អាជ្ញាធរខណ្ឌព្រែកព្នៅដាក់ស្លាកនៅសហគមន៍ថា ម្ចាស់ដីក្បែរបឹងតាមោក ទទួលយកគោលការណ៍ដូរដី ខណៈពលរដ្ឋភាគច្រើនមិនទទួលយក
2024.03.26

អាជ្ញាធរខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី២៦ មីនា បានយកស្លាកបញ្ជាក់ថា ម្ចាស់ដីនៅក្បែរបឹងតាមោក បានទទួលយកគោលការណ៍ដោះដូរដីទៅដាក់នៅសហគមន៍ ខណៈពលរដ្ឋភាគច្រើនអះអាងថា ពួកគាត់មិនទទួលយក។ តំណាងសហគមន៍សំរោងត្បូង ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញថា ការដាក់ស្លាកនេះ មិនបង្ហាញឆន្ទៈពលរដ្ឋភាគច្រើនទេ ពោលគឺ ពលរដ្ឋចង់អភិវឌ្ឍនៅនឹងកន្លែង។
អាជ្ញាធរខណ្ឌព្រែកព្នៅ បានយកស្លាកធ្វើអំពីដែក មានកម្ពស់ជិត ២ម៉ែត្រ ដោយសរសេរថា «ទីតាំងដោះស្រាយគោលនយោបាយ រួចរាល់» ទៅដាក់នៅមុខទីតាំងដី ដែលអាជ្ញាធរថា ពលរដ្ឋយល់ព្រមដោះដូរដី ជាមួយរដ្ឋបាលខណ្ឌ ស្ថិតនៅក្បែរបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ឆ្លើយតបចំពោះការដាក់ស្លាកនេះ តំណាងសហគមន៍សំរោងត្បូង លោកស្រី ស៊ា ដាវី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ មីនាថា មានពលរដ្ឋចំនួន ២៧គ្រួសារបានទទួលយកការដោះដូរដី ជាមួយអាជ្ញាធរ ខណៈពលរដ្ឋភាគច្រើន ចង់អភិវឌ្ឍនៅនឹងកន្លែង។ លោកស្រីស្នើដល់រដ្ឋាភិបាល ផ្ដល់សិទ្ធិអភិវឌ្ឍនៅនឹងកន្លែងសម្រាប់ពលរដ្ឋ ដែលមិនចង់ដោះដូរដី។
លោកស្រី ស៊ា ដាវី៖ «សូមកុំឲ្យមានការចោទលាបពណ៌ពួកខ្ញុំហ្នឹង ញុះញង់ បង្កចលាចល ឬក៏បំផ្លាញការអភិវឌ្ឍរបស់រដ្ឋាភិបាល។ ពួកខ្ញុំចង់បានការអភិវឌ្ឍមួយ ដែលមិនធ្វើឲ្យពួកខ្ញុំហូរទឹកភ្នែក។ ពួកខ្ញុំសុំតែសេចក្ដីសុខ សុំតែដី ការពារដីផ្ទះ អ្វីដែលជាទ្រព្យសម្បត្តិរបស់ពួកខ្ញុំតែប៉ុណ្ណោះ គឺខ្ញុំអត់ទៅរំលោភបំពាន ដូចជា លោភលន់ចង់បានដីបុគ្គលឯកជន ឬក៏ឧកញ៉ា មន្ត្រីណាម្នាក់ទេ»។
នៅរសៀលថ្ងៃទី២៦ មីនា ប្រជាសហគមន៍សំរោងត្បូង ដែលរស់នៅក្បែរបឹងតាមោក ប្រមាណ ៥០នាក់ បានជួបជុំគ្នា បន្តតវ៉ាទាមទារឲ្យរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ដល់សិទ្ធិឲ្យពួកគេអភិវឌ្ឍនៅនឹងកន្លែង។ សហគមន៍ឲ្យដឹងថា ពួកគាត់បានធ្វើកូដកម្មជាង ២០ថ្ងៃទៅហើយ ប៉ុន្តែ មិនមានអាជ្ញាធរចុះមកដោះស្រាយបញ្ហារបស់ពួកគាត់នោះទេ។ សហគមន៍សំរោងត្បូងលើកឡើងថា ពួកគាត់នឹងបន្តធ្វើកូដកម្មរហូតដល់មានដំណោះស្រាយ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទង អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន ដើម្បីសុំការឆ្លើយតប សំណើនេះបាននៅឡើយទេ នៅថ្ងៃទី២៦ មីនា។
កាលពីថ្ងៃទី១៨ មីនា ពលរដ្ឋនៅតំបន់បឹងតាមោក និងយុវជន ព្រមទាំងព្រះសង្ឃជិត១រយអង្គ/នាក់ បានហែញត្តិទៅថ្វាយអង្គព្រះមហាក្សត្រ ដើម្បីស្នើសុំព្រះអង្គ អន្តរាគមន៍កុំឲ្យអាជ្ញាធរបណ្ដេញពលរដ្ឋបឹងតាមោក ចេញពីលំនៅឋានដោយបង្ខំ។ ប៉ុន្តែមន្ត្រីប្រចាំការនៅព្រះខុទ្ទកាល័យព្រះមហាក្សត្រ មិនបានទទួលញត្តិរបស់ពួកគេឡើយ។
ជម្លោះដីធ្លីរ៉ាំរ៉ៃ របស់ពលរដ្ឋរស់នៅតំបន់បឹងតាមោក បានអូសបន្លាយពេលជិត ៥ឆ្នាំមកហើយ ក្រោយពីអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រគល់ដីនៅតំបន់នោះ ឱ្យទៅអ្នកមានលុយមានអំណាចជាបន្តបន្ទាប់ សម្រាប់ប្រើប្រាស់ក្នុងគោលដៅផ្សេងៗ គ្នា។ ចំណែកពលរដ្ឋត្រូវបានអាជ្ញាធរបណ្ដេញដោយបង្ខំ។ បើទោះជាពលរដ្ឋទាំងនោះ ព្យាយាមតវ៉ា និងដើរដាក់ញត្តិរាប់មិនអស់ នៅតាមក្រសួងស្ថាប័នថ្នាក់ជាតិ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ក្ដី ប៉ុន្តែមិនទទួលបានដំណោះស្រាយឡើយ និងថែមទាំងទទួលរងការធ្វើទុក្ខបុកម្នេញ និងការប្រើអំពើហិង្សាពីអាជ្ញាធរ រួមទាំងការចោទប្រកាន់ពីតុលាការ រហូតដល់ពលរដ្ឋមួយចំនួន ត្រូវបង្ខំចិត្តចាកចេញពីប្រទេស ដើម្បីទៅរកទីកន្លែងមានសុវត្ថិភាព។
វិវាទដីធ្លីនេះ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនធ្លាក់ខ្លួនក្រីក្រ ជំពាក់បំណុលធនាគារ និងក្មេងៗ មួយចំនួនបោះបង់ការសិក្សា ដោយពួកគេងាកមកជួយឪពុកម្ដាយរកប្រាក់ដោះស្រាយជីវភាពគ្រួសារ។ ពលរដ្ឋទទូចឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ឱ្យមានតម្លាភាព និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។