ពលរដ្ឋ​​បឹងតាមោក​មិន​ទទួល​យក​ការ​ដោះដូរ​ដី​ទៅ​ទីតាំង​ថ្មី​តាម​អាជ្ញាធរ

ដោយ ថា ថៃ
2022.10.04
Share on WhatsApp
Share on WhatsApp
ពលរដ្ឋ​​បឹងតាមោក​មិន​ទទួល​យក​ការ​ដោះដូរ​ដី​ទៅ​ទីតាំង​ថ្មី​តាម​អាជ្ញាធរ ពលរដ្ឋសហគមន៍​បឹងតាមោក តវ៉ា​នាពេល​កន្លង​មក។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រជា​សហគមន៍​បឹង​តាមោក​ប្រមាណ​២០​នាក់ ទៅ​សាកសួរ​ញត្តិ​របស់​ពួកគាត់​នៅ​សាលា​រាជធានី​ភ្នំពេញ បន្ទាប់ពី​គ្មាន​ការ​ឆ្លើយ​តប​ណាមួយ​ពី​អាជ្ញាធរ ក្រោយ​ពួកគាត់​ដាក់​កាល​ពី​ថ្ងៃទី​៣ ខែសីហា​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា រដ្ឋាភិបាល​ត្រូវ​ពន្លឿន​ដោះស្រាយ បញ្ហា​ដីធ្លី​បឹង​តាមោក​ដោយ​តម្លាភាព និង​សន្តិវិធី ចៀសវាង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។

តំណាង​ពលរដ្ឋ​សហគមន៍​ដីធ្លី​បឹងតាមោក​ប្រមាណ ២០​នាក់ ដែល​រស់នៅ​សង្កាត់​សំរោង​ត្បូង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នាំគ្នា​ទៅ​សាកសួរ​ញត្តិ​របស់​ពួកគាត់​នៅ​សាលា​រាជធានី​ភ្នំពេញ​។ ក្រោយពី​ជួប​អាជ្ញាធរ​រាជធានី ពួកគាត់​ប្រកាស​រក្សា​ជំហរ មិន​ទទួលយក​ការដោះដូរ​ដី​ទៅ​ទីតាំង​ថ្មី​ឡើយ​។ ពួកគាត់​យល់ថា​រដ្ឋាភិបាល ត្រូវធ្វើ​ការអភិវឌ្ឍន៍​នៅ​នឹង​កន្លែង ឬ​ទិញ​ដី​របស់​ប្រជា​សហគមន៍ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​សហគមន៍ និង​ផ្ដល់​យុត្តិធម៌ ស្មើគ្នា​ដូច​សំណង់​បុរី​ដែល​ទើប​សាងសង់​ក្បែរ​តំបន់​បឹង​តា​មោក​នោះ​ប្រមាណ​១០​ឆ្នាំ។

តំណាង​សហគមន៍​ដីធ្លី​បឹងតាមោក លោកស្រី សឿន ស្រីសុត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​៣ តុលា ថា លោកស្រី​គ្មាន​សង្ឃឹម​ទៅ​លើ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ឡើយ ព្រោះ​អាជ្ញាធរ​បង្ហាញ​កាយវិការ ហាក់ដូច​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​។ លោកស្រី​បន្ត​ថា អ្នកស្រី​រស់នៅ​បឹង​តា​មោក​តាំងពី​ឆ្នាំ ១៩៩០ មក និង​អាស្រ័យ​ផល​ស្រែប្រាំង​ជាប្រចាំ ហើយ​អាជ្ញាធរ​ភូមិ និង​ឃុំ​ក៏​ទទួលស្គាល់​ត្រឹមត្រូវ​។ លោកស្រី បន្តទៀត​ថា ប្រជា​សហគមន៍​បឹង​តា​មោក ក៏បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អំពើហិង្សា​របស់​អាជ្ញាធរ​មក​លើ​សហគមន៍​បឹង​តាមោក។ លោកស្រី សឿន ស្រីសុត ប្ដេជ្ញា​រក្សា​ជំហរ​មិន​ដោះដូរ​ដី​ថ្មី​ឡើយ ដោយ​លោកស្រី​បញ្ជាក់​ថា បើ​អាជ្ញាធរ​ត្រូវការ​ដី​អភិវឌ្ឍន៍​ចាំបាច់​អាច​ទិញ​ដី​អ្នកស្រី​ក្នុង​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​។ លោកស្រី សឿន ស្រីសុត អំពាវនាវ​ដល់​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​បឹងតាមោក​ដោយ​យុត្តិធម៌​ត្រឹមត្រូវ៖ « ពួក​ខ្ញុំ​គ្មាន​សង្ឃឹម​ទេ ព្រោះ​អី​អាជ្ញាធរ​គាត់​ថា ដី​១០​ម៉ែត្រ​ក៏ដោយ ១៥​ម៉ែត្រ​ក៏ដោយ គឺ​គោលនយោបាយ​គាត់ គឺ​ត្រូវ​ការដោះដូរ​តែ​ដី​៤​ម៉ែត្រ​។ តើ​អោយ​ពួក​ខ្ញុំ​ទទួលយក​កើត​អត់​? គឺ​ពួក​ខ្ញុំ​សុខចិត្ត​លក់​ក្នុង​តម្លៃ​ទីផ្សារ អាហ្នឹង​សម្រាប់​តែ​ពួក​ខ្ញុំ​ដែល​មិន​ព្រម​ដោះដូរ​ហាស​។ និយាយ​រួម​ទៅ​ជួប​សាលាក្រុង​លើក​ទី​៤​ហើយ ចូល​ទៅ​គាត់​ធ្វើ​អត់​ស្គាល់​ពួក​ខ្ញុំ​ទៀត គាត់​ថា​នៅ​ខាង​ណា ? មក​ហ្នឹង​មក​មានបំណង​អ្វី គាត់​ថា​អត់​ស្គាល់​ពួក​ខ្ញុំ ដល់​អ៊ីចឹង​ដូចជា ប្រហែលជា​គាត់​សម្ដែង​ទេ​មើលទៅ»

