អាជ្ញាធរ​រារាំង​អតិថិជន​ទិញ​បុរី​ពិភព​ថ្មី​ជិត ១០០នាក់ មិន​ឱ្យ​ដង្ហែ​ក្បួន​ទៅ​ផ្ទះ​លោក ហ៊ុន សែន

ដោយ សុជីវី
2024.02.14
អាជ្ញាធរ​រារាំង​អតិថិជន​ទិញ​បុរី​ពិភព​ថ្មី​ជិត ១០០នាក់ មិន​ឱ្យ​ដង្ហែ​ក្បួន​ទៅ​ផ្ទះ​លោក ហ៊ុន សែន អតិថិជន​ទិញ​ផ្ទះ​ក្នុង​បុរី​ពិភព​ថ្មី ជិត ១០០នាក់ ដែល​នាំ​គ្នា​ដើរ​ដង្ហែ​ទៅ​សុំ​អន្តរាគមន៍​ដល់ផ្ទះ​អតីត​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន តែត្រូវអាជ្ញាធរ​ខណ្ឌកំបូល រាជធានី​ភ្នំពេញ ​ស្ទាក់​ដំណើរ​មិន​ឱ្យទៅមុខ នៅ​ថ្ងៃ​ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបពីពលរដ្ឋ

អាជ្ញាធរ​ខណ្ឌកំបូល រាជធានី​ភ្នំពេញ បាន​ស្ទាក់​ដំណើរ​មិន​ឱ្យ​អតិថិជន​ទិញ​ផ្ទះ​ក្នុង​បុរី​ពិភព​ថ្មី ជិត ១០០នាក់ ដែល​គ្រោង​នាំ​គ្នា​ដើរ​ដង្ហែ​ទៅ​សុំ​អន្តរាគមន៍​ដល់​ផ្ទះ​អតីត​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន។ សង្គម​ស៊ីវិល ស្នើ​ឱ្យ​ភាគី​ទាំង​ពីរ គួរតែ​បើក​កិច្ចចរចា ដើម្បី​សម្របសម្រួល​រក​ដំណោះស្រាយ​រួម​មួយ ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។

អតិថិជនបុរីពិភពថ្មីជិត ១០០នាក់ ដែល​កំពុង​ប្រឈម​ការ​រឹបអូស​ផ្ទះ នៅ​ថ្ងៃ​ទី១៤ កុម្ភៈ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខណ្ឌកំបូល ដោយ​គ្រោង​ដើរ​ដង្ហែ​ទៅ​ភូមិគ្រឹះ​លោក ហ៊ុន សែន នៅ​ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បី​សុំ​ការ​អន្តរាគមន៍​ឱ្យ​ក្រុមហ៊ុន​ព្រម​ទទួល​ទិញ​ផ្ទះ​វិញ ក្នុង​តម្លៃ ៥០ភាគ​រយ ទៅ​តាម​ការ​សន្យា។ ប៉ុន្តែ​ក្បួន​ដង្ហែ​នេះ ត្រូវ​អាជ្ញាធរ​កង​សន្តិសុខ​ខណ្ឌកំបូល រារាំង ដោយ​កម្លាំង​ចម្រុះ​បាន​យក​ឡាន​មក​ដាក់​កាត់​ទទឹង​ផ្លូវ។

អតិថិជន​ទិញ​ផ្ទះ​ក្នុង​បុរី​ពិភព​ថ្មី លោក ឡាយ ពុទ្ធិ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៤ កុម្ភៈ ថា ការ​ដែល​ពលរដ្ឋ សម្រេច​ចិត្ត​ទៅ​សុំ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន នៅ​ពេល​នេះ ព្រោះ​មិន​អាច​ទ្រាំ​នឹង​ភាព​ស្ងប់ស្ងាត់​របស់​បុរី​ពិភព​ថ្មី ដែល​មិន​ព្រម​បញ្ជូន​តំណាង​មក​ចរចា​ដោះស្រាយ​បញ្ហា និង​ថែម​ទាំង​រឹបអូស​ផ្ទះ​របស់​ពួក​គាត់​ទៀត​ផង។

