ពលរដ្ឋបឹងតាមោក បន្តលើកបដា ទទូចដល់អាជ្ញាធរឲ្យបញ្ឈប់ការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញ

ពលរដ្ឋមានវិវាទដីធ្លីនៅតំបន់បឹងតាមោក បន្តលើកបដានៅខាងមុខផ្ទះរបស់ពួកគាត់ ដើម្បីទទូចដល់អាជ្ញាធរ និងរដ្ឋាភិបាល ឲ្យបញ្ឈប់ការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញលើពួកគាត់។
ពលរដ្ឋនៅតំបន់បឹងតាមោក ប្រមាណ ២០នាក់ នៅរសៀលថ្ងៃទី១០ ខែកក្កដា បានដាក់កៅអីតម្រៀបគ្នាជាជួរ តាមបណ្ដោយផ្លូវលេខ១៥១ ស្ថិតក្នុងសង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីលើកបដា ទាមទារឲ្យអាជ្ញាធរ និងរដ្ឋាភិបាល បញ្ឈប់ការគំរាមកំហែង និងបណ្ដេញពួកគាត់ចេញពីលំនៅឋានដោយបង្ខំ។ ពលរដ្ឋ បានកាន់បដាពណ៌ស ហើយសរសេរដោយទឹកថ្នាំពណ៌ក្រហមថា «អភិវឌ្ឍចុះ តែកុំរុះរើផ្ទះខ្ញុំ»។
ការលើកបដាជាថ្មីនេះ ជាការធ្វើកូដកម្មអហិង្សារបស់ពលរដ្ឋមានវិវាទដីធ្លីនៅតំបន់បឹងតាមោក លើកទី៨៧ ក្នុងការស្នើសុំរដ្ឋាភិបាល ឲ្យផ្ដល់សិទ្ធិអភិវឌ្ឍនៅនឹងកន្លែងសម្រាប់ពួកគាត់។
តំណាងពលរដ្ឋរស់នៅតំបន់បឹងតាមោក លោកស្រី ស៊ា ដាវី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ កក្កដាថា លោកស្រីមិនបានគេងឡើយ កាលយប់ថ្ងៃទី៩ កក្កដា ដោយសារតែអាជ្ញាធរខណ្ឌព្រែកព្នៅ បានគំរាមថា នឹងចុះមករុះរើផ្ទះរបស់លោកស្រីនៅថ្ងៃទី១០ ខែកក្កដា។ ទោះជាអាជ្ញាធរមិនបានចុះមករុះរើតាមការគំរាមក៏ដោយ ក៏លោកស្រី ស៊ា ដាវី ស្នើដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធបញ្ឈប់ការគំរាមកំហែង និងផ្ដល់សិទ្ធិឲ្យពលរដ្ឋបឹងតាមោកបានអភិវឌ្ឍនៅនឹងកន្លែង។
លោកស្រី ស៊ា ដាវី៖ «ខ្ញុំនៅតែសុំអភិវឌ្ឍនៅនឹងកន្លែង ហើយសុំកុំឲ្យមានការរុះរើផ្ទះប្រជាពលរដ្ឋដូចជា ផ្ទះខ្ញុំផ្ទាល់ហ្នឹងកុំឲ្យមានការរុះរើព្រោះអីយើងរស់នៅតាំងទីលំនៅនៅទីនេះ ម្ភៃ សាមសិបឆ្នាំមកហើយ ទៅជម្លៀសពួកយើងចេញយកដីហ្នឹងទៅអភិវឌ្ឍអីផ្សេងៗ ឲ្យក្រុមហ៊ុនអីចឹង។ សម្រាប់ប្រជាពលរដ្ឋផ្ទាល់ ដែលជាម្ចាស់ផ្ទះ ម្ចាស់ដីត្រូវដើរចេញពីកន្លែងហ្នឹងដើម្បីសម្បទានឲ្យទៅអ្នកមានលុយឧកញ៉ាវិញវាជារឿងអយុត្តិធម៌មែនទែនសម្រាប់ប្រជាពលរដ្ឋ»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន ដើម្បីសុំការឆ្លើយតបពីបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី១០ ខែកក្កដា។
អាជ្ញាធរខណ្ឌព្រែកព្នៅ ព្យាយាមប្រើប្រាស់មធ្យោបាយជាច្រើន ក្នុងគោលបំណងបណ្ដេញពលរដ្ឋបឹងតាមោកចេញពីលំនៅឋាន រួមមានការប្រើប្រព័ន្ធតុលាការ ការប្រើប្រាស់អំពើហិង្សា ការប្រើប្រាស់គ្រឿងចក្រកាយដី និងការរុះរើផ្ទះពលរដ្ឋនៅតំបន់បឹងតាមោក ដើម្បីបង្ខំឲ្យពលរដ្ឋផ្សេងទៀត ទៅទទួលយកគោលនយោបាយដោះដូរដីជាមួយអាជ្ញាធរ។
គិតមកទល់នឹងពេលនេះ ពលរដ្ឋនៅតំបន់បឹងតាមោក ៥៣គ្រួសារ បានទទួលយកគោលនយោបាយដោះដូរដីជាមួយរដ្ឋាភិបាល ប៉ុន្តែ ពលរដ្ឋ ៥៥គ្រួសារផ្សេងទៀត នៅមិនទាន់ទទួលយកដំណោះស្រាយនៅឡើយទេ។ នៅក្នុងចំណោមពលរដ្ឋ ៥៥គ្រួសារនោះ មានពលរដ្ឋប្រមាណ ៤០គ្រួសារ កំពុងដាក់សំណើដោះដូរដីជាមួយអាជ្ញាធរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។