អាជ្ញាធរ រុះរើផ្ទះពលរដ្ឋនៅតំបន់បឹងតាមោក ដែលមិនទទួលយកដំណោះស្រាយ
2024.06.26

អាជ្ញាធរខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី២៥ មិថុនា បានចុះរុះរើផ្ទះពលរដ្ឋនៅតំបន់បឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អស់ចំនួន ១ខ្នង។ ការចុះរុះរើនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខណ្ឌព្រែកព្នៅ ព្រមានពលរដ្ឋឲ្យរុះរើផ្ទះដោយខ្លួនឯង ដោយចោទថា ពលរដ្ឋរស់នៅដោយខុសច្បាប់លើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ។
អាជ្ញាធរខណ្ឌព្រែកព្នៅស្លៀកពាក់ក្នុងឈុតស៊ីវិលជាច្រើននាក់ បានចុះរុះរើផ្ទះឈើប្រក់ស័ង្កសីចំនួនមួយខ្នង និងខ្ទមសម្រាប់អង្គុយលេងចំនួនមួយរបស់ពលរដ្ឋនៅតំបន់បឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា។
ភ្លាមៗ បន្ទាប់ពីអាជ្ញាធរចុះរុះរើ ពលរដ្ឋនៅតំបន់បឹងតាមោកជាច្រើន ក៏បាននាំគ្នាមករារាំងអាជ្ញាធរមិនឲ្យរុះរើបន្តទៀត ដោយអះអាងថា ម្ចាស់ផ្ទះនៅមិនទាន់ទទួលយកគោលនយោបាយដោះដូរដីជាមួយអាជ្ញាធរនៅឡើយទេ និងបង្កឲ្យមានការរុញច្រានគ្នារវាងអាជ្ញាធរ និងពលរដ្ឋ។

ហេតុការណ៍រុញច្រានគ្នានេះ បណ្ដាលឲ្យមនុស្សម្នាក់រងរបួសស្រាល ដោយសារតែអាជ្ញាធររុញបណ្ដាលឲ្យដួល មុតនឹងស័ង្កសី។
ពលរដ្ឋឲ្យដឹងថា អាជ្ញាធរមិនបានជូនដំណឹងអំពីការចុះមករុះរើផ្ទះនៅព្រឹកថ្ងៃទី២៥ ខែមិថុនាទេ។ ចំណែកឯម្ចាស់ផ្ទះ ដែលត្រូវបានអាជ្ញាធររុះរើផ្ទះនេះ គឺលោក លី ស៊ាងហួត មានដីជាប់បណ្ដោយផ្លូវលេខ ១៥១ ក្នុងសង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ ចំនួន ៨៥ម៉ែត្រ ។
តំណាងពលរដ្ឋតំបន់បឹងតាមោក លោកស្រី ស៊ា ដាវី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ មិថុនាថា អាជ្ញាធរពាក់ព័ន្ធគួរតែផ្ដល់សំណងសមរម្យ ដែលពលរដ្ឋអាចទទួលយកបាន នៅមុនពេលអាជ្ញាធរប្រើប្រាស់កម្លាំងចុះមករុះរើផ្ទះពួកគេបែបនេះ។ លោកស្រីបន្ថែមថា ទង្វើរបស់អាជ្ញាធរនៅពេលនេះ កំពុងធ្វើឲ្យពលរដ្ឋគ្មានកន្លែងជ្រក ក្នុងរដូវដែលមានភ្លៀងធ្លាក់ច្រើន។
លោកស្រី ស៊ា ដាវី៖ «មុននឹងចង់បានដីប្រជាពលរដ្ឋយកទៅអភិវឌ្ឍន៍អ្វីមួយ ឬយកទៅឲ្យក្រុមហ៊ុន សុំឲ្យហៅម្ចាស់ទៅរកដំណោះស្រាយ ដែលគាត់សំណូមពរ តាមអ្វីដែលគាត់អាចទទួលយកបាន ហើយចាំកម្ទេចផ្ទះរបស់គាត់ ទាំងដែលគាត់នៅមិនទាន់ទទួលបានអ្វី ហើយបានចរចាតាមក្រោយ អាហ្នឹងវាជារូបភាពបំភិតបំភ័យប្រជាពលរដ្ឋ ដែលនៅសល់ ហើយក៏ជាការរំលោភសិទ្ធិពលរដ្ឋពីសំណាក់អាជ្ញាធរដែរ ជាអយុត្តិធម៌ សម្រាប់ពលរដ្ឋណាស់ ដែលផ្ទះយើងនៅសុខៗ គេមកកម្ទេចអីចឹង ហើយហៅទៅចរចាវាឃោរឃៅមែនទែន វាមិនគួរណាមាននៅក្នុងសម័យអភិវឌ្ឍន៍»។