ខណៈ​តវ៉ា ក្រុម​សន្តិសុខ​ខណ្ឌកំបូល​បាន​រុញច្រាន​អតិថិជន​បុរីពិភព​ថ្មី ឱ្យ​អែប​កៀន​ផ្លូវ រហូត​ដល់​តឹង សរសៃ​ក​ដាក់​គ្នា។ ដោយ​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន អតិថិជន​បុរី​ពិភព​ថ្មី​ទាំង​អស់ បាន​នាំ​គ្នា​ឈរ​ទាមទារ​នៅ​លើ​ចិញ្ចើម​ផ្លូវ​វិញ ដោយ​ពួក​គាត់​ ខ្លះ ឈរ​កាន់​រូបថត​លោក ហ៊ុន សែន ខ្លះ​កាន់​រូប​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ខ្លះ​ទៀត​កាន់​ផ្ទាំង​ប៉ាណូ ដែល​មាន​អក្សរ​ថា «បុរី​ត្រូវ​គោរព​គោលការណ៍ ៥០ភាគ​រយ» ជាដើម។

អតិថិជន​ទិញ​ផ្ទះ​ក្នុង​បុរី​ពិភព​ថ្មី​ម្នាក់​ទៀត គឺ លោកស្រី ជៀង បញ្ញា លើកឡើងថា ការ​ប្រមូលផ្ដុំ​គ្នា​ទៅ​តវ៉ា សុំ​អន្តរាគមន៍​នៅ​មុខ​ផ្ទះ​ប្រធាន​ឧត្ដម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ លោក ហ៊ុន សែន នៅ​ពេល​នេះ ដោយសារ​ពួក​គាត់ អស់​ទំនុក​ចិត្ត​លើ​កិច្ច​អន្តរាគមន៍​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​មិន​អាច​ជួយ​សម្របសម្រួល​ឱ្យ​ភាគី​ក្រុមហ៊ុន​ឈប់​រឹបអូស​ផ្ទះ​ពី​ពួក​គាត់ ហើយ​បែរ​ជា​រារាំង​អតិថិជន មិន​ឱ្យ​ជួប​តំណាង​ក្រុមហ៊ុន​ទៅ​វិញ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី និង​អភិបាល​ខណ្ឌ​កំបូល លោក ឃឹម ស៊ុនសូដា ដើម្បី​សុំ​ការ​បក​ស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅថ្ងៃទី១៤ ខែកុម្ភៈ។

ប៉ុន្តែ កាលពីថ្ងៃ​ទី៣ ខែកុម្ភៈ ម្ចាស់​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី គឺ​លោក ហុង ពីវ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថា ក្នុង​រយៈ​ពេល ៣ខែ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​លក់​ផ្ទះ​បាន​ជាង ១រយ​ខ្នង (១៥២) ទិញ​ផ្ទះ​ចូល​វិញ ចំនួន​ជាង ១ពាន់​ខ្នង (.៥៨៦) ដែល​សរុប​ជា​ទឹក​ប្រាក់​ចំនួន​ជិត ២០លាន​ដុល្លារ (១៨.៣៩១.៥៦៩) និង​រៀបចំ​ឥណទាន​ឱ្យ​អតិថិជន​សារ​ឡើង​វិញ ចំនួន ៣៩ម្ចាស់។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ(LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ភាគី​អតិថិជន និង​ភាគី​ក្រុមហ៊ុន​គួរតែ​បើក​កិច្ចចរចា ដើម្បី​សម្របសម្រួល​រក​ដំណោះស្រាយ​រួម​មួយ ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។ លោក​បន្ត​ថា ការ​សន្យា​ដោយ​ផ្ទាល់​មាត់​របស់​ក្រុមហ៊ុន ជាមួយ​អតិថិជន​ថា នឹង​ទិញ​ផ្ទះ​វិញ ក្នុង​តម្លៃ ៥០ភាគ​រយ ប្រសិន​បើ​ពួក​គេ​អស់​លទ្ធភាព​បង់​បន្ត គឺ​នៅតែ​មាន​សុពលភាព។

