តុលាការស៊ើបសួរសកម្មជនដីធ្លីបឹងតាមោកពីរនាក់ប្ដីប្រពន្ធពីបទហិង្សាដោយចេតនា
2023.09.07

សាលាដំបូងរាជធានីភ្នំពេញចាប់ផ្ដើមបើកការស៊ើបសួរទៅលើសកម្មជនដីធ្លីបឹងតាមោក ពីរនាក់ប្ដីប្រពន្ធ ក្រោមបទចោទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រឆាំងនឹងរាជការសាធារណៈ។ មន្ត្រីអង្គការសង្គមស៊ីវិល សោកស្ដាយចំពោះការចោទប្រកាន់របស់តុលាការ និងស្នើឱ្យតុលាការលើកលែងបទចោទប្រកាន់ទៅលើសកម្មជនដីធ្លីទាំងអស់ ដោយឥតលក្ខខណ្ឌ។
សាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្ដើមការស៊ើបសួរទៅលើតំណាងសកម្មជនដីធ្លីបឹងតាមោកពីរនាក់ ដែលត្រូវជាប្ដីប្រពន្ធនឹងគ្នា ក្នុងចំណោមសកម្មជនដីធ្លីបឹងតាមោក ៩នាក់ ដែលតុលាការចេញលិខិតកោះហៅ នៅថ្ងៃទី៦ ខែកញ្ញា។
តំណាងសកម្មជនដីធ្លីបឹងតាមោក លោកស្រី សឿន ស្រីសុទ្ធ ប្រាប់វិទ្យុអាស៊ីសេរី ក្រោយពេលសាកសួរនៅពីមុខតុលាការថា ចៅក្រមស៊ើបសួរបានសួរលោកស្រី និងប្ដីរបស់លោកស្រី គឺលោក សាយ សារិទ្ធ ដាច់ដោយឡែកពីគ្នា ទាក់ទងទៅនឹងសកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋមិនឱ្យចុះរឹបអូសយកទ្វារផ្ទះរបស់អ្នកភូមិ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។ លោកស្រី និងប្ដីរបស់លោកស្រីបញ្ជាក់ថា ក្រុមប្រជាពលរដ្ឋមិនបានកាន់ដុំថ្ម កាន់ដុំដែក ឬរុញច្រានក្រុមអាជ្ញាធរដូចការចោទប្រកាន់របស់ប្រធានកម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌព្រែកព្នៅនោះឡើយ ព្រោះប្រជាពលរដ្ឋគ្រាន់តែសុំអង្វរកងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌព្រែកព្នៅ ចងទ្វារផ្ទះកុំឱ្យចោរលួចស៊ីម៉ង់ និងការ៉ូរបស់សមាជិកសហគមន៍លោកស្រី ហេង នាង ប៉ុណ្ណោះ។
លោកស្រី សឿន ស្រីសុទ្ធ៖ «ខ្ញុំមិនទាន់បំភ្លឺតាមដីកាផង ឥឡូវហ្នឹងគាត់ឱ្យតំណាងចាស់ដើរហៅពលរដ្ឋឱ្យទៅជួបខាងមន្ត្រីខណ្ឌ ចង់សំណើអី ចង់ដូរដី ឬក៏ចង់រស់នៅ ឬក៏ចង់លក់ អាហ្នឹងគាត់ហៅឱ្យទៅជួប តែពួកខ្ញុំក្នុងសហគមន៍អត់ទៅជួបដោយសារអី ព្រោះអីមីងគង់ តឿ គាត់ទៅជួបម្សិលមិញហើយ មានតែការដោះដូរដី គ្មានសំណើអីក្រៅពីដោះដូរដីទេ»។
ដោយឡែក សកម្មជនដីធ្លីបឹងតាមោកជិត៤០នាក់ (៣៧) ក៏បានឈរនៅខាងមុខអគារសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតាមដានដំណើរការការសាកសួរតំណាងរបស់ខ្លួនផងដែរ។