ពលរដ្ឋឲ្យដឹងដែរថា ក្រោយពីអាជ្ញាធរចុះមករុះរើផ្ទះពលរដ្ឋទាំងកម្រោលហើយនោះ អាជ្ញាធរខណ្ឌព្រែកព្នៅ បានហៅម្ចាស់ផ្ទះ លោក លី ស៊ាងហួត ទៅទទួលយកគោលនយោបាយជាមួយអាជ្ញាធរនៅសាលាខណ្ឌព្រែកព្នៅ។ ជាថ្នូរនឹងដីចំនួន ៨៥ម៉ែត្រ ជាប់មាត់ផ្លូវលេខ ១៥១ ក្នុងសង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ អាជ្ញាធរសន្យាថា នឹងផ្ដល់ផ្ទះចំនួន៩ខ្នង និងថវិកាចំនួន១ម៉ឺន៥ពាន់ដុល្លារ ក្នុងផ្ទះមួយខ្នងដល់ម្ចាស់ដីរូបនេះ។ ប៉ុន្តែម្ចាស់ផ្ទះ ឲ្យដឹងថា គាត់នៅមិនទាន់ទទួលយកដំណោះស្រាយនេះនៅឡើយទេ ដោយទាមទារប្រាក់ចំនួន២ម៉ឺនដុល្លារក្នុងមួយខ្នងផ្ទះ និងរង់ចាំពិភាក្សាជាមួយសាច់ញាតិបន្ថែមទៀតសិន។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន ដើម្បីសុំការអត្ថាធិប្បាយជុំវិញការចុះរុះរើផ្ទះពលរដ្ឋនេះ បាននៅឡើយទេ នៅថ្ងៃទី២៥ ខែមិថុនា ដោយទូរស័ព្ទចូលច្រើនដង តែគ្មានអ្នកទទួល។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស ឬហៅ កាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មានប្រសាសន៍ថា អាជ្ញាធរគួរតែដោះស្រាយបញ្ហានេះ ដោយសន្តិវិធី និងស្ដាប់តម្រូវការជាក់ស្ដែងរបស់ពលរដ្ឋ រួមទាំងផ្ដល់ឲ្យពួកគេនូវការរស់នៅមួយសមរម្យ ដែលមានហេដ្ឋារចនាសម្ព័ន្ធ និងមានមុខរបរចិញ្ចឹមជីវិត បន្ទាប់ពីយល់ព្រមទទួលយកគោលនយោបាយជាមួយអាជ្ញាធរ។
លោក រស់ សុដ្ឋា៖ «អាជ្ញាធរហាក់បីដូចជា រួសរាន់ក្នុងការដែលឲ្យប្រជាពលរដ្ឋចាកចេញពីលំនៅឋានហ្នឹង។ រូបភាពអីចឹងវា ហាក់បីដូចជាការបង្ខិតបង្ខំឲ្យប្រជាជនចាកចេញ។ អីចឹងខ្ញុំចង់សួរថា ប្រសិនជាយើងធ្វើអីចឹងដដែល តើការចរចាសម្រុះសម្រួលគ្នាកន្លងមកហ្នឹង វាមានប្រយោជន៍អ្វី? អីចឹងទេ ជាគោលការណ៍រឿងនេះ ខ្ញុំមើលទៅ គឺមានតែការសម្រុះសម្រួលគ្នាទេ»។
គិតមកទល់នឹងពេលនេះ ពលរដ្ឋនៅតំបន់បឹងតាមោកប្រមាណ ៦០គ្រួសារបានទទួលយកគោលនយោបាយដោះដូរដីជាមួយរដ្ឋាភិបាល ដោយទទួលបានដីមួយឡូត៍ ទំហំ ទទឹង ៤ម៉ែត្រកន្លះ បណ្ដោយ ១៨ម៉ែត្រ ផ្ទះមួយខ្នង នៅចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីតំបន់របស់ពួកគាត់កំពុងរស់នៅ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងលុយចំនួន ១ម៉ឺនដុល្លារ។
ប៉ុន្តែពលរដ្ឋជិត ៥៩គ្រួសារផ្សេងទៀត មិនទាន់ទទួលយកដំណោះស្រាយនេះទេ ដោយទាមទាររស់នៅលើដី តាមបណ្ដោយផ្លូវលេខ ១៥១ នៅសង្កាត់សំរោងត្បូង ដដែលព្រោះទីតាំង ដែលអាជ្ញាធរដោះដូរដីនោះគឺជាតំបន់ដាច់ស្រយាលឆ្ងាយពីផ្ទះប្រជាជន និងពិបាកប្រកបរបរចិញ្ចឹមជីវិត។
លើសពីនេះ ពលរដ្ឋបឹងតាមោកចំនួន ១៨នាក់ កំពុងជាប់បណ្ដឹងនៅតុលាការ ដោយសារតែទាមទារដំណោះស្រាយដីធ្លីពីរដ្ឋាភិបាល៕