តំណាង​សហគមន៍​ដីធ្លី​បឹង​តា​មោក​ម្នាក់ទៀត​ដែល​ទើប​ចេញពី​មន្ទីរពេទ្យ​ក្រោយ​រង​របួស​ពី​ការប្រើ​ហិង្សា​របស់​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ អ្នកស្រី ប្រាក់ សុភា លើកឡើង​ថា លោកស្រី អស់ជំនឿ​ចំពោះ​អាជ្ញាធរ​ខណ្ឌ និង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​សហគមន៍​បឹង​តា​មោក ព្រោះ​អាជ្ញាធរ​តែង​បង្ក​ហិង្សា​លើ​ប្រជា​សហគមន៍​ជា​បន្តបន្ទាប់​រួម​ទាំង​រូប​លោកស្រី​។ លោក ស្រី​នៅតែ​បន្ត​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​សហគមន៍​ដីធ្លី​បឹង​តា​មោក និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ដល់​ប្រជា​សហគមន៍​។ លោកស្រី​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​សន្យា​កំណត់​ថ្ងៃទី​៦ តុលា ចុះ​មក​សហគមន៍​បឹង​តាមោក ដើម្បី​បញ្ជាក់ និង​កំណត់​ចំនួន​ប្រជា​សហគមន៍ ដែល​ព្រម​ទទួលយក​ការដោះដូរ​ដីធ្លី និង​អ្នក​មិន​ព្រម​ទទួលយក​ឡើងវិញ​។ លោកស្រី ប្រាក់ សុភា គាំទ្រ​ការអភិវឌ្ឍន៍​របស់​រដ្ឋាភិបាល ប៉ុន្តែ​ត្រូវ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ដែល​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​ឡើយ៖ «​គាត់​អោយ​ខាង​តំណាង​សហគមន៍​ទាំង​១២​នាក់​ហ្នឹង​ឡើង​ទៅ​សាលា​ខណ្ឌ​ជាមួយ​គាត់ ហើយ​ហៅ​ពលរដ្ឋ​ម្ដង​៣​គ្រួសារ​។ អ្នកណា​ព្រម​ដូរ អ្នកណា​ព្រម​នៅ អ៊ីចឹង​ខ្ញុំ​ថា បើ​អោយ​តំណាង​ចូលរួម​ខ្ញុំ​ព្រម តែ​បើសិនជា​ក្នុង​ខណៈ​ដែល​ពលរដ្ឋ​ខ្ញុំ​អត់​ព្រម​ដោះដូរ លោក​មិន​មាន​សិទ្ធិ​ក្នុង​ការ​សម្លុត និង​គំរាម​ពលរដ្ឋ​ខ្ញុំ​ជាដាច់ខាត​។ អ៊ីចឹង​គាត់​ថា ហ្នឹងហើយ​បាន​សុំ​ឱ្យ​អន្តរាគមន៍​ខាង​តំណាង គាត់​ថា​អ៊ីចឹង​ហាស​។​ពួក​ខ្ញុំ​ទាំង​១២​នាក់​ហ្នឹង គឺ​អន្តរាគមន៍​សមាជិក​ខ្ញុំ​នៅក្នុង​សហគមន៍ អ្នក​ដែល​ចង់​ដូរ​ពួក​ខ្ញុំ​អត់​មាន​សិទ្ធិ​ក្នុងនាម​នាង​ខ្ញុំ​ជា​តំណាង អត់​មាន​សិទ្ធិ​ឃាត់ អត់​មាន​សិទ្ធិ​បង្ខំ​ទេ អញ្ជើញ​ទៅ​ដូរ​ចុះ តែ​អ្នក​ដែល​មិន​ព្រម​ដូរ គឺ​ពួក​ខ្ញុំ​ត្រូវតែ​អន្តរាគមន៍​សុំ​អភិវឌ្ឍន៍​នៅ​ហ្នឹង​កន្លែង»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី ដើម្បី​ឆ្លើយតប ជុំវិញ​រឿង​នេះ​បានទេ​ថ្ងៃទី​៣​តុលា ដោយ​លោក​ថា