តំណាងសហគមន៍ដីធ្លីបឹងតាមោកទាំង៩នាក់ ត្រូវបានចៅក្រមស៊ើបសួរ លោក លឹម សុគន្ធារ៉ា ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ កាលពីថ្ងៃទី១៨ ខែសីហា ក្រោមបទចោទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រឆាំងនឹងរាជការសាធារណៈ ក្នុងនោះរួមមាន លោកស្រី ប្រាក់ សុភា លោកស្រី គង់ តឿ លោកស្រី តាន់ ខ្នី និងលោកស្រី យន គឹមយឿន ជាដើម ដែលពួកគេទាំងនេះតែងតែតវ៉ាយ៉ាងសកម្ម ប្រឆាំងនឹងការបណ្ដេញចេញពីលំនៅឋានដែលប្រជាសហគមន៍បានរស់នៅតាំងពីឆ្នាំ១៩៩០មក។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន ដើម្បីបកស្រាយជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី៦ ខែកញ្ញា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយចំពោះការប្ដឹងប្រជាពលរដ្ឋពីសំណាក់អាជ្ញាធរ ព្រោះ អាជ្ញាធរមានតួនាទីជួយដោះស្រាយបញ្ហាទៅដល់ប្រជាពលរដ្ឋនៅពេលមានបញ្ហា មិនមែនជាអ្នកដាក់បន្ទុកប្រជាពលរដ្ឋដែលរងគ្រោះនោះឡើយ។
លោក អំ សំអាត៖ «គាត់មានបញ្ហាផ្ទះសម្បែង ឬក៏ដីធ្លីផង ហើយជាប់បណ្ដឹងនៅតុលាការមួយទៀត អាហ្នឹងវាជាគំនាបមួយដែលគេចាត់ទុកថា ពួកគាត់មានបញ្ហាហើយ ជាន់ទុក្ខលើទុក្ខដោយសារពាក្យបណ្ដឹងនឹងតុលាការទៀត អ៊ីចឹងអ្វីដែលសំខាន់ខ្ញុំយល់ថា វាគួរតែដល់ពេលល្មមមានការសម្របសម្រួល និងការដោះស្រាយពីភាគីក្នុងជម្លោះនេះ»។
ដោយឡែក សាលាដំបូងរាជធានីភ្នំពេញ ក៏នឹងបន្តការស៊ើបសួរសកម្មជនដីធ្លីបឹងតាមោកជាបន្តបន្ទាប់ទៀតផងដែរ ដោយសកម្មជនដីធ្លីបឹងតាមោក២នាក់ទៀត គឺលោកស្រី ហេង នាង និងលោកស្រី ប្រាក់ សុភា នឹងត្រូវចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី៧ ខែកញ្ញា។
សមាគមធាងត្នោតរកឃើញថា គិតត្រឹមឆ្នាំ២០១៨ រហូតដល់ខែកក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាលបានកាត់ឆ្វៀលផ្ទៃបឹងតាមោកចំនួន៧០ដង ដែលមានទំហំសរុបជាង ២ពាន់ហិកតារ (២,៣៦៩ហិកតារ) ដោយភាគច្រើនគឺផ្ដល់ឱ្យទៅស្ថាប័នរដ្ឋ និងក្រុមគ្រួសារសាច់ញាតិរបស់មន្ត្រីកំពូលៗ។ ផ្ទុយពីបុគ្គលដែលមានទំនាក់ទំនងជាមួយក្រុមគ្រួសារលោក ហ៊ុន សែន ដែលទទួលបានដីរាប់រយហិកតារពីការលុបបឹងតាមោក ដើម្បីសាងសង់ផ្ទះល្វែង និងពុះជាដីឡូត៍ដើម្បីលក់នោះ សកម្មជនដីធ្លីបឹងតាមោកជិត២រយគ្រួសារ ដែលមានដីបូកបញ្ចូលគ្នាមិនបានទំហំ៥ហិកតារផងនោះ បែរជារងការគំរាមកំហែងពីសំណាក់អាជ្ញាធរ និងតុលាការ ដោយសារតែសកម្មភាពតវ៉ារក្សាដីធ្លីខ្លួនឯងទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។