ​សិទ្ធិមនុស្ស​ចាត់​ទុក​ថា ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​សហគមន៍ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

ក្រុម​គ្រួសារ និង​សង្គម​ស៊ីវិល នៅតែ​ស្នើ​យ៉ាង​ទទូច​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​តំណាង​សហគមន៍​ដីធ្លី​ទាំង​អស់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ ដែល​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​រំលោភបំពាន​ដីធ្លី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។