រវល់​បើកឡាន។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ពន្លឿន​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា​ដោយ​ប្រើ​ហិង្សា​។ លោក​បន្ត​ថា អាជ្ញាធរ​ត្រូវ​ដោះស្រាយ​ដោយ​តម្លាភាព កុំ​ឱ្យ​មានការ​រិះគន់ និង​ចោទប្រកាន់​ផ្សេងៗ​ទៅលើ​រដ្ឋាភិបាល ព្រោះ​រដ្ឋាភិបាល​កន្លងមក​ក៏បាន​សម្បទាន​ដី​ទៅ​ស្ថាប័នរដ្ឋ និង​ឯកជន​មួយចំនួន​ដែរ​។ ជាមួយគ្នា​នេះ លោក អំ សំអាត អះអាង​ថា កាលណា​មាន​អំពើ​ហិង្សា​កើតឡើង ហើយ​គ្មាន​ការស៊ើបអង្កេត និង​ផ្ដន្ទាទោស​អ្នក​ប្រព្រឹត្ត​នោះ​ទេ នឹង​ក្លាយទៅជា​វប្បធម៌​មួយ​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​មាន​ការ​បន្ត​ប្រើ​អំពើ​ហិង្សា​បន្ត​ទៀត៖ ««ជា​ចំណុច ដែល​យើង​មានការ​ព្រួយបារម្ភ ខ្លាច​​កើត​នូវ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ណាមួយ ហើយ​វា​អាច​កើត​នូវ​អំពើ​ហិង្សា​ប្រទូសរ៉ាយ​គ្នា​កើតឡើង ហើយ​អាច​ឈាន​ទៅដល់​ការ​ចាប់ខ្លួន ឬ​ការ​ឃុំខ្លួន​ប្រជាពលរដ្ឋ ដូចជា​ករណី​ដីធ្លី​មុនៗ​ទៀត​ដែរ​។ ពីព្រោះ​ដល់ពេល​នេះ​ហើយ យើង​គួរតែ​បញ្ចប់ នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ឬក៏​បញ្ហា​ការ​កើតឡើង​ដោយ​អំពើ​ហិង្សា​ណាមួយ ឬក៏​ការចោទប្រកាន់​ឬ​ការ​ចាប់ខ្លួន​ជា​បន្ត​ទៅ​ទៀត​ទាក់ទង​ទៅ​រឿង​បញ្ហា​ដីធ្លី​។ គួរតែ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ហើយ​តម្លាភាព និង​យុត្តិធម៌​អាច»

កន្លងមក​ក្រុម​ប្រជា​សហគមន៍​បឹង​តា​មោក ធ្លាប់​ជួប​ប្រជុំ​ជាមួយ​តំណាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​តំណាង​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​។ ប្រជា​សហគមន៍​អះអាង​ថា អាជ្ញាធរ​បាន​បង្ខំ​ឱ្យ​ពួកគេ​ដោះដូរ​ដី​ទៅ​រស់នៅ​ទីតាំង​ថ្មី ស្ថិតនៅ​សង្កាត់​សំរោង​ដូចគ្នា ប៉ុន្តែ​ក្រុម​ពលរដ្ឋ​មិន​ព្រម​ទទួលយក​ឡើយ ដោយ​ទាមទារ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​កាលពី​ថ្ងៃទី​១២ ខែកញ្ញា។

ប្រជា​សហគមន៍ និង​សង្គម​ស៊ីវិល​ទទូច​ដល់​រដ្ឋាភិបាល​ពន្លឿន​ដោះស្រាយ​បញ្ហា​ដីធ្លី​បឹង​តាមោក ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា​រវាង​អាជ្ញាធរ​ជាមួយ​សហគមន៍​ដោយ​អំពើ​ហិង្សា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។