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន​បុរី​ពិភព​ថ្មី បាន​ចេញ​សេចក្ដី​ប្រកាស ដោយ​បាន​កែប្រែ​លក្ខខ័ណ្ឌ​បន្ថែម ដើម្បី​ចរចា​ជាមួយ​អតិថិជន មាន​ដូចជា ការ​ទទួល​ទិញ​ផ្ទះ​វិញ ៥០ភាគ​រយ នៃ​ប្រាក់​ដែល​អតិថិជន​បាន​បង់​ប្រចាំ​ខែ ដោយ​យក​ប្រាក់​ដើម​បូក​នឹង​ការ​ប្រាក់​ជា​ដើម។ ក៏ប៉ុន្តែ អតិថិជន ដែល​បាន​ទៅ​ចរចា​ជាមួយ​តំណាង​ក្រុមហ៊ុន អះអាង​ថា លក្ខខ័ណ្ឌ​នេះ ធ្វើ​ឡើង​ឱ្យ​តែ​ល្អ​មើល​ប៉ុណ្ណោះ ដោយ​ខាង​ក្រុមហ៊ុន​ទទួល​ទិញ​ចូល​វិញ ៥០ភាគ​រយ ដោយ​គិត​តែ​ទៅ​លើ​ប្រាក់​ដើម​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​ភាគី​អ្នក​ទិញ ត្រូវ​ខាតបង់​ជាង​ពាក់​កណ្ដាល នៃ​ប្រាក់ ដែល​បាន​បង់។

ពលរដ្ឋ ដែល​បាន​ទិញ​ផ្ទះ​ពី​បុរី​ពិភព​ថ្មី មាន​តម្លៃ​ចន្លោះ​ពី ជាង ៥ម៉ឺន​ដុល្លារ ទៅ ១០ម៉ឺន​ដុល្លារ ក្នុង​មួយ​ផ្ទះ ដោយ​បង់​រម្លស់ ចន្លោះ​ពី ៥រយ​ដុល្លារ ទៅ ៧រយ​ដុល្លារ ក្នុង​មួយ​ខែ។ ក៏ប៉ុ​ន្តែ ដោយសារ​តែ​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់​ចុះ បណ្ដាល​ឱ្យ​អតិថិជន​មួយ​ចំនួន ដែល​បង់​រម្លស់​ផ្ទះ បាត់បង់​ប្រាក់​ចំណូល និង​ត្រូវ​បង្ខំ​ចិត្ត​ដាក់​ស្លាក​លក់​បន្ទាន់ និង​ខ្លះ​ទៀត ត្រូវ​ភាគី​បុរី​បង្ខំ​ឱ្យ​ចុះ​ចេញ​ទាំង​បង្ខំ ដែល​ធ្វើ​ឱ្យ​ទិដ្ឋភាព​នៅ​ក្នុង​បុរី​ពិភព​ថ្មី កាន់តែ​ស្ងប់ស្ងាត់ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ទោះ​ជា​បែប​នេះ​ក្ដី ក្រុមហ៊ុន​បុរី​ពិភព​ថ្មី នៅ​តែ​បន្ត​រឹបអូស​ផ្ទះ​ពី​អតិថិជន ដែល​ខកខាន​បង់​ជូន​ក្រុមហ៊ុន​ជា​បន្ត​បន្ទាប់ ក្នុង​នោះ ផ្ទះ​របស់​អតិថិជន​មួយ​ចំនួន ត្រូវ​បាន​ក្រុមហ៊ុន​ផ្សារដែក​បិត ឬ​ចាក់​សោ​ពី​ខាង​ក្រៅ និង​ដាក់​ស្លាក​ថា ផ្ទះ​របស់​ក្រុមហ៊ុន​អនុវត្ត​តាម​កិច្ចសន្យា។ វិធាន​នេះ បាន​ធ្វើ​ឱ្យ​អតិថិជន​មួយ​ចំនួន ដែល​ត្រូវ​បុរី​ពិភព​ថ្មី​រឹបអូស​ផ្ទះ ធ្លាក់ខ្លួន​ក្រីក្រ បាត់បង់​ទី​ជម្រក និង​ជំពាក់​បំណុល​ធនាគារ។

អតិថិជន​ទិញ​ផ្ទះ​ពី​បុរី​ពិភព​ថ្មី ដែល​ចេញ​មក​តវ៉ា លើក​ឡើង​ថា ពួក​គាត់​នឹង​បន្ត​ការ​ស្វែងរក​កិច្ច​អន្តរាគមន៍ ពី លោក ហ៊ុន សែន បន្ត​ទៀត ក្នុង​នោះ ពួក​គាត់​ក៏​គ្រោង​នឹង​ដាក់​ញត្តិ នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ផង​ដែរ ដោយ​ពួក​គាត់​មិន​បណ្ដោយ​ឱ្យ​កម្លាំង​ញើស​ឈាម ដែល​ពួក​គាត់​ខំ​រក​ស្ទើរ​ពេញ​មួយ​ជីវិត​នេះ បាត់បង់​ទៅ​ដោយ​ទទេ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។